សមាជិកសភាមកពីគណបក្សប្រឆាំងបានឲ្យដឹងកាលពីម្សិលមិញថា រដ្ឋសភានឹងបោះឆ្នោតលើសំណើមួយដើម្បីដាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ជាស្ថាប័នធម្មនុញ្ញនៅដើមខែតុលា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិកាលពីខែកក្កដា ដើម្បីឲ្យគណបក្សប្រឆាំងបញ្ចប់ការធ្វើពហិការមិនចូលសភា។
គណបក្សសង្គ្រោះជាតិបានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថា បានលួចបន្លំសន្លឹកឆ្នោតដើម្បីឲ្យខ្លួនទទួលបានជ័យជម្នះក្នុងការបោះឆ្នោតជាតិកាលពីឆ្នាំមុន ហើយបានរិះគន់យ៉ាងខ្លាំងលើ គ.ជ.ប. ដែលបានជួយគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជ័យជម្នះនេះ។ នៅក្នុងកិច្ចព្រមព្រៀងដែលធ្វើឲ្យគណបក្សប្រឆាំងបញ្ចប់ការធ្វើពហិការមិនចូលសភានោះ គណបក្សប្រជាជនកម្ពុជាកាលពីខែកក្កដា បានយល់ព្រមដាក់ គ.ជ.ប. នៅក្នុងរដ្ឋធម្មនុញ្ញ ជាទង្វើមួយដែលគណបក្សសង្គ្រោះជាតិសង្ឃឹមថា នឹងជួយធ្វើឲ្យ គ.ជ.ប. កាន់តែមានឯករាជភាព។
លោក អេង ឆៃអ៊ាង សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែរនោះបានលើកឡើងថា បន្ទាប់ពីកិច្ចប្រជុំកាលពីម្សិលមិញ គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភាបានយល់ព្រមដាក់ការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៅក្នុងរបៀបវារៈនៃសម័យប្រជុំរដ្ឋសភាដែលនឹងធ្វើឡើងនៅដើមខែតុលា។
ការធ្វើវិសោធនកម្មនឹងតម្រូវឲ្យមានការកែប្រែពាក្យខ្លះនៅក្នុងមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញ និងបន្ថែមជំពូកថ្មីមួយគឺជំពូកទី១៥។ ការអនុម័តនឹងតម្រូវឲ្យមានការបោះឆ្នោតពីសមាជិកពីរភាគបីនៃសមាជិកសភាសរុបដែលមាន១២៣រូប។
លោក ឆៃអ៊ាង បានមានប្រសាសន៍ថា ” គណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចដាក់បញ្ហានៃការធ្វើវិសោធនកម្មមាត្រា ៧៦ នៃរដ្ឋធម្មនុញ្ញក្នុងរបៀបវារៈនៃសម័យប្រជុំពេញអង្គ ដែលនឹងធ្វើឡើងនៅដើមខែតុលា។ យើងក៏បានពិភាក្សាគ្នាអំពីការបន្ថែមជំពូកទី១៥នៅក្នុងសម័យប្រជុំលើកក្រោយរបស់រដ្ឋសភាផងដែរ”។ កាលបរិច្ឆេទពិតប្រាកដនៃសម័យប្រជុំនោះមិនទាន់ត្រូវបានប្រកាសនៅឡើយទេ។
លោក យ៉ែម បុញ្ញឫទ្ធិ សមាជិកសភាមកពីគណបក្សសង្គ្រោះជាតិ ដែលក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែរនោះបានលើកឡើងថា កិច្ចប្រជុំនោះក៏បានពិភាក្សាពីផែនការជ្រើសរើសបេក្ខជនមួយរូបក្នុងចំណោមបេក្ខជនថ្មីចំនួន១១រូបនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលរដ្ឋសភានឹងត្រូវបោះឆ្នោតជ្រើសរើសផងដែរ។
លោកបានលើកឡើងទៀតថា គណបក្សសង្គ្រោះជាតិចង់ពន្យារពេលនៃការស្វែងរកបេក្ខជនថ្មីនេះ ព្រោះខ្លួនចង់ពិភាក្សាពីការធ្វើវិសោធនកម្មច្បាប់ដើម្បីគ្រប់គ្រងឧត្ដមក្រុមប្រឹក្សានេះជាមុនសិន ប៉ុន្តែត្រូវសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ដែលមកពីគណបក្សប្រជាជនកម្ពុជាបោះឆ្នោតជំទាស់។
ទោះជាយ៉ាងណា លោកបានលើកឡើងបន្ថែមថា គណៈកម្មាធិការអចិន្ត្រៃយ៍បានយល់ព្រមពន្យារពេលបោះឆ្នោតលើសេចក្ដីព្រាងច្បាប់ចរាចរណ៍ ហេតុដូច្នេះ ស្ថាប័នមួយក្នុងចំណោមស្ថាប័នជំនាញៗរបស់រដ្ឋសភាអាចត្រួតពិនិត្យច្បាប់នេះជាមុន។ កាលពីខែមុន ទីស្ដីការគណៈរដ្ឋមន្ត្រីបានអនុម័តច្បាប់ចរាចរណ៍នេះក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងប្រទេសកម្ពុជា ដែលកើតមានគ្រោះថ្នាក់យ៉ាងច្រើន។
សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ផ្សេងៗទៀតមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយបានទេ៕ ស៊ុយឈាង