29 C
Phnom Penh

យុទ្ធនាការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​នៅ​តែ​បន្ត​ ខណៈ​មេដឹកនាំ​សហជីព​ប្រឈម​ការ​ចោទ​ប្រកាន់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុងថ្ងៃ​នេះសាលា​ដំបូង​រាជ​ធានី​ភ្នំពេញនឹង​សាក​សួរ​​​បុគ្គល​ទី២ ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​មេដឹកនាំ​សហជីព​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​​ពីបទ​ជាប់ពាក់ព័ន្ធ​នៅ​ក្នុង​ការ​តវ៉ា​ក្នុង​វិស័យ​កាត់​ដេរ​កាលពី​ខែ​ធ្នូ និង​ខែ​មករា ពោលគឺ​ត្រឹម​តែ​ប៉ុន្មានថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​តុលាការ​បាន​ដាក់​លោក​ ប៉ាវ ស៊ីណា មេដឹកនាំ​សហជីព​មួយរូប​​ក្រោម​ការ​ឃ្លាំ​មើល​របស់​តុលាការ​ ដោយ​សារ​លោក​ក៏​ជាប់ពាក់ព័ន្ធ​នៅ​ក្នុងហេតុការណ៍​ទាំង​នោះ​ដែរ​។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្ពុជា​​​ត្រូវ​បាន​ដាក់​ក្រោម​ការ​ឃ្លាំមើល​របស់​តុលាការ​កាលពី​ថ្ងៃ​សុក្រ​ ដោយ​រារាំង​មិន​ឲ្យ​លោក​ចូល​រួម​នៅ​ក្នុង​ការ​ជួប​ជុំ​ជា​សាធារណៈ​ណាមួយ​ឡើយ​។ លោក​គឺ​ជា​មេដឹកនាំ​សហជីព​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​សហជីព​យ៉ាង​តិច​ចំនួន​ប្រាំ​ ដែល​ត្រូវបាន​ចោទ​ប្រកាន់​​ពីបទបញ្ឆេះ​ឲ្យ​​​មាន​ការ​តវ៉ា​ ដែល​ត្រូវ​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​៣ ខែមករា បន្ទាប់ពី​កងរាជ​អាវុធហត្ថ​បាន​បាញ់​សម្លាប់កម្មករ​កាត់​ដេរ​យ៉ាងតិចចំនួន​ប្រាំនាក់​នៅ​ផ្លូវ​វេងស្រេង​ ក្នុង​រាជ​ធានី​ភ្នំពេញ​។

នៅ​ក្នុង​ថ្ងៃ​នេះ​តុលាការ​នឹង​សាកសួរ​លោក ជា មុនី ​មេដឹកនាំ​សហជីព​សេរីកម្មករ​។

លោក ជា មុនី បាន​មាន​ប្រសាសន៍​​កាលពី​ម្សិលមិញ​ថា ” ខ្ញុំ​និង​មេធាវី​របស់​ខ្ញុំ​នឹង​បង្ហាញ​ខ្លួន​នៅ​តុលាការ​នៅ​ម៉ោង​២​និង​៣០​នាទី​រសៀល ហើយ​ខ្ញុំ​មិន​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព​​របស់​ខ្ញុំ​ទេ​ ព្រោះ​ខ្ញុំ​មិន​ពាក់​ព័ន្ធ​នៅ​ក្នុង​ហេតុការណ៍​លើ​ផ្លូវ​វេងស្រេង​ឡើយ ហើយ​នៅ​ពេល​នោះ​គឺ​ខ្ញុំ​បាន​នៅ​ក្នុង​​ការិយាល័យ​របស់​ខ្ញុំ។ ប្រសិន​បើ​តុលាការ​ដាក់​ខ្ញុំ​ក្រោម​ការ​ឃ្លាំមើល ខ្ញុំ​នឹង​ប្ដឹង​ជំទាស់​ព្រោះ​វា​មិន​យុត្តិធម៌ឡើយ​”។

តុលាការ​ក៏គ្រោង​នឹង​សាក​សួរ​លោក អាត់ ធន់ មេដឹកនាំ​សហជីព​​មួយ​រូប​ដែរ​នោះ​នៅ​ក្នុង​ថ្ងៃ​នេះ​ដែរ​​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ដែល​ថា លោក​បាន​កិប​កេង​ប្រាក់​ចំនួន​៩៣.០០០​ដុល្លារ​ បន្ទាប់ពី​សហជីព​របស់​លោក​បាន​ដោះ​ស្រាយ​វិវាទ​ការ​ងារ​ជាមួយ​​រោងចក្រ​ ​E កាលពី​ឆ្នាំ​មុន​។ ទោះ​ជាយ៉ាង​ណា លោក គឹម សុជាតិ មេធាវី​របស់​លោក អាត់ ធន់ បាន​លើក​ឡើង​ថា កូនក្ដី​របស់​លោក​បាន​ស្នើ​សុំ​ពន្យារ​ពេល​ ព្រោះ​គាត់​រវល់​ការ​ងារ​ផ្សេង​។

លោក អាត់ ធន់ ក៏ស្ថិត​ក្នុង​ចំណោម​មេដឹកនាំ​សហជីព​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់ពីបទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​តវ៉ា​របស់​កម្មករ​រោងចក្រ​កាត់​ដេរ​កាលពី​ខែធ្នូ និង​ខែ​មករាដែរ ហើយ​តុលាការ​គ្រោង​នឹង​សាក​សួរ​លោក​នៅ​ក្នុង​ករណី​នេះ​នៅ​ថ្ងៃ​ព្រហស្បតិ៍។

ការ​កំណត់​ថ្ងៃ​សាកសួរ​មេដឹកនាំ​សហជីព​​​បន្ត​បន្ទាប់​​ភ្លាមៗនេះ​ ត្រូវ​បាន​ធ្វើ​ឡើងនៅពេល​ដែល​មាន​ការ​ចរចា​រវាង​សហជីព​ រោងចក្រ​ និង​រដ្ឋាភិបាល​ជុំវិញ​ប្រាក់​ខែ​គោល​ថ្មី​នៅ​ក្នុង​វិស័យ​កាត់​ដេរ​ ដែល​សព្វថ្ងៃ​គឺ​ត្រឹម​តែ​១០០ដុល្លារ​នោះ បាន​ឈាន​ដល់​ដំណាក់​កាលចុង​ក្រោយ​។

រដ្ឋាភិបាល​ និង​រោងចក្រ ដែល​មាន​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) ជា​តំណាង​នោះ​ ចង់​ឲ្យ​​ប្រាក់​ខែ​គោល​ត្រូវ​បាន​ដំឡើង​បន្ថែម​ត្រឹម​​១០ដុល្លារ​ប៉ុណ្ណោះ​។ រីឯ​សហជីព​វិញ​កំពុង​រៀបចំ​ធ្វើ​យុទ្ធនាការ​នៅ​ទូទាំង​ប្រទេស​​ ដើម្បី​ទាមទារ​ឲ្យ​ប្រាក់​ខែ​គោល​ថ្មី​ត្រូវ​បាន​ដំឡើង​ដល់​១៧៧​ដុល្លារ​ ហើយ​បាន​លើក​ឡើង​ថា ការ​កំណត់​ថ្ងៃ​សាកសួរ​របស់​តុលាការ​​ គឺ​ជា​មធ្យោបាយ​ដើម្បី​បន្ទុចបង្អាក់​ និង​បំភិត​បំភ័យពួកគេ​។

ទោះបី​ជា​ដូច្នោះ​ក៏ដោយ សហជីព​បាន​លើក​ឡើង​ថា ផែន​ការ​របស់​ខ្លួន​នឹង​នៅ​តែ​បន្ត​ទៅ​មុខ។ លោក គង់​ អាទិត្យ អនុប្រធាន​សម្ព័ន្ធសហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​ឲ្យ​ដឹង​ថា សហជីព​បាន​បោះ​ពុម្ព​អាវ​យឺត​ចំនួន​៣.០០០​អាវ និង​ស្ទីកគ័រ​ចំនួន​៥០.០០០ ដែល​មាន​​សរសេរ​​អំពី​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​។ សហជីព​គ្រោង​បោះ​ពុម្ព​អាវ​យឺត​ចំនួន​២.០០០​អាវ​ និង​ស្ទីកគ័រ​ចំនួន​៥០.០០០​បន្ថែម​ទៀត​នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ។

លោក អាទិត្យ បាន​មាន​ប្រសាសន៍​ថា ” នៅ​ថ្ងៃ​ទី​១៧ អំឡុង​ពេល​សម្រាក​​ទទួល​ទាន​​អាហារ​ថ្ងៃ​ត្រង់ ​សកម្មជន​របស់​យើង​ និង​កម្មករ​នឹង​ពាក់​អាវ​យឺត​​ហើយ​បិទស្ទីកគ័រ ហើយ​ពួកគេ​​នឹង​និយាយ​អំពី​ផែន​ការ​របស់​ GMAC ដែល​ចង់​ដំឡើង​ប្រាក់​ខែ​ឲ្យ​ត្រឹម​តែ​១០ដុល្លារ​បន្ថែម​ទៀត​ និង​អំពី​ការ​ទាម​ទារ​ផ្ទាល់​ខ្លួន​របស់​ពួកគេ”។

នៅ​ក្នុង​ទិវា​សកម្មភាព​ពិភព​លោក​ សហជីព​អន្តរជាតិ​ចំនួន​បី​​ក៏​​នឹង​មាន​ផែន​ការ​បង្ហាញ​ការ​សាមគ្គី​របស់ពួកគេ​ជាមួយ​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​​ប្រទេស​កម្ពុជា​ផង​ដែរ តាម​រយៈ​​ការ​តវ៉ា​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញានេះ​នៅ​ឯស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​អូស្ត្រាលី កាណាដា សហរដ្ឋអាមេរិក និង​នៅទូទាំង​តំបន់​អឺរ៉ុប​។

លោក ជា មុនី បាន​លើក​ឡើង​ថា សហជីព​របស់​លោក​នឹង​មិន​ចូល​រួម​ក្នុង​យុទ្ធនាការ​ទាម​ទារ​ដំឡើង​​ប្រាក់​ខែ​គោល​១៧៧​ដុល្លារ​នោះឡើយ ប៉ុន្តែ​លោក​បាន​បដិសេធ​មិន​ពន្យល់​ពី​មូលហេតុ​ឡើយ​៕ ស៊ុយឈាង​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស