31 C
Phnom Penh

តំណាង​​​រាស្ត្រ​​​អំពាវ​​​នាវ​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​ជំុ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​ជូរចត់​​​នៅ​​​ភូមិ​​​ឡ​​​ពាង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​បាន​​​លាត​​​ត្រដាង​​​ផែន​​​ការ​​​របស់​​​ខ្លួន​​​នាំ​​​​​​សម្រុះ​​​សម្រួល​​​ឲ្យ​​​មាន​​​ការ​​​ចរចា​​​ ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​ដី​​​ធ្លី​​​ដ៏​​​ជូរ​​​ចត់​​​មួយ​​​ ដែល​​​បាន​​​អូស​​​បន្លាយ​​​អស់​​​រយៈ​​​ពេល​​​​​​ជាង​​​មួយ​​​ទសវត្សរ៍ រវាង​​​អ្នក​​​ភូមិ​​​ និង​​​ក្រុមហ៊ុន​​​អភិវឌ្ឍ​​​ន៍​​​ដ៏​​​មាន​​​ឥទ្ធិពល​​​មួយ​​​​​​នៅ​​​ក្នុង​​​ភូមិ​​​ឡ​​​ពាង​​​ខេត្ត​​​កំពង់ឆ្នាំង​​​។

គណៈកម្មការ​​​ទ្វេ​​​បក្ស​​​នេះ​​​បាន​​​ប្រកាស​​​កាល​​​ពី​​​ដើម​​​ខែ​​​​​​នេះ​​​ថា ខ្លួន​​​​​​នឹង​​​ជួយ​​​អន្ត​​​រាគមន៍​​​ដើម្បី​​​ដោះ​​​ស្រាយ​​​វិវាទ​​​​​​ជុំ​​​វិញ​​​ដី​​​ធ្លី​​​ដែល​​​ក្រុម​​​ហ៊ុន ខេឌីសីុ​​​ របស់​​​លោក​​​ស្រី​​​ ជា ខេង ភរិយា​​​របស់​​​លោក ស៊ុយ សែម រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​រ៉ែ និង​​​ថាមពល បាន​​​ទិញ​​​យក​​​កាល​​ពី​​​ឆ្នាំ​​​២០០២​​​។​​​​​​

ក្នុង​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​នេះ​​​ សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​មិន​​​បាន​​​ធ្វើ​​​ការ​​​កាត់​​​សេចក្តី​​​​​​នៅ​​​ក្នុង​​​វិវាទ​​​នេះ​​​ជា​​​ផ្លូវ​​​ការ​​​ទេ​​​ ហើយ​​​ក្រុមហ៊ុន​​​​​​របស់​​​លោកស្រី ជា​​​ ខេង បាន​​​ប្រើ​​​ប្រាស់​​​មធ្យោបាយ​​​ផ្សេង​​​ៗ ដើម្បី​​​ដាក់​​​សម្ពាធ​​​លើ​​​អ្នក​​​ភូមិ​​​ឲ្យ​​​ទទួល​​​យក​​​កញ្ចប់​​​សំណង​​​ ដែល​​​ពួក​​​គាត់​​​និយាយ​​​ថា មាន​​​ចំនួន​​​តិច​​​ជាង​​​តម្លៃ​​​ដី​​​របស់​​​ពួក​​​គាត់​​​ឆ្ងាយ​​​។

ប៉ុន្តែ ដោយ​​​នៅ​​​សល់​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​តែ​​​១៧​​​គ្រួសារ​​​ក្នុង​​​ចំណោម​​​ប្រជា​​​ពល​​​រដ្ឋ​​​ប្រហែល​​​៨០​​​គ្រួសារ ដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​កាល​​​ពី​​​ដំបូង​​​នៅ​​​តែ​​​ប្រឈម​​​តតាំង​​​នៅ​​​ឡើយ​​​នោះ​​ក្រុមហ៊ុន ខេឌីស៊ី បាន​​​បញ្ជូន​​​កម្មករ​​​ឲ្យ​​​ទៅ​​​សាង​​​សង់​​​របង​​​ព័ទ្ធ​​​ជំុវិញ​​​ដី​​​មាន​​​វិវាទ​​​នេះ​​​កាល​​​ពីខែ​​​កក្កដា។ ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក ​​​បុរស​​​ប្រាំ​​​នាក់​​​​​​ដែល​​​បាន​​​ចូល​​​រួម​​​ធ្វើ​​​ការ​​​តវ៉ា​​​ប្រឆាំង​​​នឹង​​​ការ​​​សាង​​​សង់​​​នេះ​​​ ត្រូវ​​​បាន​​​​​​ឃុំ​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​ ដោយ​​​សារ​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​កម្មករ​​​ក្រុម​​​ហ៊ុន​​​នេះ អំឡុង​​​ពេល​​​ប៉ះ​​​ទង្គិច​​​គ្នា​​​កាល​​​ពី​​​ខែ​​​កក្កដា​​​។

លោក អេង ឆៃ​​​​​​អ៊ាង​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ និង​​​ដែល​​​ជា​​​ប្រធាន​​​គណៈកម្មការ​​​សិទ្ធិ​​​មនុស្ស​​​នៃ​​​រដ្ឋ​​​សភា​​​ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិលមិញ​​​ថា គណៈកម្មការ​​​នេះ​​​នឹង​​​ព្យាយាម​​​ដោះ​​​ស្រាយ​​​វិវាទ​​​នេះ​​​ជា​​​បី​​​ដំណាក់​​​កាល​​​ ទី​​​១ គឺ​​​​​​ត្រូវ​​​ដោះ​​​ស្រាយ​​​ជា​​​មួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​១៧​​​គ្រួសារ​​​ ដែល​​​នៅ​​​តតាំង​​​នឹង​​​ក្រុមហ៊ុន​​​ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៧​​​មក​​​  ដែល​​​ពេល​​​នោះ​​​​​​ក្រុមហ៊ុន ខេឌីស៊ី បាន​​​ចាប់​​​ផ្តើម​​​រារាំង​​​ពួក​​​គាត់​​​ជា​​​លើក​​​ដំបូង​​​មិន​​​ឲ្យ​​​ធ្វើ​​​​​​ស្រែ​​​ចម្ការ​​​លើ​​​ដី​​​ដែល​​​ពួក​​​គាត់​​​បាន​​​ពឹង​​​ផ្អែក​​​សម្រាប់​​​រស់​​​អស​​​់​​​រយៈ​​​ពេល​​​រាប់​​​ទសវត្សរ៍​​​មក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “នៅ​​​ក្នុង​​​ជំនួប​​​ជាមួយ​​​តំណាង​​​ប្រាំ​​​រូប​​​​​​មក​​​ពី​​​ភូមិ​​​ឡ​​​ពាង តំណាង​​​រាស្ត្រ​​​នៅ​​​ក្នុង​​​គណៈកម្មការ​​​សិទ្ធិមនុស្ស​​​ បាន​​​ផ្ដល់​​​ជម្រើស​​​ពីរ​​​ឲ្យ​​​អ្នក​​​ភូមិ​​​ជ្រើស​​​រើស គឺ​​​ថា​​​តើ​​​ត្រូវ​​​​​​បន្ត​​​តស៊ូ​​​តាម​​​រយៈ​​​ប្រព័ន្ធ​​​តុលាការ ឬ​​​ក៏​​​ចរចា​​​”។

លោក​​​មាន​​​ប្រសាសន៍​​​ថា ប្រសិន​​​បើ​​​ពួក​​​គាត់​​​ជ្រើស​​​រើស​​​យក​​​ផ្លូវ​​​តុលាការ​​​ សំណុំ​​​រឿង​​​នេះ​​​អាច​​​នឹង​​​អូស​​​បន្លាយ​​​រយៈ​​​ពេល​​​វែង​​​ ហើយ​​​បណ្តា​​​អង្គការ​​​សិទ្ធិ​​​មនុស្ស​​​ក្នុង​​​ស្រុក​​​ដូច​​​ជា​​​អង្គការ​​​អាដ​​​ហុក និ​​​ងអង្គការ​​​លីកាដូ​​​ជា​​​ដើម​​​ ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​កាល​​​ពី​​​ម្សិលមិញ​​​ដែរ ក៏​​​បាន​​​យល់​​​ឃើញ​​​ដូច​​​គ្នា​​​នេះ​​​ដែរ​​​។

លោក​​​បាន​​​​​​លើក​​​ឡើង​​​បន្តទៀត​​​ថា “គណៈកម្មការ​​​នេះ​​​ និង​​​សង្គម​​​ស៊ីវិល​​​គិត​​​ថា វា​​​នឹង​​​អូស​​​បន្លាយ​​​ពេល​​​រាប់​​​ឆ្នាំ​​​ទៀត​​​ទម្រាំ​​​ឈាន​​​ដល់​​​សេចក្តី​​​សម្រេច​​​ចុង​​​ក្រោយ​​​ថា អ្នក​​​ណា​​​ឈ្នះ​​​ឬ​​​ចាញ់​​ តាម​​​រយៈ​​​តុលាការ​​​”។

លោក​​​ រាជ សីម៉ា តំណាង​​​អ្នក​​​ភូមិ​​​ឡពាង ដែល​​​បាន​​​ចូល​​​រួម​​​ក្នុង​​​ជំនួប​​​នេះ​​​ដែរ​​​ បាន​​​និយាយ​​​ថា ពួក​​​គាត់​​​បាន​​​យល់​​​ព្រម​​​ឲ្យ​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ចរចា​​​ជាមួយ​​​ប្រជា​​​ពល​​​រដ្ឋ​​​ទាំង​​​១៧​​​គ្រួសារ​​​ដែល​​​នៅ​​​តតាំង​​​​​​។ គាត់​​​បាន​​​និយាយ​​​ថា ការ​​​ចរចា​​​ទាំង​​​នោះ​​​គឺ​​​ជា​​​ផ្លូវ​​​​​​សម្រាប់​​​​​​ដោះ​​​ស្រាយ​​​ថា តើ​​​ត្រូវ​​​ផ្តល់​​​សំណង​​​ដល់​​​ប្រជា​​​​​​ពល​​​រដ្ឋ​​​៦៦​​​គ្រួសារ​​​ទៀត​​​ដែល​​​បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​គម្រោង​​​អភិវឌ្ឍន៍​​​របស់​​​ក្រុមហ៊ុន ខេឌីស៊ី​​​ នៅ​​​ក្នុង​​​តំបន់​​​នោះ​​​ ដោយ​​​របៀប​​​ណា​​​។

គាត់​​​​​​បាន​​​និយាយ​​បន្ថែម​​​ទៀត​​​​ថា ​​​​​​​”យើង​​​នឿយ​​​ហត់​​​នឹង​​​ការ​​​តស៊ូ​​​តាម​​​ផ្លូវ​​​តុលាការ​​​ណាស់​​​ដូច្នេះ​​​យើង​​​ក៏​​​​​​យល់​​​ព្រម​​​​​​ដោះ​​​ស្រាយ​​​តាម​​​​​​រយៈ​​​ការ​​​ចរចា​​​ ប៉ុន្តែ ត្រូវ​​​តែ​​​ធ្វើ​​​ឡើង​​​ដោយ​​​យុត្តិធម៌។ វា​​​មាន​​​ន័យ​​​ថា អ្នក​​​ភូមិ​​​​​​នឹង​​​យល់​​​ព្រម​​​ទទួល​​​យក​​​ចំនួន​​​សម​​​រម្យ​​​ជាក់​​​លាក់​​​ណា​​​មួយ​​​ដោយ​​​គ្មាន​​​ការ​​​បង្ខិត​​​បង្ខំ​​​ ឬ​​​ការ​​​បំផិត​​​បំភ័យ​​​”។

កាល​​​ពីម្សិ​​​លមិញ​​​ដដែល បុរស​​​ប្រាំ​​​នាក់​​​​​​ដែល​​​​​​ធ្លាប់​​​ត្រូវ​​​បាន​​​ឃុំ​​​ឃាំង​​​ដោយសារ​​​ការ​​​ប៉ះ​​​ទង្គិច​​​ជា​​​មួយ​​​កម្មករ​​​របស់​​ក្រុមហ៊ុន ខេឌីស៊ី​​​ បាន​​​ដឹក​​​នាំ​​​ការ​​​ហែ​​​ក្បួន​​​មួយ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ទៅ​​​ក្រសួង​​​យុត្តិធម៌​​​ និង​​​សាលាឧទ្ធរណ៍​​​ ដើម្បី​​​ទាម​​​ទារ​​​​​​ឲ្យ​​​ចាត់​​​វិធាន​​​ការ​​​ចំពោះ​​​សេចក្តី​​​សម្រេច​​​របស់​​សាលា​​​ដំបូង​​​ខេត្ត​​​កំពង់​​​ឆ្នាំង​​​។

លោក សៀង ហេង​​​ ដែល​​​ស្ថិ​​​តក្នុង​​ចំណោម​​​បុរស​​​ទាំង​​​ប្រាំ​​​នាក់​​​ ដែល​​​សុទ្ធ​​​តែត្រូវ​​​បាន​​​ដោះ​​​លែង​​​ឲ្យ​​​នៅ​​​ក្រៅ​​​ឃុំ​​​កាល​​​ពី​​​ថ្ងៃទី​​​២៩ ខែ​​​សីហា​​​ បាន​​​និយាយ​​​ថា គាត់​​​ចង់​​​ឃើញ​​​ក្រសួង​​​យុត្តិធម៌​​​ដាក់​​​ទោស​​​ព្រះ​​​រាជអាជ្ញា និង​​​ចៅ​​​ក្រម​​​សាលា​​​ដំបូង​​​ខេត្ត​​​ ចំពោះ​​​​​​អ្វី​​​ដែល​​​គាត់​​​និយាយ​​​ថា ជា​​​ការ​​​ចាប់​​​មនុស្ស​​​ឃុំ​​​ខ្លួន​​​គ្មាន​​​ច្បាប់​​​ទម្លាប់​​​ពី​​​សំណាក់​​​ក្រុម​​​នេះ​​​។

គាត់​​​និយាយ​​​ទៀត​​​ថា “យើង​​​បាន​​​ដាក់​​​ញត្តិ​​​ប្រឆាំង​​​ព្រះរាជ​​​អាជ្ញា និង​​​ចៅ​​​ក្រម​​​ស៊ើ​​​ប​​​សួរ​​​ពីព្រោះ​​​ពួក​​​គេ​​​បាន​​​សម្រេច​​​ឃុំខ្លួន​​​បុរស​​ប្រាំ​​​នាក់​​​ដោយ​​​មិន​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​ត្រឹម​​​ត្រូវ​​​”។ គាត់​​​បាន​​​បន្ត​​​ថា គាត់​​​មិន​​​ជឿ​​​ថា ការ​​​តវ៉ា​​​ជ្រៀត​​​ជ្រែក​​​ដល់​​​ការ​​​បន្ត​​​ខិត​​​ខំប្រឹង​​​ប្រែង​​​​​​ដើម្បី​​​បញ្ចប់​​​វិវាទ​​​នេះ​​​ឡើយ​​​។

លោក អំ សំអាត ប្រធាន​​​ផ្នែក​​​បច្ចេក​​​ទេស​​​ស៊ើប​​​អង្កេត​​​នៅ​​​អង្គការ​​​សិទ្ធិមនុស្ស​​​លីកាដូ​​​    បាន​​​មាន​​​ប្រសាសន៍​​​ថា វា​​​ជា​​​រឿង​​​ល្អ​​​បំផុត​​​សម្រាប់​​​អ្នក​​​ភូមិ​​​ និង​​​ក្រុមហ៊ុន ខេឌីស៊ី​​​ ដែល​​​​​​មើល​​​ឃើញ​​​វិវាទ​​​នេះ​​​ត្រូវ​​​បាន​​​ដោះស្រាយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “វា​​​ជា​​​វិវាទ​​​ដីធ្លី​​​ដ៏​​​រាុំ​​​រ៉ៃ ដែល​​​ក្នុង​​​នោះ​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ និង​​​ឃុំ​​​ខ្លួន​​​ ចំណែក​​​ឯ​​​ក្រុម​​​​​​ហ៊ុន​​​ក៏​​​ខូច​​​កេរ្តិ៍​​​ឈ្មោះ​​​​​​​​​​​ដែរ​​​។  បន្ទាប់​​​ពី​​​ជំនួប​​​ជាមួយ​​​ភាគី​​​ទាំង​​​ពី​​​រ យើង​​​យល់​​​ថា ពួក​​​គាត់​​​ទាំង​​​សង​​​ខាង​​​ចង់​​​បាន​​​ការ​​​ចរចា​​​ ដូច្នេះ​​​ហើយ​​​យើង​​​កំពុង​​​រង់ចាំ​​​មើល​​​ថា តើ​​​រូប​​​មន្ត [​​​វាយ​​​តម្លៃ​​​ដី​​​ធ្លី​​​ ]​​​ អ្វី​​​ដែល​​​អ្នក​​​ភូមិ​​​នឹ​​ង​​​ស្នើ​​​សុំ​​​”៕សុខុម​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស