34 C
Phnom Penh

អាជ្ញាធរ​សន្យា​ថា​នឹង​បោះ​ព្រំដី​ដែល​មាន​ជម្លោះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​នៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ បាន​សន្យា​ថា​នឹង​បន្ត​ធ្វើ​ការ​កំណត់​ព្រំដី​ទំហំ​៥,៦៧​ហិកតា​នៅ​សប្តាហ៍​នេះ បន្ទាប់ពី​ស្ត្រី​អាយុ​៦៨​ឆ្នាំ​ម្នាក់ ដែល​អះអាង​ថា​ជា​ម្ចាស់ដី​ស្រប​ច្បាប់នោះ បាន​បង្អាក់​ការ​​បោះ​ព្រំដី​នេះ​កាលពី​សប្តាហ៍​មុន។​​​

អ្នកស្រី ហ៊ួត សារុំ មាន​ជម្លោះ​ជាមួយ​អ្នក​ភូមិ​១២០​នាក់ ដែល​បាន​លក់ដី​នោះ​សឹងតែ​ទាំង​អស់​ឲ្យ ឈ្មោះ ឌី ព្រឹម ជា​ជីដូនមួយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។

អ្នក​ស្រី សារុំ និយាយ​ថា អ្នកស្រី​បាន​និង​កំពុង​ធ្វើ​ស្រែ​​លើ​ដី​នេះ​តាំង​ពី​ឆ្នាំ​១៩៧៩​មកម៉្លេះ ប៉ុន្តែ​ឆ្នាំ​មុន គណៈ​រដ្ឋមន្ត្រី​បាន​ធ្វើ​អន្តរាគមន៍ ហើយ​ផ្តល់​ដី​តែ​មួយ​ហិកតា​ប៉ុណ្ណោះឲ្យ​អ្នកស្រី សារុំ ចំណែក​ដី​ដែលសល់​ពីនោះ​ឲ្យ​ទៅ​អ្នក​ភូមិ។

កាលពី​ថ្ងៃ​ពុធ ដោយ​មាន​កាន់​កណ្តៀវ​នៅនឹង​ដៃ​ផង​នោះ អ្នកស្រី សារុំ បាន​តតាំងនឹង​កងរាជអាវុធហត្ថ និង​នគរបាល​ខណ្ឌ​រាប់សិប​នាក់ ដែល​ទទួល​បញ្ជា​មក​ការពារ​អ្នកភូមិ ដែល​ព្យាយាម​បោះបង្គោល​ព្រំដី​ដែលមាន​ជម្លោះ​នោះ។

នៅ​ថ្ងៃ​បន្ទាប់​មកទៀត លោក ហែម ដារិទ្ធ អភិបាល​ខណ្ឌពោធិ៍សែនជ័យ បាន​ចេញសេចក្តី​ជូន​ដំណឹង​មួយ​ ប្រកាស​ឲ្យ​ដឹង​ថា អាជ្ញាធរ​នឹង​ព្យាយាម​ជាថ្មីទៀត​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​របស់​ទីស្តីការ​គណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ព្រហស្បតិ៍។

លោក ដារិទ្ធ បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញ​ថា “តាង​នាម​​អាជ្ញាធរ​មូលដ្ឋាន យើង​ត្រូវ​អនុវត្តសេចក្តី​ជូនដំណឹង​នោះ ដោយ​មិន​គិត​ថា សេចក្តី​ជូនដំណឹង​នោះ​ខុស ឬត្រូវ​នោះ​ទេ”។ អ្នកស្រី សារុំ មាន​ប្រសាសន៍​ថា អ្នកស្រី​នឹង​ស៊ូ​ស្លាប់​ដើម្បីការពារដីរបស់អ្នកស្រីកំុឲ្យបាត់បង់។

អ្នកស្រី​និយាយ​ថា “ប្រសិនបើ​ដី​នេះ​របស់​អ្នកផ្សេង វា​នឹង​មិន​ពាក់ព័ន្ធ​នឹង​ខ្ញុំ​ទេ។ ប៉ុន្តែ វា​ជា​របស់​ខ្ញុំ ដូច្នេះ ខ្ញុំ​ប្តូរស្លាប់​នឹង​ដី​របស់​ខ្ញុំ”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស