30.7 C
Phnom Penh

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​អ្នក​កាសែត​និង​កម្មករ​សំណង់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​និង​សហការី​របស់​ជន​សង្ស័យ​ម្នាក់​បាន​និយាយ​កាលពី​ម្សិលមិញ​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាលកាលពី​ថ្ងៃ​សុក្រ បាន​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​២​នាក់​និង​កម្មករ​សំណង់​ម្នាក់​នៅ​ក្រុង​កំពត ពីបទ​សង្ស័យ​ថា​បាន​គំរាម​ទារ​ប្រាក់​ពី​អភិបាល​រង​ខេត្តម្នាក់។​​​

លោក ងឹម វ៉ាត អធិការ​នគរបាល​ក្រុង​កំពត​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា លោក ហុក លី អ្នក​យក​ព័ត៌មាន​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៩ និង​ម្នាក់​ទៀត​ឈ្មោះ សរ ស៊ុនលី ធ្វើ​ការ​ឲ្យ​កាសែត​កម្ពុជា​ថ្មី​និង​ទូរទស្សន៍​ហង្សមាស រួម​ជាមួយ​នឹង​ឈ្មោះ សុខ សុវណ្ណ ជា​កម្មករ​សំណង់ ត្រូវ​បាន​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​កាលពី​ល្ងាច​ថ្ងៃ​សុក្រ។

លោកអធិការរូបនេះបាន​មាន​ប្រសាសន៍​ថា “យើង​មិន​ដឹងមូលហេតុ​ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ចាប់​ខ្លួន​ពួកគេ​នោះ​ទេ ពីព្រោះ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ធ្វើការ​ដោយ​ឯករាជ្យ ហើយ​មិន​សហការ​ជាមួយ​យើង​ទេ”។

លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​បញ្ជាក់​ថា អង្គភាព​របស់លោក​បាន​ចាប់​ខ្លួន​មនុស្ស​៣​នាក់ ប៉ុន្តែ​បាន​បដិសេធ​មិន​អធិប្បាយ​លើសពី​នេះ​ទេ។

ប៉ុន្តែ លោក មាស រិទ្ធី អ្នកអាន​ព័ត៌មានទូរទស្សន៍​ហង្សមាស បាន​មាន​ប្រសាសន៍​ថា មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ម្នាក់ ដែល​លោក​មិន​ប្រាប់​ឈ្មោះ បាន​ប្រាប់​លោក​ថា ការ​ចាប់​ខ្លួន​ពាក់ព័ន្ធ​នឹង​ការ​ប៉ុនប៉ង​របស់​លោក លី ដើម្បីគំរាម​ទារ​ប្រាក់​ពី​អភិបាល​រង​ខេត្ត​ម្នាក់។

លោក រិទ្ធី បាន​មាន​ប្រសាសន៍​ថា លោក ស៊ុនលី ត្រូវ​គេ​ចោទថា​ជា​អ្នក​សមគំនិត ហើយ​ថា លោក​មិន​បាន​ដឹង​មូលហេតុ​ដែល​លោក សុវណ្ណ ជា​កម្មករ​សំណង់ ត្រូវ​បាន​ចាប់​ខ្លួន​ជាមួយ​អ្នកទាំង​២​នោះ​ទេ។

លោក រិទ្ធី មាន​ប្រសាសន៍​ថា “មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​បាន​ប្រាប់​ខ្ញុំ​ថា លោក ហុក លី បាន​ព្យាយាម​គំរាម​ទារ​ប្រាក់​១.០០០​ដុល្លារ​ពី​អភិបាល​រង​ម្នាក់” ហើយ​ថា​លោក​មិន​បាន​ស្គាល់​ឈ្មោះ​អភិបាល​រង​នោះ​ទេ។

នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក​កាលពី​ថ្ងៃ​ទី​៧​ខែ​កញ្ញា លោក លី បាន​ចោទ​អភិបាល​រង​ខេត្ត​ម្នាក់ថា មិន​បាន​ទូទាត់​ថ្លៃ​ដី​ឲ្យ​អ្នក​ភូមិ ដែល​លោក​បាន​រៀបចំ​ដើម្បី​ទិញ​ពី​អ្នក​ភូមិ និង​ថា​បាន​រំលោភ​យក​ដី​ដែល​កាន់កាប់​ដោយ​អ្នក​ភូមិ​មួយ​ក្រុម​ផ្សេងទៀត៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស