នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា ទាហានម្នាក់ដែលធ្វើឲ្យជនជាតិដើមភាគតិចព្នងម្នាក់រងរបួស នៅពេលទាហានរូបនេះបានបាញ់កាំភ្លើងភ្ជុចដី ខណៈកំពុងយាមដីសម្បទានសេដ្ឋកិច្ចឲ្យក្រុមហ៊ុនចម្ការកៅស៊ូមួយ នៅក្នុងខេត្តមណ្ឌលគិរី កាលពីដើមខែនេះ នឹងមិនត្រូវបានចាប់ខ្លួនទេ ព្រោះជនរងគ្រោះ “រងរបួសតែបន្តិចបន្តួច” ប៉ុណ្ណោះ។
ខ្មាន់កាំភ្លើងដែលមិនត្រូវបានបញ្ជាក់អត្តសញ្ញាណបានបាញ់កាំភ្លើងអាកា-៤៧ភ្ជុចដីសំដៅទៅលោក តឹក ងឹម អាយុ២៨ឆ្នាំ នៅពេលគាត់ ហើយនិងអ្នកភូមិមួយក្រុមចូលទៅកាន់ដីសម្បទានសេដ្ឋកិច្ចទំហំ៨.០០០ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន ចម្ការកៅស៊ូខ្មែរ នៅពេលចូលទៅមើលអន្ទាក់សត្វដែលពួកគេបានដាក់។
វត្ថុដែលគ្រូពេទ្យបដិសេធមិននិយាយថា ជាគ្រាប់កាំភ្លើង ឬបំណែកថ្មនោះបានហោះមកបៀមជាប់ដងខ្លួនរបស់លោក តឹក ងឹម ។
ដំបូងឡើយកងរាជអាវុធហត្ថបានលើកឡើងថា ខ្លួនសង្ស័យថា ទាហានដែលបាត់ខ្លួន ភ្លាមៗក្រោយហេតុការណ៍បាញ់បោះបានកើតឡើង បានរត់គេចខ្លួនទៅផ្ទះរបស់គេនៅក្នុងខេត្តក្រចេះ។
ប៉ុន្តែ កាលពីម្សិលមិញ លោក ញ៉ែម វណ្ណី ស្នងការនគរបាលខេត្តមណ្ឌលគិរីបានឲ្យដឹងថា ទាហានរូបនេះបានត្រឡប់ទៅធ្វើការឲ្យក្រុមហ៊ុនចម្ការកៅស៊ូវិញហើយ ហើយមិនត្រូវបានដាក់ទោសទណ្ឌអ្វីឡើយ។
លោក វណ្ណី បានមានប្រសាសន៍ថា “យើងបានរកឃើញខ្មាន់កាំភ្លើងរូបនេះ ប៉ុន្តែ យើងនឹងមិនចាប់ខ្លួនរូបគេទេ ព្រោះវាគ្រាន់តែមានរបួសបន្តិចបន្តួច”។
លោកបានបន្ថែមថា អ្នកបាញ់បោះរូបនោះ គឺជាទាហានកងយោធពលខេមរភូមិន្ទ។
លោកបានមានប្រសាសន៍បន្តទៀតថា “ដំបូងឡើយទាហានរូបនេះរត់គេចខ្លួនព្រោះគាត់ភ័យស្លន់ស្លោ ប៉ុន្តែ គាត់បានត្រឡប់មកក្រុមហ៊ុនវិញ ពីរថ្ងៃក្រោយ ហើយយើងបានណែនាំគាត់កុំឲ្យបាញ់ប្រជាពលរដ្ឋទៀតនៅថ្ងៃក្រោយ។ ខ្ញុំដឹងថា ខ្មាន់កាំភ្លើងមានកំហុសតិចតួច ប៉ុន្តែ ខ្ញុំបានស្នើឲ្យអ្នកគ្រប់គ្រងក្រុមហ៊ុនចេញថ្លៃព្យាបាលឲ្យជនរងគ្រោះរួចហើយ”។
គ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីបានបដិសេធមិនធ្វើការវះកាត់លោក តឹក ងឹម អស់រយៈជាច្រើនថ្ងៃ មុនពេលអង្គការសិទ្ធិមនុស្សអាដហុកជាចុងក្រោយបានដឹកគាត់មកកាន់មន្ទីរពេទ្យនៅរាជធានីភ្នំពេញ ហើយគាត់ត្រូវបានវះកាត់យកអំបែងចេញនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតកាលពីថ្ងៃពុធ។
លោក តឹក ងឹម បាននិយាយតាមទូរស័ព្ទពីផ្ទះសំណាក់នៅរាជធានីភ្នំពេញ ជាទីដែលគាត់បានធូរស្រាលច្រើនហើយពីការវះកាត់ថា “គ្រូពេទ្យបានប្រាប់ខ្ញុំថា មានបំណែកបីត្រូវបានវះកាត់យកចេញ។ ប៉ុន្តែ នៅពេលខ្ញុំសួរថា បំណែកនោះជាអ្វី គាត់និយាយថា ហេតុអ្វីបានជាចាំបាច់ចង់ដឹងថា តើវាជាថ្ម ឬគ្រាប់កាំភ្លើង?”។
ហើយទោះបីជាមានការធានាពីលោក វណ្ណី ថា ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ នឹងចេញថ្លៃវះកាត់ក៏ដោយ ក៏លោក តឹក ងឹម បាននិយាយថា គាត់គ្មានទទួលបានអ្វីពីក្រុមហ៊ុនឡើយ។ រាល់ការចំណាយទាំងអស់គឺអង្គការអាដហុកគឺជាអ្នកចេញ។
អ្នកភូមិជនជាតិដើមភាគតិចព្នងប្រមាណ៣០០នាក់បាននាំគ្នាតវ៉ានៅខាងក្រៅសាលាឃុំបូ៊ស្រា ក្នុងស្រុកពេជ្រាដា កាលពីម្សិលមិញ ដោយទាមទារឲ្យមានការចាប់ខ្លួនទាហានដែលបាញ់លោក តឹក ងឹម ឲ្យរងរបួសមកផ្តន្ទាទោសតាមច្បាប់។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដីព្រៃដូនតារបស់អ្នកភូមិជនជាតិដើមភាគតិចព្នង ដែលរស់នៅ និងធ្វើស្រែរួម បានរងការកាប់បំផ្លាញដោយខុសច្បាប់យ៉ាងខ្លាំង ហើយផ្នែកខ្លះនៃដីព្រៃដូនតារបស់ពួកគាត់ត្រូវបានរដ្ឋាភិបាលចុះហត្ថលេខាប្រគល់ឲ្យក្រុមហ៊ុនឯកជនមួយចំនួនដើម្បីធ្វើជាដីសម្បទានសេដ្ឋកិច្ច។
បន្ថែមពីលើទុក្ខលំបាករបស់សហគមន៍ទៀតនោះគឺដីសម្បទានសេដ្ឋកិច្ចសង្គមដែលត្រូវបានផ្តល់កាលពីឆ្នាំ២០០៩ទៅឲ្យបងប្អូនខ្មែរអីុស្លាមរាប់រយគ្រួសារមកពីខេត្តកំពង់ចាម ដោយវាបានត្រួតស៊ីគ្នាទៅនឹងដីដែលអ្នកភូមិជនជាតិដើមភាគតិចព្នងបានអះអាងថា ជារបស់ខ្លួនជាយូរមកហើយ។
ស្របពេល ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរកំពុងតែជីកប្រឡាយ ដែលនឹងខណ្ឌចែកអ្នកភូមិជនជាតិដើមភាគតិចព្នង ពីដីដែលពួកគាត់ធ្លាប់បរបាញ់សត្វ និងរកឈើមកសាងសង់លំនៅដ្ឋាន ក្រុមហ៊ុនចម្ការកៅស៊ូពីរផ្សេងទៀតគឺក្រុមហ៊ុន Socfin និងក្រុមហ៊ុន Dak Lak បានបិទផ្លូវដែលអ្នកភូមិជនជាតិដើមភាគតិចព្នងធ្លាប់ប្រើប្រាស់ដើម្បីចូលទៅកាន់ទីនោះរួចទៅហើយ។ នេះបើយោងតាមការឲ្យដឹងពីលោក សេក សុភ័ណ្ឌ អតីតអ្នកសម្របសម្រួលថ្នាក់ជាតិឲ្យអង្គការពលកម្មអន្តរជាតិ (ILO) ដែលឥឡូវកំពុងធ្វើការជាមេធានីឲ្យសហគមន៍ជនជាតិដើមភាគតិច។
លោក សុភ័ណ្ឌ បានមានប្រសាសន៍ថា “ឃុំបូ៊ស្រា បានផ្លាស់ប្តូរពីតំបន់ធម្មជាតិទៅចម្ការកៅស៊ូ ហើយអ្នកភូមិមិនដែលត្រូវបានគេមកសាកសួរពិគ្រោះយោបល់នោះទេ។ អ្នកភូមិជនជាតិដើមភាគតិចព្នងត្រូវបានគេចាត់ទុកថា ជាអ្នកខុសច្បាប់ទៅវិញ”។
កាលពីខែមុនអ្នកភូមិជនជាតិដើមភាគតិចព្នង ក្នុងឃុំប៊ូស្រា ត្រូវបានរារាំងមិនឲ្យហែក្បួនដើម្បីប្រារព្ធពិធីស្តីអំពីកេរដំណែលរបស់ខ្លួននៅទិវាជនជាតិដើមភាគតិចពិភពលោក នៅពេលអាជ្ញាធរមូលដ្ឋានបានសម្រេចថា ផែនការហែក្បួននោះនឹង “ធ្វើឲ្យភ្ញៀវទេសចរយល់ច្រឡំ”៕ស៊ុយឈាង