27 C
Phnom Penh

ធនាគារ​ពិភព​លោក​ត្រៀម​​ដក​ការ​​ផ្អាក​ផ្ដល់​មូលនិធិ​​​ដល់​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ធនាគារ​ពិភព​លោក​កំពុង​ពិចារណា​គម្រោង​មួយដែល​មាន​ទំហំទឹក​ប្រាក់​២៥​លាន​ដុល្លារ ដើម្បី​បង្កើន​សម្បទាន​ដី​សង្គមកិច្ច​ចំនួន​១៥​នៅ​ទូទាំង​​ប្រទេស​ ហើយ​អាច​នឹង​អនុម័ត​គម្រោង​នេះ​​នៅ​ខែ​ធ្នូ​ នេះ​បើ​យោង​តាម​សំណើ​មួយ​បង្ហោះ​លើ​គេហទំព័រ​របស់​ធនាគារ​នេះ​កាលពី​ចុង​ខែមុន ជាចំណាត់​​ការ​មួយ​​ដែល​នឹង​បញ្ចប់​ការ​​ផ្អាក​​​រយៈ​ពេល​បី​ឆ្នាំ​របស់​ខ្លួន​ក្នុង​ការ​ផ្ដល់​មូលនិធិ​ថ្មីៗ​ដល់​ប្រទេស​នេះ។

កាលពី​ខែ​សីហា ឆ្នាំ​២០១១ ធនាគារ​ពិភព​លោក​បាន​អះអាង​ថា ខ្លួន​បាន​សម្រេច​​ស្ងាត់ៗ​មិន​អនុម័ត​ការ​ផ្ដល់​ឥណទាន​ថ្មីៗ​ដល់​​​ប្រទេស​កម្ពុជា​ឡើយ លុះត្រា​តែ​ ” មាន​កិច្ច​ព្រមព្រៀង” រវាង​រដ្ឋាភិបាល​​ និង​ប្រជា​ពល​រដ្ឋ​៣.០០០​គ្រួសារ ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពីផ្ទះ​សំបែង​របស់​ខ្លួន​​នៅ​ក្នុង​​តំបន់​បឹង​កក់​ រាជធានីភ្នំពេញ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​​លំដាប់​ខ្ពស់​មួយ​ ដែលមាន​​លោក ឡាវ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​មកពី​គណបក្ស​ប្រជា​ជន​កម្ពុជា​នៅ​ពីក្រោយ​។

រដ្ឋាភិបាល​និយាយ​ថា វា​ជាការ​ទទួល​ខុស​ត្រូវ​របស់​ធនាគារ​ពិភព​លោក​ និង​បណ្ដា​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ក្នុង​ការ​ជួយ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ដោយ​សារ​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់ ចំណែក​ឯ​ធនាគារ​នេះ​បាន​អះអាង​ថា ​កិច្ច​ខំប្រឹង​ប្រែង​របស់​ខ្លួន​ដើម្បី​ជួយ​គ្រួសារ​ទាំង​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រារាំង​។

ប៉ុន្តែ​ពេល​នេះ​ ការ​ផ្អាក​​ផ្ដល់​មូលនិធិថ្មីៗ​ទំនង​ជា​នឹងបញ្ចប់​ហើយ​នៅ​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។ យោង​តាម​ធនាគារ​នេះ​បាន​ឲ្យ​ដឹង​ថា កាលបរិច្ឆេទ​សម្រាប់​ការ​អនុម័ត​គម្រោង​សម្បទាន​ដីសង្គមកិច្ច​ថ្មីនេះ​ គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១ ខែ​ធ្នូ។

សម្បទាន​​​ដី​សង្គមកិច្ចត្រូវ​បាន​រដ្ឋាភិបាល​​ចេញ​ឲ្យ​ប្រជាពលរដ្ឋក្រីក្រ ​ដែល​ញឹក​ញាប់​​គឺ​គ្រួសារ​គ្មាន​ដីធ្លី​​ និង​ជាធម្មតា​គឺ​ប្រជាពលរដ្ឋ​ជាក្រុមៗ ដែល​មាន​គ្នា​ប្រមាណ​ពីរបី​រយ​នាក់​។

ភាគច្រើន​នៃ​ទំហំ​ទឹក​ប្រាក់​២៥​លាន​ដុល្លារ​ ដែល​ធនាគារ​នេះ​កំពុង​ស្នើ​សុំ​ផ្ដល់​កម្ចី​ នឹង​ទុក​សម្រាប់​ស្ថាបនា​ផ្លូវ​ថ្នល់ ប្រព័ន្ធ​ទឹក​ សាលា​រៀន និង​គ្លីនិក​នៅ​តាម​​សម្បទាន​ដីសង្គម​កិច្ច​ចំនួន​១៥​នាពេល​​បច្ចុប្បន្ន​នៅ​ក្នុង​ខេត្ត​បាត់ដំបង កំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ និង​ក្រចេះ។

ប្រាក់​ទាំង​នេះ​ក៏​នឹង​រួម​ចំណែក​ផ្ដល់​វិភាគទាន​​ក្រៅ​ពីសាច់​ប្រាក់​ និង​ការ​ឧបត្ថម្ភ​ជា​សាច់​ប្រាក់​​ដល់​ប្រជា​ពល​រដ្ឋ​ប្រមាណ​៥.៤០០​គ្រួសារ ដែល​រស់​នៅ​លើ​ដី​នេះ​ផង​ដែរ​។ រដ្ឋាភិបាល​​នឹង​រួម​ចំណែក​២លាន​ដុល្លារ​បន្ថែម​​ដល់​គម្រោង​​នេះ​។

​​​​​​​​​​ ​កាលពី​ម្សិលមិញ ​អ្នក​នាំពាក្យ​​ធនាគារ​ពិភព​លោក​បាន​បដិសេធ​មិន​ឆ្លើយ​បំភ្លឺ​ទេ​ពាក់​ព័ន្ធ​នឹង​លទ្ធភាព​​​នៃ​ការ​​ដក​ការ​ផ្អាក​ផ្ដល់​មូលនិធិ​របស់​ធនាគារនេះ​ មុន​ពេល​​ប្រជាពលរដ្ឋ​​ដែល​រងការ​​បណ្ដេញ​ចេញពីបឹងកក់ ​ទទួល​បាន​សំណង​សមរម្យ​។

អ្នកស្រី ស៊ា ណារ៉េត អាយុ​៥៦​ឆ្នាំ ដែល​ស្ថិត​ក្នុង​ចំណោម​ប្រជាពល​រដ្ឋរាប់​ពាន់​គ្រួសារ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​តំបន់​បឹងកក់​​និយាយ​ថា ចាប់​តាំង​ពី​អ្នកស្រី​យល​់​ព្រម​ទទួល​យក​​សំណង​៨.៥០០​ដុល្លារ​រួច​មក អ្នកស្រី​បាន​រើ​ផ្ទះ​ទៅ​រស់​នៅ​ជាមួយ​កូនប្រុស​ដែល​​ជួល​ផ្ទះ​ល្វែង​ស្នាក់​នៅ​កណ្ដាល​រាជ​ធានី​ភ្នំពេញ។

អ្នកស្រី​និយាយ​ទៀត​ថា ប្រសិន​បើ​ធនាគារ​ពិភព​លោក​ចាប់​ផ្ដើម​ផ្ដល់​ឥណទាន​ដល់​កម្ពុជា​​ មុន​ពេល​អ្នកស្រី និង​អ្នក​ដែល​រង​ការ​បណ្ដេញ​ចេញ​ផ្សេងទៀត​ទទួល​បាន​ដំណោះ​ស្រាយ​សមរម្យ​​នោះ ​មាន​ន័យ​ថា​ ធនាគារ​អន្តរជាតិ​មួយ​នេះ​​​​ក្បត់​អតីត​ប្រជាពលរដ្ឋ​រស់​នៅ​តំបន់​បឹងកក់​ហើយ​។

អ្នកស្រី​និយាយ​ទៀត​ថា ” ប្រសិនបើ​ធនាគារ​ពិភព​លោក​ផ្ដល់​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​ វា​​ត្រូវ​តែ​ធ្វើ​​ក្នុង​លក្ខខណ្ឌ​ស្វែងរក​ដំណោះ​ស្រាយ​ឲ្យ​ពួកយើង​”៕ សុខុម

(រាយការណ៍​បន្ថែម​ដោយ សេក ឧត្តម​)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស