27 C
Phnom Penh

​ក្រុម​ហ៊ុន​រ៉ូយ៉ាល់គ្រុប​​​ថា ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា ​នៅតែ​រស់​រាន​ ទោះបី​ជា​មាន​ការ​រុះ​រើ​រចនា​​សម្ព័ន្ធ​ក្តី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​មួយ​រូប​នៅ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់គ្រុប ដែល​ជា​ក្រុម​ហ៊ុន​រួម​ដ៏ធំ​នៅ​ក្នុង​ស្រុក ​​​​បាន​លើក​ឡើង​កាលពីម្សិលមិញ​ថា ការ​ទិញក្រុម​ហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​ (PAL) ​យក​ទៅ​វិញ​ក្នុង​តម្លៃ​១ពាន់​លាន​ដុល្លារ​​ពីសំណាក់​មហា​សេដ្ឋី​មាន​បំផុត​​លំដាប់​ទី២​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​នៅ​សប្ដាហ៍​នេះ នឹង​គ្មាន​​ ” ផល​ប៉ះពាល់​” មក​លើ​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា​ ដែល​ជា​ការ​វិនិយោគ​រួម​គ្នា​រវាង​​ក្រុម​ហ៊ុន​ទាំងពីរ​​នេះ​ឡើយ​។

កាលពី​ថ្ងៃ​ច័ន្ទ ក្រុម​ហ៊ុន​ PAL ​បាន​ប្រកាស​ថា ក្រុម​ហ៊ុន​ San Miguel Corp ដែល​ជា​ម្ចាស់​ភាគ​ហ៊ុន​តូច​របស់​ខ្លួន​ បាន​យល់​ព្រម​លក់​ភាគហ៊ុន​របស់​ខ្លួន​នៅ​ក្នុង​ក្រុម​ហ៊ុន​អាកាសចរណ៍​នេះ​ឲ្យ​ទៅ​ក្រុម​ហ៊ុន​ Lucio Tan Group របស់​លោក លូស៊ីអូ តាន (Lucio Tan) ​ដែល​មាន​​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​។ ដោយ​ដក​ស្រង់​ប្រភព​អនាមិក​​នានា​ ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​របស់​ហ្វីលីពីន ​​​បាន​​បា៉ន់​​ប្រមាណ​ថា ​​ភាគ​ហ៊ុន​របស់​ក្រុម​ហ៊ុន​ San Miguel Corp​ នៅ​ក្នុង​ក្រុម​ហ៊ុន PAL ត្រូវ​បាន​លក់​ក្នុង​​តម្លៃ​១ពាន់​លាន​ដុល្លារ។

ក្រុមហ៊ុន San Miguel Corp បាន​ធ្វើ​ជា​អន្តរការី​​នៅ​ក្នុង​កិច្ច​ព្រមព្រៀង​ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​ក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា​ ជាមួយ​ក្រុម​ហ៊ុន​​រ៉ូយ៉ាល់គ្រុប កាលពី​ឆ្នាំ​២០១៣ ហើយ​បាន​​ក្លាយ​ជា​​ម្ចាស់​ភាគហ៊ុន​ធំ​នៅ​​ក្នុង​ក្រុម​ហ៊ុន​នេះ​ មាន​ន័យ​ថា ពេល​នេះ​ ក្រុម​ហ៊ុន Lucio Tan Group នឹង​ក្លាយ​ជា​អ្នក​សម្រេច​ចិត្ត​​ថា តើ​ត្រូវ​រក្សា​ទុក​ការ​វិនិយោគ​រួម​គ្នា​នេះ​ឲ្យ​នៅ​រស់​រាន ​ឬក៏អត់​។

តំណាង​ក្រុម​ហ៊ុន​ Lucio Tan Group មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្ល​ឺ​បានទេ​កាលពី​ម្សិលមិញ​។ ទោះជា​យ៉ាង​ណា លោក ម៉ាក ហានណា (Mark Hanna) នាយក​​ហិរញ្ញវត្ថុ​នៅ​ក្រុម​ហ៊ុន​​រ៉ូយ៉ាល់​គ្រុប បាន​មាន​ប្រសាសន៍​ថា ការ​រុះ​រើ​រចនា​សម្ព័ន្ធ​គ្រប់​គ្រង​នៅ​​ក្រុម​ហ៊ុន PAL មិន​មាន​ផល​​ប៉ះ​ពាល់​មក​លើ​ក្រុម​ហ៊ុន​អាកាស​ចរណ៍​​កម្ពុជា​ទេ​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” យើង​កំពុង​ធ្វើ​ការ​​​ងារ​នៅ​ឡើយ​ពាក់​ព័ន្ធ​​នឹងរឿង​នេះ​។ ជាក់​ស្ដែង​ណាស់​​ នេះគឺ​ជាការ​អភិវឌ្ឍថ្មី​។ វា​គ្មាន​ផល​ប៉ះពាល់​លើ​កិច្ច​ការ​ដែល​យើង​កំពុង​ធ្វើ​នា​ពេល​នេះ​ទេ​ ប៉ុន្តែ​យើង​នឹង​អង្កេត​តាម​ដាន​។ យើង​នឹង​រង់ចាំ​ការ​ដោះ​ស្រាយ​របស់​​ក្រុម​ហ៊ុន​ San Miguel មុនពេល​យើង​ទាក់​ទង​ទៅ​ក្រុម​ហ៊ុន​អាកាសចរណ៍​ហ្វីលីពីន​”។

លោក គិត ម៉េង អគ្គនាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប ដែល​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​ក្រុម​ហ៊ុន PAL ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​។ គណៈគ្រប់​គ្រង​នៅ​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បានរំពឹង​ទុក​ថានឹង​​ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ឲ្យ​បាន​ឆាប់​នៅ​ខែ​មិថុនា​កន្លង​ទៅ​នេះ​ ប៉ុន្តែ​ការ​វិនិយោគ​រួម​គ្នា​នេះ​មិនទាន់​បាន​ចាប់​ផ្តើម​ដំណើរ​ការ​នៅ​ឡើយ​ទេ។

កាលពី​ដើម​ឆ្នាំ​នេះ​ ក្រុម​ហ៊ុន PAL បាន​ប្រកាស​ថា ខ្លួន​នឹង​ពន្យារ​ពេល​ការ​វិនិយោគ​របស់​ខ្លួន​នៅ​​ក្នុង​ក្រុម​ហ៊ុន​អាកាសចរណ៍កម្ពុជា ដោយ​សារ​តែ​ស្ថានភាព​នយោបាយ​ក្នុង​ប្រទេស​នេះ​នៅ​តែ​​មាន​ភាព​មិន​ប្រាកដ​ប្រជា​។ កាលពី​ខែ​កក្កដា មជ្ឈ​មណ្ឌល​សម្រាប់​​អាកាស​ចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក (Centerfor Asia-Pacific Aviation) បាន​ចេញ​របាយការណ៍​មួយ​ដោយ​លើក​ឡើង​ថា​ ភាគ​ច្រើន​ការ​វិនិយោគ​រួម​គ្នា​នេះ​​​ទំនង​ជា​ត្រូវ​បោះ​បង់​ចោល​៕ សុខុម​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស