យោតាមព្រះសង្ឃនិងក្រុមមន្ត្រីបានឲ្យដឹងថា ព្រះសង្ឃមួយក្រុមប្រមាណប្រាំមួយអង្គបានបោះបង់ការធ្វើកូដកម្មមិនឆាន់ចង្ហាន់នៅក្រៅស្ថានទូតចិនកាលពីព្រឹកថ្ងៃសៅរ៍ បន្ទាប់ពីសន្តិសុខមួយក្រុមប្រហែល២០នាក់បានមកដល់ ហើយបានប្រាប់ព្រះអង្គឲ្យនិមន្តទៅតវ៉ានៅទីលានប្រជាធិបតេយ្យ។
ព្រះតេជគុណ លី ចាន់ណេត សកម្មជនព្រះសង្ឃ និងជាអ្នករិះគន់រដ្ឋាភិបាលខ្លាំងៗដែលគង់នៅវត្តស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញមានសង្ឃដីកាថា កូដកម្មមិនឆាន់ចង្ហាន់ដែលបានគ្រោងទុកនេះមានន័យថា ដើម្បីទាក់ទាញចំណាប់អារម្មណ៍អំពីការជាប់ពាក់ព័ន្ធរបស់ប្រទេសចិនក្នុងការសាងសង់ទំនប់វារីអគ្គិសនីស្ទឹងឆាយអារ៉ែងនៅក្នុងខេត្តកោះកុង ដែលកំពុងត្រូវបានសាងសង់ដោយក្រុមហ៊ុន Sinohydro ជាក្រុមហ៊ុនសាងសង់ទំនប់វារីអគ្គិសនីរបស់ចិន ហើយរំពឹងថា នឹងបង្ខំឲ្យអ្នកភូមិ១.៥០០គ្រួសារចាកចេញពីដីដូនតារបស់ខ្លួន។
ព្រះតេជគុណបានមានសង្ឃដីកាថា “យើងមិនចង់ឲ្យស្ថានទូតមកបំផ្លាញព្រៃនិងធនធានរ៉ែឡើយ។ ដូច្នេះហើយ យើងត្រូវតែមកកាន់ស្ថានទូតដើម្បីសម្តែងយោបល់របស់យើងថា យើងមិនអនុញ្ញាតឲ្យបរទេសណាធ្វើអ្វីស្រេចតែចិត្តឡើយ”។
លោក ជ គឹមស អភិបាលរងខណ្ឌចំការមន បានមានប្រសាសន៍ថា ព្រះសង្ឃទាំងនេះត្រូវមានការអនុញ្ញាតពីសាលារាជធានីដើម្បីធ្វើការតវ៉ានៅក្រៅទីលានប្រជាធិបតេយ្យ ជាកន្លែងដែលបានកំណត់សម្រាប់ការតវ៉ានៅក្នុងរាជធានី។
លោកបានមានប្រសាសន៍ថា “ព្រះអង្គអាចធ្វើអ្វីក៏បានដែរនៅទីលានប្រជាធិបតេយ្យ វាជាសិទ្ធិរបស់ព្រះអង្គ។ ព្រះអង្គមិនអាចធ្វើអ្វីតាមដែលព្រះអង្គចង់ធ្វើបានឡើយនៅទីនេះ”៕ស៊ុយឈាង