28 C
Phnom Penh

​បណ្ដា​ក្រុមហ៊ុន​សហគ្រាស​ពិចារណាយ៉ាងល្អិតល្អន់អំពីប្រាក់​ខែ​គោល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ពេល​និយាយ​ដល់​បញ្ហា​ប្រាក់​ខែ​គោល​ បណ្ដា​មេដឹកនាំ​ធុរកិច្ច​នៅ​សប្ដាហ៍​នេះ​បាន​យល់​ស្រប​ថា អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ដ៏មាន​សារៈសំខាន់​របស់​កម្ពុជា​ មិនមែន​ប៉ះពាល់​​តែ​​ឧស្សាហ​កម្ម​កាត់​ដេរ​ដែល​មាន​ចំនួន​ស្មើ​មួយ​ភាគបី​នៃ​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) ១៥,២៥​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​នេះ​ទេ​។

តំណាង​មកពី​ឧស្សាហកម្ម​នានា​​ចាប់​ពី​​វិស័យ​ភោជនីយដ្ឋាន និង​សណ្ឋាគារ​រហូត​ដល់​ក្រុម​ហ៊ុន​លក់​រថយន្ត​ បាន​លើក​ឡើង​អំឡុង​សន្និសីទ​មួយ​រៀបចំ​ឡើង​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ច័ន្ទ​ថា ការ​ដំឡើង​ប្រាក់​ខែ​គោល​សម្រាប់​កម្មករ​កាត់​ដេរ​៦០០.០០០​នាក់​នៅ​ទូទាំង​ប្រទេស​​ បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពួកគេ​ទាំង​អស់​គ្នា​។

សន្និសីទ​ដែល​រៀបចំ​ឡើង​ដោយ​សហព័ន្ធ​និយោជិត​កម្ពុជា (Camfeba) និង​ដែល​បាន​ទាក់​ទាញ​ពាណិជ្ជករ​ប្រមាណ​១៥០រូប​ឲ្យ​ចូលរួម​នេះ ធ្វើ​ឡើង​​ស្រប​ពេល​រដ្ឋាភិបាល​ រោងចក្រ​ និង​សហជីព​ជិត​ឈាន​ដល់​សេចក្ដី​សម្រេច​​លើ​គោល​ការណ៍កំណត់​ប្រាក់​ខែ​គោល​១០០ដុល្លារ​នាពេល​បច្ចុប្បន្ន​នៅ​ក្នុង​វិស័យ​កាត់​ដេរ​​សម្រាប់​ឆ្នាំ​២០១៥​។

លើក​ចុង​ក្រោយ​ដែល​ប្រាក់​ខែ​គោល​ត្រូវ​បានពិនិត្យ​ផ្ទៀង​ផ្ទាត់​ឡើង​វិញកាលពី​ខែ​ធ្នូ សហ​ជីព​នានា​បាន​ធ្វើ​កូដកម្ម​យ៉ាង​ផុស​ផុលបណ្ដាល​ឲ្យ​ប៉ះពាល់​ឧស្សាហកម្ម​នេះយ៉ាង​ខ្លាំង បន្ទាប់ពី​ការ​ទាម​ទារ​​ប្រាក់​ខែ​គោល១៦០ដុល្លារ​របស់​ខ្លួន​​​មិន​ទទួល​បាន​ជោគ​ជ័យ​។ សហជីព​ទាំង​នេះ​​កំពុង​គំរាម​ធ្វើ​កូដកម្ម​បែប​នេះ​ជា​​ថ្មី​ម្តង​ទៀត ប្រសិន​បើ​​ពេល​នេះ​ការ​ទាមទារ​​ថ្មី​របស់​ខ្លួន​​សុំ​​ដំឡើង​ប្រាក់​ខែគោល​ដល់​​១៧៧​ដុល្លារមិន​ត្រូវ​បានអើពើ​ទេនោះ​។

លោកស្រី​ សានដ្រា ឌីអាមីកូ (SandraD’Amico) អនុប្រធាន​ Camfeba បានមាន​ប្រសាសន៍​ថា ” ថ្ងៃ​នេះ​វា​មិន​គ្រាន់​តែ​ជា​ករណី​ដែល​ត្រូវ​និយាយ​ថា ‘ អូ! វា​ជា​វិស័យ​កាត់​ដេរ យើង​មិន​ចាំបាច់​និយាយ​ពីវា​​’ នោះឡើយ។ វា​ពិត​ជា​ប៉ះពាល់​ដល់​វិស័យ​ផ្សេងៗទៀត​”។

លោក ប៉ិច ប៉ូឡែន អនុប្រធាន​សមាគម​សហគ្រិន​វ័យក្មេង ដែល​ធ្វើ​ការ​ជាមួយ​សហគ្រាស​ខ្នាត​តូច និង​មធ្យម​ជា​ច្រើន​ ក៏​បាន​យល់​ស្រប​ដូច្នេះ​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​តែ​ជួប​ការ​លំបាក​រួច​ទៅ​ហើយ​នៅ​ក្នុង​ការ​ជ្រើស​​រើស​មនុស្ស​ពូកែ​​មកពីគ្រប់​ក្រុមហ៊ុន​ធំៗ​ទាំង​អស់​។ ដូច្នេះ យើង​គ្មាន​លទ្ធភាព​នឹង​​​ចំណាយ​ប្រាក់​ច្រើន​ដើម្បី​ទទួល​មនុស្ស​ពូកែ​ឲ្យ​មក​ធ្វើ​ការ​ជាមួយ​​ក្រុម​ហ៊ុន​របស់​យើង​ទេ”។

លោក​បាន​លើក​ឡើង​ថា នៅពេល​ប្រាក់​ខែ​គោល​របស់​កម្មករ​កាត់​ដេរ​ឡើង​ អ្នក​អាជីព​វ័យក្មេង​​ និង​និស្សិត​​បញ្ចប់​ការ​សិក្សា​ថ្មី​ៗ​ដែល​ទើប​ចាប់​ផ្ដើម​ធ្វើ​ការ​ នឹង​រំពឹង​ចង់​បាន​ដូច​គ្នា​ដែរ​។ លោក​បាន​មាន​ប្រសាសន៍​បន្ត​ថា ” យើង​ផ្ដល់​ប្រាក់​ខែ​១០០​ដុល្លារ ឬ​១៦០​ដុល្លារ​ដល់​ពួកគាត់​។ ដូច្នេះ ប្រសិន​បើ​ប្រាក់​ខែ​របស់​កម្មករ​គ្មាន​ជំនាញ​ឡើង​ដល់​១៦០​ដុល្លារ​ តើ​​អ្នក​អាជីព​វ័យ​ក្មេង​ទាំង​នោះ​នឹងទាម​ទារ​ប៉ុន្មាន​​ទៅ?”។

លោក​ រ៉ាមី សារ៉ាហ្វ (Rami Sharaf) អគ្គនាយកក្រុម​ហ៊ុន​ RMA Cambodia ដែល​វិនិយោគ​​លើ​មុខ​ជំនួញ​ច្រើន​យ៉ាង​ចាប់​ពី​ការ​​ចែក​ចាយ​រថយន្ត​​រហូត​ដល់​ម៉ាស៊ីន​ភ្លើង និង​សង្វាក់​​ភោជនីយដ្ឋាន​ បាន​មាន​ប្រសាសន៍​ថា ទំនុក​ចិត្ត​របស់​វិនិយោគិន​នៅ​ក្នុង​ឧស្សាហកម្ម​កាត់​ដេរ​ប៉ះពាល់​ដល់​ទំនុក​ចិត្ត​របស់​វិនិយោគិន​ទាំង​អស់​នៅ​ក្នុង​ប្រទេស​នេះ​។

លោក​បាន​បន្ត​ថា ​គ្រប់វិស័យ​ទាំងអស់​កំពុង​មាន​ចំណាប់​អារម្មណ៍​ស្វែង​រក​វិនិយោគ​ផ្ទាល់​ពីបរទេស​ (FDI) ដើម្បី​ចៀសវាង​​កូដកម្ម និង​បាតុកម្ម​របស់​កម្មករ​ក្នុង​វិស័យ​កាត់​ដេរ​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ ជា​ពិសេស​នៅ​ពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ចូល​ជាធរមាន​នៅ​ដំណាច់​ឆ្នាំ​២០១៥​​ ហើយ​ឧបសគ្គ​រាំង​ស្ទះ​ដល់​រំហូរ​កម្លាំង​ពល​កម្ម​រវាង​ប្រទេស​ជា​សមាជិក​នឹង​ចាប់​ផ្ដើមថយ​ចុះ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ប្រសិន​បើ​រឿង​នេះ​មិន​ត្រូវ​បាន​ដោះ​ស្រាយ​​​​តាម​លក្ខណៈ​យុទ្ធសាស្ត្រ​ដែល​​ [គិតគូរ] ដល់​ចំណុចដែល​យើង​ត្រូវ​ទៅ​ដល់​​ ​នៅ​ពេល​យើង​ធ្វើ​សមា​ហរណកម្ម​​នៅ​ក្នុង​អាស៊ាន​ដែល​ធំជាង​មុន​ទេ​នោះ យើង​នឹង​ប្រឈម​ហានិភ័យ​ចំពោះ​ GDP របស់​យើង​ យើង​​នឹង​ប្រឈមវិស័យ​លេខ​១​ ដែល​​ទាក់​ទាញ​វិនិយោគ​​ឲ្យ​​​​មក​កម្ពុជា​​នា​​ពេល​សព្វ​ថ្ងៃ​ ដែល​មាន​ស្ថិរភាព​​ដោយ​ទទួល​បាន​កំណើនពី​៧​ទៅ​៧,៥​ភាគរយរាល់​ឆ្នាំ​សម្រាប់​រយៈ​ពេល​ប្រាំ​ឆ្នាំ​ចុង​ក្រោយនេះ​”។

លោក​បាន​​លើក​ឡើង​ទៀតថា ” ហើយ​យើង​ដឹង​​តាម​រយៈ​ស្ថានភាព​​ជាក់ស្តែង​ដែល​បាន​កើតឡើង​នៅ​ក្នុង​ឆ្នាំ​កន្លង​ទៅ​ នៅ​ពេលយើង​ជួប​ប្រទះ​​​កូដកម្ម​ និង​ការ​ប្រឈម​​មុខ​ដាក់​គ្នា​​ ដោយ​វិនិយោគិន​ជា​ច្រើន​ក្នុង​ចំណោម​នោះបន្ត​រក្សា​ជំហរ​នៅ​កណ្ដាល​ ដោយ​ពួកគេ​​និយាយ​ថា ‘ តើ​អ្នក​ឯង​ដឹង​ស្អី​? ទុក​ឲ្យ​ខ្ញុំ​រង់ចាំ​មើល​សិន​’”។

នៅ​ក្នុង​ទស្សនវិស័យ​របស់​ខ្លួន​​ស្ដីពី​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រាប់​ឆ្នាំ​២០១៤​ ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​លើក​ឡើង​ថា FDI សុទ្ធ​នៅ​តែ​រឹង​មាំ​ ប៉ុន្តែ​មាន​ចំនួន​តិច​​ជាង​មួយ​​ឆ្នាំ​មុន​នេះ​​មួយ​ផ្នែក​ដោយសារ​តែ​​ភាព​តាន​តឹង​ផ្នែក​នយោបាយ​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​ដ៏​ចម្រូងចម្រាស​​កាលពី​ឆ្នាំ​មុន​។

កូដកម្ម​ទូទាំង​ប្រទេស​ក្នុង​វិស័យ​កាត់​ដេរ​ដែល​បាន​ចាប់​ផ្ដើម​​​ផ្ទុះ​ឡើង​កាលពី​ចុង​ខែ​ធ្នូ បាន​ផុស​ផុល​ខ្លាំង​​បំផុត​កាល​ពី​ខែមករា ដែល​ពេល​នោះ​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ប្រហារ​ទៅ​លើ​បាតុករ​ ដែល​គប់ដុំថ្មដាក់​សមត្ថកិច្ច​នៅ​ក្នុង​រាជ​ធានីភ្នំពេញ បណ្ដាល​ឲ្យ​កម្មករ​យ៉ាង​ហោច​ណាស់​ប្រាំនាក់​បាត់​បង់ជីវិត និង​រាប់សិប​នាក់​ទៀត​រងរបួស ហើយ​​ដោយ​សារ​តែ​កត្តា​នេះ​រដ្ឋាភិបាល​បាន​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពីសំណាក់​បណ្ដា​អង្គការ​សិទ្ធិ​មនុស្ស និង​ក្រុម​ហ៊ុន​សម្លៀក​បំពាក់​មួយ​ចំនួន​។

ហើយ​ខណៈ​ដែល​ការ​នាំចេញ​សម្លៀក​បំពាក់​បាន​បន្ត​កើន​ឡើង​នៅ​ក្នុង​​រយៈ​ពេល​ពីរ​ត្រីមាស​ដើម​ឆ្នាំ​២០១៤នោះ ក្រុម​ហ៊ុន​សម្លៀក​បំពាក់​មួយ​ចំនួន​បាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​របស់​ខ្លួន។

លោក កាំង មុនីកា អគ្គ​លេខាធិការរង​នៃ​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា (GMAC) បាន​ថ្លែង​ទៅកាន់​អ្នក​ចូលរួម​នៅ​ក្នុង​អង្គ​សន្និសីទ​​​កាលពី​ថ្ងៃច័ន្ទ​នេះ​ថា ផលប៉ះពាល់​នៃ​ការ​កាត់​បន្ថយ​ទាំង​នោះ​នឹង​លេច​ចេញ​ជារូប​រាង​​ច្បាស់​ក្នុង​ពេល​ឆាប់ៗ​នេះ​។

លោក​មាន​ប្រសាសន៍ទៀត​ថា ក្នុង​ពេល​ថ្មីៗ​នេះ​ GMAC បាន​ស្ទង់​មតិ​រោងចក្រ​ចំនួន​២៤៧​ក្នុង​ចំណោម​រោងចក្រ​ជា​សមាជិក​ជាង​៥០០​របស់​ខ្លួន​។ លោក​បាន​លើក​ឡើង​ថា រោងចក្រ​ចំនួន​១២៣​មិន​ទទួល​បាន​ការ​បញ្ជាទិញ​គ្រប់​គ្រាន់សម្រាប់​បន្ត​​ប្រតិបត្តិការ​រហូត​ដល់​ដំណាច់​ឆ្នាំនេះ​ទេ ១២៦​រោងចក្រ​បាន​កាត់​បន្ថយ​​វេន​ធ្វើ​ការ​បន្ថែម​​ម៉ោង​ ១៦០​រោងចក្រ​​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ជា​ទិញ​របស់​ខ្លួន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​​​​ជា​មធ្យម​៤០ភាគរយ​ និង​៨៦​រោងចក្រ​​បាន​បិទ​សង្វាក់​ផលិត​កម្ម​មួយ​ចំនួន​របស់​ខ្លួន​។

Camfeba ក៏​ទំនង​ជា​​ទម្លាក់​កំហុស​មួយ​ចំនួន​ទៅ​លើ​កង្វះ​ទំនុក​ចិត្ត​របស់​វិនិយោគិន​ចំពោះ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ផង​ដែរ​។ នៅ​ក្នុង​សេចក្ដី​ព្រាង​របៀបវារៈ​ដែល​រៀបរៀង​ដោយ​ម្ចាស​់​កម្មវិធី​ អ្នក​សម្រប​សម្រួល​កម្មវិធី​​ និង​អ្នក​ចូល​រួម​ត្រូវ​បាន​ជំរុញ​ឲ្យរិះគន់​ប្រព័ន្ធ​ផ្សព្វ​​ផ្សាយ​ខ្លាំងៗ​ចំពោះ​ការ​ចុះ​ផ្សាយ​អំពី​ទំនាក់​ទំនង​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

របៀបវារៈ​នេះ​មាន​ខ្លឹម​សារ​ដូច្នេះ​ថា “បញ្ហា​ប្រឈម​ជាច្រើន​ពាក់​ព័ន្ធ​នឹង​ការ​​ចុះ​ផ្សាយ​មិន​ល្អ​​តាម​​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ដែល​តែង​តែ​មាន​ភាព​​អវិជ្ជមាន​។ ការ​ចុះ​ផ្សាយ​​​មិន​ល្អ និង​ប្រកប​ដោយ​ភាព​អវិជ្ជមាន​ ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​យើង​ទាំង​អស់​គ្នា និង​របៀប​ដែល​ FDI មើល​មក​កម្ពុជា​។ ខ្ញុំ​ចង់​ឲ្យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀតលើក​ឡើង​ពី​បញ្ហា​នេះ​ដើម្បី​និយាយ​ថា ​ការ​ចុះ​ផ្សាយ​មិន​ល្អ​នៅ​ក្នុង​វិស័យ​មួយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យើង​ទាំង​អស់​គ្នា​”។

មេធាវី​ធុរកិច្ច​ ម៉ាត់ស៊ូ រេនដល (Mathew Rendall) អគ្គលេខាធិការ​រង​របស់​ Camfeba និង​ជា​អ្នក​សម្រប​សម្រួល​កម្ម​វិធីមួយ​រូប​នៅ​ក្នុង​អង្គ​សន្និសីទ​នោះ បាន​ចោទ​ប្រកាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ការ​ចុះ​ផ្សាយ​របស់​ខ្លួន​អំពី​ប្រាក់​ខែ​គោល​ក្នុង​វិស័យ​កាត់​ដេរ​ធ្វើ​ឡើង​ផ្អែក​តាម​អារម្មណ៍ផ្ទាល់​ខ្លួន​ខ្លាំង​ពេក​។

លោក​បាន​មាន​ប្រសាសន៍​ទៀត​ថា ” វា​ជាបញ្ហា​ដ៏សំខាន់​មួយ​ដែល​ធ្វើ​ឲ្យប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​។ ដូច្នេះ ថ្ងៃ​នេះ​​វា​ជា​ឱកាស​ល្អ​ដែល​បាន​ស្ដាប់​មតិ​ពីអ្នក​គ្រប់គ្នា ជាពិសេស​អ្នក​នៅ​ក្រៅ​វិស័យ​កាត់​ដេរថា តើ​ពួកគេ​យល់​ឃើញ​យ៉ាង​ណា​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​នេះ​ ពីព្រោះ​យើង​ភាគ​ច្រើនធ្លាប់​តែ​​ឮពីវា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយប៉ុណ្ណោះ ហើយ​អត្ថបទ​ផ្សព្វ​ផ្សាយទាំង​នោះ​ផ្អែក​តាម​អារម្មណ៍​ខ្លាំង​ពេក​ជាជាង​រឿង​ពិត​”៕ សុខុម​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស