34 C
Phnom Penh

មេដឹកនាំ​​​សហជីព​​​នឹង​បង្ហាញខ្លួន​នៅ​តុលាការ​សម្រាប់​​​ការ​សាកសួរ​ជុំវិញ​​​ការ​ធ្វើ​បាតុកម្ម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ប្រធាន​សហជីព​​​ដំបូង​ក្នុង​ចំណោម​ប្រធាន​​​សហជីព​​​ដ៏ឆ្នើម​ប្រាំ​មួយ​រូប​ ដែល​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​​ដែល​រួម​មាន​ ការ​បង្ក​​អំពើ​ហិង្សា​ដោយ​ចេតនា និង​ការ​បំផ្លាញ​ទ្រព្យ​សម្បតិ្ត​នោះ បាន​មាន​ប្រសាសន៍​ថា លោក​នឹង​បង្ហាញ​ខ្លួន​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅ​ថ្ងៃ​េនះ​សម្រាប់​ការ​​សាក​សួរ​​ពាក់​ព័ន្ធ​ការ​ចូលរួម​របស់​លោក​ក្នុង​ការ​តវ៉ា​​​ទាមទារ​ដំឡើង​ប្រាក់​ខែ​ក្នុង​វិស័យ​កាត់​ដេរ កាលពី​ខែ​ធ្នូ និង​ខែ​មករា។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្ពុជា​​​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​អនុវត្ត​តាម​ដីកាកោះ​ឲ្យ​ទៅ​បង្ហាញ​​នៅ​តុលាការ​ដើម្បី​ឲ្យ​​​ចៅ​ក្រម​ ជា សុខហេង ធ្វើការ​សាកសួរ​។ លោក​បាន​បន្ថែម​ថា ដីកាកោះ​របស់​តុលាការ​ធ្វើ​ឡើង​ចំ​​​ពេល​ដែល​មាន​ការ​ចរចា​​អំពី​​ប្រាក់​ខែ​គោល​​​ថ្មី​​​បែប​​​នេះ​​​ គឺ​​​វា​​​ស្ដែង​​​ឲ្យ​​​ឃើញ​​​ថា ​​​តុលាការ​​កំពុង​​ត្រូវ​បាន​ប្រើ​ប្រាស់​ដើម្បី​បំភិត​បំភ័យ​​មេដឹកនាំ​សហជីព​។

លោក​បាន​មាន​ប្រសាសន៍​ថា “តុលាការ​​​គ្រាន់​​​តែចង់​គំរាម​កំហែង និង​រារាំង​យើង​​​​មិន​ឲ្យ​ធ្វើ​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់ខែ​ដល់​១៧៧​ដុល្លារ​​​ពី​​​ប្រាក់​ខែ​គោល​បច្ចុប្បន្ន​១០០​ដុល្លារ​តែប៉ុណ្ណោះ។ ពួកគេ​នឹង​ដាក់​ខ្ញុំ​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​”។

លោក ស៊ីណា បាន​មាន​ប្រសាសន៍​ថា លោកស្រី​ ម៉ម ញឹម ប្រធាន​សហព័ន្ធ​​​សហជីព​ជាតិ​​នៃ​ឧស្សាហកម្ម​វាយនភណ្ឌ​កាត់​ដេរ​កម្ពុជា ក៏​ត្រូវ​បាន​កោះ​ហៅ​ឲ្យ​ទៅ​បង្ហាញ​ខ្លួន​​​​នៅ​រសៀល​នេះ​ផង​ដែរ​។ លោក​បាន​ព្យាករថា ពួកគាត់​នឹង​​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ចូល​រួម​ក្នុង​យុទ្ធនាការ​​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​ដែល​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ។

កាលពី​ម្សិលមិញ លោក ជា មុនី ប្រធាន​សហជីព​សេរីកម្មករ​ទទួល​បាន​ដីកាកោះ​ឲ្យ​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ជុំវិញ​ការ​ចោទ​ប្រកាន់​ដូច​គ្នា​នេះ​។

លោក ជា មុនី បាន​មាន​ប្រសាសន៍​ថា លោក​មាន​បំណង​ចូ​ល​រួម​សវនាការ ប៉ុន្តែ​បាន​និយាយ​ការ​ពារ​ខ្លួន​​ប្រឆាំង​នឹង​ការ​ចោទ​ប្រកាន់​ទាំង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ការ​ធ្វើ​បាតុកម្ម​គឺ​បណ្តាល​​​មក​ពីក្រសួង​ការ​ងារ​​​មិន​​ផ្ដល់​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​។ វា​មិន​មែន​ជា​កំហុស​របស់​សហជីព​ក្នុង​ការ​ដឹកនាំ​ពួកគេ​ឲ្យ​ធ្វើ​​​កាតវ៉ា​ឡើយ”។

នៅ​សប្ដាហ៍​នេះ​​​យុទ្ធនាការ​ទាមទារ​ដំឡើង​ប្រាក់​ខែ​១៧៧​ដុល្លារ​ទទួល​បាន​ការ​គាំទ្រ​​​ពី​​អង្គការ​ពលកម្ម​អន្តរជាតិ​​​​ដែល​​​រួម​​​មាន​​​អង្គការ​​​ Industri ALL Global Union អង្គការ​​​ UNI Global Union និង​សហព័ន្ធ​សហជីព​អន្តរជាតិ ដែល​​​នឹ​ង​​មក​ជួប​​​ជុំ​​​គ្នា​​​សម្រាប់​​​ទិវា​សកម្មភាព​ពិភព​លោក​នៅ​សប្ដាហ៍​ក្រោយ​។

លោក Jyrki Raina អគ្គ​លេខាធិការ​អង្គការ​ Industri ALL ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដី​ដែល​​​និយាយ​​​ថា ​”ទិវា​សកម្មភាព​ពិភព​លោក​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នឹង​ជា​ការ​ចង​​​ចាំ​​​ថា ពិភព​លោក​កំពុង​ឃ្លាំមើល​​ខណៈ​​​ប្រទេស​កម្ពុជា​កំណត់​ប្រាក់​ខែ​​​គោល​ថ្មី។ ប្រទេស​កម្ពុជា​ គឺ​ជា​ប្រទេស​​ដ៏​​​សំខាន់​​​ចំពោះ​ឧស្សាហ​​​កម្ម​​​កាត​់​ដេរ​ ប៉ុន្តែ​​​នៅ​​​មាន​ប្រាក់​ខែ​តិច​តួច​នៅ​ឡើយ មានន័យថា កម្មករ​កាត់​ដេរ​រស់​នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​ត្រូវ​បង្ខំចិត្ត​ធ្វើការ​ច្រើន​ម៉ោង​ទើប​​​អាច​​រស់​បាន”៕ សារុន​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស