28 C
Phnom Penh

ជនជាតិអាមេរិក​ម្នាក់​ប្រឈម​នឹង​ការ​ធ្វើ​បត្យាប័ន​ពាក់ព័ន្ធ​​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​នៅ​អាមេរិក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​មន្ត្រី​​នគរ​បាល​អន្តោប្រវេសន៍​​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា បុរស​ជនជាតិ​អាមេរិក​​អាយុ​២៥​ឆ្នាំ​ម្នាក់​ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​សៅរ៍ ពីបទ​កាន់​ទិដ្ឋាការ​ហួស​សុពលភាព​ នឹង​ត្រូវ​ធ្វើ​បត្យាប័ន​ទៅ​សហរដ្ឋអាមេរិក​វិញ​ ដើម្បី​ប្រឈម​នឹង​ការ​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​នៅទីនោះ។

​លោក អ៊ុក ហៃសិលា ប្រធាន​នាយកដ្ឋាន​​ស៊ើបអង្កេត​ និង​អនុវត្តនីតិវិធី​នៃ​អគ្គ​នាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា លោក Ian Andrew Heller ដែល​កើត​នៅ​រដ្ឋ Nebraska នឹង​ត្រូវ​បញ្ជូន​ត្រឡប់​ទៅ​សហរដ្ឋ​អាមេរិក​វិញ ភ្លាមៗ​បន្ទាប់​ពី​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ចុះ​ហត្ថលេខា​លើ​បទបញ្ជា​ធ្វើ​បត្យាប័ន​។

លោក​បាន​មាន​ប្រសាសន៍​ថា ” សហរដ្ឋអាមេរិក​បាន​ចេញ​ដីកា​​ទៅ​កាន់​ស្ថានទូត​របស់​ខ្លួន​ទាំង​អស់​នៅ​ទូទាំង​ពិភព​លោក​​បន្ទាប់ពី [លោក Heller] បាន​រត់គេច​ខ្លួន​ក្រោយ​ពេល​ត្រូវ​បាន​ចោទ​ប្រកាន់​​​ពីបទ​រំលោភ​​បំពាន​ផ្លូវ​ភេទ​កុមារ​”។ លោក​បាន​បន្ត​ថា “ដំបូង​ឡើយយើង​​បាន​ចាប់​ខ្លួន​គាត់​ ព្រោះ​ទិដ្ឋាការ​របស់​គាត់​ហួស​សុពលភាព​ ប៉ុន្តែ​យើង​បាន​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​គាត់​ ហើយ​ដឹង​​ថា គាត់​គឺ​ជា​មនុស្ស​តែ​មួយ​”។ លោក​បាន​បន្ថែម​ថា លោក Heller​ កំពុង​ត្រូវ​បាន​ឃុំខ្លួន​នៅ​ទីស្នាក់ការ​របស់​នាយក​រដ្ឋាន​អន្តោប្រវេសន៍​​​​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក ហៃសិលា បាន​ឲ្យ​ដឹង​ទៀត​ថា ដំបូង​ឡើយ លោក Heller ​បាន​មក​ដល់​ក្រុង​សៀមរាប មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ក្រុង​ព្រះសីហនុ​។ លោក​បាន​មាន​ប្រសាសន៍​ថា ” គាត់​ចង់​មក​​ប្រទេស​កម្ពុជា​ ហើយ​ធ្វើ​ដូច​ជា​ភ្ញៀវ​ទេសចរ​ធម្មតា ហាក់បីដូច​ជា​គ្មាន​អ្វី​កើត​ឡើង​អ៊ីចឹង”។

កាសែត​ The Columbian ដែល​ផ្សព្វ​ផ្សាយ​គ្រប​ដណ្ដប់​លើ​តំបន់​ Clark County ក្នុង​រដ្ឋ​វ៉ាស៊ីតោន បាន​ចុះ​ផ្សាយ​​កាលពី​ថ្ងៃ​ច័ន្ទ​ថា លោក Heller ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​រំលោភ​ក្មេងស្រី​ម្នាក់​ជាច្រើន​លើក​ច្រើន​សា ហើយ​មិន​បាន​បង្ហាញ​ខ្លួននៅ​ក្នុង​តុលាការ ប្រាំមួយ​ថ្ងៃ​មុន​ពេល​លោក​ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

អត្ថបទ​កាសែត​នេះ​ក៏​បាន​​​ចុះ​​​ផ្សាយ​​​​ដែរ​ថា ពីមុន​លោក Heller ធ្លាប់​ជាប់​ពន្ធនាគារ​ក្នុង​ឆ្នាំ​២០១៣ ប៉ុន្តែ​អត្ថបទ​កាសែត​នេះ​មិន​បាន​រៀបរាប់​ច្រើន​ទេ។

អត្ថបទ​កាសែត​នេះ​មាន​​ខ្លឹមសារ​ដូច្នេះ​ថា ” នៅ​ពេល​​​លោក​ត្រូវ​ដោះ​លែង​ពីពន្ធនាគារ​កាលពី​ឆ្នាំ​មុន​ តុលាការ​​បាន​បង្គាប់​ឲ្យ​លោក​ស្នាក់​នៅ​ជាមួយ​​បងប្អូនទីទៃ​ឪពុក​ម្ដាយតែ​មួយ​របស់​គាត់​ គឺ​លោក​ Kieth Griffith។ លោក Griffith បាន​ប្រាប់​មន្ត្រី​ថា លោក Heller បាន​ចាក​ចេញ​ដោយ​មិន​ប្រាប់​គាត់​ឲ្យ​ដឹង​ពី​អាសយដ្ឋាន​ថ្មី​នោះ​ឡើយ”។

អត្ថបទកាសែត​នេះ​មាន​ខ្លឹមសារ​បន្ត​ថា ” ដីកា​តុលាការ​​ត្រូវ​បាន​ចេញ​ដើម្បី​ចាប់​ខ្លួន​លោក​ Heller នៅ​ដំណាច់​ខែ​កក្កដា ពីបទ​មិន​ប្រាប់​ឲ្យ​ដឹង​ពី​អាសយដ្ឋាន​ថ្មី ​ដែល​ច្បាប់​តម្រូវ​”។

ស្ថានទូត​សហរដ្ឋអាមេរិក​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​នឹង​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ករណី​របស់​លោក Heller ឡើយ ព្រោះ​ជា​គោល​នយោបាយ​។

ការ​ចាប់​ខ្លួន​លោក Heller នៅ​ក្នុង​ក្រុង​ព្រះសីហនុ​កាលពី​ថ្ងៃ​សៅរ៍ ដែល​ត្រូវ​បាន​ប្រកាស​ដោយ​នគរ​បាល​ជាតិ​តាម​គេហទំព័រ​របស់​ខ្លួន​នៅ​ថ្ងៃ​ដដែល​នោះ ត្រូវ​បាន​ធ្វើ​ឡើង​ចំពេល​មាន​ការ​ធ្វើ​ជំរឿន​ថ្មី​នៅ​ទូទាំង​​ប្រទេស​ ដែល​​ជា​លទ្ធផល​ជនបរទេស​រាប់​សិន​នាក់​​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុស​​​ច្បាប់​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​របស់​ខ្លួន​វិញ​។ ជន​បរទេស​​ទាំង​នោះ​រួម​មាន ពលរដ្ឋ​​​រុស្ស៊ី ឥណ្ឌា នីហ្សេរីយ៉ា ចិន និង​ពលរដ្ឋ​​​វៀតណាម៕ ស៊ុយឈាង​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស