40.9 C
Phnom Penh

បុរស​​​បី​​​នាក់​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ពី​​​បទ​​​ដឹក​​​ឈើ​​​គ្រញូង​​​ខុស​​​ច្បាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​ និង​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​ម្សិល​​​មិញថា កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ធំ​​​បាន​​​ចោទ​​​ប្រកាន់​​​បុរស​​​បី​​​នាក់​​​ពី​​​បទ​​​ដឹក​​​ឈើ​​​គ្រញូង​​​ដោយ​​​​​​ខុស​​​ច្បាប់​​​ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​រឹប​​​អូស​​​រថយន្ត​​​ចំនួន​​​ពីរ​​​គ្រឿង​​​ដែល​​​ពួក​​​គេ​​​បាន​​​ប្រើ​​​ប្រាស់​​​ ដើម្បី​​​ដឹក​​​ឈើ​​​ទាំង​​​នេះ​​នៅ​​​ព្រឹក​​​ថ្ងៃ​​​នោះ​​​ រីឯ​​​ជន​​​សង្ស័យ​​​ទី​​​៤​​​បាន​​​រត់​​​គេច​​​ខ្លួន​​​អំឡុងពេល​​ឃុំ​​​ខ្លួន​​​នៅ​​​​​​រដ្ឋបាល​​​ព្រៃ​​​ឈើ​​​​​​។

លោក កែវ​​​ សុផល​​​ ស្នង​​​ការ​​​រង​​​នគរ​​​បាល​​​ខេត្ត​​​បាន​​​លើក​​​ឡើ​​ង​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បួន​​​បាន​​​បើក​​​បរ​​​រថយន្ត​​​ដែល​​​ដឹក​​​សុទ្ធ​​​​​​តែ​​​ឈើ​​​គ្រញូង​​​ទាំង​​​នេះ​​​ពីខេត្ត​​​ព្រះ​​​វិហារ​​​​​​ឆ្ពោះ​​​ទៅ​​​ភាគ​​​ខាង​​​ជើង​​​។

លោក​​​បាន​​​​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​ទទួល​​​បាន​​​​​​​​​ព័ត៌​​​មាន​​​ពី​​​នគរ​​​បាល​​​សម្ងាត់​​​របស់​​​យើង​​​ យើង​​​បាន​​​​​​ចាត់​​​ឲ្យ​​​មន្ត្រី​​​របស់​​​យើង​​​ទៅ​​​ឃាត់រថយន្ត​​​ទាំង​​​នោះ”។ លោក​​​បាន​​​បន្ថែម​​​ថា ​​​​​​ឈើ​​​គ្រញូង​​​ចំនួន​​​២៨​​​ដុំ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅ​​​ក្នុង​​​រថយន្ត​​​ទាំង​​​នោះ​​​ ដែល​​​មាន​​​មួយ​​​​​​គ្រឿង​​​ពាក់​​​ស្លាក​​​លេខ​​​ខេមរភូមិន្ទ​​​។

លោក សុផល បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ជន​​​សង្ស័យ​​​ម្នាក់​​​​​​ក្នុង​​​ចំណោម​​​​​​ជនសង្ស័យ​​​ទាំង​​​អស់​​​ឈ្មោះ ចាន់ ថា ក៏​​​​​​មាន​​​ស្លៀកពាក់​​​ឯក​​​សណ្ឋាន​​​យោធា​​​ដែរ ប៉ុន្តែ លោក​​​មិន​​​អាច​​​បញ្ជាក់​​​ថា តើ​​​ជនសង្ស័យ​​​នេះ​​​​​​ជា​​​ទាហាន​​​មែន​​​​​​​​​ឬ​​​មិន​​​មែន​​​នោះឡើយ​​​។

លោក សុផល បាន​​​លើក​​​ឡើង​​​បន្ត​​​ទៀត​​​ថា ជន​​​សង្ស័យ​​​ទាំង​​​បួន​​​នាក់​​​នោះ​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​ការិយាល័យ​​​រដ្ឋ​​​បាល​​​ព្រៃឈើ​​​ក្នុង​​​ស្រុក​​​ស្ទោង​​​ ដើម្បី​​​សាក​​​សួរ​​​រួច​​​ហើយ​​​បន្ទាប់ពីការចាប់​​​ខ្លួន​​​ ប៉ុន្តែ ថា ជន​​​សង្ស័យ​​​ម្នាក់​​​ឈ្មោះ សឹប សុភាព ជា​​​ស្ត្រី​​​តែ​​​ម្នាក់​​​កត់​​​ក្នុង​​​ក្រុម​​​នេះ​​​បាន​​​រត់​​​គេច​​​ខ្លួន​​​ ខណៈ​​​មន្ត្រី​​​នគរ​​​បាល​​​កំពុង​​​ជាប់​​​រវល់​​​សាក​​​សួរ​​​ជន​​​សង្ស័យ​​បី​​​នាក់​​​ផ្សេង​​​ទៀត​​​។

លោក សុផល បាន​​​ឲ្យ​​​ដឹង​​​ថា វា​​​គឺ​​​ជា​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​រដ្ឋបាល​​​ព្រៃឈើ​​​ក្នុង​​​ការ​​​តាម​​​ចាប់ខ្លួន​​​ស្ត្រី​​​រូប​​​នោះ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ជន​​​សង្ស័យ​​​គឺ​​​ស្ថិត​​​នៅ​​​ក្នុង​​​ដៃ​​​របស់​​​ពួក​​​គេ​​​ ហេតុ​​​ដូច្នេះ​​​វា​​​ស្រេច​​​តែ​​​លើ​​​ពួក​​​គេ​​​។ ប្រសិនបើ​​​នគរ​​​បាល​​​របស់​​​យើង​​​ជា​​​អ្នក​​​ធ្វើ​​​ឲ្យ​​​មាន​​​កំហុស​​​នេះ​​​ ពួក​​​គេ​​​អាច​​​ស្ត​​​ី​​​បន្ទោស​​​យើង​​​បាន​​​”។

​​​​​​​​​ លោក តុង​​​ យី ប្រធាន​​​រដ្ឋ​​​បាល​​​ព្រៃឈើ​​​នៅ​​​ក្នុង​​​ស្រុក​​​ស្ទោង មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ទេ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​។

លោក គុជ គឹមឡុង​​​ ព្រះ​​​រាជ​​​អាជ្ញា​​​រង​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ធំ​​​បាន​​​បញ្ជាក់​​​ថា មាន​​​តែ​​​ជន​​​សង្ស័យ​​​បី​​​នាក់​​​ប៉ុណ្ណោះ​​​ ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​ទាំង​​​បួន​​​ ដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​តុលាការ​​​កាល​ពីថ្ងៃ​​​អង្គារ​​​។ លោក​​​បាន​​​បន្ថែម​​​ថា ករណី​​​នេះ​​​​​​ត្រូវ​​​បាន​​​បញ្ជូន​​​បន្ត​​​ទៅ​​​ចៅ​​​ក្រម​​​សើុប​​​សួរ​​​រួច​​​ហើយ​​​។

លោក អិុត​​​ សុធា ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​​​សា​​​លា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ជន​​​សង្ស័យ​​​​ចាន់​​​ ថា ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​ដឹក​​​ឈើ​​​ និង​​​ប្រមូល​​​អនុផល​​​ព្រៃ​​​ឈើ​​​ដោយ​​​ខុស​​​ច្បាប់​​​ ហើយ​​​ថា បុរស​​​ពីរ​​​នាក់​​​ទៀត​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​សម​​​គំនិត​​​ក្នុង​​​បទ​​​ល្មើស​​​នេះ​​​។​​​ជន​​​សង្ស័យ​​​ទាំង​​​បី​​​ត្រូវ​​​បាន​​​​​​បញ្ជូន​​​ទៅ​​​ឃុំ​​​ខ្លួន​បណ្តោះ​​​អាសន្ន​​​​​​នៅ​​​ពន្ធនាគារ​​​ខេត្ត​​​នៅ​​​ថ្ងៃ​​​ដដែល​នោះ​​​៕ស៊ុយ​​​ឈាង​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស