27 C
Phnom Penh

ទីផ្សារ​ស្រូវ​អង្ករ​ចិន​​​​បើក​ឱកាស​មាស​សម្រាប់​កម្ពុជា​ចាប់​យក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​អ្នក​ជំនាញ​បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​មួយ​ស្ដីពី​​ទី​ផ្សារ​ស្រូវ​អង្ករ​​ ដែល​រៀបចំ​ឡើង​នៅ​​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​ថា វិស័យកសិកម្ម​​ដែល​កំពុង​ជួប​ផល​ប៉ះពាល់​របស់​ប្រទេស​ចិន​ និង​តម្រូវ​ការ​​អង្ករ​ខ្ពស់​ក្នុង​​ប្រទេស​នេះ​ បាន​បង្កើត​ឱកាស​​មាស​សម្រាប់​​ក្រុម​ហ៊ុន​នាំចេញ​របស់​កម្ពុជា​ ប្រសិន​បើ​ពួកគេ​អាច​ផ្សព្វផ្សាយ​ពី​ផលិត​ផល​របស់​ខ្លួន​បាន​ល្អ​ ដើម្បី​ប្រកួត​ជាមួយ​គូប្រជែង​​នៅ​ក្នុង​តំបន់។

របាយការណ៍​មួយ​​ដែល​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ផ្នែក​កសិកម្ម​​ Agland Investment Services ​បាន​បញ្ចេញ​នៅ​ក្នុង​អង្គ​សិក្ខាសាលា​នេះ​ បាន​បង្ហាញ​ថា ការ​ពង្រីក​ក្រុង​​យ៉ាង​ឆាប់​រហ័ស និង​ការ​បំពុល​ដី​នៅ​ក្នុង​ប្រទេស​ចិន​ភាគ​ខាង​ត្បូង​ បាន​បណ្ដាល​ឲ្យ​ផលិត​កម្ម​ស្រូវ​ត្រូវ​​ផ្លាស់​ប្ដូរ​​ឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ជើង​វិញ​ ជាហេតុ​ធ្វើ​ឲ្យ​មាន​ចម្ងាយ​​ឆ្ងាយ​រវាង​​តំបន់​ផលិត​ស្រូវ​អង្ករ​នៅភាគ​ឦសាន និង​បណ្ដា​ខេត្ត​​ប្រើ​ប្រាស់​អង្ករ​ធំៗ​ដែល​នៅ​កៀក​នឹង​ប្រទេស​កម្ពុជា​បំផុត។

របាយការណ៍​នេះ​បាន​បន្ត​ថា ” ពេល​នេះ​ផ្ទៃដី​ទំហំ​ប្រមាណ​៣លាន​ហិកតា មិនអាច​ប្រើ​ប្រាស់​សម្រាប់​បង្ក​បង្កើន​ផល​ស្រូវ​បាន​ទេ ដោយ​សារ​តែ​ការ​បំពុល​ធ្ងន់​ធ្ងរ​ដែល​បង្ក​ឡើង​ដោយ​លោហៈ​ធ្ងន់​ដែល​មាន​ជាតិពុល​នៅ​ក្នុង​ដី និង​ទឹក​។ ប្រព័ន្ធ​ដឹក​ជញ្ជូន​ធញ្ញជាតិ​​របស់​ប្រទេស​នេះ​មិន​អាច​ដោះ​ស្រាយ​បញ្ហា​ដឹក​ជញ្ជូន​អង្ករ​​ពី​ភាគ​ខាង​ជើង​​ឆ្ពោះ​ទៅ​កាន់​អ្នក​ទិញ​នៅ​ក្នុង​ភាគ​ខាង​ត្បូង​ ដោយ​ចំណាយ​អស់​តិច​បាន​ឡើយ​។ កត្តា​នេះ​​បាន​ផ្ដល់​​គ្រឿង​លើក​ទឹក​ចិត្ត​​សម្រាប់​បណ្ដា​ក្រុម​ហ៊ុន​នៅ​ភាគ​ខាង​ត្បូង​នាំចូល​អង្ករ​ពី​បណ្ដា​ប្រទេស​ជិត​ខាង ដូចជា​ថៃ កម្ពុជា និង​វៀតណាម​ជាដើម​”។

ជា​ប្រទេស​មួយ​ដែល​៦០​ភាគរយ​នៃ​ប្រជាជន​​សរុប​ប្រមាណ​១,៣​ពាន់​លាន​នាក់​ទទួល​ទាន​បាយ ប្រទេស​ចិន​គឺ​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់​ក្រុម​ហ៊ុន​នាំ​ចេញ​ ប៉ុន្តែ​ការ​ចូល​ទៅដល់​ទីផ្សារ​នេះ​មិន​មែន​ជាការ​ងាយ​ស្រួល​ឡើយ​។

លោក ចេអូហ្វ ប៊ែស្ទីន (Geoff Bastin) សេដ្ឋវិទូ​ជាន់​ខ្ពស់​នៅ​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ខាង​កសិកម្ម​ Foodworks  Co.Ltd បាន​ថ្លែង​ទៅ​កាន​់​អ្នក​ចូល​រួម​ប្រមាណ​១០០​នាក់​នៅ​ក្នុង​អង្គ​សិក្ខា​សាលា​នេះ​ថា ” រឿង​មួយ​​សំខាន់​បំផុត​ ដែល​អ្នក​ត្រូវ​ព្យាយាម​ស្វែង​យល់​ពី​ស្ថានភាព​នៅ​ក្នុង​ប្រទេស​ចិន គឺ​ថា រដ្ឋាភិបាល​ថ្នាក់​កណ្ដាល​ជា​អ្នក​កំណត់​អង្ករ​ប្រភេទ​ណា​ដែល​ត្រូវ​នាំចូល​។ រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ជាអ្នក​កំណត់​អង្ករ​ប្រភេទ​ណា​ដែល​ត្រូវ​នាំចូល​ ចំនួន​ប៉ុន្មាន​ដែល​​ត្រូវ​នាំចូល និង​អ្នក​ណា​ជាអ្នក​នាំចូល​ តាម​រយៈ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ”។

ទោះបី​ជា​បច្ចុប្បន្ន​ប្រទេស​វៀតណាម​ជា​ប្រទេស​ផ្គត់​ផ្គង់​អង្ករ​ធំបំផុត​ដល់​ប្រទេស​ចិន​ ដែល​កាលពី​ឆ្នាំមុន​​បាន​នាំ​អង្ករ​​ចេញ​ចំនួន​១,២​លាន​តោន​ បើ​ប្រៀបធៀប​ទៅ​នឹង​ការ​នាំចេញ​របស់​កម្ពុជា​ ដែល​មាន​ចំនួនត្រឹម​តែ​​២៨​.៣០២​តោន​​ក្ដី​ ក៏​អង្ករ​ក្រអូប​ភាគ​ច្រើន​របស់​ប្រទេស​ចិន​គឺ​នាំចូល​ពី​កម្ពុជា។

​ប៉ុន្តែ​ដើម្បី​ទទួល​បាន​​ចំណែក​ទីផ្សារ​របស់​ប្រទេស​ចិន​មួយ​ភាគធំ​ កម្ពុជា​ត្រូវ​តែ​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រទេស​នេះ​​ឈប់​យល់​ឃើញ​ថា អង្ករ​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់​ពេក​ និង​មាន​គុណ​ភាព​ទាប​ នេះ​បើ​យោង​តាម​ការ​លើក​​ឡើង​​របស់​បណ្ដា​វាគ្មិន​​​។

លោក វីលៀម ស្កុត (William Scott) ​នាយក​រង​ក្រុម​ហ៊ុន​​ Agland Investment Services ដែល​​ជា​អ្នក​រៀបចំ​អង្គសិក្ខាសាលា​​កាលពី​ម្សិលមិញ​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា ” បេសកកម្ម​អង្ករ និង​ធុរកិច្ច​ផ្លូវ​ការ​ គឺ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការ​សាង​ទំនាក់​ទំនង​ផ្គត់​ផ្គង់​រឹង​មាំ [ជាមួយ​ប្រទេស​ចិន​]”។

លោក តារ៉ូ អុីឈីរ៉ុ (Taro Ichiro) ម្ចាស់​ក្រុម​ហ៊ុន​ QC Rice Mill​ ​នៅ​ក្នុង​ស្រុក​បានថ្លែង​នៅ​ខាង​ក្រៅ​អង្គ​សិក្ខា​សាលា​នេះ​ថា ប្រទេស​កម្ពុជា​គួរ​តែ​ចាត់​តាំង​តំណាង​ធុរកិច្ច​មួយ​រូប ដែល​អាច​បង្កើត​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំងពីរ​បាន​។

លោក​បាន​មាន​ប្រសាសន៍ទៀត​ថា ” ជាការ​ពិត ​អង្ករ​កម្ពុជា​​គឺ​ល្អ​ជាង​អង្ករ​របស់​វៀតណាម​ឆ្ងាយ​ណាស់ ប៉ុន្តែ​ប្រទេស​ចិន​មិន​ដឹង​អំពី​អង្ករ​របស់​យើង​ទេ ដូច្នេះ គួរ​តែ​បង្កើត​ការិយាល័យ​តំណាង​មួយ​​នៅ​ក្នុង​ប្រទេស​ចិន​ ដើម្បី​ផ្សព្វ​ផ្សាយ​ឲ្យ​គេ​ស្គាល់​អង្ករ​របស់​កម្ពុជា​”។

លោក ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប្រទេស​ចិន​បាន​​បើក​ ” ភ្លើង​ខៀវ” ​ឲ្យ​កម្ពុជា​​ក្រោយពី​មាន​កិច្ច​ព្រមព្រៀង​មួយ​កាលពី​ខែ​មុន​រវាង​ក្រុម​ហ៊ុន​ China National Cereals, Oilsand Foodstuffs Corp., ឬហៅកាត់​ថា Cofco ដែល​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​ប្រទេស​ចិន​ និង​កម្ពុជា​ដើម្បី​នាំ​ចូល​អង្ករ​១០០.០០០តោន​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ។

លោក​បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ” កូតា​១០០.០០០​តោន​នេះ គឺ​ជា​ការ​សាក​ល្បង។ ពួកគេ​បាន​បើក​ភ្លើង​ខៀវ​ឲ្យ​យើង​​ដើម្បី​ចាំ​មើល​ថា តើ​យើង​អាច​ធ្វើ​បាន​ឬក៏អត់​”៕ សុខុម​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស