35 C
Phnom Penh

ក្រសួង​អប់រំ​​នឹង​ធ្វើ​ឲ្យ​ដំណើរ​ការ​បើក​ប្រាក់​ខែ​គ្រូបង្រៀន​មាន​ភាព​ងាយ​ស្រួល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួងអប់រំ​ យុវជន​ និង​កីឡា បាន​មាន​ប្រសាសន៍​កាល​ពី​ម្សិលមិញ​ថា ​គ្រូបង្រៀន​នឹង​ទទួល​បាន​​ប្រាក់​ខែ​គោល​ និង​ប្រាក់​ឧបត្ថម្ភ​​បន្ថែម​នៅ​ក្នុង​កញ្ចប់​តែ​មួយ​​ចាប់​ពី​ចុង​ខែ​នេះទៅ​​ ដើម្បី​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​ដំណើរ​ការ​បើក​ប្រាក់​ខែ​ និង​ចៀសវាង​ការ​ភាន់​ច្រឡំ​។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រាក់​ឧបត្ថម្ភ​សម្រាប់​សុខភាព​ ហានិភ័យ ​និងការ​បង្រៀន​នៅ​ជនបទ​នឹង​ត្រូវ​ដាក់​បញ្ចូល​តែ​មួយ​ទៅ​ក្នុង​ប្រាក់​ខែ​គោល​របស់​គ្រូបង្រៀន​ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​បញ្ជាក់​ថា គោល​នយោបាយ​ថ្មីនេះ​នឹង​ចូល​ជាធរមាន​​ឲ្យពិត​ប្រាកដ​នៅ​ពេល​ណា​នោះ​ទេ។

អនុក្រឹត្យ​មួយ​​ដែល​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​​ចុះ​ហត្ថ​លេខា​កាលពី​ថ្ងៃ​ច័ន្ទ​លើក​ឡើង​ថា ការ​បើក​ប្រាក់​ខែ​សរុប​ថ្មី​នេះ​នឹង​អនុវត្ត​លើ​គ្រូបឋមសិក្សា គ្រូអនុវិទ្យាល័យ ព្រម​ទាំង​សាស្ត្រាចារ្យ​ និង​បុគ្គលិក​រដ្ឋបាល​នៅ​តាម​សាកល​វិទ្យាល័យ​ផង​ដែរ។

យោង​តាម​អនុក្រឹត្យ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​​គិត​ជា​សរុប​នឹង​មាន​ចំនួន​៣៧​ដុល្លារ​ក្នុង​មួយ​ខែ​សម្រាប់​គ្រូបឋមសិក្សា ៥៧​ដុល្លារ​សម្រាប់​គ្រូអនុវិទ្យាល័យ ៤១​ដុល្លារ​សម្រាប់​បុគ្គលិក​រដ្ឋបាល​នៅ​សាកលវិទ្យាល័យ និង​៩០​ដុល្លារ​សម្រាប់​សាស្ត្រាចារ្យ​។

លោក ហង់ ជួន ណារ៉ុន បាន​គូសបញ្ជាក់​ថា សម្រាប់​គ្រូបង្រៀន​ដែល​មាន​ប្រាក់​ខែ​អប្បបរមា​១០៥​ដុល្លារ​ កញ្ចប់​ប្រាក់​ឧបត្ថម្ភ​ថ្មី​នេះ​នឹង​មាន​ចំនួន​៣៤ភាគរយ​បន្ថែម​ពី​លើ​ប្រាក់​ខែ​គោល​របស់​ពួកគាត់​។ លោក​មាន​​ប្រសាសន៍​ទៀត​ថា ” គ្រូដែល​មាន​ប្រាក់​ខែ​ខ្ពស់​​នឹង​មិន​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទេ​”។

លោក​ក៏​បាន​មាន​ប្រសាសន៍​ដែរ​ថា ​នៅ​ពេល​អនាគត​ គ្រូបង្រៀន​ដែល​មាន​បរិញ្ញាបត្រ​ ឬ​សញ្ញាបត្រ​ខ្ពស់​ជាង​នេះ​​​នឹង​ទទួល​បាន​​អត្ថប្រយោជន៍​ច្រើន​ជាង​គ្រូ​ដែល​គ្មាន​សញ្ញាបត្រ​ទាំង​នោះ មិន​ថា​ពួកគាត់​ធ្វើ​ការ​នៅ​ក្នុង​វិស័យអប់រំ​យូរ​ប៉ុណ្ណា​ឡើយ​។

លោក រ៉ុង ឈុន ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ដែល​​តំណាង​ឲ្យ​គ្រូបង្រៀន​ប្រហែល​១០.០០០​នាក់​នៅ​ទូទាំង​ប្រទេស​ បាន​មាន​ប្រសាសន៍​ថា គោល​នយោបាយ​ថ្មី​នេះ​គ្មាន​អ្វី​​ក្រៅពី​ល្បិច​នយោបាយ​នោះ​ទេ​​ ហើយ​វា​មិន​អាច​ធ្វើ​ឲ្យ​ជីវភាព​របស់​គ្រូបង្រៀន​ប្រសើរ​ឡើង​ប៉ុន្មាន​ឡើយ​។

លោក រ៉ុង ឈុន ដែល​បានព្យាយាម​​បញ្ចុះ​បញ្ចូល​​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ​អប្បបរមា​២៥០​ដុល្លារ​សម្រាប់​គ្រូបង្រៀន​ ប៉ុន្តែ​ត្រូវ​បរាជ័យ​នោះ ​បាន​មាន​ប្រសាសន៍​​ទៀត​ថា ” វា​មិន​គ្រប់​​គ្រាន់​ទេ”។ លោក​ក៏​បា​ន​មាន​ប្រសាសន៍​ដែរ​ថា ផែន​ការ​របស់​រដ្ឋមន្ត្រី​ក្រសួង​អប់រំ​រូប​នេះ ក្នុង​ការ​ផ្ដល់​អត្ថប្រយោជន៍​ដល់​គ្រូបង្រៀន​ដែល​មាន​សញ្ញាបត្រ​ខ្ពស់​ គឺមិន​យុត្តិធម៌​ ពីព្រោះ​វា​​ជា​ការ​រើស​អើង​ចំពោះ​​គ្រូបង្រៀន​ជើង​ចាស់​ ដែល​បាន​ចូល​បម្រើ​ការ​ងារ​ក្នុង​វិស័យអប់រំ​ក្នុង​សម័យ​កាល​មួយ​ដែល​គ្មាន​លក្ខណ​សម្បត្តិបែប​នេះ​។

​ប្រាក់​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ទាំង​នេះ​កើត​មាន​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ប្រាក់​ខែ​អប្បបរមា​សម្រាប់​គ្រូបង្រៀន​នឹង​ត្រូវ​ដំឡើង​៣​ដង​ពី​១០៥​ដុល្លារ​ដល់​១៣៨​ដុល្លារ​​ត្រឹម​ខែ​មេសា៕ សុខុម​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស