33.3 C
Phnom Penh

គ្រោះ​ថ្នាក់​រថយន្ត​បណ្តាល​ឲ្យ​កម្មករ​៤៧នាក់​រង​របួស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

វេជ្ជ​បណ្ឌិត​​​ និង​​​បុគ្គ​លិក​សហជីព​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិលមិញ​​​ថា កម្មករ​​​រោងចក្រ​កាត់​ដេរ​៤៧​​​នាក់​​​ និង​​​អ្នក​​​បើក​​​បររថយន្ត​​​ម្នាក់​​​បាន​​​រង​​​របួស​​​នៅ​​​ពេល​​​រថយន្ត​​​ដែល​​​ពួក​​​គេ​​​ជិះ​​​ បាន​​​ជួប​​​គ្រោះ​​​ថ្នាក់​​​​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​កាល​​​ពីល្ងាច​​​ថ្ងៃ​​​ច័ន្ទ។ 

​​​រថយន្ត​​​ទ្រុង​​​នេះ ក៏ដូច​​​ជា​​​រថយន្ត​​​រាប់​​​រយ​​​គ្រឿងទៀត​ស្រដៀងគ្នានេះ​​ដែល​​​ដឹក​​​កម្មករ​​​ពីផ្ទះ​​​របស់​​​ពួកគេ​​​ទៅ​​​កាន់​​​រោង​​​ចក្រ​​​កាត់ដេរជា​​​រៀង​​​រាល់​​​ថ្ងៃ​​​នោះ ដឹក​​​កម្មករ​​​ប្រហែល​​​៥០​​​នាក់​​​។ អ្នកបើក​​​បរ​​​បាន​​​បាត់​​​បង់​​​ម្ចាស់​​​ការ​​​កាល​​​ពី​​​វេលាម៉ោង​​​៥និង​​​៣០​​​នាទី​​​ល្ងាច​​​។

លោក ជា​​​ ឧត្តម តំណាង​​​មក​​​ពី​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​បាន​​​មា​​​ន​​​ប្រសាសន៍​​ថា “​​​អ្នក​បើក​​​បរ​​​មិន​​​អាច​​​គ្រប់​​​គ្រង​​​ដៃ​​​ចង្កូត​​​បាន​​​ ពី​​​ព្រោះ​​​វា​​​ខូច​​​ ដូច្នេះ​​​រថយន្ត​​​បាន​​​ជួប​​​គ្រោះ​​​ថ្នាក់​​​ ហើយ​​​កម្មករ​​​ជា​​​ច្រើន​​​បាន​​​រង​​​របួស”។

លោក ប្រាក់​​​ សម្បត្តិ ប្រធាន​​​​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ក្រុង​​​បាវិត បាន​​​មាន​​​ប្រសាសន៍​​​ថា កម្មករ​​​បួន​​​នាក់​​​បាន​ “រង​​​របួស​​​ធ្ងន់​​​” ដោយ​​​បាក់​​​ឆ្អឹង​​​ដង​​​កាំបិត និង​​​ឆ្អឹង​​​ស្លាប​​​ប្រចៀវ ហើយ​​​ត្រូវ​​​បាន​​បញ្ជូន​​​បន្ត​ទៅមន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​ ចំណែក​​​កម្មករ​ផ្សេង​​​ទៀត​​​បានរង​​​របួស​​​ស្រាល​​​ ដូច​​​ជាមាន​ស្នាមរយះ​​​ និង​​​ស្នាម​​​ជាំ​​​​​​ដៃ​​​ជើងជាដើម។

គ្រោះ​​​ថ្នាក់​​​ដែលពាក់​​​ព័ន្ធ​​​នឹង​​​រថយន្ត​​​ដឹក​​​កម្មករ​​​ជា​​​ច្រើន​​​ជិះ​​​ប្រជ្រៀត​​​គ្នានេះ តាម​​​ធម្មតា​​​ទ្រុងធ្វើ​ពី​​​ចម្រឹងដែក​​​ដើម្បី​​​ឲ្យ​​​អ្នក​​​ធ្វើ​​​ដំណើរ​​​ទប់​​​លំនឹង​​​ គឺ​​​កើត​​​ឡើង​​​ស្ទើរ​​​តែ​​​រាល់​​​សប្តាហ៍​​​។ គ្រោះ​​​ថ្នាក់​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ គឺ​​​ដោយសារ​​​​​​ស​​​ភាព​​​រថយន្ត​​​មិនល្អក្នុង​ចំណោម​រថ​យន្ត​ជាច្រើន​​ ដែល​​​ដឹក​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ទូទាំងប្រទេសប្រហែល​​​៦០០.០០០នាក់​​​ ទៅ​​​ធ្វើ​​​ការ​​​​​​ងារ​​​។

លោក ប៉ុស សាមិត្ត​ អាយុ​​​២២​​​ឆ្នាំ ជា​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​បាន​​​និយាយ​​​ថា នគរ​​​បាល​​​ចរាច​​​រ​​​ត្រួត​ពិនិត្យ​​​ប័ណ្ណ​​​បើក​​​បរ​​​ កង​​​់រថយន្ត និង​​​ទ្រុង​​​​​​រៀង​​​រាល់​​​ខែ​​​។ សាមិត្ត បាន​​​និយាយ​​​ថា “មាន​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​ជា​​​ច្រើន​​​ ដែល​​​រថយន្ត​​​របស់​​​ខ្លួន​​​បាន​​​បង្ក​​​គ្រោះ​​​ថ្នាក់ ហើយ​​​ជា​​​រថយន្ត​​​ចាស់​​​ដោយ​​​សារ​​​ពួក​​​គាត់​​​ក្រីក្រ។ ហេតុ​​​ដូច្នោះ​​​ហើយ​​​ពួក​​​គាត់​​​មិន​​​អាច​​​ទិញ​​​រថយន្ត​ល្អ​​​បាន​​ ​​​ វា​​​បង្ក​​​ឲ្យ​​​មាន​​​គ្រោះ​​​ថ្នាក់ច្រើន​​​ ដោយសារ​​​ម៉ាស៊ីន​​​ដំណើរ​​​​​​ការមិន​​​ល្អ​​​”។

សាមិត្ត បាន​​​បន្ថែម​​​ទៀត​​​ថា “នៅ​​​ពេល​​​នគរ​​​បាល​​​ចរាចរ​​​ពិនិត្យ​​​ឃើញ​​​ថា​​​មាន​​​បញ្ហានោះ ​​​ ពួក​​​គេ​​​នឹងផាក​​​ពិន័យ​​​អ្នក​​​បើក​​​បរ​​​ ហើយ​​​បញ្ជូន​​​ទៅ​​​ប៉ុស្តិ៍​​​នគរ​​​បាល​​​”។ ប៉ុន្តែ ពិន សុភា អាយុ​​​៣៣​​​ឆ្នាំ ជា​​​កម្មការិនី​​​មក​​​ពី​​​ខេត្ត​​​កណ្តាល​​​បាន​​​និយាយ​​​ថា ប្រព័ន្ធ​​​បច្ចុប្បន្ន​​​របស់​​​នគរបាល​​​ចរាចរ​​​ដែល​​​ត្រួត​​​ពិនិត្យ​​​រថយន្ត​​​នោះ គឺ​​​ពុក​​​រលួយ​​​ណាស់​​​ វា​​​គ្មាន​​​ប្រយោជន៍​អ្វី​​​ឡើយ​​​។

កម្ម​ការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “អ្នក​​​បើក​​​បរ​​​បាន​​​ដឹក​កម្មករ​​​ច្រើន​​​ហួស​​​នៅ​​​ក្នុង​​​រថយន្តចំណែក​​​អាជ្ញាធរ​​​មិន​​​ខ្វល់ឡើយ  ហើយទទួល​​​សំណូក​​​ពី​​​អ្នក​​​បើក​​​បរ​​​ដោយធ្វើ​​​មិន​​​ដឹង​​​មិន​​​ឮចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​របស់​​​ពួក​​​គេ​​​”។

រឿន​​​ សារ៉ាត អាយុ​​​៣០​​​ឆ្នាំ​​​ ជា​​​កម្មការ​​ិនី​ម្នាក់​​​​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​និយាយ​​​ថា ប្រសិន​​​បើ​​​នាង​​​មាន​​​ជម្រើស​​​ នាង​​​នឹង​​​មិន​​​​​ជិះ​​​រថយន្ត​​​​​​គ្នា​​​ច្រើនអ៊ីចឹង​​​ទេ ពីព្រោះ​​​វា​​​ចង្អៀត​​​ណាស់ និង​​​រថយន្ត​​​បើក​​​លឿនទៀត​​​ ហើយ​​​មិន​​​មាន​​​កន្លែង​​​អង្គុយ​​​ទេ​​​។

កម្មការិនី​​​រូប​​​នេះ​​​បាន​​​និយាយ​​​ថា “យើង​​​ត្រូវ​​​តែ​​​បង្ខំចិត្ត​​​ជិះ​​​រថយន្ត​​​ បើ​​​ទោះ​​​ជា​​​ដឹង​​​ថា វា​​​គ្រោះ​​​ថ្នាក់​​​ក៏​​​ដោយ​​​ ពីព្រោះ​​​យើង​​​គ្មាន​​​ជម្រើស។ ​​​មាន​​​គ្រោះ​​​ថ្នាក់​​​កើត​​ឡើង​​​ដ៏​​​ច្រើន​ពាក់​ព័ន្ធ​រថយន្តដឹកកម្មករ​​​ ពីព្រោះ​​​រថយន្ត​​​ទាំង​​​នោះ​​​ចាស់​​​ៗ ហើយ​​​អ្នក​​​បើក​​​បរ​​​មិន​​​គោរព​​​ច្បាប់​​​​​​ចរាចរណ៍​​​ឡើយ​​​”។

លោក​​​ស្រី ជីល ថាក់ឃ័រ​​​ ទីប្រឹក្សា​​​ផ្នែកបច្ចេក​​​ទេស​​​នៅ​​​កម្មវិធី​​​រោង​​​ចក្រ​​​ល្អ​​​ប្រសើរ​​​នៅ​​​កម្ពុជា​​​ជា​​​កម្មវិធី​​​ដែល​​​គ្រប់​​​គ្រង​​​ដោយ​​​អង្គការ​​​ពល​​​កម្ម​​​អន្តរ​​​ជាតិ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា  ដំណោះស្រាយ​​​តែ​​​មួយ​​​គត់​​​សម្រាប់​​​រោង​​​ចក្រ​​​ គឺ​​​ជួល​​​រថយន្ត​​​ផ្ទាល់​​​ខ្លួនជាជាង​​​ពឹង​​​ផ្អែក​​​តែទៅ​​​លើ​​​អ្នក​​​បើក​​​បរ​​​ខាងក្រៅ​​​ ដែល​​​រង់​​​ចាំ​​​នៅ​​​ខាង​​​ក្រៅរោងចក្រ​​​ដើម្បី​​​ដឹក​​​​​​កម្មករ​​​នោះ។

លោកស្រី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា​​​ វា​​គ្រាន់​​​តែ​​​ជា​​​បញ្ហា​​​ប្រឈម​​​មួយ​​​ក្នុង​​​ចំណោម​បញ្ហា​​​ប្រឈម​​​ជាច្រើន​​​ដែល​​​កម្មករ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​ប្រឈម​​​តែប៉ុណ្ណោះ។ ហើយ​​​តាមការ​​​ពិនិត្យជាក់ស្តែង វា​​​មិន​​​ត្រឹម​​​តែ​​​អ្វី​​​ដែល​​​​​​កើត​​​ឡើង​​​​​​នៅ​​​ក្នុង​​​រោង​​​ចក្រ ដែល​​​ជួន​​​កាល​​​​​​ជា​​​បញ្ហា​​​ប្រឈមប៉ុណ្ណោះទេ វា​ថែម​​​ទាំង​​​ការ​​​ដឹក​​​កម្មករ​ទាំងទៅ​​​ និង​​​មក​​​ទៀត​​​ផង​​​”៕សារុន 

(រាយ​ការណ៍​​​បន្ថែម​​​ដោយ Lauren Crothers)​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស