29 C
Phnom Penh

អ្នកភូមិ​បួន​គ្រួសារ​នៅ​ខណ្ឌ​ជ្រោយ​ចង្វា​មិន​ព្រម​ទទួលយក​សំណង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​ភូមិ​បួន​គ្រួសារ ដែល​បដិសេធ​មិនទទួល​យក​សំណង​ចំនួន​៥០០​​ដុល្លារ​ដើម្បីចាក​ចេញ​ពីខ្ទមរបស់​ពួកគាត់​នៅ​លើ​ដីអភិវឌ្ឍន៍​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​ជ្រោយ​ចង្វានោះ ត្រូវ​បាន​​អាជ្ញាធរ​បង្គាប់កាលពីម្សិលមិញ​ឲ្យ​ចាកចេញ​​ត្រឹម​ថ្ងៃនេះ​ បើ​មិន​ដូច្នោះ​ទេ ខ្ទម​របស់​ពួក​គាត់​នឹង​ត្រូវ​​វាយ​កម្ទេច​ចោល​ដោយ​គ្មាន​សំណង​អ្វីឡើយ​។

កាលពី​ថ្ងៃ​សុក្រ ក្រុម​ហ៊ុន​វិនិយោគទុន​អាណិក​ជន​កម្ពុជា​(OCIC) បាន​រុះ​រើ​ខ្ទមចំនួនប្រាំបី​ក្នុង​ចំណោម​ខ្ទម​ចំនួន​១៦​​ស្ថិត​ក្នុង​ភូមិ​ដើមគរ២ដែល​​អ្នក​ភូមិ​ទាំងនោះ​រួម​មាន​យោធិនពិការ​មួយ​ចំនួន​​និង​អ្នក​ភូមិ​បួន​គ្រួសារ​ទៀត​បាន​យល់ព្រមចាកចេញ​កាលពី​ម្សិលមិញ។ ប៉ុន្តែ​អ្នក​ភូមិ​បួន​គ្រួសារ​​មិនព្រម​ចាកចេញ​ឡើយ​។

លោក ប៉ិច សារឿន ​ចៅសង្កាត់​ជ្រោយចង្វា បាន​មាន​ប្រសាសន៍​ថា ” អ្នក​ភូមិ​បួន​គ្រួសារ​បាន​ទទួល​យក​សំណង​ចំនួន​២លាន​រៀល​នៅ​ថ្ងៃ​នេះ​ ហើយ​បួន​គ្រួសារ​ទៀត​បាន​បដិសេធ​”។ លោក​បាន​បន្ថែម​ថា មន្ត្រី​សង្កាត់​ពីរ​នាក់​ និង​តំណាង​ក្រុមហ៊ុនពីរ​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​ដោះ​ស្រាយ​ជាមួយអ្នក​ភូមិដែល​ក្រាញមិន​ព្រម​ចាកចេញទាំង​នោះ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ទុក​ពេល​មួយ​ថ្ងៃ​ទៀត​សម្រាប់​អ្នក​ភូមិ​បួនគ្រួសារ​ ដើម្បី​​ឲ្យ​ពួកគាត់​ចាក​ចេញ​ ហើយ​បន្ទាប់​មក​យើង​នឹង​រុះខ្ទម​របស់​គ្រួសារទាំង​នេះ​នៅ​​ថ្ងៃ​ស្អែក ប្រសិន​បើ​ពួកគាត់​នៅ​តែ​រស់​នៅ​លើ​ដី​នោះទៀត”។

ក្នុង​ចំណោម​អ្នកក្រាញមិនព្រម​ចាកចេញទាំង​នោះគឺ​ឈ្មោះ ខន សុឃុន អាយុ​៥៣​ឆ្នាំ ជា​ធោធិន​ពិការភ្នែក​ និង​ជា​អតីត​ទាហាន​ដែល​ស្ថិត​ក្នុង​ចំណោម​​ក្រុម​​អ្នកភូមិ​ ដែល​​បាន​​អំពាវនាវ​ឲ្យ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្វើ​អន្តរាគមន៍​ និង​ផ្ដល់​ដី​សម្បទាន​សង្គម​កិច្ច​ដល់ពួកគាត់ដើម្បី​រស់​នៅ​។

លោក សុឃុន ដែល​ក្រុម​គ្រួសារ​របស់​គាត់​​មាន​ដី​មួយ​ក្បាល​ទំហំ​​​៣ម៉ែត្រ​គុណ​នឹង​៤ម៉ែត្រ​ចាប់​តាំង​ពី​ឆ្នាំ​២០០៨មក​ បាន​និយាយ​ថា មនុស្ស​បួន​នាក់​គឺ​អាជ្ញាធរ​មូលដ្ឋាន និង​បុគ្គលិក​ក្រុម​ហ៊ុន​បាន​មក​ជួប​គាត់​កាលពី​ម្សិលមិញ​ហើយប្រាប់​គាត់​ថា គាត់​អាច​ចាកចេញ​ហើយ​​ទទួល​យក​ប្រាក់​៥០០​ដុល្លារ​ បើ​មិន​ដូច្នោះ​ទេ ខ្ទម​របស់គាត់​ត្រូវ​បាន​រុះ​រើ​នៅ​ថ្ងៃ​នេះ​ ហើយ​មិន​ទទួល​បាន​អ្វី​សោះឡើយ​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​នឹង​មិន​ចាក​ចេញ​ទេ ពីព្រោះ​ខ្ញុំ​ជាជនពិការ​ភ្នែក ហើយ​ខ្ញុំ​មិន​ដឹង​ទៅ​រស់​នៅ​ឯណា​ឡើយ”។

លោក យឿន វិចិត្រ អាយុ​២៧​ឆ្នាំ ជាអ្នក​រត់ម៉ូតូឌុប​ម្នាក់​​ស្ថិតក្នុង​ចំណោម​មនុស្ស​បួន​គ្រួសារ​​ដែល​បាន​ទទួល​យក​សំណង​ពី​ក្រុម​ហ៊ុន OCIC កាលពី​ម្សិលមិញ។ លោក​បាន​ឲ្យ​ដឹង​​ថា ខ្សាច់​ដែល​គេបូម​ចូល​ទៅ​ក្នុង​តំបន់នៅជុំវិញ​នោះ​​ដើម្បី​សាង​សង់​ក្រុង​រណប​ដែល​ក្រុម​ហ៊ុន​បាន​គ្រោង​ទុក​លើ​ផ្ទៃដី​ទំហំ​៣៨៧​ហិកតា ​បាន​មក​ដល់​ខ្ទម​របស់គាត់​ហើយ​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​បាន​ទទួល​យក​សំណង​នោះ ពីព្រោះអាជ្ញាធរ​បាន​គំរាម​រុះ​ខ្ទម​របស់​ខ្ញុំ ហើយ​ពួកគេ​បាន​ប្រាប់​យើង​ថា យើង​នឹង​មិន​ទទួល​បាន​អ្វី​សោះ​ឡើយ​នៅ​ពេល​ពួក​គេ​មក​រុះ​រើ​នៅ​ថ្ងៃ​ស្អែក​”៕ សារុន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស