យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលីបានទទួលស្គាល់ជាលើកដំបូងកាលពីថ្ងៃពុធថា ការចរចាជុំវិញផែនការដ៏ចម្រូងចម្រាសក្នុងការបញ្ជូនជនភៀសខ្លួនដែលព្យាយាមចូលដែនសមុទ្រអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាថាជា “ការខកចិត្ត”។
កាលពីខែកុម្ភៈ អំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី ជូលី ប៊ីសប់ រដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី ប្រទេសកម្ពុជាបានទម្លាយព័ត៌មានពាក់ព័ន្ធសំណើរបស់អូស្ត្រាលីជាលើកដំបូងឲ្យទទួលយកអ្នកស្វែងរកសិទ្ធិជ្រកកោនដែលកំពុងឃុំខ្លួននៅក្នុងតំបន់សមុទ្រ។
របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលគ្មានការបញ្ជាក់បានអះអាងថា ប្រទេសអូស្ត្រាលីនឹងផ្តល់ប្រាក់ដល់ប្រទេសកម្ពុជា៤០លានដុល្លារក្នុងការទទួលយកជនភៀសខ្លួនទាំងនោះ។ ខណៈដែលប្រទេសទាំងពីរមិនចង់និយាយអំពីព័ត៌មានលម្អិតនៃផែនការនោះ ក្រុមមន្ត្រីកម្ពុជាបានលើកឡើងថា កិច្ចព្រមព្រៀងនឹងកើតឡើង។
ទោះជាយ៉ាងណា កាលពីចុងខែមុន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់អ្នកយកព័ត៌មានថា “នៅមានបញ្ហាច្រើនដែលត្រូវពិភាក្សានៅឡើយ” អំពីផែនការនេះ ហើយថា ប្រទេសកម្ពុជាចង់បានព័ត៌មានលម្អិតបន្ថែមទៀតអំពីសញ្ជាតិនៃជនភៀសខ្លួនដែលអាចមកដល់ថ្មី និងថាតើពួកគេនឹងត្រូវបានយកចិត្តទុកដាក់ដូចម្តេចនៅពេលផ្ដល់ការតាំងទីលំនៅថ្មីនោះ។
ថ្លែងទៅកាន់ក្លឹបសារព័ត៌មានជាតិអូស្ត្រាលីកាលពីថ្ងៃពុធ លោក ស្កុត ម៉ូរីសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍អូស្ត្រាលី ដែលរហូតមកទល់ពេលនេះបានចេញការព្យាករខ្លី តែប្រកបដោយសុទិដ្ឋិនិយមសម្រាប់កិច្ចព្រមព្រៀងដែលមិនទាន់សម្រេចនេះ ក៏បានទទួលស្គាល់ផងដែរថា ការចរចាបានដំណើរការយឺតយ៉ាវ។
កាសែត Australian Associated Press (AAP) បានដកស្រង់សម្ដីលោកដែលនិយាយថា “នៅមានដំណើរការវែងឆ្ងាយ។ វាជាការគួរឲ្យខកចិត្ត ប៉ុន្តែ ខ្ញុំមានជំនឿថា យើងនឹងសម្រេចបាន”។
យោងតាមកាសែត AAP លោកបានមានប្រសាសន៍ថា “នេះមិនមែននិយាយតែថាតើត្រូវយកជនភៀសខ្លួនទៅណា និងការស្វែងរកមធ្យោបាយផ្សេងប៉ុណ្ណោះទេ”។
លោក ស ខេង បានបដិសេធមិនធ្វើអត្ថាធិប្បាយកាលពីម្សិលមិញ។ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍ថា លោកមិនដឹងអំពីការចរចានេះទេ។
ផ្អែកតាមព័ត៌មានលម្អិតនៃផែនការនោះ កម្ពុជាអះអាងថា ជនភៀសខ្លួនមកពីមណ្ឌលឃុំខ្លួនក្នុងដែនសមុទ្រអូស្ត្រាលីនឹងត្រូវតាំងទីលំនៅថ្មីក្នុងប្រទេសកម្ពុជាដោយស្ម័គ្រចិត្ត។
បើទោះជាដូច្នេះក្តី ផែនការនេះត្រូវបានរិះគន់ពីសំណាក់អង្គការសិទ្ធិមនុស្ស និងសមាជិកសភាគណបក្សប្រឆាំងក្នុងប្រទេសទាំងពីរ។ ពួកគេលើកឡើងថា ប្រទេសអូស្ត្រាលីបានគេចពីការទទួលខុសត្រូវចំពោះជនភៀសខ្លួន ហើយថា ប្រទេសកម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសក្រីក្របំផុត និងពុករលួយបំផុតនៅក្នុងពិភពលោក មិនមានលទ្ធភាពយកចិត្តទុកដាក់ចំពោះជនភៀសខ្លួនទាំងនោះឲ្យបានត្រឹមត្រូវឡើយ។
គណបក្សប្រឆាំងនៅប្រទេសកម្ពុជាមិនបានចូលរួមក្នុងការចរចានោះទេ ប៉ុន្តែ កាលពីម្សិលមិញ លោក សុន ឆ័យ សមាជិកសភាគណបក្សសង្គ្រោះជាតិបានសន្និដ្ឋានថា រដ្ឋាភិបាលមិនមានភាពច្បាស់លាស់អំពីការសម្រេចកិច្ចព្រមព្រៀងនោះឡើយ ហើយគ្រាន់តែយល់ព្រមធ្វើការចរចាដើម្បីតបស្នងប្រទេសអូស្ត្រាលី ដែលឆាប់ប្រកាសគាំទ្រជ័យជម្នះដ៏ចម្រូងចម្រាសរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុនតែប៉ុណ្ណោះ។
លោក សុន ឆ័យ បានមានប្រសាសន៍ថា “ខ្ញុំតែងតែមានចម្ងល់តាំងពីដើមមកថា ហេតុអ្វីបានជារដ្ឋាភិបាលកម្ពុជាចាប់អារម្មណ៍ក្នុងការទទួលយកជនភៀសខ្លួន”។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែឥឡូវនេះរដ្ឋាភិបាលស្ទាក់ស្ទើរក្នុងការសម្រេចកិច្ចព្រមព្រៀងនោះ។ វាច្បាស់ណាស់ថា រដ្ឋាភិបាលមិនចាប់អារម្មណ៍ឡើយ”។
លោក សុន ឆ័យ បានមានប្រសាសន៍ថា វាអាចថា រដ្ឋាភិបាលកំពុងស្វែងរកកិច្ចព្រមព្រៀងប្រសើរជាងនេះ។ លោកបានមានប្រសាសន៍ថា “ប្រហែលចំនួនទឹកប្រាក់តិចពេក។ ប្រហែលជាកិច្ចព្រមព្រៀងនោះមិនផ្ដល់ផលប្រយោជន៍ដល់មន្ត្រីដែលពាក់ព័ន្ធ”៕សារុន
(រាយការណ៍បន្ថែមដោយ មិុច ដារ៉ា និង ឃី សុវុឌ្ឍី)