34 C
Phnom Penh

ព្រះសង្ឃ​បីអង្គ​ត្រូវបាន​គំរាម​បណ្តេញ​ចេញចំពោះការ​ផ្តល់កន្លែងស្នាក់នៅដល់​អ្នក​ភូមិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​​​ជាព្រះសង្ឃ​​​បី​​​អង្គ​​​ត្រូវ​​​បាន​​​គំរាម​​​បណ្តេញ​​​ចេញ​​​ពី​​​វត្តចង្ក្រាន​​​តាព្រហ្ម ក្នុង​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដោយ​​​បាន​​​ផ្តល់​​​កន្លែង​​​ស្នាក់​​​នៅ ដល់​​​អ្នក​​​ភូមិ​​​ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​​​​ និង​​​មាន​​​សង្ឃដីកា​​​ប្រឆាំង​​​រដ្ឋាភិបាល​​​។

ព្រះតេជ​​​គុណ យិន រតន​​​សុធាវី ព្រះជន្ម​​​៣៥​​​វស្សា លី​​​ ច័ន្ទ​​​ណេន ព្រះជន្ម​​​៤៧​​​វស្សា និង​​​ សឹង ហៃ ព្រះ​​​ជន្ម​​​២៨​​​វស្សា បាន​​​ជួយ​​​ដល់អ្នក​​​ភូមិ​​​៥០​​​គ្រួសារ​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​អតីត​​​ទាហាន​​​ខ្មែរ​​​ក្រហម​​​​​​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ ដែល​​​បាន​​​ធ្វើ​​​ដំណើរ​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​អំពី​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​។ ព្រះសង្ឃ​​​ទាំង​​​បីអង្គ​នេះ​​​បាន​​​ផ្តល់​​​កន្លែ​​​ងស្នាក់​​​នៅ​​​ដល់​​​ពួក​​​គាត់​​​​​​នៅ​​​វត្ត​​​នេះដែល​​​គេ​​​ស្គាល់​​​ថា វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​មក​​​។

ព្រះតេជគុណ លី​​​ ច័ន្ទណេន ដែល​​​កាលពីឆ្នាំ​​​២០១០​​​បាន​​​និមន្ត​​​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ បន្ទាប់​​​មកពី​​​គង់​​​នៅ​​​ប្រទេស​​​កាណាដា​​​អស់​​​​​១០​​​វស្សានោះ បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​៤០​​​អង្គ​​​ដែលដឹក​​​នាំ​​​ដោយ​​​​​​ព្រះ​​​តេជគុណ ថៃ​​​ ប៊ុន​​​ធឿន ព្រះ​​​ចៅ​​​អធិការ​​​ស្តី​​​ទី​​​វត្ត​​​នេះ​​​បាន​​​ព្រមាន​​​ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​ថា ព្រះ​​​សង្ឃ​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​បណ្តេញ​​​ចេញ​​​ប្រសិន​​​បើ​​​ទទួល​​​យក​​​អ្នក​​​ភូមិ​​​បន្ថែម​​​ទៀត​​​ ឬធ្វើ​​​ការ​​​ជួប​​​ជុំ​​​គ្នា​​​ទាក់​​​ទិន​​​រឿង​​​នយោបាយ​​​ណា​​​មួយ​​​​​​​​​ទៀត​​​ បន្ទាប់​​​ពី​​​ជំនួប​​​ជាមួយ​​​អ្នក​​​ភូមិ​​​នៅ​​​វត្ត​​​នេះ​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​នោះ​​​។

ព្រះ​​​តេជគុណ លី ច័ន្ទណេន ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “យើង​​​មិន​​​យល់​​​ស្រប​​​នឹង​​​វិធាន​​​ការ​​​នេះ​​​ទេ ពីព្រោះ​​​គ្មាន​​​នរណា​​​ម្នាក់​​​អាច​រំលោភ​​​សិទ្ធិ​​​របស់​​​យើង​​​ដូច​​​ជា​​​ការ​​​និយាយស្តី ការ​​​ដើរ​​​ហើយ​ និង​​​ការ​​​ប្រាស្រ័យទាក់ទងគ្នា​​​ឡើយ​​​”។

ព្រះ​​​តេជគុណ​​​ លី ច័ន្ទណេន គឺ​​​ជា​​​ព្រះ​​​សង្ឃ​​​ដ៏​​​សំខាន់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​នា​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​ប្រឆាំង​​​នឹង​​​ស្ថាន​​​ទូត​​​វៀតណាម ដូច​​​ព្រះ​​​តេជគុណ សឹង ហៃ ដែរ ដែល​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​១២ ខែសីហា បាន​​​ដុត​​​ទង់​​​ជាតិ​​​វៀតណាម​​​​​​នៅមុខ​​​ស្ថាន​​​ទូត​​​នេះ​​​។

អ្នក​​​ភូមិ​​​២៣០​​​គ្រួសារ​​​ទៀត​មក​​​ពី​​​ខេត្ត​​​បន្ទាយ​​​​មាន​​​​ជ័យ​​​ត្រូវ​​​គេ​​​​​​រំពឹង​​​ថា នឹង​​​មក​​​ដល់​​​រាជ​​ធានី​​​ភ្នំ​​​ពេញ​​​នៅ​​​ប៉ុន្មាន​​​ថ្ងៃ​​​ខាង​​​មុខ​​​នេះ ហើយ​ព្រះសង្ឃ​​​ទាំង​​​បី​​​អង្គ​​​នេះ​​​​​​​​​​​​​​​​​​បាន​​​សន្យា​​​ផ្តល់​​​កន្លែង​​​ស្នាក់​​​នៅ​​ដល់​​​ពួក​​​គាត់​​​នៅ​​​វត្ត​​​ស្ទឹង​​​មាន​​​ជ័យ​​​។

ព្រះ​​​តេជគុណ យឹម ឯក​​​វុត្ថា គ្រូ​​​សូត្រ​​​ស្តាំ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​បាន​​​​​​សង្ឃដីកា​​​ថា ព្រះតេជគុណ យិន រតន​​​សុធាវី ដែល​​​គង់នៅ​​​វត្ត​​​នេះ​​​ជា​​​អចិន្ត្រៃយ៍ និង​​​ដែល​​​ប្រឈម​​​​​​នឹង​​​ការ​​​បណ្តេញ​​​ចេញ​​​នោះ​​​​បាន​​​ទទួល​​​យក​​​អ្នក​​​ភូមិ​​​មួយ​​​ក្រុម​​​ដំបូង​​​ដោយ​​​គ្មាន​​​ការ​​​អនុញ្ញាត​​​ពី​​​ព្រះ​​​គ្រូ​​​ចៅ​​​អធិការ​​​ឡើយ​​​។

ព្រះតេជ​​​គុណ យឹម ឯក​​​វុត្ថា បាន​​​មាន​​​សង្ឃដីកា​​​ថា “ពីរ​​​បី​​​ថ្ងៃ​​​មក​​​ហើយ​​​ព្រះ​​​អង្គ​​​បាន​​​បង្ក​​​បញ្ហា​​​ដោយ​​​ជេរ​​​ប្រមាថ​​​រដ្ឋាភិបាល​​​ ហើយ​​​សកម្ម​​​ភាព​​​នេះ​​​បាន​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​វិន័យ​​​របស់​​​ព្រះ​​​សង្ឃ”។

ដោយ​​​សំដៅ​​​ដល់​​​ពិធី​​​បុណ្យ​​​កាន់​​​បិណ្ឌ​​​ ភ្ជុំ​​​បិណ្ឌ​​​រយៈ​​​ពេល​​​១៥​​​ថ្ងៃ​​​ដែល​​​បាន​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​នោះ ព្រះ​​​អង្គ​​​បាន​​​មាន​​​​​​សង្ឃដីកា​​​ថា “អាត្មា​​​បាន​​​ប្រាប់​​​ព្រះ​​​​​​អង្គ​​​ថា ‘កុំ​​​នាំ​​​នយោ​បាយ​​​ចូល​​​ក្នុង​​​វត្ត​​​ ពីព្រោះ​​​វា​​​ជា​​​រដូវ​​​ភ្ជុំ​​​បិណ្ឌ’”។

​​​អ្នក​​​ភូមិ​​​ខេត្ត​​​បន្ទាយ​​​មាន​​​ជ័យ​​​ដែល​​​បាន​​​លើក​​​ឡើង​​​ថា ក្រុមហ៊ុន​​​ថៃ​​​មួយ​​​កំពុង​​​ទិញ​​​ដី របស់​​​ពួក​​​គាត់​​នោះ ​បាន​​​ត្រឡប់​​​មក​​​ធ្វើ​​​ការ​​​តវ៉ា​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ បន្ទាប់​​​ពី​​​រដ្ឋាភិបាល​​​មិន​​ធ្វើ​​​តាម​​​ការ​​​សន្យា​​​​​​កាល​​​ពី​​​ខែ​​​មុន​​​ដើម្បី​​​កំណត់​​​ព្រំ​​​ប្រទល់​​​ដី​​​សម្រាប់​​​ពួក​​​គាត់​​​។

ពួក​​​គាត់​​​គឺ​​​ជា​​​អ្នក​​​ក្រុមថ្មី​​​បំផុត​​​ដែល​​​បាន​​​មក​​​ស្នាក់​​​នៅ​​តាម​វត្តអារាម​​​​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បន្ទាប់​​​ពី​​​ធ្វើ​​​ដំណើរ​​​មក​​​ពី​​​បណ្តា​​​ខេត្ត​​​នានា​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​រដ្ឋាភិបាល​​​ពាក់​​​ព័ន្ធ​​​នឹង​​​វិវាទ​​​ដី​​​ធ្លី​​​របស់​​​ខ្លួន​​​។

ព្រះ​​​តេជគុណ  យឹម ឯក​​​វុត្ថា បាន​​​មាន​​​សង្ឃដីកា​​​ថា ព្រះ​​​សង្ឃ​​​ទាំង​​​បី​​​អង្គ​​​នេះ​​​នឹង​​​ត្រូវ​​​ហាម​​​មិន​​​ឲ្យគង់​​​នៅ​​​វត្ត​​​នេះ​​​ ប្រសិនបើ​​​មិន​​​ស្តាប់​​​តាម​​​កា​​​រណែ​​​នាំ​​​របស់​​​ព្រះ​​​អង្គ​​​។ បន្ទាប់​​​មក​​​ព្រះ​​​អង្គ​​​បាន​​​ចោទ​​​​ព្រះ​​​តេជ​​​គុណ យិន រតន​​​សុធាវី ថា​​​បាន​​​រៃ​​​អង្គាស​​​បច្ច័យពី​​ក្រៅ​​​ប្រទេស​​​សម្រាប់​​​បុព្វ​​​ហេតុ​​​សិទ្ធិ​​​មនុស្ស​​​ និង​​​ទុក​​​បច្ច័យ​​​នោះ​​​សម្រាប់​​​ខ្លួន​​​ព្រះ​​​អង្គ​​​។

ព្រះ​​​តេជគុណ យឹម ឯក​​​វុត្ថា បាន​​​មាន​​​សង្ឃដីកា​​​ថា “ព្រះ​​​តេជគុណ យិន រតនសុធាវី​​​ ជា​​​ព្រះ​​​សង្ឃ​​​មិន​​​ល្អ​​​។ ព្រះ​​​អង្គ​​​ចូល​​​រួម​​​​​​ក្នុង​​​ការ​​​តវ៉ា​​​ ដើម្បី​​​បម្រើ​​​​​​ផល​​​ប្រយោជន៍​​​ផ្ទាល់​​​ខ្លួន​​​របស់​​​ព្រះ​​​អង្គ​​​ ហើយ​​​កៀង​​​គរ​​​អ្នក​​​ភូមិ​​​មក​​​ទី​​​នេះ ​​​បន្ទាប់​​​មក​​​បង្ហោះ​​​ព័ត៌​​​មាន​​​លើ​​​ទំព័រ​​​ហ្វេស​​​ប៊ុក​​​ ដើម្បី​​​ទទួល​​​បាន​​​​បច្ច័យ​​​ពី​​​ក្រៅ​​​ប្រទេស​​​”។

ព្រះ​​​តេជគុណ យិន រតន​​​សុធាវី បាន​​​មាន​​​សង្ឃ​​​ដីកា​​​ថា ព្រះ​​​អង្គ​​​មិន​​​បារម្ភ​​​ពី​​​ការ​​​គំរាម​​​បណ្តេញ​​​ចេញ​​​ឡើយ ហើយ​​​ថា ព្រះ​​​អង្គ​​​​​​មិន​​​បាន​​​រំលោភ​​​ច្បាប់​​​ឡើយ​​​​​​​​​​​​​​​​​​​​​​​​។

ដោយ​​​ប្រើ​​​ពាក្យ​​​បែប​​​ប្រមាថ​​​ដល់​​​​​​ជន​​​ជាតិ​​​វៀតណាម ព្រះ​​​អង្គ​​​បាន​​​មាន​​​សង្ឃដីកា​​​ថា “អាត្មា​​​មិន​​​ខ្លាច​​​ឡើយ​​​។ អាត្មា​​​បាន​​​តវ៉ា​​​ប្រឆាំង​​​ [ លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ] ហ៊ុន សែន និង​​​យួន” តើ​​​ឲ្យ​​​អាត្មា​​​ខ្លាច​​​ព្រះ​​​ចៅ អធិការ​​​តូច​​​តាច​​​មួយ​អង្គ​​​ដូច​​​ម្តេច​​​ទៅ​​​?”៕​​​សារុន​​​

​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស