40.6 C
Phnom Penh

ម្តាយ​រៀបរាប់​អំពី​អាពាហ៍​ពិពាហ៍​បង្ខិត​បង្ខំ​របស់​កូន​ស្រី​ដែល​ត្រូវ​គេ​សម្លាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ម្តាយ​របស់ វ៉ា ដារី បាន​រៀបរាប់​កាលពី​ម្សិលមិញ​ថា មុនពេល​នាង​ត្រូវ​បានគេ​ធ្វើ​ឃាត​យ៉ាង​ព្រៃផ្សៃ​កាលពី​ខែ​កុម្ភៈ កូន​ស្រី វ៉ា ដារី ហាក់​ដូចជា​អ្នក​ទោស​នៅ​ក្នុងផ្ទះ​របស់​ខ្លួន​អ៊ីចឹង គឺជា​ផ្ទះ​កម្ពស់​២​ជាន់មាន​របង​ព័ទ្ធ​ជំុវិញ ដែល​ផ្តល់​ឲ្យ​នាង​ដោយ​ឧត្តម​សេនីយ៍​យោធា​ផ្កាយ​២ម្នាក់ ដែល​ត្រូវ​តុលាការ​ចោទ​កាលពី​ថ្ងៃ​អាទិត្យ ពីបទ​សម្លាប់នាង​និង​កូនស្រី​អាយុ​៦​ឆ្នាំ​របស់​ពួកគេ។

cam-photo-murder-folomg

នគរបាល​អាំងទែប៉ូល​បាន​ចាប់​ខ្លួន គឹម ម៉ារីនថា ជា​ឧត្តមសេនីយ៍ទោ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​ពាណិជ្ចករ​មាន​ទ្រព្យធន​ស្តុកស្តម្ភ​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ នៅ​ប្រទេស​ថៃ។ តុលាការ​ក្រុង​ភ្នំពេញ​បាន​ចោទ​ឧត្តម​សេនីយ៍ ម៉ារីនថា ២​ករណី​ពីបទ​មនុស្ស​ឃាតគិតទុក​ជាមុន កាលពី​ថ្ងៃ​អាទិត្យ។

អ្នកមីង មីលីលី ជា​ម្តាយ​របស់ វ៉ា ដារី បាន​និយាយ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា គាត់​ជំទាស់នឹង​ទំនាក់ទំនង​របស់​កូនស្រី​គាត់​ជាមួយ​ឧត្តមសេនីយ៍ទោ ម៉ារីនថា ដែល​បាន​រៀបការ​ជាមួយ​កូនស្រី​គាត់ តែ​មិនមែន​ជាពិធី​អាពាហ៍​ពិពាហ៍​ផ្លូវការ​នោះ​ទេ ប៉ុន្តែ​នៅទី​បញ្ចប់​ក៏​បាន​ទន់​ចិត្តតាមនាងទៅវិញ។

អង្គុយ​ក្នុង​ផ្ទះ​នៅ​ខណ្ឌ​ទួល​គោក​ដែល​គេប្រគល់​ឲ្យ​កូនស្រី​របស់​អ្នកស្រី​ជាច្រើន​ឆ្នាំ​មក​ហើយ​នោះ អ្នកស្រី លីលី អាយុ​៥០​ឆ្នាំ មាន​ប្រសាសន៍​ថា “ខ្ញុំ​ដឹង​ថា គាត់[ឧត្តមសេនីយ៍]​មាន​ស្រី​ច្រើន​ណាស់។ ប៉ុន្តែ នាង​បាន​លង់​ស្នេហ៍នឹងគាត់ ហើយ​ខ្ញុំ​បាន​បំពេញ​ចិត្ត​នាងតែម្តងទៅ”។

អ្វី​ដែល​បាន​ចាប់​ផ្តើមក្លាយជា​ទំនាក់ទំនង​ស្នេហា​មិនបាន​យូរ​ប៉ុន្មានផងក៏​បាន​ក្លាយ​ជា​ល្វីងជូរចត់ ព្រោះ វ៉ា ដារី បាន​ក្លាយ​ជារបស់​លេង​សើច​របស់​ប្តី​ដែលចេះតែ​ប្រច័ណ្ឌ​និង​តាមដាន​នាងគ្រប់ពេលវេលា។

អ្នកស្រី​មាន​ប្រសាសន៍​ទៀត​ថា “ទំនាក់​ទំនង​លែង​មាន​ភាព​កក់ក្តៅ​ទៀត​ហើយ។ គាត់​មក​ទីនេះ​ប្រហែល​​ម្តងឬពីរដង​ប៉ុណ្ណោះ​​ក្នុង​មួយ​សប្តាហ៍”។

ប៉ុន្តែ​នៅ​ពេល​គាត់មិនសូវមកផ្ទះ ឧត្តមសេនីយ៍​ទោ ម៉ារីនថា ក៏បាន​តាម​ដាន​ការ​ធ្វើ​ដំណើរ​ទៅ​ណា​មកណា​របស់ វ៉ា ដារី យ៉ាង​ដិតដល់ទៅវិញ។

អ្នកស្រី លីលី បាន​និយាយ​ថា “គាត់​ទូរស័ព្ទ​មក​ខ្ញុំ ពេលណា​នាង​ចេញពី​ផ្ទះ ហើយ​សួរ​ចង់​ដឹងថា​នាង​ទៅណា។ ខ្ញុំ​មិន​ដឹង​ថា គាត់​ដឹង​ថានាង​ចាកចេញ​ពី​ផ្ទះ​ដោយ​របៀបណា​ទេ”។

អ្នកស្រី លីលី មាន​ប្រសាសន៍​ថា កូនស្រី​របស់​គាត់​បាន​ជួប​ឧត្តមសេនីយ៍ទោ ម៉ារីនថា កាលពី​ឆ្នាំ​២០០៦ មិនយូរ​ប៉ុន្មាន ពួកគេ​ទាំងពីរ​ក៏បាន​ល្អូកល្អឺននឹងគ្នា។ គាត់​បាន​ឲ្យ​នាង​ធ្វើ​ការ​នៅ​ក្រុមហ៊ុន ជី អេស​​​ ធី ជា​ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ​របស់​គាត់។

នៅ​ឆ្នាំ ២០០៧ ឧត្តមសេនីយ៍ទោ​ ម៉ារីនថា បាន​ឲ្យ វ៉ា ដារី និង​សមាជិក​គ្រួសារ​៥​នាក់​រើ​ចេញ​ពី​ផ្ទះ​ជួល​តូច​មួយ​នៅ​ភ្នំពេញ ទៅ​កាន់ផ្ទះធំ​ទ្រនំ​ខ្ពស់ ដែល​អ្នក​ស្រី លីលី និង​កូន​ស្រី​២​នាក់​រស់​នៅ​សព្វ​ថ្ងៃនេះ។

យោងតាម​អ្នកស្រី លីលី បាន​ឲ្យ​ដឹង​ថា ឧត្តមសេនីយ៍​រូប​នេះ​មាន​កូន​ស្រី​ម្នាក់​ជាមួយ វ៉ា ដារី នៅ​ឆ្នាំ​២០០៨ ហើយ​បន្ទាប់​មក​ក៏​បាន​ចាប់​ផ្តើម​ជិនណាយ​ចិត្តទៅវិញ។

អ្នក​ស្រីបាន​ឲ្យដឹង​ទៀតថា “នាង​មិន​សប្បាយ​ចិត្ត​សោះ ពីព្រោះ​នាង​គ្មាន​សេរីភាព​សោះ។ ម៉ារីនថា គ្រប់គ្រង​នាងគ្រប់​យ៉ាង​ទាំងអស់។ គាត់​ចាត់ទុក​នាង​ជាស្រី​សម្រាប់​លេង​សើច មិន​មែន​ជា​ប្រពន្ធ​របស់​គាត់​ឡើយ”។

មាន​អារម្មណ៍​មិន​ចង់​ជួប​អ្នកដទៃ​និង​នៅឯកោ​នោះ វ៉ា ដារី បាន​ចាប់​ផ្តើម​មាន​ទំនាក់​ទំនង​តាម​អិុនធើណិត​ជាមួយ​បុរស​ខ្មែរ​ម្នាក់​ដែល​ទទួលបាន​អាហារូបករណ៍​រៀន​នៅ​ប្រទេស​ជប៉ុន ដែល​នាង​បាន​ជួប​កាលពី​ចុង​ឆ្នាំ​២០១៣ តាម​រយៈ​ប្អូនស្រី។ ឧត្តម​សេនីយ៍​រូបនេះ​បាន​ដឹង​ទំនាក់​ទំនង​នេះ​នៅ​ខែ​មករា ហើយ​បាន​ព្រមាន វ៉ា ដារី ឲ្យ​ឈប់​ទាក់ទង​បុរស​នោះ។ វ៉ា ដារី ក៏បាន​សុំ​លែងលះ​គ្នា តែ​ឧត្តម​សេនីយ៍​រូប​នេះ​ប្រកែក ពីព្រោះ​គាត់​ចង់​ទុក “ស្រី​ល្អ​ដែល​មិន​​ចេញ​ដើរ​ក្រៅផ្ទះ”។

យោងតាម​របាយការណ៍​នគរបាល​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៥​ខែ​កុម្ភៈ ឧត្តមសេនីយ៍ទោ​ ម៉ារីនថា បាន​នាំ វ៉ា ដារី និង​កូនស្រី​របស់ពួកគេ​ទៅ​ការិយាល័យ​របស់​គាត់​នៅ​ក្រុមហ៊ុន

ជី​​​អេស ធី ក្នុង​ក្រុង​ភ្នំពេញ តែបាន​ចេញ​មក​វិញ​តែ​ម្នាក់ឯង។ ជាច្រើន​ម៉ោង​ក្រោយ​មក កូន​ប្រសា​ប្រុស​របស់​​ឧត្តមសេនីយ៍ទោរូបនេះបាន​មក​ដល់​ការិយាល័យ​នោះ ហើយ​បាន​ចាត់​ឲ្យ​សន្តិសុខ​ម្នាក់​លើក​ធុង​ទឹកកក​ដ៏​ធំ​មួយ​ដាក់​ចូល​ក្នុងរថយន្ត​ ឡិចស៊ីស(Lexus SUV)។

ប៉ុន្មាន​ថ្ងៃ​មុន​ឃាតកម្ម​កើតឡើង ឧត្តមសេនីយ៍ទោ ម៉ារីនថា បាន​ប្រាប់​បុគ្គលិក​របស់​គាត់​ឲ្យ​ទិញ​ថង់ប្លាស្ទិក​ខ្មៅ​ធំៗ​ឲ្យ​គាត់។ កាលពី​ខែ​មីនា សាកសព​ស្អុយ​រលួយ របស់ វ៉ា ដារី និង​កូនស្រី​របស់​នាង​ត្រូវ​បាន​រកឃើញក្នុង​ថង់​ប្លាស្ទិកនៅ​ខេត្ត​កំពង់​ស្ពឺ។

អ្នកស្រី លីលី បាន​ជំនួស​រូបថត​ឧត្តម​សេនីយ៍​រូប​នេះ​លើ​ជញ្ជាំង​ផ្ទះ​របស់​អ្នកស្រី ដោយ​រូបថត​ចៅស្រី​របស់​អ្នកស្រី ដែល​ធ្លាប់​តែ​យក​ទឹកកក​ឲ្យ​យាយ​របស់​នាង និង​ស្ទាបខ្លួនរបស់​អ្នកស្រី នៅ​ពេល​អ្នកស្រី​ឈឺ​ក្បាល។

អ្នកស្រី លីលី បាន​និយាយ​ទាំង​ជូតទឹកភ្នែក​ថា “ចៅ​ឆ្លាត​ណាស់។ គ្មាន​ចៅ​ស្ងាត់​ជ្រងំុ​ក្នុង​ផ្ទះ។ ខ្ញុំ​នឹក​អាឡោះ​អាល័យ​ចៅ​ណាស់”៕មានិត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស