28 C
Phnom Penh

ម្ចាស់ដីកាន់កណ្តៀវតទល់នឹងប៉ូលីស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្ត្រី​អាយុ​៦៨​ឆ្នាំ​ម្នាក់​បាន​ប្រឈម​មុខ​នឹង​កងរាជអាវុធហត្ថ ​និង​នគរបាល​ខណ្ឌ​រាប់សិប​នាក់ ដែល​ទទួល​បញ្ជា​មក​ការពារ​អ្នកភូមិ ដែល​ព្យាយាម​បោះបង្គោល​ព្រំដី​របស់​អ្នកស្រី ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ ក្រុង​ភ្នំពេញ បន្ទាប់ពី​ពួគគាត់​បាន​លក់​វា​ឲ្យ​ជីដូនមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។​​​​​​

អ្នកស្រី ហ៊ួត សារុំ មាន​ជម្លោះ​ពាក់ព័ន្ធ​នឹង​ដី​ស្រែ​ជាង​៥,៦៧​ហិកតា នៅ​សង្កាត់​កាកាប ជាមួយ​ប្រជាពលរដ្ឋ​១២០​គ្រួសារ ដែល​បាន​លក់​ដី​នោះ​សឹងតែ​ទាំងអស់​ទៅហើយ ឲ្យ​ស្ត្រី​ពាណិជ្ជករម្នាក់​​​ឈ្មោះ ឌី ព្រឹម ជា​ជីដូនមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី។

កាលពី ២០១១ អ្នកស្រី ព្រឹម ត្រូវ​បាន​តុលាការកាត់​ឲ្យ​ជាប់​ទោស​ពី​បទ​ពុក​រលួយ និង​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ ព្រោះ​បាន​ចំណាយ​លុយ​៣០.០០០​ដុល្លារ ដើម្បី​មាន​ឥទ្ថិពល​ទៅលើ​ការ​ស៊ើបអង្កេត​ជម្លោះ​ដី​ធ្លីនេះ រីឯ​មន្ត្រី​រដ្ឋាភិបាល​ជាន់​ខ្ពស់​ម្នាក់ ក៏​បាន​ទទួល​ទោស​ធ្ងន់​ដែរ​ព្រោះ​បាន​ទទួល​សំណូក។

ទោះជា​យ៉ាង​នេះ​ក្តី មិន​ដែល​មាន​ការ​ចេញ​ដីកា​ចាប់​ខ្លួន​ទេ ហើយ​អ្នក​ទាំង​២​ក៏​មិន​បាន​ជាប់​ពន្ធនាគារ​ដែរ។

កាលពី​ខែ​មីនា​ឆ្នាំ​មុន លោក ប្រាក់ សុខុន កាលនោះ​ជា​រដ្ឋលេខាធិការ​នៅ​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី បាន​ចេញ​សេចក្តី​ជូនដំណឹង​មួយ ដែលប្រគល់​ដី​នោះ​ឲ្យ​អ្នក​ភូមិ​កាកាប ហើយ​ទុក​តែដី​មួយ​ហិកតា​ប៉ុណ្ណោះ​ឲ្យ​អ្នកស្រី សារុំ ដែល​បាន​និយាយ​ថា អ្នកស្រី​បាន​និង​កំពុង​ធ្វើ​ស្រែ​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩​មក​ម៉្លេះ។

នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី​ព្រឹក​ម្សិលមិញ កម្លាំង​កង​រាជអាវុធហត្ថ​និង​នគរបាល​ខណ្ឌ ប្រដាប់​ដោយ​កាំភ្លើងអាកា៤៧​ជាច្រើន​ដើម មាន​ទាំង​កម្លាំង​សន្តិសុខ​ខណ្ឌ​ផង បាន​មក​ដល់​ទីតាំង​នោះ​ដើម្បី​មើល​ការខុសត្រូវ​លើ​អ្នកភូមិ​ដែល​ព្យាយាម​ដាំ​បង្គោល​ឈើសម្គាល់​ព្រំដីដែល​មាន​ជម្លោះ​នេះ។

ក៏​ប៉ុន្តែ ការខិតខំ​បោះព្រំដី​ត្រូវ​បានរំខានពីសំណាក់​អ្នកស្រី សារុំ ដែល​បាន​ដក​បង្គោល​ចោលភ្លាម ពេល​ពួកគាត់​បាន​ដាំ ហើយ​ទាមទារ​ឲ្យ​នគរបាល​ប្រហែល​៤០​នាក់ សន្តិសុខ​២០​នាក់​បញ្ឈប់​ការ​បោះ​បង្គោល​នេះ។

អ្នកស្រី សារុំ មាន​ប្រសាសន៍​ថា “មន្ត្រី​អនុវត្ត​ច្បាប់ ខ្ញុំ​ចង់​ប្រាប់​អស់​លោក​ថា ខ្ញុំ​មិន​ត្រូវ​ការ​​អស់លោក​វាស់វែង​ដី​របស់​ខ្ញុំ​ទេ។ វា​ជា​ដីរបស់​ខ្ញុំ”។

ពេលនោះ ការប្រវាយ​ប្រតប់​គ្នា​បាន​កើត​ឡើង​រវាង​កម្លាំង​សន្តិសុខ​និង​គ្រួសារ​របស់​អ្នកស្រី សារុំ  ដោយមាន​ការ​រុញច្រាន​គ្នា​ទៅវិញទៅមករវាង​អ្នក​ជិតខាង​របស់​ស្ត្រី​រូបនេះ​និង​អ្នកភូមិ។

ដោយ​មាន​កាន់​កណ្តៀវ​នៅ​ដៃ​ផង អ្នកស្រី សារុំ មាន​ប្រសាសន៍​ថា អ្នក​ស្រី​​នឹង “ស៊ូ​ដល់​ស្លាប់” ដើម្បី​ការពារ​ដីរបស់​អ្នកស្រី។ “បើ​នៅតែ​បន្ត​រំលោភ​យក​ទៀត ខ្ញុំ​នឹង​ការពារ​ដី​របស់​ខ្ញុំ ហើយ​កណ្តៀវ​នេះ​នឹងខ្វេះ​ភ្នែក​ពួកអ្នកឯង”។

“លោក​អ្នក​ច្បាប់ លោក​ធ្វើបាប​ខ្ញុំ​យូរ​មក​ហើយ។ ឥឡូវ​នេះ ខ្ញុំធុញ​នឹង​លោក​ណាស់។ ខ្ញុំ​លែង​ត្រូវ​ការ​លោក​ទៀត​ហើយ”។

លោក សៀង សុខ ព្រះ​រាជ​អាជ្ញា​រងអមសាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​ដឹកនាំ​ការ​ចុះ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​កាលពី​ខែ​មីនា​ឆ្នាំ​២០១៣ ដែលផ្តល់ដី​ទៅ​ឲ្យ​អ្នក​ភូមិនោះ ក៏​មាន​វត្តមាន​ក្នុង​ពេល​បោះ​ព្រំដី​មិន​បាន​សម្រេច​កាលពី​ម្សិលមិញ​ដែរ។

ពេល​ត្រូវគេ​សួរ​ថាហេតុអ្វី មន្ត្រី​តុលាការ​អនុវត្តបទ​បញ្ជា​ដែលចេញពីខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រីនោះ លោក សៀង សុខ មិន​បាន​ធ្វើ​អធិប្បាយ​ទេ។

លោក​ព្រះ​រាជ​អាជ្ញា​រងរូបនេះមាន​ប្រសាសន៍​ថា “សូមសួរ​អាជ្ញាធរ​មូលដ្ឋានទៅ។ ខ្ញុំ​មិន​ច្បាស់​ទេ​អំពី​រឿងនេះ”។

លោក យឹម សារ៉ន អធិការ​នគរបាល​ខណ្ឌ​បាន​មាន​ប្រសាសន៍ថា នគរបាល​និង​ព្រះរាជ​អាជ្ញារង​មកកាន់​ទីនោះ ដើម្បី​ធានា​សុវត្ថិភាពនិង​ភាព​ស្របច្បាប់​នៃ​ដំណើរការ​វាស់វែង​ដី។

លោក​មាន​ប្រសាសន៍​ថា “យើងមកទីនេះ​ដើម្បី​អនុវត្ត​សេចក្តី​ជូនដំណឹង​របស់​រដ្ឋាភិបាល ដែល​ផ្តល់ដី​ឲ្យ​អ្នកភូមិ”។

នៅទី​បញ្ចប់ ការ​ប្តេជ្ញា​ចិត្ត​របស់​អ្នកស្រី សារុំ ក៏​បាន​​សម្រេច​​​  ចំណែកឯនគរបាល​និងអ្នកភូមិបាន​ដកថយ និង​ចាកចេញ​មុន​ពេលថ្ងៃត្រង់​បន្តិច។

ទោះជា​យ៉ាងនេះ​ក្តី លោក កៅ ទី មេធាវី​របស់​អ្នកស្រី សារុំ បាន​រិះគន់​សកម្មភាព​របស់​នគរបាល​និង​មន្ត្រី​តុលាការ។

លោក ទី មាន​ប្រសាសន៍​ថា “វត្តមាន​ព្រះរាជអាជ្ញារង ជា​សកម្មភាព​នៃ​ការ​ញុះញង់… ពីព្រោះ​គាត់​មក​ទីនេះ​ដោយ​គ្មាន​មូលដ្ឋាន​ច្បាប់​ណាមួយ​ឡើយ”។

មេធាវីរូបនេះបានមានប្រសាសន៍សំដៅលើអ្នកស្រី​​​ ព្រឹម ថា  “ការវាស់វែងដី​នៅព្រឹក​នេះគឺជា​មធ្យោបាយ​ចុងក្រោយ ដើម្បី​សាកល្បង​សមត្ថភាព​ផ្លូវ​ច្បាប់​របស់​ពួកគេក្នុង​ការ​ទាមទារ​ដី​ឲ្យចោរប្លន់ដីម្នាក់នេះ​​​”។

អ្នកស្រី ព្រឹម មិនអាច​ទាក់ទងសុំ​ការ​អធិប្បាយ​បាន​ទេ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស