33 C
Phnom Penh

សកម្មជន​ការពារ​បរិស្ថាន​ត្រូវ​គេ​ដោះលែង តែមាន​ផែនការ​បិទ​ផ្លូវ​ជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជន​ទាំង​១១​នាក់​ដែល​ត្រូវ​បាន​នគរបាល​ឃាត់​ខ្លួន​នៅ​ខេត្ត​កោះកុង​កាលពី​ថ្ងៃ​ច័ន្ទ ព្រោះ​បាន​រារាំង​ក្បួន​រថយន្ត​រដ្ឋាភិបាល​មិន​ឲ្យ​ចូល​ទៅ​តំបន់​អារ៉ែង ជា​កន្លែង​ដែល​អ្នកភូមិ​កំពុង​តវ៉ា​ប្រឆាំង​គម្រោងសាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ចម្រូង​ចម្រាស​នោះ ត្រូវ​បាន​ដោះលែង​កាលពី​ព្រឹក​ម្សិលមិញ ប៉ុន្តែ​ពួកគេបាន​ប្តេជ្ញា​បន្ត​ប្រឆាំង​គម្រោង​នេះ​តទៅ​ទៀត។​​​

លោក អាឡិច ហ្គន់ហ្សាឡេស ដាវីដ​សុន ជា​ជនជាតិ​អេស្ប៉ាញ និង​ជា​សហ​ប្រធាន​អង្គការ​ មាតា​ធម្មជាតិត្រូវ​បាន​ចាប់​ខ្លួន​នៅ​កន្លែង​បិទ​ផ្លូវ​មួយ​កាលពី​រសៀល​ថ្ងៃ​ច័ន្ទ រួម​ជាមួយ​សកម្មជន​ខ្មែរ​១០​នាក់​មកពី​អង្គការ​មិនមែន​រដ្ឋាភិបាលរបស់លោក និង យុវជនខ្មែរមហានគរ។

ទោះជា​នគរបាល​បាន​ដោះលែង​លោក ហ្គន់ហ្សាឡេស ដាវីដ​សុន នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​ក៏​ដោយ ក៏​សកម្មជន​១០​នាក់​ផ្សេង​ទៀត​មិន​ត្រូ​វបាន​ដោះលែង​ពីទីស្នាក់ការនគរបាល​នៅ​ក្រុង​កោះកុង​ទេ រហូត​ដល់​ព្រឹក​ថ្ងៃ​បន្ទាប់​ទើប​មាន​ការ​ដោះលែង។

លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង​បាន​មាន​ប្រសាសន៍​ថា “មនុស្ស​១០​នាក់​ត្រូវ​បាន​ដោះ​លែង​នៅ​ម៉ោង​ប្រហែល​១​រំលង​អធ្រាត្រ បន្ទាប់ពី​យើង​បាន​អប់រំ​ពួកគាត់ ហើយ​ពួកគាត់​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ថា ពួកគាត់​នឹង​ឈប់​រំខាន់​អាជ្ញាធរ​ទៀត”។

លោក​បាន​បន្ថែម​ថា “ជា​ការ​ខុស​ច្បាប់​ដែល​ឃាត់​អាជ្ញាធរ​មិន​ឲ្យ​​ទៅ​ជួប​អ្នកភូមិ”។

សកម្មជន​និងអ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ជង​រស់នៅ​តំបន់​ស្ទឹង​អារ៉ែង ដែល​ផ្ទះ​សំបែង​របស់​ពួកគាត់​នឹង​ត្រូវ​ជន់លិច ប្រសិនបើ​ក្រុម​ហ៊ុន​ចិន​ស៊ីណូហាយដ្រូ បន្ត​ការ​សាងសង់​ទំនប់​ស្ទឹង​ឆាយ​អារ៉ែង​កម្លាំង​១០៨​មេហ្គាវ៉ាត់​នោះ បាន​និង​កំពុង​បិទ​ផ្លូវ​២៤​ម៉ោង​ជា​ច្រើន​ខែ​មក​ហើយ រារាំងមិន​ឲ្យ​អ្នក​ចុះ​សិក្សា​វាយ​តម្លៃ​និង​កម្មករ​ចូល​តំបន់​នោះទេ។

លោក កែវ នីបូរ៉ា អភិបាល​រង​ស្រុក​ថ្មបាំង​បាន​មាន​ប្រសាសន៍​ថា កាលពី​ម្សិលមិញ យើង​បាន​​បញ្ជា​ឲ្យ​ក្រុម​នេះ​រុះរើ​របាំង​ផ្លូវ​និង​ចាកចេញ​ពីទី​នេះ។

លោក​មាន​ប្រសាសន៍​ថា “យើង​បាន​បញ្ជា​ឲ្យ​សហគមន៍​នេះ​រើ​តង់​និង​សម្ភារ​ផ្សេងៗ​ចេញពី​តំបន់​នេះ ពីព្រោះ​ពួកគាត់​គ្មាន​សិទ្ធិ​អំណាច​បោះ​ជំរំ ឬបិទ​ផ្លូវ​បែប​នេះ​ទេ”។

លោក ស៊្រុន​​​​​​ ម៉េងលាង ជា​សកម្មជន​ម្នាក់​ដែល​ត្រូវ​បានគេ​ឃាត់​ខ្លួន​កាលពី​ថ្ងៃ​ច័ន្ទ​ដែរ​នោះ បាន​បញ្ជាក់​ថា លោក​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ថា​មិន​ត្រឡប់​មក​កន្លែង​បិទ​ផ្លូវ​នេះ​វិញ​ទេ ប៉ុន្តែ​បាន​ឲ្យ​ដឹង​ថា វា​មិន​អាច​ហាមឃាត់​លោក​មិន​ឲ្យ​បង្កើត​ការ​បិទ​ផ្លូវ​នៅ​កន្លែង​ផ្សេង​តាម​បណ្តោយ​ផ្លូវ​នេះ​បាន​ឡើយ។

លោក​បាន​មាន​ប្រសាសន៍​ថា “លិខិត​នោះ​ហាមឃាត់​យើង​មិន​ឲ្យ​បិទ​តំបន់​នោះ​​​ តែយើង​នឹង​បន្ត​ធ្វើ​នៅ​កន្លែង​ផ្សេងទៀត។ ឥឡូវ​នេះ យើង​នឹង​អនុញ្ញាត​ឲ្យ​អាជ្ញាធរ​ចេញចូល​តំបន់​នោះ ប៉ុន្តែ​យើង​នឹង​មិន​ឲ្យ​ក្រុមហ៊ុន ស៊ីណូហាយដ្រូ ចូល​ឡើយ”។

លោក ម៉េងលាង មាន​ប្រសាសន៍​ថា សកម្មជន​ដែល​ត្រូវ​គេ​ឃាត់​ខ្លួន​បាន​ទទួលសម្ភារមកវិញ​​ខ្លះ​ ដូចជា​ទូរស័ព្ទ​និង​ម៉ាស៊ីនថត ដែល​នគរបាល​បាន​រឹប​អូស​យក។

លោក ហ្គន់ហ្សាឡេស ដាវីដ​សុន បាន​មាន​ប្រសាសន៍​ថា លោក​និង​សកម្មជន​ផ្សេងទៀត​បាន​យល់​ច្រឡំ​ថា រថយន្ត​ដែល​ពួកគាត់​បាន​ឃាត់​កាលពី​ថ្ងៃ​អាទិត្យ​នោះ គឺដឹក​កម្មករ​ក្រុមហ៊ុន ស៊ីណូហាយដ្រូ ឬ​អ្នក​ម៉ៅការ។

លោក​បាន​មាន​ប្រសាសន៍​ថា ប្រសិនបើពួកគាត់​ដឹង​ថា រថយន្ត​ទាំង​នោះ​ដឹកអភិបាល​រង​ខេត្ត​និង​មន្ត្រី​រដ្ឋាភិបាល​ផ្សេងទៀត ក្នុង​ដំណើរ​ទៅ​ជួប​អ្នកភូមិ​អំពី​បញ្ហា​ទំនប់​នេះ​វិញ​នោះ “ខ្ញុំ​គិត​ថា គ្រប់​គ្នា​រឹត​តែ​សប្បាយ​រីករាយ​ឲ្យ​ពួកគាត់​ចូល​ទៅហើយ”៕មានិត

(រាយការណ៍បន្ថែមដោយ Zsombor Peter)

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស