សកម្មជនជាព្រះសង្ឃបីអង្គត្រូវបានគំរាមបណ្តេញចេញពីវត្តចង្ក្រានតាព្រហ្ម ក្នុងរាជធានីភ្នំពេញដោយបានផ្តល់កន្លែងស្នាក់នៅ ដល់អ្នកភូមិដែលជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លី និងមានសង្ឃដីកាប្រឆាំងរដ្ឋាភិបាល។
ព្រះតេជគុណ យិន រតនសុធាវី ព្រះជន្ម៣៥វស្សា លី ច័ន្ទណេន ព្រះជន្ម៤៧វស្សា និង សឹង ហៃ ព្រះជន្ម២៨វស្សា បានជួយដល់អ្នកភូមិ៥០គ្រួសារដែលភាគច្រើនជាអតីតទាហានខ្មែរក្រហមមកពីខេត្តបន្ទាយមានជ័យ ដែលបានធ្វើដំណើរមករាជធានីភ្នំពេញដើម្បីដាក់ញត្តិអំពីវិវាទដីធ្លីរបស់ខ្លួន។ ព្រះសង្ឃទាំងបីអង្គនេះបានផ្តល់កន្លែងស្នាក់នៅដល់ពួកគាត់នៅវត្តនេះដែលគេស្គាល់ថា វត្តស្ទឹងមានជ័យចាប់តាំងពីថ្ងៃអាទិត្យមក។
ព្រះតេជគុណ លី ច័ន្ទណេន ដែលកាលពីឆ្នាំ២០១០បាននិមន្តត្រឡប់មកប្រទេសកម្ពុជាវិញ បន្ទាប់មកពីគង់នៅប្រទេសកាណាដាអស់១០វស្សានោះ បានមានសង្ឃដីកាថា ព្រះសង្ឃ៤០អង្គដែលដឹកនាំដោយព្រះតេជគុណ ថៃ ប៊ុនធឿន ព្រះចៅអធិការស្តីទីវត្តនេះបានព្រមានព្រះសង្ឃទាំងបីអង្គថា ព្រះសង្ឃទាំងនេះនឹងត្រូវបណ្តេញចេញប្រសិនបើទទួលយកអ្នកភូមិបន្ថែមទៀត ឬធ្វើការជួបជុំគ្នាទាក់ទិនរឿងនយោបាយណាមួយទៀត បន្ទាប់ពីជំនួបជាមួយអ្នកភូមិនៅវត្តនេះកាលពីថ្ងៃអាទិត្យនោះ។
ព្រះតេជគុណ លី ច័ន្ទណេន បានមានសង្ឃដីកាថា “យើងមិនយល់ស្របនឹងវិធានការនេះទេ ពីព្រោះគ្មាននរណាម្នាក់អាចរំលោភសិទ្ធិរបស់យើងដូចជាការនិយាយស្តី ការដើរហើយ និងការប្រាស្រ័យទាក់ទងគ្នាឡើយ”។
ព្រះតេជគុណ លី ច័ន្ទណេន គឺជាព្រះសង្ឃដ៏សំខាន់នៅក្នុងការតវ៉ានាពេលថ្មីៗនេះប្រឆាំងនឹងស្ថានទូតវៀតណាម ដូចព្រះតេជគុណ សឹង ហៃ ដែរ ដែលកាលពីថ្ងៃទី១២ ខែសីហា បានដុតទង់ជាតិវៀតណាមនៅមុខស្ថានទូតនេះ។
អ្នកភូមិ២៣០គ្រួសារទៀតមកពីខេត្តបន្ទាយមានជ័យត្រូវគេរំពឹងថា នឹងមកដល់រាជធានីភ្នំពេញនៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយព្រះសង្ឃទាំងបីអង្គនេះបានសន្យាផ្តល់កន្លែងស្នាក់នៅដល់ពួកគាត់នៅវត្តស្ទឹងមានជ័យ។
ព្រះតេជគុណ យឹម ឯកវុត្ថា គ្រូសូត្រស្តាំគង់នៅវត្តនេះបានសង្ឃដីកាថា ព្រះតេជគុណ យិន រតនសុធាវី ដែលគង់នៅវត្តនេះជាអចិន្ត្រៃយ៍ និងដែលប្រឈមនឹងការបណ្តេញចេញនោះបានទទួលយកអ្នកភូមិមួយក្រុមដំបូងដោយគ្មានការអនុញ្ញាតពីព្រះគ្រូចៅអធិការឡើយ។
ព្រះតេជគុណ យឹម ឯកវុត្ថា បានមានសង្ឃដីកាថា “ពីរបីថ្ងៃមកហើយព្រះអង្គបានបង្កបញ្ហាដោយជេរប្រមាថរដ្ឋាភិបាល ហើយសកម្មភាពនេះបានធ្វើឲ្យប៉ះពាល់ដល់វិន័យរបស់ព្រះសង្ឃ”។
ដោយសំដៅដល់ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារនោះ ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាបានប្រាប់ព្រះអង្គថា ‘កុំនាំនយោបាយចូលក្នុងវត្ត ពីព្រោះវាជារដូវភ្ជុំបិណ្ឌ’”។
អ្នកភូមិខេត្តបន្ទាយមានជ័យដែលបានលើកឡើងថា ក្រុមហ៊ុនថៃមួយកំពុងទិញដី របស់ពួកគាត់នោះ បានត្រឡប់មកធ្វើការតវ៉ានៅក្នុងរាជធានី បន្ទាប់ពីរដ្ឋាភិបាលមិនធ្វើតាមការសន្យាកាលពីខែមុនដើម្បីកំណត់ព្រំប្រទល់ដីសម្រាប់ពួកគាត់។
ពួកគាត់គឺជាអ្នកក្រុមថ្មីបំផុតដែលបានមកស្នាក់នៅតាមវត្តអារាមក្នុងរាជធានីភ្នំពេញបន្ទាប់ពីធ្វើដំណើរមកពីបណ្តាខេត្តនានាដើម្បីដាក់ញត្តិទៅរដ្ឋាភិបាលពាក់ព័ន្ធនឹងវិវាទដីធ្លីរបស់ខ្លួន។
ព្រះតេជគុណ យឹម ឯកវុត្ថា បានមានសង្ឃដីកាថា ព្រះសង្ឃទាំងបីអង្គនេះនឹងត្រូវហាមមិនឲ្យគង់នៅវត្តនេះ ប្រសិនបើមិនស្តាប់តាមការណែនាំរបស់ព្រះអង្គ។ បន្ទាប់មកព្រះអង្គបានចោទព្រះតេជគុណ យិន រតនសុធាវី ថាបានរៃអង្គាសបច្ច័យពីក្រៅប្រទេសសម្រាប់បុព្វហេតុសិទ្ធិមនុស្ស និងទុកបច្ច័យនោះសម្រាប់ខ្លួនព្រះអង្គ។
ព្រះតេជគុណ យឹម ឯកវុត្ថា បានមានសង្ឃដីកាថា “ព្រះតេជគុណ យិន រតនសុធាវី ជាព្រះសង្ឃមិនល្អ។ ព្រះអង្គចូលរួមក្នុងការតវ៉ា ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ព្រះអង្គ ហើយកៀងគរអ្នកភូមិមកទីនេះ បន្ទាប់មកបង្ហោះព័ត៌មានលើទំព័រហ្វេសប៊ុក ដើម្បីទទួលបានបច្ច័យពីក្រៅប្រទេស”។
ព្រះតេជគុណ យិន រតនសុធាវី បានមានសង្ឃដីកាថា ព្រះអង្គមិនបារម្ភពីការគំរាមបណ្តេញចេញឡើយ ហើយថា ព្រះអង្គមិនបានរំលោភច្បាប់ឡើយ។
ដោយប្រើពាក្យបែបប្រមាថដល់ជនជាតិវៀតណាម ព្រះអង្គបានមានសង្ឃដីកាថា “អាត្មាមិនខ្លាចឡើយ។ អាត្មាបានតវ៉ាប្រឆាំង [ លោកនាយករដ្ឋមន្ត្រី ] ហ៊ុន សែន និងយួន” តើឲ្យអាត្មាខ្លាចព្រះចៅ អធិការតូចតាចមួយអង្គដូចម្តេចទៅ?”៕សារុន