28.4 C
Phnom Penh

រោងចក្រ​ចាក់សោ​មិន​ឲ្យ​កម្មករ​ចូល​ធ្វើការ​បន្ទាប់ពី​បាន​ដើរចេញ​ពីរោងចក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រោងចក្រ​ស្បែក​ជើង​ដែល​កាន់​កាប់​​ដោយជនជាតិ​តៃវ៉ាន់​នៅ​ក្នុង​ខេត្ត​កំពង់ចាម បាន​ចាក់​សោ​មិន​ឲ្យ​កម្មករ​ចូល​កាលពី​ថ្ងៃ​សៅរ៍ មួយ​ថ្ងៃ​បន្ទាប់​ពី​កម្មករ​បាន​ដើរ​ចេញ​មិន​ព្រមធ្វើការ​ នៅពេល​អ្នក​គ្រប់​គ្រង​បាន​ពន្យារ​ពេលការ​​ចរចា​រវាង​ភាគី​ទាំង​ពីរ​ជុំវិញ​ការ​ទាម​ទារ​ប្រាក់​កម្រៃ​ឲ្យបាន​​ប្រសើរ​ជាង​នេះ​។

កម្មករ​ប្រហែល​៥.០០០​នាក់​នៅ​រោងចក្រ​ស្បែក​ជើង Juhui បានបន្ត​​ធ្វើ​កូដកម្ម​​កាល​ពី​ថ្ងៃ​ទី១​ ខែ​កញ្ញា ដើម្បី​ទាមទារ​ប្រាក់​បន្ថែម​ម៉ោង និង​ប្រាក់​កម្រៃ​ផ្សេងៗ​ទៀត​ បន្ទាប់​មក​បាន​​ត្រឡប់​មក​ធ្វើ​ការ​វិញ​កាលពី​ថ្ងៃ​សុក្រ បន្ទាប់​ពី​មាន​សេចក្ដី​បង្គាប់​ពី​សាលា​ដំបូង​ខេត្ត​កំពង់ចាម ​ឲ្យ​កម្មករ​​ចូល​ធ្វើ​ការ​វិញ​។

​​អ្នកស្រី មុំ សារ៉ែម តំណាង​មកពី​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​មាន​ប្រសាសន៍​ថា ប៉ុន្តែ​នៅ​ពេល​រោងចក្រ​បានពន្យារពេលការចរចា​តាម​ការ​គ្រោង​ទុក​កាល​ពី​ថ្ងៃ​សុក្រដែលគ្រោងធ្វើចាប់​ពី​ម៉ោង​១​ដល់​ម៉ោង​៣រសៀលអំពី​ប្រាក់​កម្រៃ​ផ្សេងៗ​​កម្មករ​បាន​ដើរ​ចេញមិន​​​ព្រម​​ធ្វើ​ការជា​ថ្មី​ម្ដង​ទៀត។ ​អ្នក​ស្រី​បាន​មាន​ប្រសាសន៍​ថា នៅ​ពេល​កម្មករ​បាន​ព្យាយាម​មកធ្វើ​ការ​វិញ​កាលពី​ថ្ងៃ​សៅរ៍ រោងចក្រ​បាន​ចាក់​សោ​មិន​ឲ្យ​កម្មករ​ចូល​។

អ្នកស្រី​បាន​មាន​ប្រសាសន៍​ថា ” កម្មករ​បាន​ដើរ​ចេញ​​ពី​រោងចក្រ​ ពីព្រោះ​រោងចក្រ​បាន​លុប​​ចោល​ការ​ចរចា​ជាមួយ​សហជីព​។ ប៉ុន្តែ​នៅ​ពេល​កម្មករ​បាន​ត្រឡប់​មក​ធ្វើ​ការ​វិញ​កាល​ពី​ថ្ងៃសៅរ៍ ហេតុ​អ្វី​បាន​ជា​រោងចក្រ​បិទទ្វារ​របង​ ហើយ​មិន​ឲ្យ​​ពួកគេ​ចូល​ទៅ​ក្នុង​?”។

លោក តេង សម្បត្តិ ប្រធាន​រដ្ឋបាល​នៅ​រោងចក្រ Juhui បាន​អះអាង​ថា រោងចក្រ​បាន​បិទ​ទ្វារ​កាលពី​ថ្ងៃ​សៅរ៍មែន ប៉ុន្តែ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ថា តើ​ដោយមូលហេតុ​អ្វី ឬថាតើ​​រោងចក្រ​បន្ត​បិទ​ទ្វារយូរ​ប៉ុណ្ណា​​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​មិន​អាច​ឆ្លើយ​ ឬប្រាប់​អ្នក​ឲ្យ​លើស​ពី​នេះ​បានទេ ពីព្រោះ​យើង​កំពុង​ស្វែង​រក​ដំណោះ​ស្រាយ​នៅ​ឡើយ​”។

សេចក្ដី​​ប្រកាស​របស់​​រោងចក្រ​កាលពី​ថ្ងៃ​សៅរ៍បាន​បន្ទោស​​ការ​ចាក់សោ​មិន​ឲ្យ​ចូលនេះ​ទៅ​លើ​ការ​សម្រេច​របស់​កម្មករ​ដែលចាកចេញពី​រោងចក្រ​កាលពី​ថ្ងៃសុក្រ។

លោក ចេង ហ៊ាង ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​បាន​មាន​​ប្រសាសន៍​ថា រដ្ឋាភិបាល​បាន​អំពាវ​នាវ​កុំឲ្យ​រោងចក្រ​បិទទ្វារ ប៉ុន្តែ​បាន​បន្ថែម​ថា វិវាទ​នេះ​មិន​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​លោក​ឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” វិវាទ​នេះ​ហួស​ពី​សមត្ថភាព​របស់​យើងក្នុង​ការ​ដោះ​ស្រាយ ព្រោះ​ករណី​នេះ​កំពុង​តែ​ចា​ត់​ការ​ដោយ​សាលា​ដំបូង​ខេត្ត។ រោងចក្រ​បាន​ប្រាប់​យើង​ថា រោងចក្រ​ចង់​បិទ​ទ្វារ​បណ្ដោះ​អាសន្ន​កាលពី​ថ្ងៃសៅរ៍ ប៉ុន្តែ​យើង​​បាន​អំពាវ​នាវកុំ​ឲ្យ​ពួកគេ​បិទ​ទ្វារ​ ព្រោះ​វា​ប៉ះពាល់​ដល់ភាគី​ទាំង​សងខាង​។ យើង​អំពាវ​នាវ​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ច័ន្ទ ហើយ​អំពាវ​នាវ​ឲ្យ​រោងចក្រ​អត់ធ្មត់​ដើម្បី​បន្ត​ការ​ចរចា​”។

ទោះ​ជាយ៉ាង​ណា អ្នកស្រី មុំ សារ៉ែម បាន​មាន​ប្រសាសន៍​ថា កម្មករ​នឹង​​បន្ត​ធ្វើ​កូដកម្ម​របស់​ខ្លួនដដែល​។ លោក ខៃ ចាន់ថន ជា​កម្មករ​នៅ​រោងចក្រ​ Juhui និង​ជា​សមាជិក​សហជីព​បាន​គាំទ្រ​ចំណាត់​ការ​នេះ​។

កម្មករ​រូប​នេះ​បាន​និយាយ​ថា ” យើង​នឹង​មិនចូល​ធ្វើ​ការ​វិញទេ​នៅ​ថ្ងៃច័ន្ទ ហើយ​យើង​នឹង​បន្ត​ធ្វើ​កូដកម្ម​ ប្រសិន​បើ​រោងចក្រ​មិន​បន្ត​ការ​ចរចា​ ហើយ​ផ្ដល់​លក្ខខណ្ឌឲ្យល្អ​ប្រសើរ​ជាង​នេះដល់ពួកយើង​​​ទេនោះ”៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស