38 C
Phnom Penh

នគរបាល​ចាប់ខ្លួន​បុរស​សរសៃប្រសាទម្នាក់​ពី​បទ​សម្លាប់​មនុស្ស​បីនាក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​បាល​ និង​បុគ្គលិក​សិទ្ធិ​មនុស្ស​ម្នាក់​បាន​លើក​ឡើង​ថា នគរ​បាល​បាន​ចាប់​ខ្លួន​បុរស​សរសៃ​ប្រសាទ​ម្នាក់​កាលពី​ម្សិលមិញ ​បន្ទាប់​ពី​បុរសរូប​នេះ​បាន​កាប់​ប្ដី​ប្រពន្ធ​វ័យ​ចំណាស់ និង​កូន​ប្រុស​របស់​ពួកគាត់​ឲ្យ​ស្លាប់ ខណៈដែល​ពួកគាត់កំពុង​​ដេក​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុង​ស្រុក​ជ័យសែន ខេត្ត​ព្រះវិហារ។

យោង​តាម​លោក កែវ ចំរើន ស្នង​ការ​រង​នគរ​បាល​ខេត្ត​បាន​ឲ្យ​ដឹង​ថា វ៉ាត ប៊ុនធឿន ​អាយុ​២៥​ឆ្នាំ ដែល​នគរ​បាល​លើក​ឡើង​ថា ធ្លាប់​មាន​ជំងឺ​សរសៃ​ប្រសាទ​​ជាយូរ​មក​ហើយ​នោះ ​បាន​ស្រវឹង​ស្រា​នៅ​ពេល​​លប​ចូល​ទៅក្នុង​ផ្ទះរបស់​ជនរងគ្រោះ​ស្ថិត​ក្នុង​ឃុំខ្យង នៅ​ម៉ោង​ប្រហែល​៥ទៀបភ្លឺ​កាលពី​ព្រឹក​ម្សិលមិញ ហើយ​បាន​យក​ពូថៅ​កាប់​ពួកគាត់ ខណៈ​ពេល​ពួកគាត់​កំពុង​ដេក​លក់​។

លោក ចំរើន បាន​កំណត់​អត្ត​សញ្ញាណ​ជនរងគ្រោះ​ទាំង​បី​នាក់គឺ​ឈ្មោះ ចិន ជិន អាយុ​៦៦​ឆ្នាំ ប្រពន្ធ​របស់​គាត់​គឺអ្នកស្រី មាស ឯម អាយុ​៧៣​ឆ្នាំ និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ ចិន ទាម អាយុ​៣៩​ឆ្នាំ​។ លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​គ្រួសារ​នេះ​រស់​នៅ​ជិត​ផ្ទះ​ឈ្មោះ ប៊ុនធឿន ដែរ ប៉ុន្តែ​ថា ពួកគេ​មិន​ស្គាល់គ្នា​ទេ។

លោក ចំរើន បាន​មាន​ប្រសាសន៍​ថា ” នៅ​ពេល​ជនសង្ស័យ​ស្រវឹង​ស្រា​ ជននេះ​តែង​តែ​ធ្វើ​រឿង​ឆ្កួតៗ​”។ លោក​បាន​បន្ថែម​ថា លោក​មិន​ដឹង​ថា ឈ្មោះ​ ប៊ុនធឿន ​មាន​ជំងឺ​សរសៃ​ប្រសាទ​នេះ​យូរ​ប៉ុណ្ណា​នោះ​ទេ ឬ​មិន​ដឹង​​ពី​ព័ត៌មាន​លម្អិត​ផ្សេងទៀត​អំពី​ស្ថាន​ភាព​ជំងឺ​សរសៃ​​ប្រសាទ​របស់​ជននេះ​ឡើយ​។

លោក​ ចំរើន បាន​មាន​ប្រសាសន៍​ថា ​ដោយ​ទទួល​បាន​ព័ត៌មានពី​អ្នកជិត​ខាង​ នគរ​បាល​ស្រុក​បាន​ឡោមព័ទ្ធ​ផ្ទះ​គ្រួសារ​ដែល​ត្រូវបាន​សម្លាប់​នោះ ខណៈ​ដែល​ឈ្មោះ ប៊ុនធឿន នៅ​ក្នុង​ផ្ទះ​នោះ​នៅឡើយ ហើយ​យើង​បាន​ចាប់​ខ្លួនជននេះ​ដោយ​ស្រួល​។

លោក​បាន​មាន​ប្រសាសន៍​ថា ” នេះ​គឺ​ជា​ករណី​កម្រ​​កើត​ឡើង​ ដែល​ក្នុង​នោះ​មនុស្ស​បី​នាក់​បាន​ស្លាប់​ក្នុង​មួយ​ប៉ប្រិច​ភ្នែក​”។ លោក​បាន​បន្ថែម​ថា ឈ្មោះ ប៊ុនធឿន នេះ​នឹង​ត្រូវ​បញ្ជូនទៅ​សាលា​ដំបូង​ខេត្ត​ព្រះវិហារ​ដើម្បី​ធ្វើ​ការ​ចោទ​ប្រកាន់​នៅ​ថ្ងៃ​នេះ។

លោក ឡោ ចាន់ អ្នក​ឃ្លាំមើល​អង្គការ​សិទ្ធិមនុស្ស​អាដហុកប្រចាំ​ខេត្ត​ព្រះវិហារ​បាន​មាន​ប្រសា​សន៍​ថា អង្គការ​នេះ​បាន​ឃ្លាំ​មើល​ករណី​មនុស្ស​ឃាត​នេះ​យ៉ាង​ដិត​ដល់ ពីព្រោះ​ជនសង្ស័យគឺ​ជា​មនុស្ស​សរសៃ​ប្រសាទ​។

លោក ឡោ ចាន់ បាន​មាន​ប្រសាសន៍​ថា ” យើង​សោក​ស្ដាយ​ណាស់​​ដោយទទួល​បាន​ដំណឹង​នេះ ប៉ុន្តែ​យើង​កំពុង​ឃ្លាំ​មើល​ករណី​នេះ​ ពីព្រោះ​យើង​ទទួល​ព័ត៌មាន​ថា ឃាតករ​រូបនេះមាន​ជំងឺ​សរសៃ​ប្រសាទ​។ អ្នក​ភូមិ​បីនាក់​បាន​ស្លាប់​ក្នុង​រយៈពេល​មិន​ដល់​មួយ​នាទី​ផង​ ហើយ​យើង​មិន​ដែល​បាន​ជួប​ជនសង្ស័យ​នេះ​ពីមុន​មក​ឡើយ​”៕ សារុន​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស