41.3 C
Phnom Penh

មេការ​​ជនជាតិ​ចិន​​នៅ​ចម្ការ​​​ដំឡូងមី​ដ៏ធំ​របស់​ក្រុម​ហ៊ុន​ភាពីម៉ិច ​ត្រូវ​ឃាតករ​សម្លាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​នគរ​បាល​បាន​និយាយកាលពី​ម្សិលមិញ​ថា សាកសព​បុរស​ជនជាតិ​ចិន​ម្នាក់​​ដែល​ជាមេការ​​​នៅ​ចម្ការ​​ដំឡូងមី​ដ៏ធំ​ល្វឹង​ល្វើយ​មួយ​​របស់​ក្រុម​ហ៊ុន​ភាពីម៉ិច ត្រូវ​បាន​​គេ​ប្រទះ​ឃើញ​នៅ​ក្នុងស្រះ​​ទឹក​មួយ​ក្នុង​ខេត្ត​ពោធិ៍​សាត់​កាលពី​យប់​ថ្ងៃ​ច័ន្ទ ​ដោយ​ក្បាល​របស់​ជនរងគ្រោះ​​​មាន​របួស​​​​រយះ​ដ៏ធំ​ ដែល​ទំនង​ជា​ត្រូវ​កាប់​នឹង​ពូថៅ​។

នគរ​បាល​បាននិយាយ​ទៀត​ថា សាកសព​ជនជាតិ​ចិន​ដែល​មាន​ឈ្មោះ យ៉ាង លីឈីង អាយុ​៣១​ឆ្នាំ ត្រូវ​បាន​កម្មករ​ក្រុម​ហ៊ុន​នេះ​​ប្រទះ​ឃើញ​នៅ​ម៉ោង​ប្រហែល​៨យប់​នៅ​ក្នុង​ស្រះ​ទឹក​នៅ​ការដ្ឋាន​​​មួយ​ជិត​​ចម្ការ​​របស់​​ក្រុម​ហ៊ុន​នេះ​ ដែល​ស្ថិតនៅ​ក្នុងឃុំ​ឈើតុំ​ ស្រុក​ក្រគរ។

កាលពី​ខែ​មករា ឆ្នាំ​២០១២ មេការ​ជនជាតិ​ចិន​ម្នាក់​ទៀត​នៅ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្ដាល​ថ្ងៃ​ចែស​​នៅ​​កន្លែង​ដដែល​នេះ​។ នគរ​បាល​មិន​ទាន់​កំណត់​អត្តសញ្ញាណ​ខ្មាន់​កាំភ្លើង​បាន​នៅ​ឡើយ​ទេ ចាប់​តាំងពី​ពេល​នោះ​មក​។

ចម្ការ​ដ៏ធំល្វឹង​ល្វើយ​របស់​ក្រុម​ហ៊ុន​ភាពីម៉ិច​របស់​លោកស្រី ជឹង សុភាព ភរិយា​​​លោក​ ឡាវ ម៉េងឃិន ​សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា ជួល​កម្មករ​ខ្មែរ​រាប់​ពាន់​នាក់​ ប៉ុន្តែ​ត្រូវ​បាន​គ្រប់​គ្រង​មើល​ការ​ខុស​ត្រូវ​ដោយ​មនុស្សមួយ​ក្រុម​ ដែល​ភាគ​ច្រើន​​ជា​ជនជាតិ​ចិន​។

លោក មុល សុត ​អធិការ​រង​ស្រុក​​ដែល​ទទួល​បន្ទុក​​​​កន្លែង​កើត​ហេតុ​ បាន​មាន​ប្រសាសន៍​ថា លោក យ៉ាង លីឈីង ​ត្រូវ​ជន​ល្មើស​កាប់​នឹង​វត្ថុ​ដ៏មុត​ពីក្រោយ​ក្បាល មុន​ពេល​ត្រូវ​គេយក​ទៅ​បោះ​ចោល​នៅ​​ក្នុង​ស្រះទឹក។ លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” បុរស​ជន​ជាតិចិន​រូប​នេះ​ត្រូវ​បាន​សម្លាប់​នឹង​កាំបិត​ផ្គាក់​ ឬពូថៅ​កាប់​ពីក្រោយ​ក្បាល​”។

លោក​មាន​ប្រសាសន៍​ថា សាក្សី​បាន​រាយការណ៍​ថា បាន​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​​ទៅ​កាត់​​ការដ្ឋាន​មួយ​ចំនួន​កាលពី​ល្ងាច​ថ្ងៃ​ច័ន្ទ ដើម្បី​​​ចូលរួម​អបអរ​ពិធី​បុណ្យ​សែន​​​ព្រះខែ​របស់​ជន​ជាតិ​ចិន​ មុន​ពេល​ត្រឡប់​​​ទៅ​ផ្ទះ​វិញ។ លោក​បាន​បន្ត​ថា ” បន្ទាប់​ពី​ចុះ​ទៅ​តាម​ការដ្ឋាន​រួច គាត់​ក៏​បាន​​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​វិញ​តែ​ម្នាក់​ឯង​”។

នគរ​បាល​បាន​សាក​សួរ​កម្មករ​ក្រុម​ហ៊ុន​ភាពីម៉ិច​ប្រាំ​នាក់ ប៉ុន្តែ​មិន​ទាន់​ឈាន​ដល់​ការ​ចាប់​ខ្លួន​នរណា​ម្នាក់​នៅ​ឡើយ​ទេ ហើយ​កំពុង​តែ​ស៊ើបអង្កេត​​​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ​។ ចម្ការ​ដំឡូង​មី​របស់​ក្រុម​ហ៊ុន​នេះ​​​​​ក្នុង​ស្រុក​ក្រគរ​ ស្ថិត​​នៅក្នុង​តំបន់​សម្បទាន​សេដ្ឋកិច្ច​ដ៏ចម្រូង​ចម្រាស​មួយ​ ដែល​ត្រូវ​បាន​ចេញឲ្យ​​កាលពី​ឆ្នាំ​២០០០ មាន​ទំហំ​ផ្ទៃ​ដី​៣១៥.០២៨​ហិកតា ដែល​លាត​សន្ធឹង​​​​ពី​ខេត្ត​ពោធិ៍សាត់ ដល់​ខេត្ត​កំពង់ឆ្នាំង​។ សម្បទាន​នេះ​​បាន​បណ្ដាល​ឲ្យ​មាន​ការ​តវ៉ា​ជា​ច្រើន​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ​​ពី​សំណាក់​អ្នក​ភូមិ​ ដែល​ខឹង​ក្រុម​ហ៊ុន​នេះ​ឈូស​ឆាយ​ដី​ដែល​ពួកគាត់​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន​។

លោក តូ តាំងអេង នាយការិយាល័យ​បច្ចេកទេស​​ និង​វិទ្យាសាស្ត្រ​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​ពោធិ៍សាត់ បាន​ពិនិត្យ​សាក​សព​លោក យ៉ាង លីឈីង បន្ទាប់​ពី​ត្រូវ​គេ​ស្រង់​ចេញ​ពី​ស្រះ​ទឹក​។ លោក​បាន​មាន​ប្រសាសន៍​ថា ” ស្នាម​របួស​មាន​ប្រវែង​១០​សង់ទីម៉ែត្រ​​ចាប់ពី​ត្រចៀក​​ឆ្វេង​រហូត​ដល់​លើ​ក្បាល​។ ដោយ​សារ​តែ​របួស​ធ្ងន់ធ្ងរ​ពេក ​យើង​អាច​សន្និដ្ឋាន​បាន​ថា ជន​រងគ្រោះ​បាន​ស្លាប់​មុន​ពេល​ត្រូវ​គេ​យក​ទៅ​បោះ​ចោល​​​ក្នុង​ទឹក​”។

លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ​នគ​របាល​​បាន​ព្យាយាម​ស្ដារ​​ទឹក​ចេញ​ពី​ស្រះ​នោះ ដើម្បី​ស្វែង​រក​ភ័ស្តុតាង​ ប៉ុន្តែ​បាន​បង្ខំ​ចិត្ត​ឈប់​ទៅ​វិញ​នៅ​ពេល​ភ្លៀង​ធ្លាក់​ខ្លាំង​​ធ្វើ​ឲ្យ​ទឹក​ហូរ​ចូល​ទៅ​ក្នុង​ស្រះ​នោះ​ពេញ​ឡើង​វិញ​។

លោក សុឹង សុភ័ក្ត្រ​ នាយការិយាល័យ​ព្រហ្មទណ្ឌ​ខេត្ត​ពោធិ៍សាត់​​បានមាន​ប្រសាសន៍​ថា នគរ​បាល​បាន​​សន្និដ្ឋាន​ថា នេះ​​​មិនមែន​ជាករណី​ប្លន់​ទេ​ ពីព្រោះ​ទ្រព្យ​សម្បត្តិ​​​របស់​ជនរង​គ្រោះ​​មិន​បាន​បាត់​ទៅ​ណា​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍បន្ត​ថា ” ទូរស័ព្ទ​ និង​កាបូប​លុយ​របស់​គាត់​ស្ថិត​នៅ​ក្នុង​ហោប៉ៅ​របស់​គាត់​នៅ​ឡើយ ហើយ​ម៉ូតូ​របស់​គាត់​ត្រូវ​បានគេ​​ឃើញ​នៅ​ជិត​កន្លែង​កើត​ហេតុ​”។

លោក​​​បាន​​​បន្ថែម​​​ថា “នគរ​​​បាល​​​បាន​​​សន្និដ្ឋាន​​​ថា មាន​​​ជន​​​សង្ស័យ​​​លើស​​​ពី​​​ពីរ​​​នាក់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ករណី​​​ឃាត​​​កម្ម​​​​​​នេះ​​​ ព្រោះ​​​ជន​​​សង្ស័យ​​​ត្រូវ​​​គេ​​​កាប់​​​​​​ចំក្បាល​​​​​​​​​ ហើយ​​​សាក​​​សព​​​ត្រូវ​​​គេ​​​​​​អូស​​​ចេញ​​​ពី​​​ផ្លូវ​​​យក​​​ទៅ​​​ទម្លាក់​​​ចោល​​​ក្នុង​​​ស្រះ​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ថា ស្នាម​​​អូស​​​កង់​​​​​​ប្រហែល​​​បី​​​ទៅ​​​បួន​​​ម៉ែត្រ​​​នៅ​​​លើ​​​ផ្លូវ​​​ក្បែរ​​​កន្លែង​​​កើត​​​ហេតុ​​​អាច​​​បង្ហាញ​​​ថា ​​​លោក យ៉ាង លីឈីង បាន​​​ចាប់​​​ហ្វ្រាំង​​​ម៉ូតូ​​​​ភ្លាម​​​ៗ​​​ ប្រហែល​​​ជា​​​​​​ដោយ​​​សារ​​​​​​​​​​​​ម្នាក់​​​ក្នុង​​​ចំណោម​​​ជន​​​ល្មើស​​​បាន​​ចេញ​​​ទៅ​​​ស្ទាក់​​​ផ្លូវ​​​ដើម្បី​​​វាយ​​​ប្រហារ​​​គាត់​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​ជឿ​​​ជាក់​​​ថា ជន​​​សង្ស័យ​​​ម្នាក់​​​បាន​​​ឈរ​​​​​​រាំង​​​ផ្លូវ​​​ពី​​​មុខ​​​ជន​​​រង​​​គ្រោះ​​​ដើម្បី​​​ឃាត់​​​ឲ្យ​​​ជន​​​រងគ្រោះ​​​ឈប់​​​ ហើយ​​​នៅ​​​ពេល​​​ជន​​​រង​​​គ្រោះ​​​ឈប់​​​​​​​​​ មាន​​​ជន​​​សង្ស័យ​​​​​​យ៉ាង​​​ហោច​​​ម្នាក់​​​ផ្សេង​​​​​​ទៀត​​​បាន​​​វាយ​​​ប្រហារ​​​គាត់​​​ពីក្រោយ​​​”។

អ្នក​​​ស្រី​​​ វ៉ន ម៉ាលីន អ្នក​​​បក​​​ប្រែ​​​ឲ្យ​​​ក្រុមហ៊ុន​​​ភា​​​ពីម៉ិច នៅ​​​ក្នុង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​បាន​​​​​​និយាយ​​​ថា ក្រុមហ៊ុន​​​កំពុង​​​សហការ​​​ជាមួយ​​​នគរ​​​បាល​​​ខេត្ត​​​ដើម្បី​​​សើុប​​​អង្កេ​​​ត​​​ករណី​​​ឃាត​​​កម្ម​​​នេះ​​​ ហើយ​​​បាន​​​ផ្តល់​​​​​​ឯកសារ​​​ពាក់​​​ព័ន្ធ​​​​​​រួម​​​ទាំង​​​លិខិត​​​ឆ្លង​​​ដែន​​​​​​របស់​​​ជន​​​រង​​​គ្រោះ​​​ផង​​​ដែរ​​​ទៅ​​​ឲ្យ​​​នគរ​​​បាល​​​​​​​​​​​​។

អ្នកស្រី​​​បាន​​​និយាយ​​​ថា “នេះ​​​ជា​​​លើក​​​ទី​​​២​​​ហើយ​​​ដែល​​​មេការ​​​​​​ចិន​​​របស់​​​យើង​​​ត្រូវ​​​បាន​​​គេ​​​សម្លាប់​​​។ ករណី​​​ឃាតកម្ម​​​ទី១ គឺ​​​លោក ឆាង ហ្វី​​​យៀក ហើយ​​​លើក​​​នេះ គឺ​​​លោក យ៉ាង លីឈីង ប៉ុន្តែ នគរ​​​បាល​​​នៅ​​​មិន​​​ទាន់​​​រក​​​ឃើញ​​​ជន​​​ដៃ​​​ដល់​​​ណា​​​ម្នាក់​​​​​​នៅ​​​ឡើយ​​​ទេ​​​​​​”។

អ្នកស្រី​​​បាន​​​និយាយ​​​បន្ត​​​ថា “យើង​​​មិន​​​ដឹង​​​​​​ថា ហេតុ​​​អ្វី​​​បាន​​​ជា​​​គាត់​​​ត្រូវ​​​គេ​​​សម្លាប់​​​ទេ។ ជន​​​រង​​​គ្រោះ​​​​​​មុន​​​ជា​​​អ្នក​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​​​​កម្មករ​​​នៅ​​​ចម្ការ​​​ដំឡូង​​​មី​ ប៉ុន្តែ លោក​​​ យ៉ាង លីឈីង​​​ គឺ​​​គ្រាន់​​​តែ​​​ទទួល​​​មើល​​​ការ​​​ខុស​​​ត្រូវ​​​ខាង​​​​​​ផ្គត់​​​ផ្គង់​​​ប្រេង​​​សាំង​​​របស់​​​​​​ក្រុមហ៊ុន​​​ប៉ុណ្ណោះ​​​។ យើង​​​សោក​​​ស្តាយ​​​ណាស់​​​ចំពោះ​​​ការ​​​ស្លាប់​​​របស់​​​ពួក​​​គាត់ ហើយ​​​យើង​​​សូម​​​អំពាវ​​​នាវ​​​ឲ្យ​​​នគរ​​​បាល​​​តាម​​​​​​ចាប់​​​ខ្លួន​​​ឃាត​​​ករ​​​​​​មក​​​ផ្តន្ទា​​​ទោស​​​”។

អ្នក​​​នាំ​​​ពាក្យ​​​ស្ថាន​​​ទូត​​​ចិន​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខ្លួន​​​​​​មិន​​​ទាន់​​​ទទួល​​​បាន​​​ការ​​​ជូន​​​​​​ដំណឹង​​​អំពី​​​ឃាតកម្ម​​​នៅ​​​ឡើយ​​​ទេ​​​។

កាល​​​ពី​​​ខែ​​​មិថុនា សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​បុរស​​​បួន​​​នាក់​​​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​ក្នុង​​​​​​ម្នាក់​​​ៗមួយ​​​ឆ្នាំ​​​ ពី​​​បទ​​​លួច​​​ដំឡូង​​​មី​​​ស្ងួត​​​ប្រមាណ​​​៥០​​​តោន​​​ពី​​​ចម្ការ​​​ដំឡូង​​​មី​​របស់​​​ក្រុមហ៊ុន ភាពីមិុច​​​នៅ​​​ក្នុង​​​ខេត្ត​​​ពោធិ៍សាត់ ប៉ុន្តែ  មាន​​​តែ​​​មនុស្ស​​​ម្នាក់​​​ប៉ុណ្ណោះ​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​។

នៅ​​​ពេល​​​សាកសួរ​​​​​​ថា តើ​​​បុរស​​​ដែល​​​ត្រូវ​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​​​​​​​​​​​​​​​​​​ និង​​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួនទាំង​​​នោះ​​​ គឺ​​​ជា​​​ជន​​​សង្ស័យ​​​​​​នៅ​​​ក្នុង​​​ករណី​​​នេះ​​​​​​ដែរ ឬ​​​យ៉ាង​​​ណា​​​​​​នោះ​​​ លោក​​​ សឹុង សុភ័ក្ត្រ​​​​​​ បាន​​ឲ្យ​​​ដឹង​​​ថា លោក​​​នឹង​​​សើុប​​​អង្កេត​​​ពី​​​លទ្ធភាព​​​នេះ​​​​​​។

លោក​​​មាន​​​ប្រសាសន៍​​​​​​ថា “យើង​​​នឹង​​​សុើប​​​អង្កេត​​​ករណី​​​នេះ​​​ ប៉ុន្តែ យើង​​​ជឿ​​​ជាក់​​​ថា ​​​បុរ​​​ស​​​ជន​​​ជាតិ​​​ចិន​​​រូប​​​នោះ​​​​​​ទំនង​​​ជា​​​មាន​​​ជម្លោះ​​​ជាមួយ​​​ប្រជា​​​ពល​​​​​​រដ្ឋ​​​ក្នុង​​​មូល​​​ដ្ឋាន​​​ ឬ​​​អាច​​​មាន​​​ជម្លោះ​​​ជាមួយ​​​នរណា​​​ម្នាក់​​​​​​ច្រើន​​​ជាង​​​។ ឬ​​​ក៏​​​អាច​​​ពាក់​​​ព័ន្ធ​​​នឹង​​​ករណី​​​រើស​​​អើង​​​​​​ពូជ​​​សាសន៍​​​”៕ សុខុម និង ស៊ុយ​​​ឈាង​​​ 

(រាយការណ៍​​​បន្ថែម​​​ដោយ Chan Cheuk Yin)​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស