34 C
Phnom Penh

ជនបរទេស​ជាច្រើននាក់​ទៀត​ត្រូវ​ឲ្យ​ចេញ​ពី​កម្ពុជា​ខណៈ​ជំរឿន​ធ្វើ​បន្ត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រី​បាន​និយាយ​កាលពី​ម្សិលមិញ​ថា នគរបាល​បាន​ចាប់​ខ្លួន​និង​ធ្វើនិរទេស​ជនបរទេស​ចំនួន​១៥​នាក់​ដែល​មកពី​ប្រទេស​ចិន ឥណ្ឌា រុស្ស៊ី និង​ប្រទេស​នីហ្សេរីយ៉ា ជា​ផ្នែក​មួយ​នៃ​ការខិតខំ​ជា​បន្ត​របស់​ខ្លួន​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​ជនបរទេស​ដែល​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់ តាម​រយៈ​ការ​ធ្វើ​ជំរឿន​ថ្មី​ទូទាំង​ប្រទេស។

ឧត្តម​សេនីយ៍ឯក ឃុន សំបូរ អគ្គនាយក​រងនៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ ដែល​ទទួល​ខុសត្រូវ​លើខេត្ត​ចំនួន​៣​បាន​មាន​ប្រសាសន៍​ថា ជនបរទេស​ទាំងអស់នោះ​ត្រូវ​បាន​និរទេស​ចេញពី​ខេត្ត​ប៉ៃលិន ពោធិ៍សាត់ និង​ខេត្ត​បាត់ដំបង ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​ពួកគេ​វិញ​តាម​យន្តហោះ។

ឧត្តម​សេនីយ៍ឯក ឃុន សំបូរ បាន​មាន​ប្រសាសន៍​ដោយ​មិន​ប្រាប់​ថា នរណា​ជា​អ្នក​បង់​ថ្លៃ​សំបុត្រយន្តហោះ​នោះ​ថា “ខ្ញុំបាន​រក​ឃើញ​ជន​បរទេស​ប្រហែល​១៤ឬ១៥​នាក់ ដែល​ជា​ជនជាតិ​ចិន ឥណ្ឌា រុស្ស៊ី និង​នីហ្សេរីយ៉ា។ នៅពេល​យើង​បាន​រក​ឃើញ​ពួកគេ យើង​បាន​បញ្ជូន​ពួកគេ​ចេញ​តាម​យន្តហោះ​ភ្លាម”។

ជំរឿន ដែល​បាន​ចាប់​ផ្តើមកាលពី​ខែ​មុន ក៏​បាន​បណ្តេញជនជាតិ​វៀតណាម១៤​នាក់​ដែល​រស់នៅ​ខុស​ច្បាប់​ក្នុង​ខេត្ត​រតនគិរី​ដែរ។

លោក អឿន សារុន ស្នងការ​រង​នគរបាល​ខេត្ត​បាត់ដំបង​បាន​មាន​ប្រសាសន៍​ថា នគរបាល​ក្នុង​ខេត្ត​របស់​លោក​បាន​ធ្វើនិរទេស​ជនជាតិ​វៀតណាម​១១​នាក់​កាលពីថ្ងៃទី​២៥​ខែ​សីហា ប៉ុន្តែ​មិន​មាន​ជនជាតិ​បរទេស​ផ្សេងទៀត​ទេ។ លោក សារុន មាន​ប្រសាសន៍​ថា ជន​បរទេស​មិនមែន​ជាវៀតណាម​ជាច្រើន​នាក់​ត្រូវ​បាន​រកឃើញ​ថា​មាន “កំហុស​តូចតាច” ទាក់ទងនឹង​ឯកសារ​របស់​ពួកគេ​នោះ មិន​ត្រូវ​បាន​បញ្ជូន​ចេញ​ទេ។

លោក បាន ហេង ស្នងការ​រង​ទទួល​បន្ទុក​អន្តោប្រវេសន៍នៅ​ខេត្ត​ពោធិ៍​សាត់ បាន​មាន​ប្រសាសន៍​ថា រហូត​មកដល់​ពេល​នេះ ជនជាតិ​វៀតណាម​៤​នាក់​និង​ឥណ្ឌា​២​នាក់​ក៏​ត្រូវ​បាន​និរទេស​ចេញពី​ខេត្ត​នេះ​ដែរ។

កាលពី​ថ្ងៃ​សៅរ៍ នគរបាល​នៅ​ខេត្ត​ព្រះសីហនុ​បាន​ចាប់​ខ្លួន​ជនជាតិ​អាមេរិក​អាយុ​២៥​ឆ្នាំ​ម្នាក់ ឈ្មោះ អៀន អានឌ្រូ ហិឡឺ ព្រោះ​ស្នាក់នៅ​ហួស​សុពលភាពទិដ្ឋាការ។ លោក ហិឡឺ ដែល​មានព័ត៌មាន​លិខិត​ឆ្លងដែន​របស់​លោកបង្ហោះ​តាម​គេហទំព័រ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​បានគេ​បញ្ជូនរូបគាត់ទៅនាយកដ្ឋាន​អន្តោប្រវេសន៍ ក្នុង​ក្រុង​ភ្នំពេញ។

លោក កែវ រតនា ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះសីហនុ បានបញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក ហិឡឺ ត្រូវ​បាន​គេ​រក​ឃើញ​ដោយសារការ​ធ្វើ​ជំរឿន​ថ្មី​នេះ។

បើទោះជា ក្រុមមន្ត្រី​បាន​និយាយ​ថា លទ្ធផល​​ជំរឿនពេញលេញ​នេះ នឹង​មិន​ត្រូវ​បញ្ចេញ​ឲ្យ​ដឹង​ទេ ទាល់តែវា​ចប់​សព្វគ្រប់​ជាមុនសិន​ក៏ដោយ ក៏មន្ត្រី​នាយកដ្ឋាន​អន្តោប្រវេសន៍​ដែល​មើល​ខុសត្រូវលើតំបន់​នានា​ដែល​មាន៣​ទៅ​៤​ខេត្ត​ ​និយាយ​ថា ការ​ចុះ​អង្កេត​នេះ​គឺ​ចប់​សព្វគ្រប់​ហើយ៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស