26 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​អ្នក​ទោស​ដែល​រត់គេច​ខ្លួនពី​ពន្ធនាគារ​ខេត្ត​បាត់ដំបង​ បន្ទាប់​ពីរត់គេច​ខ្លួន​ជាង​ពីរ​ឆ្នាំ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា កាលពី​ថ្ងៃ​សៅរ៍​នគរ​បាល​ខេត្ត​បាត់ដំបង​បាន​ចាប់​ខ្លួន​​អ្នក​ទោស​ដែល​រត់គេច​ខ្លួន​ម្នាក់​ក្បែរ​ផ្សារ​មួយ​ក្នុង​ស្រុក​គាស់ក្រឡ ជាង​២​ឆ្នាំ​​បន្ទាប់​ពី​​អ្នក​ទោស​រូប​នេះ​ និង​អ្នក​ទោស​ចំនួន​បួន​នាក់​ផ្សេង​ទៀត​​​រត់គេច​ចេញ​ពី​កន្លែង​ពិនិត្យ​សុខភាព​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បាត់​ដំបង​នេះ​។

នូ ប៉ូលីន អាយុ​៣៣​ឆ្នាំ​​ដែល​ត្រូវ​បាន​ផ្ដន្ទាទោស​​ឲ្យ​ជាប់​ពន្ធនាគារ​រយៈ​ពេល​១០​ឆ្នាំ​ពី​បទ​ចោរកម្ម​ បាន​រត់គេច​ចេញពី​ពន្ធនាគារ​ក្នុង​ក្រុង​បាត់ដំបង​កាលពី​ពេល​ទៀបភ្លឺ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១២ ជាមួយ​​អ្នក​ទោស​បួន​នាក់​ផ្សេង​ទៀត​ ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ពិនិត្យ​សុខភាព​ក្នុង​ពន្ធនាគារ​ បន្ទាប់ពី​ឆ្លង​ជំងឺ​របេង​។ អ្នក​ទោស​ទាំង​នោះ​ ដែល​មាន​ពីរ​នាក់​​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​បាន​អារ​ចម្រឹង​ដែក​មួយ​ចំនួន​ និង​របង​លួស​បន្លា​ដោយ​គ្មាន​​ឆ្មាំ​គុក​ណា​ម្នាក់​​ឃើញ​ឡើយ​។

លោក ចិត្រ វណ្ណី ​អនុប្រធាន​នគរ​បាល​យុត្តិធម៌​ក្នុង​ខេត្ត​បាត់​ដំបង​ បាន​ឲ្យ​ដឹង​ថា នគរ​បាល​ខេត្ត​បាន​ចាប់​ខ្លួន​អ្នក​ទោស​ ប៉ូលីន នៅ​ម៉ោង​៩និង​៣០​នាទី​ព្រឹក​ថ្ងៃ​សៅរ៍ នៅ​ពេល​​អ្នក​ទោស​រូប​នេះ​កំពុង​ចាក​ចេញ​ពីផ្សារ​មួយ​​តាមម៉ូតូ​របស់​ខ្លួន​នៅ​ក្នុង​ឃុំ​ព្រះផុស។

លោក វណ្ណី បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ចាប់​ខ្លួន​​អ្នក​ទោស​នេះ​នៅ​ពេល​រូប​គេ​​មិន​ដឹង​ខ្លួន​ ខណៈ​កំពុងជិះ​ម៉ូតូ​តាម​ផ្លូវ​”។លោក​បានបន្ថែម​ថា អ្នក​ទោស​ប៉ូលីន​ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធនាគារ​វិញ​កាលពី​​ថ្ងៃ​សៅរ៍។

យោង​តាម​ក្រម​ព្រហ្មទណ្ឌ អ្នក​ទោស​​ដែល​រត់គេច​ខ្លួន​​​គឺ​ត្រូវ​ដាក់​ទោស​ឲ្យជាប់​ពន្ធនាគារ​​បន្ថែម​ចន្លោះ​ពី​១ឆ្នាំ​ដល់​៣​ឆ្នាំ ហើយ​ពិន័យជា​ប្រាក់​ចន្លោះពី​២លាន​រៀល​ដល់​៦​លាន​រៀល។

​លោក វណ្ណី បាន​មាន​ប្រសាសន៍​​ដោយ​បដិសេធ​មិន​ប្រាប់​ថា តើ​អាជ្ញាធរ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​ប៉ុនប៉ង​តាម​ចាប់​ខ្លួន​​អ្នក​ទោស​ ប៉ូលីន ថា ” យោង​តាម​ការ​ស៊ើប​អង្កេត​របស់​យើង ជង​សង្ស័យ​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​អ្នក​ភូមិ​ម្នាក់​ [ក្នុង​ឃុំព្រះផុស]។ យើង​បាន​ទៅ​ធ្វើ​ការ​ភ្លាមៗ​​បន្ទាប់​ពី​​ដឹង​រឿង​នេះ​”។

លោក​ វណ្ណី បាន​ឲ្យ​ដឹង​ទៀត​ថា អ្នក​ទោស​ម្នាក់​ទៀត​ក្នុង​ចំណោម​​អ្នក​ទោស​ដែល​រត់​គេច​ខ្លួន​ជាមួយ​​អ្នកទោស ប៉ូលីន ​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុងពេល​មួយ​កាលពី​ឆ្នាំ​មុន ខណៈ​អ្នក​ទោស​ដែល​នៅ​សេសសល់​ចំនួន​បីនាក់​ទៀត​កំពុង​រត់គេច​ខ្លួន​នៅ​ឡើយ​។

នៅ​ក្នុង​ករណី​ដាច់​ដោយ​ឡែក​មួយ​ទៀត ​នគរ​បាល​ខេត្ត​កំពត​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ខ្លួន​កំពុង​តែ​តាម​ចាប់​ខ្លួន​​អ្នក​ទោស​ចំនួន​ពីរ​នាក់​ ដែល​រត់គេច​ខ្លួន​​ពី​ការដ្ឋាន​​​សាង​សង់​​ពន្ធនា​គារ​មួយ​ក្នុង​ស្រុក​ទឹកឈូ។ អ្នក​ទោស​ ស ម៉ុក អាយុ​៣២ឆ្នាំ និង​ ទាន់ ជ្រាន អាយុ​៣៩​ឆ្នាំ​ បាន​រត់គេច​ខ្លួនចូល​ក្នុង​ព្រៃ​ក្បែរ​ជើង​ភ្នំបូកគោ បន្ទាប់​ពី​ប្រាប់​សន្តិសុខ​​ថា ខ្លួន​ចង់​ទៅ​បត់ជើង​ធំ​ និង​ទៅ​រក​អុស​។

លោក ជា រិទ្ធី អនុប្រធាន​ពន្ធនាគារ​ខេត្ត​បានមាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា ​យើង​​កំពុង​ព្យាយាម​តាម​ចាប់​ខ្លួនអ្នក​ទោស​ដែល​រត់​គេច​ខ្លួន​ទាំង​នោះ​”៕ ស៊ុយឈាង​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស