38 C
Phnom Penh

វិចិត្រករ​រៀបរាប់​អំពី​អំណាច និង​ភាព​ក្រីក្រ​តាម​រយៈ​ចរាចរណ៍​នៅ​ទីក្រុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពិព័រណ៍​ចុងក្រោយ​របស់ មាស សុខន ដែល​មាន​ឈ្មោះ​ថា “Inverted Sewer” ដែល​បាន​តាំង​កាលពី​យប់​ថ្ងៃ​ពុធ នៅ​ហាង Java Cafe និង Gallery បាន​រៀបរាប់​ឲ្យ​ដឹងអំពី​ភាព​ច្របូក​ច្របល់​នៅ​តាម​ដង​ផ្លូវ​នានា​ក្នុង​ក្រុង​ភ្នំពេញ។

cam-photo-artistcd

ការ​ពណ៌នា​អំពី​ម៉ូតូ នគរបាល​ចរាចរណ៍ និង​ដប​ស្រា​ដួល​រមៀល​គ្មាន​របៀប​នៅ​ឆាក​ខាង​ក្រោយ​ដែល​មាន​ពណ៌​ក្រហម​ភ្លឺ។ ទាំងអស់​នេះ គឺ​រូប​គំនូរ​ចំនួន១៦​បង្ហាញ​ឲ្យ​ឃើញ​ភាព​ធ្ងន់ធ្ងរ​នៃ​បញ្ហា​ចរាចរណ៍​ក្នុង​ក្រុង​ភ្នំពេញ ដែល​វិចិត្រករ​រូប​នេះ​ហៅ​ថា “តំបន់​អណាធិបតេយ្យ​ចល័ត”។

លោក​បាន​មាន​ប្រសាសន៍​ថា “ចរាចរណ៍​នៅ​ទី​នេះ​គឺ​រញ៉េរញ៉ៃ​ស្មុគស្មាញ​ណាស់ ហើយ​អាក្រក់​មើល​ទៀត​ផង ដូច​តំបន់​សំណង់​អណាធិបតេយ្យ​អ៊ីចឹងដែរ។ ប្រព័ន្ធ​នេះ​ខូច​អស់​ហើយ”។

លោក សុខន ដែល​បានរស់​នៅ​ក្នុង​ទីក្រុង​នេះ​មួយ​ជីវិត​របស់​លោក​ទៅ​ហើយ​នោះ បាន​មាន​ប្រសាសន៍​ថា ការ​មិន​គោរព​ច្បាប់​ចរាចរណ៍​និង​សុវត្ថិភាព​ទាំង​ស្រុង កាន់តែ​អាក្រក់​ទៅ​ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ។ ដូច្នេះ​លោក​បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ក្រៅ​ដោយ​ជិះ​ម៉ូតូ​របស់​លោកតាមផ្លូវ ចាប់​យកអ្វី​ដែល​លោក​បាន​មើល​ឃើញ ដោយ​ប្រើ​ម៉ាស៊ីនថត​ទូរស័ព្ទ​របស់​លោក និង​បង្កើត​រូបគំនូរ​ជាច្រើន​ដោយផ្អែកលើ​រូបថត​ទាំង​នោះ។

ក្នុង​ខណៈ​ដែល​មាន​ការ​អភិវឌ្ឍ​ទីក្រុងយ៉ាង​គំហុក និង​អំពើ​ពុក​រលួយ​ក្នុង​ជួរ​រដ្ឋាភិបាល ទើប​មាន​គំនិត​អាត្មា​និយម​ដិតជាប់​ក្នុង​ប្រជាជន​ក្រុង​ភ្នំពេញ ជា​ចំណុច​ដែល​លោក សុខន បាន​មាន​ប្រសាសន៍​សំដៅ​ទៅលើ​គ្រោះថ្នាក់​តាម​ដង​ផ្លូវ។

លោក​មាន​ប្រសាសន៍​ថា “គ្មាន​នរណា​ម្នាក់ចង់​ធ្វើ​ការ​លះបង់​សម្រាប់​សហគមន៍ ឬ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​ទេ។ សាធារណជន​មិន​គិត​ថា អ្វីដែល​ពួកគាត់​ធ្វើ​នៅ​ថ្ងៃ​នេះ នឹង​មាន​ផល​ប៉ះពាល់​នៅ​ថ្ងៃ​ស្អែក​ឡើយ។ គេ​មិន​ខ្វល់​ទេ”។

យោងតាម​លោក សុខន ឲ្យ​ដឹង​ថា ភាព​ច្របូក​ច្របល់​បាន​ផ្តើម​ចេញពី​អ្នក​បើកបរ​រថយន្ត​ប្រណីតៗ រថយន្តយោធា ដែល​ប្រើ​តំណែងមាន​អំណាច​របស់​ខ្លួន​អង្គុយ​លើ​ច្បាប់។​ ដោយ​មើល​ឃើញ​អាកប្បកិរិយា​បែប​នេះ​ធ្វើ​ទៅ​ដោយ​គ្មាន​ទោសទណ្ឌ​នោះ អ្នក​ផ្សេង​ទៀត​ក៏បាន​ធ្វើ​តាម។ លោក​មាន​ប្រសាសន៍​ថា “បន្ទាប់ពី​មាន​មនុស្ស​ម្នាក់​លែង​គោរព​ច្បាប់ អ្នក​ផ្សេងទៀតក៏​បាន​ធ្វើ​តាម​គំរូ​អាក្រក់​របស់​ពួកគេ។ វា​ពិត​ជា​ខុស”។

អ្នកស្រី ដាណា ឡានគ្លូអីស ជា​ម្ចាស់​និង​ជា​នាយក Java មាន​ប្រសាសន៍​ថា បញ្ហា​ចរាចរណ៍​នៅ​ទីក្រុង​នេះ គឺ​ឆ្លុះ​បញ្ចាំង​នូវ​​រចនា​សម្ព័ន្ធ​សង្គម និង​អតុល្យភាព​ផ្នែក​អំណាច ដែល​បាន​បណ្តោយ​​ឲ្យ​វា​ចាក់​ឫស។

អ្នកស្រី​បាន​មាន​ប្រសាសន៍ថា “ខ្ញុំ​តែងតែ​និយាយ​ថា ប្រសិនបើ​អ្នក​ចង់​ស្វែងយល់​បញ្ហា​ទាំង​នេះ​នៅ​ប្រទេស​កម្ពុជា គឺ​គ្រាន់តែ​បើកបរ​តាម​ផ្លូវទៅ​ដឹង​ហើយ។ ពីព្រោះ​បញ្ហា​ដើម​ទាំងអស់​នៃ​អាត្មា​និយម ស្តែង​ចេញ​យ៉ាង​ច្បាស់​ក្នុង​ស្ថានភាព​ចរាចរណ៍​នៅទី​នេះ”។

លោក សុខន មើល​ឃើញ​អំពើ​ពុករលួយ​របស់​នគរបាល​ជា​ការ​ជំរុញ​ឲ្យ​មាន​ភាពអនាធិបតេយ្យ​ជាងគេ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង ជាទស្សន​មួយ​ដែល​ស្តែងចេញ​តាម​រយៈផ្ទាំង​គំនូរ “Inverted Sewer”។ រូបគំនូរ​មួយ​មាន​ឈ្មោះ​ថា “Picker” បង្ហាញ​មនុស្ស​ស្លៀក​ឯកសណ្ឋាន​ប៉ូលីស​សម្លឹងមើល​ជួរ​ម៉ូតូ ច្បាមចាប់​ក្រដាស​ប្រាក់​ដុល្លារ​ជាមួយ​នឹង​ចង្កឹះ​មួយ​គូ។

រូបភាព​គ្រួសារ​ប្រជាជន​គ្មាន​ផ្ទះ​សំបែង អ្នក​បោស​សម្អាត​ផ្លូវ​និង​កាំភ្លើង​ក៏​មានរាយប៉ាយ​ពេញ​ផ្ទាំង​គំនូរ​ដែរ ដែល​តំណាង​ឲ្យបញ្ហា​ជាច្រើន​ក្នុង​សង្គម​ ដែល​អាច​ត្រូវគេ​មើល​ឃើញ​តាម​​ផ្លូវ​នានា​ក្នុង​ក្រុង។

លោក សុខន មាន​ប្រសាសន៍​ថា បញ្ហា​ចរាចរណ៍ ដូច​បញ្ហា​ជាច្រើន​ទៀតដែរ​ក្នុង​ប្រទេស​នេះ បើ​និយាយ​ឲ្យ​ខ្លី​ទៅ គឺ​កើតឡើងដោយសារ​កង្វះ​ការសហការ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន។

ទស្សន​នេះនាំ​មក​នូវ​ភាព​សោះកក្រោះ​បំផុត​ក្នុង​ផ្ទាំង​គំនូរ ដែលបង្ហាញ​ពី​រថយន្ត​កាំមីញ៉ុង​ដ៏​ធំមួយគ្រឿង ពាក់​ស្លាក​លេខ​រដ្ឋាភិបាល បើក​កាត់​ស្ត្រី​ម្នាក់​ដែល​គ្មាន​ភ្នែក​មើល។ ស្បែក​ជើង​មួយ​ចំហៀងលយ​ចេញ​ពី​ផ្ទាំង​សំពត់។

វិចិត្រកររូបនេះបាន​សួរ​ថា ៉ប្រសិនបើ​អ្នក​មាន​ជើង​តែ​ម្ខាង តើ​អ្នក​ដើរ​ទៅ​មុខ​យ៉ាង​ដូចម៉្តេច?”

លោក សុខន មាន​ប្រសាសន៍​ថា ពិព័រណ៍​នេះ មិន​សំដៅ​​ផ្តល់​សារ​ជាក់លាក់​ណាមួយដល់​​ទស្សនិកជន​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ លោក​សង្ឃឹម​ថា ដើម្បីបង្ហាញ​ការ​រៀបរាប់​បែប​សិល្បៈ​ដែលទាក់ទងនឹង​ជីវភាព​រស់​នៅ​ក្នុង​ក្រុង​ភ្នំពេញ​នោះ គឺអាស្រ័យ​លើ​ការ​បកស្រាយប៉ុណ្ណោះ។

លោក​មាន​ប្រសាសន៍​ថា “នេះ​ជា​ការ​ផ្សព្វផ្សាយ​របស់​ខ្ញុំ នេះ​ជា​​ឧបករណ៍​ដំឡើង​សំឡេង​របស់​ខ្ញុំ គឺ​សៀវភៅ​និង​ប៊ិច​របស់​ខ្ញុំ។ ខ្ញុំ​មិន​មែន​ជា​អ្នក​និពន្ធ​ទេ តែខ្ញុំ​ប្រាប់​រឿង​អំពី​អ្វីៗ​ដែល​កំពុង​កើត​ឡើង​នៅ​ទីនេះ ក្នុង​ប្រទេស​កម្ពុជា”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស