យោងតាមបុគ្គលិកសហជីព និងតំណាងរោងចក្របានឲ្យដឹងថា កម្មករប្រហែល៣.០០០នាក់បានធ្វើការតវ៉ានៅមុខរោងចក្រកាត់ដេរមួយក្នុងខេត្តព្រៃវែងកាលពីម្សិលមិញ ទាមទារឲ្យមានប្រាក់ឧបត្ថម្ភច្រើនជាងមុន និងលក្ខខណ្ឌការងារប្រសើរជាងនេះ។
កម្មករនៅរោងចក្រកាត់ដេរ កំចាយមារ ត្រេឌីង (ខេមបូឌា) ខូ អិលធីឌី កាន់កាប់ដោយជនជាតិចិនដែលផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន GAP របស់អាមេរិកបានធ្វើកូដកម្មចាប់តាំងពីរសៀលថ្ងៃព្រហស្បតិ៍ ទាមទារចំនួន២៥ចំណុច រួមមានប្រាក់បន្ថែម២.០០០រៀលទៀតសម្រាប់ការធ្វើការនៅថ្ងៃអាទិត្យ។
មានការចរចារវាងកម្មករ និងមន្ត្រីរោងចក្រកាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីកម្មករបានដុតកង់ឡាននៅមុខរោងចក្រនេះស្ថិតក្នុងស្រុកកំចាយមារ មិនមានដំណោះស្រាយដែលអាចទទួលយកបានចំពោះភាគីទាំងពីរឡើយ។
លោក ប៊ុត ប៊ុនឈាន តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (ស៊ីខៅឌូ) ដែលបានរៀបចំកូដកម្មនោះបានលើកឡើងកាលពីម្សិលមិញថា រោងចក្រមិនទាន់ឆ្លើយតបចំពោះការទាមទាររបស់កម្មករ ដែលបានដាក់ជូនផ្លូវការកាលពីថ្ងៃទី២៥ ខែសីហានៅឡើយទេ។
លោកបានមានប្រសាសន៍ថា “កម្មករនឹងមិនចូលធ្វើការវិញឡើយ ប្រសិនបើរោងចក្រមិនឆ្លើយតបតាមសំណើរបស់ខ្លួន”។
អ្នកស្រី ចាន់ ឆវ័ន ប្រធានរដ្ឋបាលនៅរោងចក្រកាត់ដេរកំចាយមារ បានច្រានចោលការអះអាងរបស់ ស៊ីខៅឌូ ដែលថា ក្រុមហ៊ុនត្រូវបានជូនដំណឹងអំពីការធ្វើកូដកម្មនេះ ប៉ុន្តែ បានមានប្រសាសន៍ថា ក្រុមហ៊ុនកំពុងពិចារណាលើការទាមទារជាច្រើនចំណុចរបស់កម្មករ។
អ្នកស្រី ឆវ័ន បានមានប្រសាសន៍ថា “យើងអំពាវនាវឲ្យកម្មករចូលធ្វើការវិញ ខណៈពេលយើងបន្តចរចាជាមួយតំណាងសហជីព”។
អ្នកស្រីបានបន្តថា “អំឡុងកូដកម្មរបស់កម្មករ វាមិនត្រឹមតែធ្វើឲ្យរោងចក្រខាតបង់ប្រាក់ចំណេញប៉ុណ្ណោះទេ ប៉ុន្តែ កម្មករក៏បាត់បង់ប្រាក់់កម្រៃរបស់ខ្លួនផងដែរ”។
នៅក្នុងករណីដាច់ដោយឡែកមួយទៀត តំណាងកម្មករប្រហែល៥.០០០នាក់នៅរោងចក្រស្បែកជើង Juhui ដែលកាន់កាប់ដោយជនជាតិចិនតៃវ៉ាន់ នៅក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានលើកឡើងកាលពីម្សិលមិញថា ពួកគេនឹងបន្តធ្វើកូដកម្មរយៈពេលពីរសប្តាហ៍ជំុវិញប្រាក់ខែ និងប្រាក់កម្រៃផ្សេងៗ។
កម្មកររោងចក្រ Juhui បានត្រឡប់ទៅរោងចក្រស្បែកជើងនេះរយៈពេលខ្លីកាលពីថ្ងៃសុក្រ បន្ទាប់ពីសាលាដំបូងខេត្តបានចេញសេចក្តីបង្គាប់ឲ្យកម្មករចូលធ្វើការវិញ ប៉ុន្តែ កម្មករបានដើរចេញវិញនៅថ្ងៃដដែលនោះ បន្ទាប់ពីការចរចាជាមួយអ្នកគ្រប់គ្រងបានបរាជ័យជាថ្មីម្តងទៀត។
កាលពីថ្ងៃសៅរ៍ ក្រុមហ៊ុនបានតបតវិញដោយចាក់សោមិនឲ្យកម្មករចូលក្នុងរោងចក្រ។
អ្នកស្រី មុំ សារ៉ែម តំណាង ស៊ីខៅឌូ បានមានប្រសាសន៍កាលពីម្សិលមិញថា លោក តេង សម្បត្តិ ប្រធានរដ្ឋបាលនៅរោងចក្រនេះបានគំរាមបណ្តេញកម្មករចេញ។
អ្នកស្រីបានមានប្រសាសន៍ថា “[ កាលពីព្រឹកថ្ងៃច័ន្ទ ] លោក តេង សម្បត្តិ បានកាន់ក្បាលមីក្រូហ្វូន ហើយបាននិយាយគំរាមកម្មករថា ‘ប្រសិនបើកម្មករមិនចូលធ្វើការវិញទេ ពួកគេប្រឈមនឹងការបណ្តេញចេញ’”។
ខៃ ចាន់ថន ជាកម្មករធ្វើការនៅរោងចក្រនេះ និងជាសមាជិកសហជីព បាននិយាយថា លោក សម្បត្តិ ក៏បាននិយាយផងដែរថា រោងចក្រនឹងត្រូវបិទ្វារផងដែរ។ កម្មកររូបនេះបាននិយាយថា “លោក សម្បត្តិ ក៏បាននិយាយផងដែរថា ’បន្ទាប់ពីរោងចក្រ ត្រូវបានបិទទ្វារ រោងចក្រអាចបើកប្រាក់អតីតភាពការងារដល់កម្មកររបស់ខ្លួន បើមិនដូច្នោះទេ កម្មករអាចបើកប្រាក់នោះពីមន្ទីរការងារខេត្ត’”។
គេមិនអាចទាក់ទងលោក សម្បត្តិ បានទេកាលពីម្សិលមិញ៕សារុន