31 C
Phnom Penh

នគរ​បាល​ចាប់​ខ្លួន​មនុស្ស​ម្នាក់​ និង​ប្រាំមួយ​នាក់​ទៀត​រត់គេច​ខ្លួន​បន្ទាប់ពី​លួច​ខោខូវប៊យ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរ​​​បាល​​​បាន​​​និយាយ​​​កាល​​​ពីម្សិលមិញ​​​ថា នគរបាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចាប់​​​ខ្លួន​​​បុរស​​​បី​​​នាក់​​​កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​ ពី​​​បទ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ការ​​​លួច​​​ខោ​​​ខូវ​​​ប៊យ​​​ម៉ាក​​​លីវ៉ាយចំនួន​​​២.៥០០​​​ខោ ​​​ពី​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវ​​​កាល​​​ពី​​​រំលង​​​អធ្រាត្រ​​​ឈាន​​​ចូល​​​ថ្ងៃ​​​សៅរ៍បន្ទាប់​​​ពី​​​សន្តិសុខ​​ត្រូវ​គេ​​​ដាក់​​​ថ្នាំ​​​ងងុយ​​​ដេកនៅក្នុង​ភេសជ្ជៈរបស់ខ្លួន។

លោក តី វិសាល នាយរងការិយាល័យ​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​រាជ​​​ធានី​​​បាន​​​មាន​​​ប្រសា​សន៍​​​ថា ថេ សុធី អាយុ​​​៤២​​​ឆ្នាំ​​​កំពុង​​​ស្ថិត​​​ក្នុង​​​មន្ទីរ​​​ឃុំ​​​ឃាំង​​​នៅ​​​ស្នង​​​ការ​​​ដ្ឋាននគរ​​​បាល​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ឡើយ​​​កាល​​​ពី​​​ម្សិលមិញ បន្ទាប់​​​ពី​​​នគរ​​​បាល​​​បាន​​​ឆ្មក់​​​ចូល​​​ផ្ទះ​​​ជួល​​​របស់​​​បុរស​​​រូប​​​នេះ​​​ក្នុង​​​ខណ្ឌ​​​ទួល​​​គោក​​​ វេលា​​​ម៉ោង​​​ប្រហែល​​​៨​​​ និង​​​៣០​​​នាទី​​​យប់​​​។ បុរស​​​រូប​​​នេះ​ត្រូវ​គេ​ឃើញកំពុង​​​រៀប​​​ចំ​​​ខោ​​​ខូវ​​​ប៊យ​​​ដាក់​​​ក្នុង​​កេស​​​​​​ជាមួយ​​​ គូ គឿន អាយុ​​​៤៩​​​ឆ្នាំ និង​​​ គឿន ចិត្រា
អាយុ​​​៤៣​​​ឆ្នាំ​​​ ដែល​​​ក៏​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ផង​​​ដែរ ប៉ុន្តែ ក្រោយ​​​មក​​​​​​ត្រូវ​​​បាន​​​ដោះ​​​លែង​​​វិញ​​​។

លោក​​​ វិសាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​បាន​​​ដោះ​​​លែង​​​ គូ គឿន និ​​​ង គឿន ចិត្រា ពី​​​ព្រោះ​​​ពួក​​​គេ​​​មិន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​បទ​​​ល្មើសនោះ​​​ទេ ដោយសារ​​​​ពួក​​​គេ​​​ត្រូវ​​​បាន​​​ជួល​​​ឲ្យ​​​​​​រៀប​​​ចំ​​​ខោ​​​ខាវ​​​ប៊យ​​​ដាក់​​​ក្នុង​​​កេសតែ​​​ប៉ុណ្ណោះ”។

លោក​​​បាន​​​បន្ថែម​​​ថា បុរ​​​ស​​​ប្រាំ​​​មួយ​​​នាក់ទៀត​​​ ជា​​​សន្តិសុខ​​​នៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ RooHsingGarmentCo. ក្នុង​​​ខណ្ឌ​​​ឫស្សី​​​កែវដែល​​​ជាប់​​​សង្ស័យ​​​ថា បាន​​​​​​រួម​​​គំនិត​​​នៅក្នុង​​​អំពើ​​​ចោរ​​​កម្ម​​​នេះ កំពុង​​​រត់​​​គេច​​​ខ្លួន​​​នៅ​​​ឡើយ​​​។

លោក វិសាល​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ថេ សុធី បាន​​​ទិញ​​​ខោខូវប៊យទាំងនេះ និង​​​ទទួល​​​ផល​​​ចោរ​​​កម្ម​​​…គាត់​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នឹង​​​ជន​​​ល្មើសទាំង​​​​ប្រាំ​​​មួយ​​​​​​នាក់​​ដែល​​​កំពុង​​​រត់​​​គេច​​​ខ្លួន​នៅឡើយ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា ខោ​​​ខូវ​​​ប៊យ សរុប​​​ចំនួន​​​៧.១៦៧ខោ ត្រូវ​​​បាន​​​រឹប​​​អូស​​​ពី​​​ផ្ទះ​​​ ឈ្មោះ សុធី ។

យោង​​​តាម​​​ពាក្យ​​​បណ្តឹង​​​របស់​​​រោង​​​ចក្រ​​​ សន្តិសុខ​​​ប្រាំ​​​មួយ​​​នាក់​​​ដែល​​​ធ្វើ​​​ការ​​​​​​ឲ្យ​​​ក្រុមហ៊ុន​​​សន្តិសុខ EPS បាន​​​ដាក់​​​ថ្នាំ​​​ងងុយ​​​ដេក​​​​​​នៅ​​​ក្នុង​​​ភេសជ្ជៈរបស់​​​សន្តិសុខ​​​បួន​​​នាក់​​​មុន​​​ពេល​​​លួច​​​ខោ​​​ខូវ​​ប៊យ​​​ទាំង​​​នោះ​​​ដែលមាន​​​តម្លៃ​​​​ប្រហែល​​​១០០.០០០ដុល្លារ​​​​​​​​​​​​​​​​​​​​​នៅ​​​ម៉ោង​​​២និង​​​៣០​​​នាទី​​​រំលង​​​អធ្រាត្រ​​​ថ្ងៃ​​​សៅរ៍ ។

លោក ហ៊ុយ ហ៊ាន នាយ​​​ប៉ុស្តិ៍​​​សង្កាត់​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​ករណី​​​នេះ​​​ទេ ពី​​​ព្រោះករណីនេះ​​​កំពុង​​​ធ្វើ​​​ការ​​​សើុប​​​​​​អង្កេត​​​។

កាល​​​ពី​​​ខែ​​​ធ្នូ​​​ បុគ្គលិក​​​ក្រុមហ៊ុន​​​ដឹក​​​ជញ្ជូន​​​ពីរ​​​នាក់​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ បន្ទាប់​​​ពី​​​លួច​​​សម្លៀក​​​បំពាក់​​​តម្លៃ​​​រាប់​​​ពាន់​​​ដុល្លារ​​​ពី​​​រថយន្ត​​​កុងតឺន័រ ដែល​​​បើក​​​បរ​​​ពី​​​រាជ​​​ធានី​​​ភ្នំពេញ​​​ទៅ​​​ក្រុង​​​ព្រះ​​​សីហនុ ដែល​​​ឆ្ពោះ​​​ទៅ​​​កាន់​​​តំបន់​​​អឺរ៉ុប​​​។

ហើយ​រយៈ​​​ពេល​​​ពីរ​​​ឆ្នាំ​​​មុន​​​ហេតុ​​​ការណ៍​​​នោះ កាល​​​ពី​​​ខែ​​​ធ្នូ ឆ្នាំ​​​២០១២​​​ បុគ្គលិក​​​កំពង់​​​ផែ​​​ពីរ​​​នាក់​​​ និង​​​មន្ត្រី​​​​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ម្នាក់​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពី​​​បទ​​​លួច​​​ក្រណាត់​​​​​​ជាង​​​៨.០០០​​​ដំុ​​​ ពី​​​កុងតឺន័រ​​​មួយដែល​​​ដឹក​​​ទៅ​​​កាន់​​​កំពង់​​​ផែ​​​ស្វយ័​​​ត​​​ក្រុង​​​ភ្នំពេញ៕សារុន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស