នគរបាលព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានចាប់ខ្លួនបុរសបីនាក់កាលពីម្សិលមិញនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីដកហូតត្រា និងឯកសារក្លែងបន្លំរបស់រដ្ឋាភិបាលដាក់ក្នុងប្រអប់ និងថង់ រួមទាំងសញ្ញាបត្របរិញ្ញាក្លែងក្លាយផងដែរ។
លោក អ៊ាវ រិទ្ធ នាយការិយាល័យព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា បុរសបីនាក់ដែលមានអាយុចាប់ពី២៤ឆ្នាំដល់៥២ឆ្នាំ ត្រូវបានសួរនាំនៅក្រសួងមហាផ្ទៃ និងត្រូវបានចោទប្រកាន់ពីបទក្លែងក្បាលលិខិត និងត្រារបស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា ” យើងកំពុងរាប់ឯកសារ និងត្រាទាំងនោះ ហើយយើងមិនទាន់បែងចែកដោយឡែកពីគ្នានៅឡើយទេ”។ លោកបានគូសបញ្ជាក់ថា មួយចំនួនចេញពីក្រសួងអប់រំ រួមទាំងសញ្ញាបត្រក្លែងក្លាយផង និងមួយចំនួនទៀតចេញពីក្រសួងទេសចរណ៍។
លោកបានមានប្រសាសន៍បន្ថែមទៀតថា ឯកសារផ្សេងៗទៀតដែលដកហូតបានពីផ្ទះមួយក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រួមមានទាំងក្បាលលិខិតរបស់អាជ្ញាធរថ្នាក់ឃុំ-សង្កាត់ និងខេត្តផងដែរ ហើយបានមានប្រសាសន៍ថា ព្រះរាជអាជ្ញាបានចុះអមនគរបាលអំឡុងការឆ្មក់ចូលនេះ។
លោកស្រី ប៊ុត ធីតា ចៅសង្កាត់ផ្សារថ្មី៣ ដែលមានវត្តមាននៅក្នុងប្រតិបត្តិការឆ្មក់ចូលនេះដែរ បានមានប្រសាសន៍ថា អាជ្ញាធរមានសមត្ថកិច្ចដកហូតបានឯកសារ ” ជាច្រើន” ។ លោកស្រីមានប្រសាសន៍ថា ” ខ្ញុំមើលឃើញឯកសារជាច្រើនត្រូវបានរកឃើញនៅក្នុងអគារនោះ ហើយនគរបាលក្រសួងមហាផ្ទៃបានយកវាទៅទាំងអស់”។
លោកស្រីបានបញ្ជាក់អត្តសញ្ញាណជនសង្ស័យទាំងបី ដែលមានឈ្មោះដូចជា នៅ សាខន អាយុ៥២ឆ្នាំ ដែលជួលផ្ទះនៅក្នុងសង្កាត់របស់លោកស្រី ឈ្មោះ សោម ឧត្តមរស្មី អាយុ២៤ឆ្នាំ និងឈ្មោះ ចាប វណ្ណា អាយុ៥១ឆ្នាំ។
នៅផ្ទះជួលខាងលើនេះកាលពីរសៀលម្សិលមិញ ប្រពន្ធរបស់លោក នៅ សាខន បាននិយាយថា ប្ដីរបស់គាត់គ្មានកំហុសទេ ប៉ុន្តែកូនប្រុសរបស់បុរសរូបនេះមិនសូវប្រាកដប្រជាទេពាក់ព័ន្ធនឹងរឿងនេះ។
យុវជន នៅ សំណាង អាយុ២៤ឆ្នាំ ដែលត្រូវជាកូនប្រុសរបស់លោក នៅ សាខន បាននិយាយថា លោក ចាប វណ្ណា ដែលត្រូវជាមិត្តភក្ដិរបស់ឪពុកខ្លួន បានផ្ញើឯកសារទាំងនេះមកឲ្យគាត់ជាយូរមកហើយទុកធ្វើជា “គំរូ”។
នៅ សំណាង និយាយទៀតថា ឪពុករបស់ខ្លួនបានប្រាប់ខ្លួនថា គាត់នឹងផលិតឯកសារគំរូទាំងនោះឡើងវិញឲ្យលោក ចាប់ វណ្ណា តាមការស្នើសុំរបស់គាត់។ ” ខ្ញុំមិនដឹងច្បាស់ថា តើឪពុករបស់ខ្ញុំធ្លាប់ព្រីនឯកសារទាំងនេះចេញឬក៏អត់នោះទេ”។ រូបគេបានបន្តថា នគរបាលដកហូតបានត្រាផ្លូវការប្រហែល៣០ទៅ៤០។ រូបគេនិយាយថា ” ប៉ុន្តែ ខ្ញុំគិតថា គាត់ប្រហែលជាដឹងថា វាក្លែងក្លាយ”។
យុវជនរូបនេះបាននិយាយទៀតថា ឪពុករបស់ខ្លួនមិនចង់បដិសេធមិនទទួលយកគំរូទាំងនោះទុកនៅក្នុងផ្ទះរបស់គាត់ឡើយ ពីព្រោះលោក ចាប វណ្ណា កំពុងតែព្យាយាមរកប្រាក់ដើម្បីបញ្ជូនកូនរបស់គាត់ទៅសាលារៀន។
អ្នកស្រី សុខ ខឿន ដែលត្រូវជាប្រពន្ធរបស់លោក នៅ សាខន បាននិយាយថា ប្ដីរបស់អ្នកស្រីមិនបានធ្វើខុសដោយសារតែការរក្សាទុកឯកសារក្លែងបន្លំទាំងនេះទេ។ អ្្នកស្រីនិយាយទៀតថា “ខ្ញុំដឹងថា មិត្តភក្ដិរបស់គាត់បានផ្ញើឯកសារមួយចំនួនមកឲ្យគាត់។ ប៉ុន្តែប្ដីរបស់ខ្ញុំមិនខុស ឬក៏មានទោសនោះទេ ហើយខ្ញុំមិនដឹងថា ហេតុអ្វីបានជាប៉ូលិសចាប់ខ្លួនគាត់ឡើយ”។
យោងតាមក្រមព្រហ្មទណ្ឌ ការផលិត និងការប្រើប្រាស់ត្រាក្លែងបន្លំត្រូវមានទោសជាប់ពន្ធនាគារពី២ឆ្នាំទៅ៥ឆ្នាំ ហើយការផលិតឬការប្រើប្រាស់ក្បាលលិខិតក្លែងក្លាយត្រូវមានទោសជាប់ពន្ធនាគារពី១ខែទៅ១ឆ្នាំ៕ សុខុម