29 C
Phnom Penh

ជន​​​ជាតិ​​​ហ្វីលីពីន​​​ដែល​​​​​​រត់​​​ពន្ធ​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​កូកាអីុន​​​​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​អស់​​​មួយ​​​ជីវិត​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ស្ត្រី​​​ជន​​​ជាតិ​​​ហ្វីលីពីន​​​ម្នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​អស់​​​​​​មួយ​​​ជីវិត​​​កាល​​​ពី​​​ម្សិល​​​មិញ ពី​​​បទ​​​ប៉ុន​​​ប៉ង​​​ជួញ​​​ដូរ​​​​​​គ្រឿង​​​ញៀន​​​ប្រភេទ​​​​​​កូកាអីុន​​​ទម្ងន់​​​២,៥គីឡូក្រាម​​​ ពី​​​ប្រទេស​​​ប្រេសីុល មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ រីឯ​​​អ្នក​​​សម​​​គំនិត​​​ជន​​​ជាតិ​​​ខ្មែរ និង​​​ជន​​​ជាតិ​​​នីហ្សេ​​​រីយ៉ា​​​ ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រហូតដល់​​​៣០​​​ឆ្នាំ​​​ក្នុង​​​ម្នាក់​​​ៗ។

អ្នកស្រី Macoy Mavill Villamor អាយុ​​​៤២​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ នៅ​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរ​​​ជាតិ​​​ភ្នំពេញ​​​ ជាទី​​​ដែល​​​នគរ​​​បាល​​​បាន​​​រក​​​ឃើញ​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​កូកាអីុន​​​ នៅ​​​ក្នុង​​​កេសដាក់​​​គ្រឿង​​​ពេជ្រ​​​ដែល​​​គាត់​​​កាន់​​​ជាប់​​​នឹង​​​ដៃ​​​។

អ្នក​​​សម​​​គំនិត​​​ជា​​​មួយ​​​អ្នកស្រី Villamor គឺ​​​អ្នកស្រី ម៉េង ស៊ីនួន ជន​​​ជាតិ​​​ខ្មែរ​​​​​​ និង​​​លោក​​​   Emmauel Thank God និង​​​លោក Micheal Sunshine ជន​​​ជាតិ​​​នីហ្សេរីយ៉ា​​​ ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​អាកាស​​​យានដ្ឋាន​​​ និង​​​សណ្ឋាគារ​​​ Luxury World​​​ ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​ បន្ទាប់​​​ពី​​​មាន​​​ផែន​​​​​​ការ​​​សម្ងាត់​​​មួយ​​​។

កាល​​​ពី​​​ម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទាទោស​​​អ្នក​​​ទាំង​​​បួន​​​នេះ​​​ពី​​​បទ​​​ឃុប​​​ឃិត​​​គ្នា​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ខុស​​​ច្បាប់​​​ចូល​​​ប្រទេស​​​កម្ពុជា​​​ ដោយ​​​ផ្តន្ទា​​​ទោស​​​​​​អ្នកស្រី Villamor ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត។ លោក Thank God  និង​​​លោក Sunshine ដែល​​​សុទ្ធ​​​តែ​​​មាន​​​អាយុ​​​៣៤​​​ឆ្នាំ​​​ ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​​​​ជាប់​​​ពន្ធនាគារ ម្នាក់​​​៣០​​​ឆ្នាំ និង​​​ម្នាក់​​​ទៀត​​​២៧​​​ឆ្នាំ​​​។ ចំណែក​​​ឯ​​​អ្នកស្រី​​​ ស៊ីនួន ដែល​​​មាន​​​អាយុ​​​៣០​​​ឆ្នាំ ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​២២​​​ឆ្នាំ​​​។ ពួកគេ​​​ត្រូវ​​​បាន​​​ពិន័យ​​​​​​ជា​​​ប្រាក់​​​ក្នុង​​​ម្នាក់​​​ៗ​​​ចំនួន​​​១០.០០០​​​ដុល្លារ។​​​

សេចក្តី​​​សម្រេច​​​នេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​​​​​​​ដោយ​​​លោក​​​ចៅ​​​ក្រៅ​​​ក្រម ហេង កេសារូ៉  ដែល​​​បាន​​​លើក​​​ឡើង​​​ថា តុលាការ​​​បាន​​​ឈាន​​​ដល់​​​ការ​​​សម្រេច​​​របស់​​​ខ្លួន​​​នេះ​​​ បន្ទាប់​​​ពី​​​ “ស្តាប់​​​ចម្លើយ​​​របស់​​​ជន​​​សង្ស័យ ការ​​​សន្និដ្ឋាន​​​របស់​​​ព្រះរាជ​​​អាជ្ញា​​​រង និង​​​ការ​​​សន្និដ្ឋាន​​​របស់​​​មេធាវី និង​​​បន្ទាប់​​​ពី​​​ការ​​​ត្រួត​​​ពិនិត្យ​​​លើ​​​ភ័ស្តុ​​​តាង​​​”។

ចៅ​​​ក្រម​​​ កេសារូ៉ មិន​​​អាច​​​ទាក់ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែម​​​ទៀត​​​ឡើយ។

អំឡុង​​​ការ​​​បើក​​​សវនាការ​​​ជំនុំ​​​ជម្រះ​​​ក្តី​​​របស់​​​ពួក​​​គេ​​​ កាល​​​ពី​​​ថ្ងៃ​​​ទី​​​១៣ ខែ​​​សីហា​​​ និង​​​ថ្ងៃ​​​ទី​​​២ ខែ​​​កញ្ញា ជន​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ទាំង​​​បួន​​​នាក់​​​នេះ​​​​​​ បាន​​​លើក​​​ឡើង​​​ថា ពួកគេ​​​​​​​​​មិន​​​ដឹង​​អំពី​​​បក្ខ​​​ពួក​​​​​​សម​​​គំនិត​​​ក្នុង​​​ប្រតិបត្តិការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នេះ​​​ទេ​​​។ អ្នកស្រី Villamor បាន​​​អះអាង​​​ថា អ្នកស្រី​​​ជឿ​​​ជាក់​​​ថា កេស​​​ដែល​​​មាន​​​ថ្នាំ​​​ញៀន​​​ប្រភេទ​​​កូកាអីុន​​​​​​ ដែល​​​អ្នកស្រី​​​បាន​​​និយាយ​​​ថា មិត្ត​​​ភក្តិ​​​របស់​​​អ្នកស្រី​​​បាន​​​ឲ្យ​​​មក​​​ខ្លួន​​​នោះ គឺ​​​​​​មាន​​​តែ​​​គ្រឿង​​​អលង្ការ​​​ប៉ុណ្ណោះ​​​។

អ្នក​​​ស្រី ស៊ីនួន បាន​​​ប្រាប់​​​តុលាការ​​​ថា បុរស​​​ជន​​​ជាតិ​​​នីហ្សេ​​រីយ៉ា​​​ម្នាក់​​​បាន​​​ស្នើ​​​​​​អ្នកស្រី​​​ឲ្យ​​​ជួយ​​​​​​​​​យក​​​ប្រាក់​​​ចំនួន​​​៥០០​​​ដុល្លារ​​​ទៅ​​​ឲ្យ​​​អ្នកស្រី Villamor នៅ​​​សណ្ឋាគារ Luxury Word ហើយ​​​អ្នក​​​ស្រី​​​បាន​​​យល់​​​ព្រម​​​ដើម្បី​​​ទទួល​​​បាន​​​កម្រៃ​​​ជើង​​​សា​​​ចំនួន​​​២០​​​ដុល្លារ។

លោក ខៀវ សាម៉ន នាយ​​​នគរ​​​បាល​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​នៅ​​​ក្រសួង​​​មហាផ្ទៃ​​​បាន​​​ឲ្យដឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា អ្នក​​​ស្រី​​​ Villamor និង​​​អ្នក​​​សម​​​គំនិត​​​​​​ត្រូវ​​​បាន​​​ចាប់ខ្លួន​​​ដោយ​​​សារ​​​មាន​​​ការ​​​សហការ​​​គ្នា​​​រវាង​​​នគរ​​​បាល​​​កម្ពុជា និង​​​នគរ​​​បាល​​​អាំង​​​ទែប៉ូល។

លោក​​​បាន​​​មាន​​​​​​ប្រសាសន៍​​​ថា “នគរ​​​បាល​​​អន្តរ​​​ជាតិ​​​បាន​​​ផ្តល់​​​ព័ត៌​​​មាន​​​មក​​​ឲ្យ​​​យើង​​​”។

នៅ​​​ពេល​​​សាក​​​សួរ​​​អំពី​​​ការ​​​ជាប់​​​ទោស​​​ខុស​​​ៗ​​​គ្នា​​​របស់​​​ជន​​​ទាំង​​​បួន​​​​​​​​​​​​​​​​​​ លោក សាម៉ន បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ខ្លះ​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា​​​មាន​​​កាន់​​​ថ្នាំ​​​ញៀន​​​ និង​​​អ្នក​​​ខ្លះ​​​ទៀត​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​[ដោយ​​​ប្រយោល​​​]នៅ​​​ក្នុង​​​ករណី​​​នេះ ដូច្នេះ​​​​​​ការ​​​ដាក់​​​ទោស​​​ទណ្ឌ​​​គឺ​​​មិន​​​ដូច​​​គ្នា​​​ទេ​​​។

សាល​​​ក្រម​​​កាល​​​ពីម្សិលមិញ ត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​បន្ទាប់​​​ពី​​​សេចក្តី​​​សម្រេច​​​របស់​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​កាល​​​ពី​​​ឧសភា ដែល​​​ក្នុង​​​​​​នោះ​​​​​​ជន​​​បរទេស​​​ចំនួន​​​ប្រាំ​​​នាក់​​​ត្រូវ​​​បាន​​​ផ្តន្ទាទោស​​​ចន្លោះ​​​ពី​​​២៣​​​ឆ្នាំ​​​ដល់​​​២៧​​​ឆ្នាំ ពី​​​បទ​​​ឃុបឃិត​​​ជួញ​​​ដូរ​​​គ្រឿង​​​ញៀន​​​ប្រភេទ​​​ហេរ៉ូអីុន​​​ ទម្ងន់​​​២,២គីឡូក្រាម​​​​​​ពី​​​ប្រទេស​​​អូស្ត្រាលី​​​មក​​​ប្រទេស​​​កម្ពុជា​​​ ប៉ុន្តែ ក្នុង​​​​​​ចំណោម​​​ជន​​​បរទេស​​​​​​ទាំង​​​ប្រាំ​​​នាក់​​​នេះ​​​ មាន​​​ពីរ​​​នាក់​​​បាន​​​រត់​​​គេច​​​ខ្លួន​​​។

ហើយ​​​កាល​​​ពី​​​ខែ​​​មិថុនា​​​ឆ្នាំ​​​មុន​​​​​​ សាលា​​​ដំបូង​​​រាជ​​​ធានី​​​បាន​​​ផ្តន្ទា​​​ទោស​​​កំបាំង​​​មុខ​​​ឲ្យ​​​ជន​​​ជាតិ​​​វៀតណាម​​​សញ្ជាតិ​​​កាណាដា និង​​​ជន​​​ជាតិ​​​វៀតណាម​​​ម្នាក់​​​ជាប់​​​ពន្ធនាគារ​​​អស់​​​មួយ​​​ជីវិត​​​ពី​​​បទ​​​ផលិត​​​សារធាតុ​​​​​​ MDMA ជា​​​សារធាតុ​​​​​​ដ៏​​​សំខាន់​​​ក្នុង​​​ការ​​​ផលិត​​​ថ្នាំ​​​ញៀន​​​អិុច​​​ស្តាសីុ៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស