27 C
Phnom Penh

លោក ផៃ ស៊ីផាន ទាម​​​ទារ​​​ឲ្យ​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ពន្យល់​​​ពី​​​បទ​​​វិភាគ​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ លោក ផៃ ស៊ីផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្តី​​​ការ​​​គណៈរដ្ឋ​​​មន្ត្រី​​​បាន​​​ទាម​​​ទារ​​​ឲ្យ​​​វិទ្យុ​​​អាស៊ី​​​សេរី (RFA) “បញ្ជាក់​​​” ពី​​​ការ​​​លើក​​​ឡើង​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នយោបាយ​​​​​​ដែល​​​វាយ​​​ប្រហារ​​​ទៅ​​​លើ​​​ការ​​​កាន់​​​អំណាច​​​យ៉ាង​​​យូរ​​​របស់​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ។

នៅ​​​ក្នុង​​​លិខិត​​​បើក​​​ចំហ​​​មួយ​​​ ដែល​​​ផ្សព្វ​​​ផ្សាយ​​​ឲ្យ​​​សាធារណជន​​​ដឹង​​​ឮ​​​កាល​​​ពី​​​ម្សិល​​​មិញ លោក ផៃ ស៊ីផាន បាន​​​ទាម​​​ទារ​​​ឲ្យ​​​លោក ជុន ច័ន្ទ​​​បុត្រ ប្រធាន​​​គ្រប់​​​គ្រង​​​ការ​​​ផ្សាយ​​​ជា​​​ខេមរ​​​ភាសា​​​របស់​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ពន្យល់​​​ចំពោះ​​​ការ​​​ប្រើ​​​ឃ្លា​​​ចំនួន​​​បួន​​​នៅ​​​ក្នុង​​​បទ​​​វិភាគ​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​២៧​​​ ខែ​​​សីហា​​​ ក្រោម​​​ប្រធាន​​​បទ​​​ “តើ​​​ការ​​​កំណត់​​​អាណត្តិ​​​របស់​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​មាន​​​សារៈសំខាន់​​​យ៉ាង​​​ណា​​​?”។

នៅ​​​ក្នុង​​​ប្រធាន​​​បទ​​​នោះ​​​លោក​​​ ជុន ច័ន្ទបុត្រ​​​ បាន​​​សំដៅ​​​លើ​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ថា ជា​​​អ្នក​​​ក្រាញ​​​​​​នឹង​​​អំណាច​​​ ហើយ​​​​​​បាន​​​និយាយ​​​បញ្ឆិត​​​បញ្ឆៀង​​​ថា លោក​​​​​​ត្រូវ​​​បាន​​​​​​រំុ​​​ជុំ​​​ជិត​​​ដោយ​​​ទីប្រឹក្សា​អាម៉ីអាថោង​ឆ្វេង​ស្តាំ​ចាំ​តែ​លើក​ជើង​។ ចំណុច​​​ទាំង​​​ពី​​​រ​​​នេះ​​​បាន​​ធ្វើ​​​ឲ្យ​​​លោក​​​ ផៃ​​​ ស៊ីផាន​​​ ខឹង​​​យ៉ាង​​​ខ្លាំង​​​។

លោក​​​ ផៃ​​​ ស៊ីផាន ក៏​​​បាន​​​សួរ​​​អំពី​​​ឯកសារ​​​យោង​​​ដែល​​​ប្រធាន​​​គ្រប់​​​គ្រង​​​ការ​​​ផ្សាយ​​​ជា​​​ខេមរ​​​ភាសា​​​រូប​​​នេះ​​​បាន​​​​​​លើក​​​ឡើង​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ប្រើ​​​កង​​​សន្តិសុខ​​​ទៅ​​​វាយ​​​ប្រហារ​​​អ្នក​​​តវ៉ា​​​ និង​​​អ្នក​​​កាសែត ក៏​​​ដូច​​​ជា​​​ការ​​​លើក​​​ឡើង​​​ដែល​​​ថា មន្ត្រី​​​រហូត​​​ដល់​​​ និង​​​រួម​​​ទាំង​​​ព្រះ​​​មហាក្សត្រ​​​ផង​​​​​​ត្រូវ​​​​​​ការ​​​គាំ​​​ទ្រ​​​ពី​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ដើម្បី​​​ឡើង​​​កាន់​​​តំណែង​​​របស់​​​ខ្លួន​​​។

លោក​​​ ផៃ​​​ ស៊ីផាន បាន​​​សរសេរ​​​ថា “វា​​​ហាក់​​​បី​​ដូច​​​ជា​​​ស្ថាន​​​ីយ​​​វិទ្យុ​​​បរទេស​​​មួយ​​​នេះ​​​ជ្រៀត​​​ជ្រែក​​​ចូល​​​នយោបាយ​​​ផ្ទៃ​​​ក្នុង​​​ និង​​​អធិបតេយ្យ​​​ភាព​​​នៃ​​​ទឹក​​​ដី​​​កម្ពុជា​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “​​​ខ្ញុំ​​​សង្ឃឹម​​​ និង​​​ជឿ​​​ជាក់​​​ថា សាធារណជន​​​ទូទៅ​​​នឹង​​​ទទួល​​​បាន​​​ការ​​​ពន្យល់​​​ចំពោះ​​​គោល​​​បំណង​​​នៃ​​​ការ​​​ប្រើ​​​ប្រាស់​​​ពាក្យ​​​ទាំង​​​នេះ​​​ និង​​​ការ​​​ទទួល​​​ខុស​​​ត្រូវ​​​របស់​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ក្នុង​​​ពេល​​​ឆាប់ៗ​​​”។

លោក ជុន ច័ន្ទ​​​បុត្រ​​​ បាន​​​ឆ្លើយ​​​តប​​​នឹង​​​លិខិត​​​របស់​​​អ្នក​​​នាំ​​​ពាក្យ​​​រូប​​​នេះ​​​នៅ​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​របស់​​​លោក​​​ដោយ​​​លើក​​​ឡើង​​​ថា លោក​​​នឹង​​​មិន​​​ផ្តល់​​​ការ​​​បក​​​ស្រាយ​​​លើ​​​អ្វី​​​ដែល​​​លោក​​​បាន​​​លើក​​​ឡើង​​​ទេ ព្រោះ​​​ថា លោក​​​បាន​​​ប្រើ​​​ប្រាស់​​​ភាសា​​​​​​សាមញ្ញ​​​។

លោក​​​បាន​​​សរសេរ​​​ថា “ម្យ៉ាង​​​វិញ​​​ទៀត​​​អ្វី​​​ដែល​​​ លោក​​​ ផៃ​​​ ស៊ីផាន បាន​​​លើក​​​ឡើង​​​ជា​​​ឧទាហរណ៍​​​នៅ​​​ក្នុង​​​លិខិត​​​របស់​​​លោក​​​គឺ​​​វា​​​ពិត​​​ជា​​​បង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​ការ​​​ពិត​​​”។

លោក ជុន ច័ន្ទបុត្រ បាន​​​លើក​​​ឡើង​​​តាម​​​រយៈ​​​អីុ​​​ម៉េល​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា លោក​​​មិន​​​ព្រួយ​​​បារម្ភ​​​ចំពោះ​​​លិខិត​​​របស់​​​លោក​​​ ផៃ ស៊ីផាន នោះ​​​ទេ​​​។ លោក ជុន ច័ន្ទបុត្រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “គាត់​​​បាន​​​គំរាម​​​វិទ្យុ​​​អាស៊ី​​​សេរី​​​ជា​​​ច្រើន​​​លើក​​​មក​​​ហើយ​​​កាល​​​ពី​​​ពេល​​​កន្លង​​​មក​​​។ ខ្ញុំ​​​មិន​​​ព្រួយ​​​បារម្ភ​​​អំពី​​​ការ​​​ផ្សាយ​​​អ្វី​​​ដែល​​​ពិត​​​នោះ​​​ឡើយ​​​។ វិទ្យុ​​​អាស៊ី​​​សេរី​​​ គឺ​​​ជា​​​វិទ្យុ​​​ឯករាជ្យ​​​។ យើង​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​ឡើយ​​​”។

នៅ​​​ពេល​​​ទាក់​​​ទង​​​តាម​​​ទូរស័ព្ទ លោក ផៃ ស៊ី​​​ផាន បាន​​​លើក​​​ឡើង​​​ថា លោក​​​គ្មាន​​​ផែន​​​ការ​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ជា​​​ផ្លូវ​​​ការ​​​ប្តឹង​​​លោក ជុន ច័ន្ទបុត្រ​​​ នោះ​​​ទេ ប៉ុន្តែ បាន​​លើក​​​ឡើង​​​ថា លិខិត​​​របស់​​​លោក​​​ “ជា​​​ជំហាន​​​ដំបូង​​​”។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​ចង់​​​និយាយ​​​ទុក​​​ជាមុន​​​ទេ​​​។ ប៉ុន្តែ វា​​​មាន​​​ប្រតិកម្ម​​​ពី​​ភាគី​​​សន្តិសុខ​​​ និង​​​ពី​​​មនុស្ស​​​ដែល​​​នៅ​​​ជុំ​​​វិញ​​​សម្តេច [ ហ៊ុន សែន ] ដែល​​​ត្រូវ​​​ការ​​​ការ​​​ពារ​​​កិត្តិយស​​​របស់​​​ខ្លួន​​​ ពីព្រោះ​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ហៅ​​​​​​ថា ជា​​​ក្រុម​​​អាម៉ីអាថោង​ឆ្វេង​ស្តាំ​ចាំ​តែ​លើក​ជើង”៕​​​ស៊ុយ​​​ឈាង​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស