យោងតាមនគរបាលបានឲ្យដឹងថា កម្មករចំាចម្ការជំទង់ពីរនាក់ត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃច័ន្ទ នៅក្នុងខេត្តត្បូងឃ្មុំពីបទប្លន់សម្លាប់អ្នកស្រី ថៃ ហ៊ួយ ជាម្ចាស់ចម្ការស្វាយចន្ទីមួយដែលសាកសពរបស់គាត់ត្រូវបានគេប្រទះឃើញនៅក្នុងអណ្តូងទឹកមួយនៅក្នុងខេត្តកំពង់ចាមកាលពីថ្ងៃអាទិត្យ។
លោក សេម ឃាង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ចាមបានមានប្រសាសន៍ថា ជនជាប់ចោទឈ្មោះ ឃន ឆាយ អាយុ២០ឆ្នាំ និង ម៉ាន់ រ៉ូ អាយុ១៩ឆ្នាំ ត្រូវបានបញ្ជូនទៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីធ្វើការសាកសួរមុនពេលបញ្ជូនករណីរបស់ពួកគេទៅតុលាការនៅថ្ងៃពុធ។
លោក សេម ឃាង ដែលកម្លាំងរបស់លោកបានសហការជាមួយនគរបាលមូលដ្ឋានក្នុងករណីនេះបានមានប្រសាសន៍ថា បុរសទាំងពីរនាក់នេះបានសារភាពថា ពួកគេពិតជាបានសម្លាប់អ្នកស្រី ថៃ ហ៊ួយ ដែលពួកគេទាំងពីរនាក់បានចាំចម្ការឲ្យរយៈពេលប្រាំឆ្នាំមកហើយមែន។
លោកបានមានប្រសាសន៍ថា ពួកគេក៏បានសារភាពថា បានប្លន់យកប្រាក់ចំនួន១.៥០០ដុល្លារពីផ្ទះរបស់គាត់ផងដែរ ហើយបានគេចខ្លួនពីកន្លែងកើតហេតុតាមម៉ូតូដែលប្លន់បាននោះ។
លោក សេម ឃាង បានមានប្រសាសន៍ថា “ពួកគេបានសារភាពថា ពួកគេបានសម្លាប់អ្នកស្រី ថៃ ហួ៊យ ប្លន់យកទ្រព្យសម្បត្តិរបស់គាត់ និងបានយកសាកសពទៅទម្លាក់ក្នុងអណ្តូងទឹកមួយមុនពេលគេចខ្លួន”។ លោកបានបន្ថែមថា នគរបាលជឿថា បទឧក្រិដ្ឋនេះ គឺជាការគិតទុកជាមុន។
លោក កាំង គឹមហ៊ុយ ប្អូនប្រុសរបស់អ្នកស្រី ថៃ ហួ៊យ បាននិយាយថា លោកជឿថា ឈ្មោះ ឆាយ និង រ៉ូ គឺជាឃាតករ។
លោកបាននិយាយថា “ខ្ញុំដឹងថា ឆាយ និង រ៉ូ បានសម្លាប់បងស្រីរបស់ខ្ញុំ ពីព្រោះពួកគេជាមនុស្សដែលស្នាក់នៅជាមួយគាត់នៅពេលហេតុការណ៍បានកើតឡើង”។
សាច់ញាតិរបស់អ្នកស្រី ថៃ ហួ៊យ បានបើករថយន្តកាត់តាមផ្ទះអ្នកស្រីក្នុងខេត្តកំពង់ចាមកាលពីថ្ងៃព្រហស្បតិ៍ ហើយមិនឃើញមាននរណាម្នាក់នៅផ្ទះទេ។ ពួកគាត់បានរាយការណ៍ពីអ្នកដែលបាត់ខ្លួនកាលពីថ្ងៃអាទិត្យទៅនគរបាលស្រុក ដែលបានរកឃើញសាកសពអ្នកស្រី ថៃ ហួ៊យ នៅថ្ងៃដដែលនោះ។
លោក គឹមហ៊ុយ បាននិយាយថា បងស្រីរបស់គាត់រស់នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ តែងតែមកមើលចម្ការរបស់គាត់ក្នុងខេត្តកំពង់ចាមរហូតដល់បួនដងឯណោះក្នុងមួយខែ។
លោកបាននិយាយថា ជាមួយនឹងការផ្តន្ទាទោសជនសង្ស័យទាំងពីរនាក់នេះ ក្រុមគ្រួសារជនរងគ្រោះនឹងទាមទារសំណងជាប្រាក់ចំនួន១០០លានរៀល ចំពោះការសម្លាប់អ្នកស្រី ថៃ ហួ៊យ ៕សារុន