38.8 C
Phnom Penh

តុលាការ​​​ដាក់​​​លោក ប៉ាវ​​​ ស៊ីណា ប្រធាន​​​សហជីព​​​ឲ្យ​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​​​​របស់​​​ខ្លួន​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ប៉ាវ ស៊ីណា ប្រធាន​​​សហព័ន្ធ​​​សហជីព​​​​​​ចលនា​​​កម្មករ​​​ ត្រូវ​​​បាន​​​​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ដាក់​​​ឲ្យ​​​ស្ថិត​​​ក្រោម​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​ខ្លួន​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ ចំពោះ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​គាត់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​កាល​​​ពី​​​ខែ​​​ធ្នូ និង​​​ខែ​​​មករា ដែល​​ការ​​​តវ៉ា​​​មួយ​​​ចំនួន​​​ក្នុង​​​ចំណោម​​​នោះ​​​បាន​​​ផ្ទុះ​​​អំពើ​​​ហិង្សា​​​ មុន​​​ពេល​​​ត្រូវ​​​កង​​​កម្លាំង​​​របស់​​​រដ្ឋាភិបាល​​​បង្ក្រាប​​​ដោយ​​​ការ​​​បង្ហូរ​​​ឈាម។

សេចក្តី​​​សម្រេច​​​នេះ​​​ធ្វើ​​​ឡើង​​​តែ​​​ប៉ុន្មាន​​​ថ្ងៃ​​​ប៉ុណ្ណោះ​​​មុន​​​ពេល​​​លោក ប៉ាវ ស៊ីណា និង​​​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​ត្រូវ​​​ចាប់​​​ផ្តើម​​​​​​ធ្វើ​​​យុទ្ធ​​​នាការ​​​​​​ដើម្បី​​​ទាម​​​ទារ​​​ឲ្យ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​នៅ​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ ​​​ពី​​​១០០​​​ដុល្លារ​​​ដល់​​​១៧៧​​​ដុល្លារ​​​ ដែល​​​គ្រោង​​​នឹង​​​ចាប់​​​ផ្តើម​​​នៅ​​​ថ្ងៃ​​​ទី​​​១៧​​​ខែ​​​កញ្ញា។

ចៅ​​​ក្រម​​​សើុប​​​សួរ​​​ ជា សុខហៀង​​​ ដែល​​​បាន​​​លើក​​​ឡើង​​​អំពី​​​ការ​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​បង្ក​​​អំពើ​​​ហិង្សា​​​ដោយ​​​ចេតនា បទ​​​គំរាម​​​កំហែង​​​ បទ​​​បំផ្លិច​​​បំផ្លាញ​​​ទ្រព្យ​​​សម្បត្តិ​​​ និង​​​បទ​​​បិទ​​​​​​ចរាចរណ៍​​​ បាន​​​សម្រេច​​​ឲ្យ​​​តុលាការ​​​តាម​​​ឃ្លាំ​​​មើល​​​សកម្ម​​​ភាព​​​របស់​​​លោក ប៉ាវ ស៊ីណា​​​  ហើយ​​​គាត់​​​មិន​​​អាច​​​ចូល​​​រួម​​​ការ​​​ប្រមូល​​​ផ្តុំ​​​ជា​​​សាធារណៈ​​​បាន​​​ទេ គឺ​​​រហូត​​​ដល់​​​ថ្ងៃ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​លោក​​​ដែល​​​មិន​​​ទាន់​​​កំណត់​​​កាល​​​បរិច្ឆេទ​​​នៅ​​​ឡើយ​​​ នេះ​​​បើ​​​យោង​​​តាម​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​បាន​​​លើក​​​ឡើង​​​ បន្ទាប់​​​ពី​​​ការ​​​សាក​​​សួរ​​​រួច​​​។

លោក ប៉ាវ ស៊ីណា បាន​​​មាន​​​ប្រសាសន៍​​​ថា “សេចក្តី​​​សម្រេច​​​េនះ​​​មាន​​​ន័យ​​​ថា ខ្ញុំ​​​មិន​​​អាច​​​ចេញ​​​ក្រៅ​​​ប្រទេស​​​បាន​​​ទេ​​​។ ខ្ញុំ​​​មិន​​​អាច​​​ចូល​​​រួម​​​ការ​​​ប្រមូល​​​ផ្តុំ​​​ ការ​​​តវ៉ា​​​ ឬ​​​ការ​​​ជួប​​​ជុំ​​​ណា​​​មួយ​​​បាន​​​ឡើយ​​​ ហើយ​​​ខ្ញុំ​​​ត្រូវ​​​​​​រាយការណ៍​​​ប្រាប់​​​នគរ​​​បាល​​​សង្កាត់​​​មួយ​​​ខែ​​​ម្តង”។

លោក​​​ស្រី​​​ សាន សាក់​​​នី​​​ ក្រឡា​​​បញ្ជី​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​បញ្ជាក់​​​ថា លោក ប៉ាវ ស៊ីណា​​​ ត្រូវ​​​បាន​​​ដាក់​​​ឲ្យ​​​ស្ថិត​​​នៅ​​​ក្រោម​​​​​​ការ​​​ឃ្លាំ​​​មើល​​​របស់​​​តុលាការ​​​ ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​ស្រី​​​មិន​​​ចង​​​ចាំ​​​សេចក្ដី​​​លម្អិត​​​បន្ថែម​​​ទៀត​​​នៃ​​​សេចក្តី​​​សម្រេច​​​របស់​​​ចៅ​​​ក្រម​​​នេះ​​​​​​ទេ​​​។

លោក​​​ ប៉ាវ ស៊ីណា បាន​​​​​​ថ្លែង​​​ទៅ​​​កាន់​​​​​​ក្រុម​​​អ្នក​​​យក​​​ព័ត៌​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​ថា ​​​ច្បាស់​​​ណាស់​​​ថា សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​នេះ​​​ គឺ​​​ជា​​​ការ​​​ព្យាយាម​​​ ដើម្បី​​​រារាំង​​​យុទ្ធ​​​នាការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​តាម​​​ការ​​​គ្រោង​​​ទុក ដែល​​​ត្រូវ​​​ធ្វើ​​​ឡើង​​​នៅ​​​មុន​​​ការ​​​ប្រកាស​​​ប្រាក់​​​ខែ​​​គោល​​​​​​ថ្មី​​​នៅ​​​ខែ​​​តុលា និង​​​ដែល​​​បច្ចុប្បន្ន​​​កំពុង​​​ត្រូវ​​​បាន​​​ចរចា​​​គ្នា​​​រវាង​​​រដ្ឋាភិបាល​​​ សហជីព និង​​​រោង​​​ចក្រ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ការ​​​ចោទ​​​ប្រកាន់​​​នេះ គឺ​​​គ្រាន់​​​តែ​​​ជា​​​មូល​​​ហេតុ​​​មួយ​​​ដើម្បី​​​រារាំង​​​យុទ្ធ​​​នាការ​​​ទាម​​​ទារ​​​ដំឡើង​​​ប្រាក់​​​ខែ​​​គោល​​​១៧៧​​​ដុល្លារ ដែល​​​យើង​​​នឹង​​​ធ្វើ​​​ឡើង​​​នៅ​​​ថ្ងៃ​​​ទី​​​១៧​​​ប៉ុណ្ណោះ​​​។ [ តុលាការ ]​​​​​​​​​​​​​​​​​​​​​​​​​​​ បាន​​​ចេញ​​​ដីកា​​​នេះ​​​​​​ ដើម្បី​​​រារាំង​​​​​​សកម្មភាព​​​របស់​​​ខ្ញុំ​​​ និង​​​ស​​​កម្ម​​​ភាព​​​របស់​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ផ្សេង​​​ៗ​​​ទៀត​​​”។

មេ​​​ដឹក​​​នាំ​​​សហជីព​​​ផ្សេង​​​ទៀត​​​​​​ ដូច​​​ជា​​​លោក អាត់ ធន់ លោកស្រី យ៉ាង សុភ័ណ្ឌ លោក ជា មុនី លោក​​​ស្រី​​​ ម៉ន​​​ ញឹម និង​​​លោក​​​ រ៉ុង​​​ ឈុន ជា​​​ដើម​​​ក៏​​​នឹង​​​ត្រូវ​​​ចូល​​​​​​ខ្លួន​​​ឆ្លើយ​​​បំភ្លឺ​​​​​​នៅ​​​តុលាការ​​​ដែរ​​​នៅ​​​សប្តាហ៍​​​ខាង​​​មុខ​​​នេះ​​​ជុំ​​​វិញ​​​ការ​​​ពាក់​​​ព័ន្ធ​​​របស់​​​ពួក​​​គាត់​​​នៅ​​​ក្នុង​​​ការ​​​តវ៉ា​​​ជា​​​បន្ត​​​បន្ទាប់​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​ដែល​​​បាន​​​ចាប់​​​ផ្តើម​​​កាល​​​ពី​​​ចុង​​​ឆ្នាំ​​​មុន និង​​​បាន​​​បញ្ចប់​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា បន្ទាប់​​​ពី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​បាញ់​​​កាំភ្លើង​​​យន្ត​​​រះ​​​ទៅ​​​លើ​​​អ្នក​​​តវ៉ា​​​មួយ​​​ក្រុម​​​ដែល​​​ធ្វើ​​​សកម្ម​​​ភាព​​​ចោល​​​ដុំ​​​ថ្ម​​​ដាក់​​​សមត្ថកិច្ច បណ្តាល​​​ឲ្យ​​​មនុស្ស​​​យ៉ាង​​​ហោច​​​ណាស់​​​ប្រាំ​​​នាក់​​​ស្លាប់​​​ និង​​​រាប់​​​សិប​​​នាក់​​​ទៀត​​​រង​​​របួស​​​។

កាល​​​ពី​​​ថ្ងៃ​​​សុក្រ អ្នក​​​គាំទ្រលោក ប៉ាវ ស៊ីណា ប្រមាណ​​​៥០​​​នាក់​​​ បាន​​​ឈរ​​​នៅ​​​ខាង​​​ក្រៅ​​​តុលាការ​​​លើក​​​បដា​​​អំពាវ​​​នាវ​​​ឲ្យ​​​ក្រុមហ៊ុន​​​សម្លៀក​​​បំពាក់​​​យីហោ​​​ល្បីៗ​​​ដូច​​​ជា ក្រុម​​​ហ៊ុន​​​H&M  ក្រុម​​​ហ៊ុន GAP ក្រុម​​​ហ៊ុនPUMA  ក្រុមហ៊ុន​​​ Adidas និង​​​ ក្រុមហ៊ុន Levis ដែល​​​ទទួល​​​​​​ទិញ​​​សម្លៀក​​​បំពាក់​​​ពី​​​កម្ពុជា​​​ ឲ្យ​​​ជួយ​​​អន្តរាគមន៍៍​​​ចំពោះ​​​ចំណាត់​​​ការ​​​របស់​​​តុលាការ​​​លើ​​​មេ​​​ដឹក​​​នាំ​​​សហជីព​​​ទាំង​​​នេះ​​​។

កាល​​​ពី​​​សប្តាហ៍​​​មុន អង្គការ​​​ឃ្លាំ​​​មើល​​​សិទ្ធិ​​​មនុស្ស​​​បាន​​ចេញ​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​​​​មួយ​​​ថ្កោល​​​ទោស​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំ​​​ង​​​នេះ ហើយ​​​បាន​​​រិះគន់​​​ខ្លាំង​​​ៗ​​​ចំពោះ​​​ចំណាត់​​​ការ​​​របស់​​​តុលាការ​​​លើ​​​មេដឹក​​​នាំ​​​សហជីព​​​ទាំង​​​នេះ​​​។

សេចក្តី​​​ថ្លែង​​​ការ​​​ណ៍​​​ចុះ​​​ថ្ងៃ​​​ទី​​​៤ ខែ​​​កញ្ញា​​​នេះ​​​មាន​​​ខ្លឹម​​​សារ​​​ដូច្នេះ​​​​​​ថា “នេះ​​​គ្រាន់​​​តែ​​​ជា​​​ការ​​​ខំប្រឹង​​​ប្រែង​​​ចុង​​​ក្រោយ​​​បំផុត​​​របស់​​​រដ្ឋាភិបាល​​​ ដើម្បី​​​បន្លាច​​​សកម្ម​​​ជន និង​​​គណបក្ស​​​ប្រឆាំង​​​ឲ្យ​​​លុប​​​ចោល​​​ផែន​​​ការ​​​ប្រើ​​​ប្រាស់​​​ការ​​​តវ៉ា​​​ដើម្បី​​​បុព្វហេតុ​​​របស់​​​ខ្លួន​​​ប៉ុណ្ណោះ​​​”។

លោក ប៉ាវ ស៊ីណា បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​ ជា សុខហៀង បាន​​​ប្រាប់​​​លោក​​​កាល​​​ពី​​​ម្សិលមិញ​​​ថា បទ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នេះ​​​កើត​​​ឡើង​​​ដោយ​​​សារ​​​មាន​​​ពាក្យ​​​បណ្តឹង​​​ពីស​​​មាគម​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​កម្ពុជា (GMAC) ដែល​​​តំណាង​​​ឲ្យ​​​រោង​​​ចក្រ​​​នាំ​​​ចេញ​​​​​​សម្លៀក​​​បំពាក់​​​ប្រហែល​​​៤០០​​​។

ចៅ​​​ក្រម​​​ ជា សុខហៀង មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ។ ចំណែក​​​ឯ​​​លោក កែន លូ អគ្គលេខាធិការ​​​របស់​​​ GMAC ក៏​​​មិន​​​អាច​​​ទាក់​​​ទង​​​បាន​​​ដែរ​​​ ហើយ​​​លោក កាំង​​​ មុនីកា អនុ​​​ប្រធាន​​​របស់​​​លោក​​​ កែន លូ បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​ពី​​​ករណី​​​នេះ​​​ទេ​​​។

លោក ប៉ាវ ស៊ីណា បាន​​​មាន​​​ប្រសាសន៍​​​ថា ចៅ​​​ក្រម​​​រូប​​​នេះ​​​បាន​​​សួរ​​​គាត់​​​ភាគ​​​ច្រើន​​​អំពី​​​ហេតុ​​​ការណ៍​​​កាល​​​ពី​​​ថ្ងៃ​​​ទី​​​៣ ខែ​​​មករា ដែល​​​នៅ​​​ពេល​​​នោះ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រដាប់​​​ដោយ​​​កាំភ្លើង​​​ត្រូវ​​​បាន​​​បញ្ជូន​​​​​​​​​​​​​​​ទៅ​​​បង្ក្រាប​​​ ក្រោយ​​​ពី​​​មាន​​​ការ​​​ប្រឈម​​​មុខ​​​ដាក់​​​គ្នា​​​នៅ​​​ពេល​​​យប់​​​រវាង​​​អ្នក​​​តវ៉ា​​​ហិង្សា​​​មួយ​​​ក្រុម​​​និង​​​អាជ្ញាធរ​​​។ លោក​​​បាន​​​អះ​​​អាង​​​ថា លោក​​​មិន​​​បាន​​​​​​ស្ថិត​​​នៅ​​​ផ្លូវ​​​វេង​​​ស្រេង​​​ទេ​​​ក្នុង​​​ថ្ងៃ​​​នោះ​​​។

លោក ដេវ វែល (Dave Welsh) នាយក​​​ប្រចាំ​​​ប្រទេស​​​កម្ពុជា​​​នៃ​​​មជ្ឈមណ្ឌល​​​សាមគ្គីភាព​​​ (Solidarity Center) ជា​​​អង្គការ​​​សិទ្ធិ​​​ការ​​​ងារ​​​មួយ​​​ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​របស់​​​តុលាការ​​​អាច​​​នឹង​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ឧស្សាហកម្ម​​​កាត់​​​ដេរ​​​ដែល​​​មាន​​​ទំហំ​​​នាំ​​​ចេញ​​​៥.០០០លាន​​​ដុល្លារ​​​ក្នុង​​​មួយ​​​​​​ឆ្នាំ​​​ និង​​​ដែល​​​ផ្តល់​​​ការងារ​​​ដល់​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​ប្រមាណ​​​៦០០.០០០នាក់ ហើយ​​​​​​មាន​​​ចំនួន​​​ស្មើ​​​នឹង​​​៨០​​​ភាគ​​​នៃ​​​ការ​​​នាំ​​​ចេញ​​​សរុប​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “សារ​​​ដែល​​​បញ្ជូន​​​ទៅ​​​បណ្តា​​​វិនិយោគ​​​ិន​​​បរទេស​​​នេះ​​​គឺ​​​មិន​​​ល្អ​​​ទេ​​​។ វា​​​គួរ​​​ឲ្យ​​​ព្រួយ​​​បារម្ភ​​​ខ្លាំង​​​ណាស់​​​បើ​​​និយាយ​​​អំពី​​​ទំនាក់​​​ទំនង​​​ពាណិជ្ជកម្ម និង​​​ទំនុក​​​ចិត្ត​​​ក្នុង​​​វិស័យ​​​ឧស្សាហកម្ម​​​”។

លោក​​​បាន​​​បន្ត​​​ថា “រឿង​​​នេះ​​​បាន​​​កើត​​​ឡើង​​​នៅ​​​ពេល​​​មួយ ដែល​​​យើង​​​ចាំ​​​បាច់​​​ត្រូវ​​​ធានា​​​អះ​​​អាង​​​ចំពោះ​​​វិនិយោគិន​​​ថា ការ​​​ចរចា​​​ប្រាក់​​​ខែ​​​គោល​​​កំពុង​​​បោះ​​​ជំហាន​​​ឆ្ពោះ​​​ទៅមុខ​​​ដោយ​​​ស្ងប់​​​ស្ងៀម​​​។ ចំណាត់​​​ការ​​​​​​នេះ​​​គឺ​​​ជា​​​វិធាន​​​ការ​​​ដ៏​​​គឃ្លើន​​​ ហើយ​​​ប្រាកដ​​​ណាស់​​​​​​មនុស្ស​​​គ្រប់​​​គ្នា​​​នឹង​​​យល់​​​ថា វា​​​មាន​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​ពិភាក្សា​​​រឿង​​​ប្រាក់​​​ខែ​​​នេះ​​​”៕សុខុម

​​​ (រាយការណ៍​​​បន្ថែ​​​ម​​​ដោយ​​​ Matt Blomberg)​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស