41.3 C
Phnom Penh

អង្គការ​អាដ​ហុកនឹង​ប្តឹងទៅ​ឧទ្ធរណ៍​និង​រដ្ឋាភិបាល​ឲ្យ​អន្ត​រាគមន៍ក្នុងករណី​បាញ់​បោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិលមិញ អង្គការ​​​សិទ្ធិ​​​មនុស្ស​​​អាដហុក​​​​​​បាន​​​លើក​​​ឡើង​​​ថា ខ្លួន​​​​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​រដ្ឋាភិបាល​​​ និង​​​តុលាការ​​​ជុំ​​​វិញ​​​ករណី​​​សន្តិសុខ​​​ប្រដាប់​​​អាវុធ​​​ម្នាក់​​​ដែល​​​ធ្វើ​​​ការ​​​ឲ្យ​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​មួយ​​​ក្នុ​​​ងខេត្ត​​​មណ្ឌល​​​គិរី ដែល​​​បាន​​​បាញ់​​​បោះត្រូវ​អ្នក​​​ដាក់​​​អន្ទាក់​​​សត្វ​​​ម្នាក់​​​​​រង​​​របួស​​​នៅ​​​ពេល​​​គាត់​​​បាន​​​ប្រើ​​​កាំភ្លើង​​​អាកា​​-៤៧​​​របស់​​​ខ្លួន​​​បាញ់​​​ភ្ជុច​​​ដី។

លោក តឹក​​​ ងៀម និង​​​អ្នក​​​ភូមិ​​​មួយ​​​​​​ក្រុម​​​ទៀត​​​បាន​​​ទៅ​​​មើល​​​អន្ទាក់​​​ដាក់​​​សត្វ​​​នៅ​​​ក្នុង​​​ព្រៃ​មួយ​ក្នុង​​​ស្រុក​​​ពេជ្រាដា កាល​​​ពី​​​ថ្ងៃ​​​សៅរ៍ ស្រាប់​​​តែ​​​ពួក​​​គេបាន​​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា ហើយ​​​ត្រូវ​​​សន្តិសុខ​​​ប្រដាប់​​​អាវុធ​​​មួយ​​​ក្រុម​​​​​​ដែ​​​ល​​​ធ្វើការ​​​នៅក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ខ្មែរ​​​ ប្រាប់​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ក្រោយ​​​។

នៅ​​​ពេល​​​ក្រុម​​​អ្នក​​​ភូមិ​​​បាន​ដើរចេញ​ សន្តិសុខ​​​ម្នាក់​​​បាន​​​បាញ់​​​ភ្ជុច​​​ដី​​​ក្នុង​​​ទិស​​​ដៅ​​​ដែល​ពួកគាត់ដើរទៅនោះ បណ្តាល​​​ឲ្យ​​​វត្ថុ​​​មួយ​​​មិន​​​ដឹង​​​ថា ជា​​​គ្រាប់​​​កាំភ្លើង ឬ​​​ជាបំណែក​​​ថ្ម​នោះ ​​​បាន​​​ត្រូវបៀម​​​ជាប់​​​ត្រង់​​​ត្រគាក​​​​របស់​លោក ងៀម។

នគរបាល​​​បាន​​​លើក​​​ឡើង​​​ថា ​​​ខ្មាន់​​​កាំភ្លើង​​​ជាប់​​​សង្ស័យ​​​បាន​​​​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ ​​ ហើយ​​​កំពុង​​​រត់​​​គេច​​​ខ្លួន​នៅ​​​ឡើយ​​​។

នៅ​​​សន្និសីទ​​​កាសែត​​​មួយ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក នី ចរិយា ប្រធាន​​​ផ្នែក​​​សិទ្ធិ​​​មនុស្ស​​​និង​ជំនួយផ្នែកច្បាប់របស់​អង្គការ​អាដ​​​ហុក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​នេះ​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹ​​​ង​​​ទៅ​​​សាលា​​​ឧទ្ធរណ៍​​​ រដ្ឋ​​​សភា និង​​​ខុទ្ទកាល័យ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​ ហ៊ុន សែន នៅ​​​ថ្ងៃ​​​នេះ។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​នឹង​​​ដាក់​​​ពាក្យ​​​បណ្តឹង​​​ទៅ​​​ស្ថាប័ន​​​ទាំង​​​នោះ​​​[នៅ​​​ថ្ងៃ​​​នេះ] ដើម្បី​​​សុំ​​​អន្តរាគមន៍​​​ និង​​​ស្វែង​​​រក​​​យុត្តិធម៌​​​ជូន​​​ជន​​​រង​​​គ្រោះ​​​”។

​​​អង្គការ​​​សិទ្ធិ​​​មនុស្សនេះ​​​បាន​​​ដឹក​​​លោក ងៀម មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ព្យាបាល​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​មុខ​​​របួស​​​របស់​​​លោក​​​មិន​​​បាន​​​​​​ព្យាបាល​​​ច្រើន​​​ថ្ងៃ​​​មក​​​ហើយ​​​​​​នៅមន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្តមណ្ឌល​​​គិរី។

គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​ក្រុមហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ខ្មែរ​​​បាន​​​ទេ​​​៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស