38.1 C
Phnom Penh

នគរ​បាល​​ឃាត់​ខ្លួន​សកម្មជន​បរិស្ថាន​​ជា​ច្រើន​នាក់​នៅ​ខេត្ត​កោះ​កុង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​បរិស្ថាន​យ៉ាង​ហោចណាស់​១០​នាក់​ រួម​ទាំង​ជនជាតិ​អេស្ប៉ាញ​ម្នាក់​ផង ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​ក្នុង​ខេត្ត​កោះកុង​កាលពី​ម្សិលមិញ បន្ទាប់ពី​ពួកគេ​​បាន​ព្យាយាម​រារាំង​​មន្ត្រី​មិន​ឲ្យ​ចូល​ទៅកាន់​​សហគមន៍​ជនជាតិភាគតិចមួយដែល​បាន​និង​កំពុង​តវ៉ា​ប្រឆាំង​​ផែនការ​សាងសង់ទំនប់​វារីអគ្គិសនី ដែល​នឹង​ធ្វើ​ឲ្យ​ជន់លិច​ផ្ទះ​ដូនតា​របស់​ពួកគេ និង​ដែល​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​ដែន​ជម្រក​សត្វព្រៃ​។ 

លោក ញ៉ែម ដារា ស្នង​ការ​រង​ខេត្ត​កោះកុង បាន​បញ្ជាក់​ថា លោក​ អាឡិច ហ្គនហ្សា​ឡេស ដេវីដសុន (Alex Gonzalez-Davidson) ដែល​ជា​ពលរដ្ឋ​អេស្ប៉ាញ និង​ជា​សហស្ថាបនិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​​ក្នុង​ស្រុក​មួយ​ដែល​មាន​ឈ្មោះ​ថា អង្គការ​មាតុ​ធម្មជាតិ (Mother Nature) ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ដោយសារ​ការ​រារាំង​ក្បួន​រថយន្ត​រដ្ឋាភិបាល ដែល​ព្យាយាម​ចូល​ទៅ​កាន់​​សហគមន៍​ជនជាតិ​ភាគតិច​ជង ដែល​រស់​នៅ​ក្នុង​តំបន់​អារ៉ែង និង​ដោយ​សារ​ការ​ខ្វះ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​ត្រឹម​ត្រូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​ចាប់​ខ្លួន​គាត់​​ដោយ​សារ​តែ​គាត់​គ្មាន​ឯកសារ​ត្រឹម​ត្រូវ។ ទន្ទឹម​នឹង​នេះ​ គាត់​គឺ​ជា​ជន​បរទេស ដូច្នេះ​ហេតុ​អ្វី​បាន​ជា​គាត់​រារាំង​អាជ្ញាធរ​​ដែល​ចង់​ចុះ​ទៅ​សួរ​សុខទុក្ខ​អ្នកភូមិ​បែប​នេះ​?”។

លោក​មាន​​ប្រសាសន៍​ទៀត​ថា រហូត​មកទល់​​​ល្ងាច​ម្សិលមិញ​នេះ សកម្មជន​ប្រាំបួ​ន​នាក់​កំពុង​ជាប់​ឃុំ​នៅឡើយ​នៅ​​អធិការដ្ឋាន​នគរ​បាល​ក្រុង​កោះកុង ប៉ុន្តែ​ចំណែក​ឯ​លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន​ ត្រូវ​បាន​ដោះលែង​វិញ​នៅ​ក្នុង​ថ្ងៃ​នោះ។

លោក​បាន​លើក​ឡើង​បន្ត​ថា ” អាឡិច ត្រូវ​បាន​ដោះ​លែង​​បន្ទាប់ពី​សាកសួរ​រួច​ ពីព្រោះ​វា​ជា​បទ​ល្មើស​តូច​តាច​ ហើយ​គាត់​ក៏​បាន​សារភាព​ទទួល​ស្គាល់​កំហុស​ និង​យល់ព្រម​សូមទោស​​លោក​អភិបាល​ខេត្ត​ហើយ​ដែរ​”។

លោក ផុន លីវីរៈ អភិបាល​រង​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា ​ខណៈពេល​លោក​​កំពុង​ដឹកនាំ​គណៈ​ប្រតិភូ​មួយ​ក្រុមដែល​មាន​មន្ត្រី​២៥​រូប​ ចូលទៅ​កាន់​តំបន់​អារ៉ែង ដើម្បី​ចរចា​ជាមួយ​គ្រួសារ​ជនជាតិ​ភាគតិច​ជង ដែល​កំពុង​អំពាវ​នាវ​ឲ្យ​លុប​ចោល​គម្រោង​ទំនប់​វារីអគ្គិសនី​នេះ ក៏​ស្រាប់​តែ​មានការ​រារាំង​ផ្លូវ​បែប​នេះ​តែម្តង​។

លោក​បាន​មាន​​ប្រសាសន៍​ទៀត​ថា ” យើង​គ្រាន់​​ហៅ​ពួកគាត់​មក​សាក​សួរ​ប៉ុណ្ណោះ ពីព្រោះពួកគាត់​បាន​បិទ​ផ្លូវ​នៅ​ពេល​អាជ្ញាធរ​ចង់​ចុះ​ទៅ​សួរ​សុខទុក្ខ​អ្នកភូមិ។ លោក អាឡិច បាន​ប្រើ​​ប្រាស់​រថយន្ត​របស់​គាត់​ដើម្បី​បិទ​ផ្លូវ។ ពួកគេ​បាន​ចោទ​ប្រកាន់​យើង​ថា​ជា​ជន​ក្បត់ជាតិ និង​​ជា​អ្នក​កាប់​បំផ្លាញ​ព្រៃឈើ ហើយពួក​គេ​បាន​សួរ​យើង​រក​លិខិត​អនុញ្ញាត​។ ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា ខ្ញុំ​ជា​អភិបាល​រង​ខេត្ត ហើយ​ថា យើង​មក​​សួរ​សុខទុក្ខ​អ្នកភូមិ​ដែល​នឹង​រង​ផល​ប៉ះពាល់​ដោយ​សារ​ទំនប់​ ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ជូនពួកគាត់​”។

ចំណែក​ឯ​លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន មិន​អាច​ទាក់​ទង​សុំការ​បំភ្លឺ​បាន​ទេ។ លោក ហេង សំណាង ដែល​ជា​សមាជិក​អង្គការ​មាតុ​ធម្មជាតិ​ បាន​លើក​ឡើង​ថា លោក​​ក៏​មាន​វត្តមាន​​នៅ​កន្លែង​បិទ​ផ្លូវ​នោះ​​ដែរ នៅ​ពេល​នគរបាល​មក​ជួយ​អន្តរាគមន៍​ឲ្យ​ក្បួន​រថយន្ត​របស់​រដ្ឋា​ភិបាល​​​បន្ត​ដំណើរ​​ទៅមុខ​ ប៉ុន្តែ​លោក​បាន​ចាក​ចេញពី​តំបន់​នោះ​ មុន​ពេល​មាន​ការ​ចាប់​ខ្លួន ដោយ​សារ​តែ​លោក​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ លោក ហេង សំណាង អះអាង​ថា សកម្មជន​ជាង​១០​នាក់​ត្រូវ​បាន​​ឃាត់​ខ្លួន​ ប៉ុន្តែ​លោក​​មិន​ដឹង​ពីចំនួន​ជាក់​លាក់​ទេ​។

លោក អុិន គង់ចិត្រ មន្ត្រី​សម្រប​សម្រួល​នៅ​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​​លីកាដូ​ ប្រចាំ​ខេត្ត​កោះ​កុង​ មិន​បាន​​ស្ថិត​នៅ​កន្លែង​កើត​ហេតុ​ទេ ប៉ុន្តែ​បាន​មាន​ប្រសាសន៍​ថា សកម្មជន​ដែល​ត្រូវ​ឃាត់​ខ្លួន​កាលពី​ម្សិលមិញ​ រួម​មាន​ទាំង​សមាជិក​អង្គការ​មាតុធម្មជាតិ​ និង​សមាជិក​អង្គការ​យុវជន​ខ្មែរ​មហានគរ ជា​អង្គការ​មិន​មែន​រដ្ឋាភិបាល​មួយ​ទៀតដែល​បានចូល​រួម​ក្នុង​បុព្វហេតុ​របស់​អ្នក​ភូមិ​នៅ​តំបន់​អារ៉ែង​ផង​ដែរ។

លោក​មាន​ប្រសាសន៍​ថា លោក​សង្ស័យ​ថា អាជ្ញាធរ​​ចុះ​ទៅ​តំបន់​នោះ​ក្នុង​គោល​បំណង​​ចាប់​ខ្លួន​សកម្មជន​​ទាំង​នោះ។ លោក​បាន​​បន្ត​ថា “ខ្ញុំគិត​ថា អាជ្ញាធរ​មាន​បំណង​ប្រឌិត​បទល្មើស​ដើម្បី​បំបែក​ក្រុម​នេះ ពីព្រោះ​ពួកគេ​ធ្លាប់​រារាំង​អាជ្ញាធរ​មិន​ឲ្យ​ចូល​ទៅ​កាន់​តំបន់​ទំនប់​ [កាលពី​មុន]”។ អ្នកភូមិ​តំបន់អារ៉ែង និង​អ្នកគាំទ្រ​ពួកគេ​បាន​ប្រើ​ប្រាស់​ការ​បិទ​ផ្លូវនៅ​កន្លែង​ដែល​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​កាលពី​ម្សិលមិញ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​មក​នេះ ដោយ​ប្ដេជ្ញារារាំង​ការ​ព្យាយាម​ចាប់​ផ្ដើម​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​អារ៉ែង ដែល​​​មាន​ទំហំ​១០៨​មេហ្គាវ៉ាត់ ដែល​គ្រោង​ដោយក្រុម​ហ៊ុន​ Sinohydro ​របស់​ចិន​ និង​ដែល​មាន​លោក ឡាវ ម៉េងឃិន ​សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​ពីក្រោយ​។

​តាម​ការ​ប៉ាន់​ប្រមាណ​ថា ប្រសិន​បើ​ត្រូវ​បាន​សាង​សង់​តាម​ការ​គ្រោង​ទុក​មែន​នោះ ទំនប់​នេះ​នឹង​ជន់លិច​ដី​ប្រមាណ​​២០.០០០ហិកតា និង​បង្ខំ​ឲ្យ​ប្រជា​ពលរដ្ឋ​ជម្លៀស​ចេញ​ប្រហែល​១.៥០០នាក់​។

កាលពី​ខែ​មុន​ សមាជិក​ប្រហែល​៤០នាក់​មកពី​អង្គការ​មាតុធម្មជាតិ និង​អង្គការ​យុវជន​មហានគរ​​ បាន​ប្រមូលផ្ដុំគ្នា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​សម្រាប់​​ដំណើរ​ជិះកង់​តាម​ការ​គ្រោង​ទុក​ជុំវិញ​រាជ​ធានីភ្នំពេញ ដើម្បី​ចែក​ខិត្តប័ណ្ណ​ផ្សព្វ​ផ្សាយ​អំពីបុព្វហេតុ​របស់​ពួកគេ​។ ប៉ុន្តែ​​នគរ​បាល​បាន​រារាំង​សកម្មជន​ទាំង​នេះ​មិន​ឲ្យ​ចេញ​ដំណើរ​ឡើយ ដោយ​លើក​ហេតុ​ផល​​ថា ក្រុម​នេះ​មិន​បាន​ដាក់​សំណើ​ទៅ​សាលា​រាជ​ធានី​ដើម្បី​សុំការអនុញ្ញាត។

ការ​ឃាត់​ខ្លួន​លោក អាឡិច ហ្គនហ្សាឡេស ដេវីដសុន កាលពី​ម្សិលមិញ ធ្វើ​ឡើងបន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​ និង​ការ​ឃុំខ្លួន​​​ជនជាតិ​ជប៉ុនសញ្ជាតិ​អាមេរិក​ ម្នាក់​ឈ្មោះ ម៉េក ហ៊្វូគូហ្សាវ៉ា (Meg Fukuzawa) ជា​បុគ្គលិក​អង្គការ​សមធម៌​កម្ពុជា រយៈពេល​មួយ​យប់​កាលពី​សប្ដាហ៍​មុន ដែល​បាន​សម្ភាស​អ្នកភូមិ​រង​ការ​បណ្ដេញចេញ ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​អភិវឌ្ឍ​ចម្ការ​អំពៅមួយ​របស់​ថៃ​ ដែល​ធ្លាប់​មាន​ទំនាក់​ទំនង​ជាមួយលោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​។

ការ​ឃាត់​ខ្លួន​ទាំង​នេះ​ធ្វើ​ឡើងខណៈពេល​ប្រទេស​កម្ពុជា កំពុង​បន្តធ្វើ​ជំរឿន​​​​ដែល​បានឈាន​ទៅ​ដល់ការ​​បណ្ដេញ​ចេញ​ជនបរទេស​រាប់​សិប​នាក់រួច​មក​ហើយ ដោយ​ក្នុង​នោះ​​រួម​មាន​ទាំង​ពលរដ្ឋអាមេរិក​ រុស្ស៊ី ឥណ្ឌា ចិន និង​នីហ្សេរីយ៉ាង​ផង៕ សុខុម​

(រាយការណ៍បន្ថែមដោយ ZsomborPeter)​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស