26 C
Phnom Penh

តុលាការ​បើក​សវនាការជំនុំជម្រះ​រឿងក្តី​អ្នក​យកព័ត៌មាន​គំរាមទារប្រាក់​ពី​អ្នកដឹកឈើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​ម្នាក់​​​បាន​​​និយាយ​កាល​​​ពី​​​ម្សិលមិញ​​​​​ថា  សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​បាន​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​រឿង​​​ក្តី​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ប្រាំ​​​នាក់​​​ ដែល​​​ជាប់​​​ចោទ​​​ពី​​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​ពី​​​អ្នក​​​ដឹក​​​ឈើ​​​ខុស​​​ច្បាប់​​​។ វា​​​មាន​​​រយៈ​​​ពេល​​​ជិត​​​បួន​​​ឆ្នាំ​​​មក​​​ហើយ បន្ទាប់​​​ពី​​​ពួ​​​ក​​​គេ​​​​​​ត្រូវ​​​បាន​​​ចោទប្រកាន់​​​តាំង​​​ពី​​​ដំបូង​​​មក​​​។

អ្នក​​​យក​​​ព័ត៌​​​មាន​​​ទាំង​​​ប្រាំ​​​នាក់​​​នោះដែល​​​​​​មក​​​ពី​​​កាសែត​​​ដើម​​​អម្ពិល​​​ កាសែត​​​ថ្ងៃ​​​នេះ​​កាសែតនគរ​​​វត្ត​​​ កាសែត​​​ប្រជា​​​ធិបតេយ្យ និង​​​ទូរទស្សន៍​​​អប្សរា​​​ ប្រឈម​​​នឹង​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​គំរាម​​​ទារ​​​ប្រាក់​​​ចំនួន​​​៣០០​​​ដុល្លារ​​​ពី​​​អ្នក​​​ដឹក​​​ឈើ​​​ម្នាក់​​​ឈ្មោះ​​​ ទិត្យ​​​ ស្រឿ ខណៈ​​​ដែល​​​គាត់​​​ព្យាយាម​​​ដឹក​​​ឈើ​​​​គ្រញូង​​​ខុស​​​ច្បាប់​​​​​​តាមរទេះគោចំនួន១០​​​កាត់​​​ស្រុក​​​ទឹក​​​ផុស កាល​​​ពី​​​ខែ​​​វិច្ឆិកា ឆ្នាំ​​​២០១០។

លោក សេង​​​ ម៉េ​​​ងស្រ៊ុន ព្រះ​​​រាជ​​​អាជ្ញា​​​អម​​​សាលា​​​ដំបូង​​​ខេត្ត​​​បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា មូល​​​ហេតុ​​​ដែល​​​រឿង​​​ក្តី​​​នេះ​​​ទើប​​​តែ​​​ត្រូវ​​​បាន​​​បើក​​​សវនាការ​​​នោះ​​​ គឺ​​​ដោយសារ​​​តែ​​​លោក​​​ត្រូវ​​​បង្ខំ​​​ឲ្យ​​​ដោះ​​​ស្រាយ​​​រឿង​​​ក្តី​​​ចាស់​​​ៗ​​​នៅ​​​គរ​​​ ដែល​​​មិន​​​​​​ទាន់​​​ត្រូវ​​​បាន​​​សើុប​​​អង្កេត​​​ដោយ​​​បុព្វាធិការី​​​របស់​​​លោក​​​ គឺ​​​ លោក​​​ ពេញ វិបុល​​​ ​​​ដែលក៏​​​ជា​មនុស្សសំខាន់នៅ​​​​​​សវនាការ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ដែរ​​​ ពីព្រោះ​​​លោក​​​ត្រូវ​​​ជា​​​បង​​​ធម៌របស់​​​លោក ស្រឿ​​​។

លោក ចាន់​​​ ធី អាយុ​​​៤២​​​ឆ្នាំ​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​ឲ្យកាសែត​​​ដើម​​​អម្ពិល ជា​​​ជនសង្ស័យ​​​តែ​​​ម្នាក​​​់​​​គត់​​​ដែល​​​មាន​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​សវនាការ​ ខណៈ​​​​​​ជន​​​សង្ស័យ​​​បួន​​​នាក់​​​ទៀត​​​កំពុង​​​រត់​​​គេច​​​ខ្លួន​​​បាន​​​​​​និយាយ​​​ថា លោក​​​ វិបុល ដែល​​​ជា​​​អតីត​​​ព្រះ​​​រាជ​​​អាជ្ញា​​​បាន​​​ប្រឌិត​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំងនេះ​​​ដើម្បី​​​ជា​​​ការសងសឹក ពីព្រោះ​​​​​​លោក បាន​​​សរសេរ​​​អត្ថបទ​​​មួយ​​​រៀប​​​រាប់​​​ពី​​​ទំនាក់​​​ទំនង​​​របស់​​​លោក​​​ ពេញ វិបុល ជា​​​មួយ​​​លោក​​​ ស្រឿ ក្នុង​​​ការ​​​រក​​​ស៊ី​​​ឈើ​​​ខុស​​​ច្បាប់​​​។

លោក ចាន់​​​ ធី បាន​​​និយាយ​​​រៀប​​​រាប់​​​ពី​ទំនាក់​​​ទំនង​​​របស់​​​លោក​ ពេញ វិបុល​​​ ជាមួយ​លោក ស្រឿង ថា “យើង​​​បាន​​​សួរ​​​អ្នក​​​រក​​​ស៊ី​​​ដឹក​​​ឈើ​​​រូប​​​នោះ​​​​​​ថា គាត់​​​ដឹក​​​​​​ឈើ​​​ពី​​​​​​ណា​​​មក​​​ ហើយ​​​គាត់​​​បាន​​​ប្រាប់​​​យើង​​​ថា គាត់​​​បាន​​​ដឹក​​​ឈើ​​​នេះ​​​ពី​​​ខេត្ត​​​ពោធិ៍​​​សាត់​​​ ​​​ទៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង”។

លោក​​​បាន​​​និយាយ​​​បន្ត​​​ថា លោក ស្រឿ បាន​​​ទទួលស្គាល់​​​​​​​​​នៅ​​​ពេល​​​នោះ​​​ថា លោក​​​​​​បាន​​​ចំណាយ​​​ប្រាក់​​​ប្រហែល​​​១៥០​​​ដុល្លារ​​​ក្នុង​​​មួយ​​​រទេះ​​​សម្រាប់​​​ដឹក​​​ឈើ​​​គ្រញូង​​ ហើយ​​​ជា​​​បង​​ប្អូន​​​ធម៌​​​របស​​​់លោក​​​ វិបុល​​​ ដែល​​​ពេល​​​នោះ​​​ជា​​​ព្រះ​​​រាជ​​​អា​​​ជ្ញា​​​។

លោក ចាន់ ធី បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា [លោក​​​វិបុល​​​] បាន​​​ប្រឌិត​​​ករណី​​​នេះ​​​​​​ដើម្បី​​​ចាប់​​​ខ្ញុំ និង​​​អ្នក​​យកព័ត៌មាន​ប្រាំ​​​នាក់​​​ទៀត​​​ដាក់​​​ពន្ធនាគារ​​​ ពីព្រោះ​​​គាត់​​​មាន​​​កំហឹង​​​ថា អត្ថ​​​បទ​​​សរសេរ​​​អំពី​​​ការ​​​ដឹក​​​ឈើ​​​គ្រញូង​​​នោះបាន​​លើកឡើង​ពី​​ឈ្មោះ​​​របស់​គាត់​​​”។

នៅ​​​ពេល​​​ត្រូវ​​​បាន​​ទាក់​​​ទង​​​​​​តាម​​​ទូរស័ព្ទ​​​ លោក​​​ វិបុល ​​​ដែល​​​ឥឡូវ​​​នេះ​​​ធ្វើ​​​ការ​​​នៅ​​​ក្រសួង​​​យុត្តិ​​​ធម៌​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក​​​ មិន​​​ចាំ​​​ករណី​​​គំរាម​​​ទារ​​​ប្រាក់​​​នោះ​​​​​​ទេ ព្រោះ​​​វា​​​កើត​​ឡើង “​​​យូរ​​​ណាស់​​​មក​​​ហើយ”​​​។ លោក​​​បាន​​​បដិសេធ​​​​​​មិន​ធ្វើអត្ថាធិប្បាយ​​​បន្ថែម​​​ឡើ​យ។

លោក ចាន់ ធី បាន​​​មាន​​​ប្រសាសន៍​​​ថា ដំបូង​​​ឡើយ​​​មាន​​​ចុង​​​ចោទ​​​ប្រាំ​​​មួយ​​​នាក់​​​នៅ​​​ក្នុង​​ករណី​​​នេះ​​​ ប៉ុន្តែ លោក​​​​​​ ជា ខេន ក៏​​​ជា​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​នៅ​​​កាសែត​​​ប្រជា​​​ធិបតេយ្យ​​​ដែរ​​​នោះ បាន​​​ស្លាប់​​​កាល​​​ពី​​​​​​ថ្ងៃ​​​អាទិត្យ​​​ គឺ​​​ពីរ​​​ថ្ងៃ​​​បន្ទាប់​ពី​​​ទទួល​​​ដីកា​​​កោះ​​​ហៅ​​​ឲ្យ​​​ចូល​​​រួម​​​សវនា​​ការ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា លោក​​​ ជា ខេន បាន​​​ធ្លាក់​​​​​​​​​​​​ខ្លួន​​​ឈឺ​​​ ហើយ​​គាត់​​​ស្លាប់​​​ដោយសារ​​​ជំងឺគាំង​​​បេះ​​​ដូង​​​បន្ទាប់ពី​ទទួល​​​បាន​ដីកា​​​កោះ​​​ហៅ”។ លោក​​​បាន​​​ពន្យល់​​​ថា លោក ជា ខេន មាន​​​ជំងឺ​​​លើស​​​ឈាម​​​យូរ​​​មក​​​ហើយ ហើយ​​​លោក​​​ហាក់​​​ដូច​​​ជា​​​ព្រួយ​​​បារម្ភ​​​អំពី​​​ករណី​​​នេះ​​​នៅ​​​ពេល​​​អ្នក​​​យក​​​ព័ត៌​​​មាន​​​បាន​​​ជួប​​​ពិភាក្សា​​​គ្នា​​​អំពី​​​ដីកា​​​បង្គាប់​​​របស់​​​តុលាការ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ ។

លោក ម៉េង​​​ស្រ៊ុន ដែល​​​ជា​​​ព្រះ​​​រាជ​​​អាជ្ញា​​​បច្ចុប្បន្ន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា តុលាការ​​​នឹង​​​ប្រកាស​​​សាល​​​ក្រម​​​​​​នៅ​​​ថ្ងៃ​​​អង្គារ​​​៕សារុន​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស