26 C
Phnom Penh

សន្តិសុខ​មន្ទីរ​ពេទ្យ​មិត្តភាពកម្ពុជា​សូវៀត​សង​ជំងឺ​ចិត្ត​អ្នក​កាសែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ សន្តិសុខ​ម្នាក់​នៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា​សូវៀត​បាន​ប្រាប់​តុលាការ​ក្រុង​ភ្នំពេញ​ថា អ្នកស្រី​បាន​សង​ជំងឺ​ចិត្ត​អ្នក​កាសែត​ក្នុង​ស្រុក​ម្នាក់ ដែល​អ្នក​ស្រី​បាន​វាយ​កាលពី​ខែ​កក្កដា នៅពេលដែល​គាត់​ព្យាយាម​ថតរូប​នៅ​មន្ទីរពេទ្យ។​​​

អ្នកស្រី កើត ផល្លី អាយុ​៤០​ឆ្នាំ ត្រូវបាន​ចាប់​ខ្លួន​នៅ​មន្ទីរ​ពេទ្យ​នេះ បន្ទាប់ពី​អ្នកស្រី​បាន​ប្រើ​វិទ្យុ​ទាក់ទង​វាយ ឡេង វ៉ាន់សុធា អាយុ​៣២​ឆ្នាំ ជា​អ្នក​យក​ព័ត៌មាន​របស់​ទូរទស្សន៍​ហង្សមាស និងព័ត៌មាន​នគរភ្នំ។

យោងតាម​បណ្តឹង​ប្តឹង​ដោយលោក វ៉ាន់សុធា បាន​ឲ្យ​ដឹង​ថា អ្នក​យាម​រូបនេះ​មាន​ប្រតិកម្ម​ខ្លាំង​ចំពោះ​ការព្យាយាម​របស់​លោក​ដើម្បី​ថត​បុរស​ម្នាក់ ដែល​បាន​ស្លាប់​នៅ​មន្ទីរ​ពេទ្យ​នោះ។

អ្នកស្រី ផល្លី បាន​និយាយ​នៅ​តុលាការ​កាលពី​ម្សិលមិញ​ថា “ខ្ញុំ​គ្រវី [វិទ្យុ​ទាក់ទង​របស់​ខ្ញុំ] ហើយ​វិទ្យុ​ទាក់ទង​នោះ​ត្រូវ​ក្បាល​របស់​គាត់។ របួស​របស់​គាត់​ចេញ​ឈាម​បន្តិច”។

ក្រឡា​បញ្ជី បន្ទាប់មក បាន​អានលិខិត​មួយ ដែល​ចុះ​ហត្ថលេខា​ដោយ​លោក វ៉ាន់សុធា ដែល​បាន​បញ្ជាក់់​ថា អ្នកស្រី ផល្លី បាន​សង​ជំងឺ​ចិត្ត​ឲ្យ​លោក។

លោក​បាន​ឲ្យ​ដឹង​ក្នុង​លិខិត ដែល​មិន​បាន​ប្រាប់​ចំនួន​ប្រាក់​ជាក់លាក់​ថា “ខ្ញុំ​ដក​ពាក្យ​បណ្តឹង​របស់​ខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​ទទួល​សំណង​រួច​ហើយ”។

ព្រះរាជអាជ្ញារង កុល ប៊ុន បាន​មាន​ប្រសាសន៍​ថា ទោះជា​មាន​ការ​បង់​សំណង​ហើយ​ក្តី ក៏​តុលាការ​នឹង​នៅ​បន្ត​ការ​ចោទ​ប្រកាន់​ពី​បទ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ចំពោះ​អ្នកស្រី ផល្លី ដដែល។

ចៅក្រម វាសនា បាន​មាន​ប្រសាសន៍​ថា នឹង​ចេញ​សាលក្រម​នៅ​ថ្ងៃ​ទី៣០ ខែ​កញ្ញា​ខាង​មុខ​នេះ៕មានិត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស