ឧត្តមសេនីយ៍យោធាផ្កាយ២ម្នាក់ដែលត្រូវគេតាមចាប់ពីបទសម្លាប់ភរិយានិងកូនស្រីអាយុ៦ឆ្នាំរបស់ខ្លួនយ៉ាងព្រៃផ្សៃនោះ ត្រូវបានគេចាប់ខ្លួននៅប្រទេសថៃកាលពីថ្ងៃសៅរ៍ និងបញ្ជូនមកក្រុងភ្នំពេញវិញ ហើយត្រូវចោទពីបទមនុស្សឃាតគិតទុកជាមុនកាលពីម្សិលមិញ។
យោងតាមនគរបាលបានឲ្យដឹងថា លោក គឹម ម៉ារីនថា ឧត្តមសេនីយ៍ទោកងយោធពលខេមរភូមិន្ទ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពេលកំពុងព្យាយាមឆ្លងព្រំដែនថៃ-ឡាវតាមរថយន្ត។ ក្រុមមន្ត្រីបាននិយាយថា តុលាការក្រុងភ្នំពេញបានចោទរូបលោកកាលពីម្សិលមិញ។
ឧត្តមសេនីយ៍ទោ ម៉ារីនថា ជាប់ចោទពីបទសម្លាប់ភរិយារបស់គាត់ឈ្មោះ វ៉ា ដារី អាយុ៣០ឆ្នាំ និងកូនស្រីរបស់ពួកគេអាយុ៦ឆ្នាំ ដែលសាកសពស្អុយរលួយរបស់អ្នកទាំង២ត្រូវបានរកឃើញនៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីខែមីនា។
លោក កែវ សុជាតិ ព្រះរាជអាជ្ញារង បានមានប្រសាសន៍ថា “គាត់ជាប់ចោទពីបទមនុស្សឃាតដោយគិតទុកជាមុន ដែលនឹងមានទោសជាប់ពន្ធនាគារមួយជីវិត”។
ចៅក្រម ឃី ឆៃ មានប្រសាសន៍ថា ឧត្តមសេនីយ៍រូបនេះត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃសរង់ចាំការវិនិច្ឆ័យទោស។
លោក ព្រំ សារឿន អនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ឧត្តមសេនីយ៍ទោ ម៉ារីនថា បានភៀសខ្លួនទៅប្រទេសថៃប្រហែលមួយខែមកហើយ បន្ទាប់ពីកូនប្រសាប្រុសរបស់គាត់ ឈ្មោះ ជា សុខសំណាង ត្រូវបានចាប់ខ្លួន ព្រោះជាអ្នកសមគំនិតក្នុងរឿងឃាតកម្មនេះ។
លោក សារឿន មានប្រសាសន៍សំដៅដល់ទីភ្នាក់ងារនគរបាលអន្តរជាតិថា “នគរបាលអាំងទែប៉ូលខ្មែរបានទៅប្រទេសថៃកាលពីថ្ងៃទី១២ខែកញ្ញា ពីព្រោះយើងដឹងថា គាត់បានព្យាយាមឆ្លងព្រំដែនថៃ-ឡាវ”។
លោកបានបន្ថែមទៀតថា “អាំងទែប៉ូលខ្មែរ និងអាំងទែប៉ូលថៃ បានចាប់ខ្លួនជនសង្ស័យរូបនេះ”។
ឧត្តមសេនីយ៍ទោ ម៉ារីនថា ជាម្ចាស់ក្រុមហ៊ុនដឹកអ្នកដំណើរ ជី អេស ធី អិុចប្រេស នៅក្រុងភ្នំពេញ ត្រូវបានគេដាក់បញ្ចូលក្នុង
បញ្ជីនៃមនុស្សដែលត្រូវចាប់ខ្លួនបំផុតរបស់អាំងទែប៉ូលកាលពីដើមខែនេះ រួមជាមួយកូនប្រុស គឹម សែមរិទ្ធី របស់គាត់ ដែលគេចខ្លួននៅឡើយ ហើយត្រូវគេតាមចាប់ ព្រោះសង្ស័យថាជួយលាក់សាកសព និងប្រើអាវុធខុសច្បាប់។
លោក សារឿន បានឲ្យដឹងថា “កូនប្រុសរបស់គាត់បានទៅជាមួយកូនប្រសាប្រុសរបស់គាត់ដើម្បីទម្លាក់សពចោល”។
យោងតាមរបាយការណ៍នគរបាលព្រហ្មទណ្ឌបានឲ្យដឹងថា ឧត្តមសេនីយ៍ទោ ម៉ារីនថា បានបញ្ជាបុគ្គលិករបស់គាត់នៅក្រុមហ៊ុន ជី អេស ធី ឲ្យទិញ “ថង់ប្លាស្ទិកខ្មៅធំ” កាលពីថ្ងៃទី១២ខែកុម្ភៈ ពោលគឺ៣ថ្ងៃមុនគេសង្ស័យថា គាត់បានធ្វើឃាតភរិយានិងកូនស្រីរបស់គាត់។ ធុងទឹកកកធំមួយក៏បានទិញដែរ។
របាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី១៤ខែកុម្ភៈ ឧត្តមសេនីយ័ទោ ម៉ារីនថា បាននាំគ្រួសាររបស់គាត់ទៅលេងឪពុកម្តាយខាងប្រពន្ធរបស់គាត់ នៅខេត្តកំពង់ចាម ដែលនៅទីនោះ ការទាស់សម្តីគ្នាបានផ្ទុះឡើងរវាងឧត្តមសេនីយ៍រូបនេះនិង វ៉ា ដារី អំពីទំនាក់ទំនងតាមអិុនធើណិត របស់អ្នកស្រីជាមួយបុរសម្នាក់នៅប្រទេសជប៉ុន។
របាយការណ៍បានឲ្យដឹងទៀតថា អ្នកមីង មី លីលី អាយុ៥០ ជាម្តាយរបស់ វ៉ា ដារី បានប្រាប់នគរបាលថា បន្ទាប់ពីឈ្លោះទាស់ទែងគ្នារួច កូនស្រីរបស់អ្នកមីងចង់លែងលះគ្នា។
យោងតាមរបាយការណ៍ដដែលបានឲ្យដឹងថា នៅថ្ងៃទី១៥ខែកុម្ភៈ ឧត្តមសេនីយ៍ទោ ម៉ារីនថា បាននាំភរិយានិងកូនស្រីរបស់គាត់មកលេងការិយាល័យធំរបស់ក្រុមហ៊ុន ជី អេស ធី នៅប្រហែលម៉ោង៣រសៀល ហើយក៏បានចេញមកតែម្នាក់ឯង។
ជាច្រើនម៉ោងក្រោយមក ប្រហែលជាពេលអធ្រាត្រ កូនប្រសារបស់គាត់បានមកដល់ការិយាល័យនោះ ហើយបានចាត់ឲ្យសន្តិសុខម្នាក់លើកធុងទឹកកកដ៏ធំដាក់ចូលរថយន្តឡិចស៊ីស (LexusSUV)។ របាយការណ៍បានឲ្យដឹងទៀតថា បន្ទប់របស់ឧត្តមសេនីយ៍មានសភាពរប៉ាត់រប៉ាយ និងមានសក់វែងៗជ្រុះពាសពេញបន្ទប់។
របាយការណ៍ឲ្យដឹងទៀតថា “ជនរងគ្រោះ២នាក់ត្រូវបានសម្លាប់ដោយកាច់បំបាក់ក”។
នៅថ្ងៃទី១៦ខែកុម្ភៈ ឧត្តមសេនីយ៍ទោ ម៉ារីនថា បានឲ្យគេប្តូរកាមេរ៉ាសុវត្ថិភាព ដើម្បីបំបាត់ភ័ស្តុតាងនៃការលើកធុងទឹកកកដាក់ចូលរថយន្ត SUV។
ពេលចាកចេញពីតុលាការក្រុងកាលពីម្សិលមិញ ឧត្តមសេនីយ៍ទោ ម៉ារីនថា បានបដិសេធមិនធ្វើអធិប្បាយអំពីការចោទប្រកាន់លើរូបលោកឡើយ។
លោកបាននិយាយថា “ខ្ញុំមិនចង់និយាយអ្វីទេ។ ខ្ញុំគ្មានពេលច្រើនទេ ខ្ញុំចង់និយាយជាមួយមេធាវីរបស់ខ្ញុំ”។
លោក ម៉ែន សូម៉ូនី ជាមេធាវីរបស់ឧត្តមសេនីយ៍ទោ ម៉ារីនថា ក៏បានបដិសេធមិនអធិប្បាយដែរ៕មានិត