កម្មករកាត់ដេរទាំងក្រមៗដែលបាននាំគ្នាដើរចេញក្រៅរោងចក្រនានាក្នុងរាជធានីភ្នំពេញ និងនៅទូទាំងប្រទេសកាលពីម្សិលមិញ ដើម្បីរួមគ្នាទាមទារប្រាក់ខែគោល១៧៧ដុល្លារ “ដែលអាចរស់បាន” សម្រាប់ឧស្សាហកម្មនេះ បានចូលរួមជាមួយសហជីពតាមរយៈការកៀរគរអ្នកគាំទ្រនៅខាងក្រៅស្ថានទូត និងហាងលក់សម្លៀកបំពាក់នានានៅក្នុងប្រទេសអូស្ត្រាលី និងតំបន់អឺរ៉ុប។
សហជីពនានារបស់កម្ពុជាបានរៀបចំ “ទិវាសកម្មភាព” (Day of Action) ឲ្យស្របពេលគ្នានឹងដំណាក់កាលចុងក្រោយនៃការចរចារបស់ខ្លួនជាមួយរដ្ឋាភិបាល និងថៅកែរោងចក្រជុំវិញប្រាក់ខែគោលថ្មីសម្រាប់កម្មករកាត់ដេរ ដែលបច្ចុប្បន្នមានចំនួនត្រឹមតែ១០០ដុល្លារ។
បណ្តារោងចក្រ និងរដ្ឋាភិបាលចង់ដំឡើងឲ្យតែ១០ដុល្លារប៉ុណ្ណោះ ហើយការបោះឆ្នោតរបស់ក្រុមប្រឹក្សាការងារអាចនឹងធ្វើឡើងនៅថ្ងៃទី២៧ ខែកញ្ញា ដោយប្រាក់ខែគោលថ្មីនឹងចូលជាធរមាននៅថ្ងៃទី១ ខែមករា។
កម្មករដែលបានចូលរួមការតវ៉ា ពាក់អាវយឺតពណ៌ទឹកក្រូចដែលមានបោះពុម្ពអក្សរថា “យើងត្រូវការប្រាក់ឈ្នួល១៧៧ដុល្លារ” នៅពីខាងមុខ និងខាងក្រោយ ដោយពួកគេធ្វើសកម្មភាពចែកស្ទីកគ័រ និងកាន់បដាចោទប្រកាន់ក្រុមហ៊ុនសម្លៀកបំពាក់មួយចំនួនដែលខ្លួនផលិតសម្លៀកបំពាក់ឲ្យរួមមានទាំងក្រុមហ៊ុន Zara និង Puma ផង ថាបានធ្វើឲ្យកម្មករខ្មែរជួបប្រទះ “ភាពអត់ឃ្លាន”។
កម្មករប្រហែល៣០០នាក់បានចូលរួមការតវ៉ានៅខាងក្រៅសួនឧស្សាហកម្មកាណាឌីយ៉ាក្នុងរាជធានីភ្នំពេញ ជិតកន្លែងដែលកងរាជអាវុធហត្ថធ្លាប់បាញ់ប្រហារលើក្រុមបាតុករដែលទាមទារដំឡើងប្រាក់ខែអប្បបរមា១៦០ដុល្លារកាលពីថ្ងៃទី៣ ខែមករា បណ្តាលឲ្យកម្មករប្រាំនាក់បាត់បង់ជីវិត និងរាប់សិបនាក់ទៀតរងរបួស។
រដ្ឋាភិបាល និងរោងចក្រនានានិយាយថា បូករួមជាមួយប្រាក់ឧបត្ថម្ភ និងប្រាក់បន្ថែមម៉ោង កម្មករកាត់ដេរអាចរកចំណូលបានលើលពីគ្រប់គ្រាន់រួចទៅហើយ សម្រាប់ការចំណាយជាមូលដ្ឋានរបស់ខ្លួន និងសម្រាប់ផ្ញើប្រាក់ទៅស្រុក ហើយថា ការដំឡើង៧៧ដុល្លារភ្លាមៗ នឹងបង្ខំឲ្យរោងចក្រជាច្រើនបិទទ្វារ។ បណ្តាសហជីពនិយាយថា កម្មករកំពុងតែត្រដររស់ទាំងវេទនា ខណៈថៅកែរោងចក្រចំណេញកប់ក្តោងពីកម្លាំងពលកម្មរបស់ពួកគេ។
កម្មការិនីឈ្មោះ ពៅ ស៊ីថន ដែលបានហែក្បួនជាមួយក្រុមនេះតាមផ្លូវដែលមានរោងចក្រជាជួរកាត់តាមសួនឧស្សាហកម្មកាណាឌីយ៉ា និយាយថា “យើងចង់បានប្រាក់ខែគោលខ្ពស់ ពីព្រោះសព្វថ្ងៃយើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទំនុកបម្រុងខ្លួនឯងទេ ដោយសារតែអ្វីៗថ្លៃខ្លាំងពេក ដូចជាថ្លៃឈ្នួលផ្ទះ ទឹកភ្លើង និងអាហារជាដើម”។
កម្មការិនីម្នាក់ទៀតឈ្មោះ ឡុង ឌី ដែលបានចូលរួមជាមួយស្ត្រីរូបនេះដែរនិយាយថា ការដំឡើងប្រាក់ខែដែលកម្មករទទួលបាន គឺតែងតែគ្មានប្រយោជន៍ដោយសារតែតម្លៃទំនិញចេះតែឡើងថ្លៃមិនឈប់ធ្វើឲ្យពួកគេពិបាករស់។
ស្ត្រីរូបនេះនិយាយទៀតថា “ពេលគេដំឡើងប្រាក់ខែរបស់យើង អ្វីៗនៅលើទីផ្សារក៏ឡើងថ្លៃដែរ ដូច្នេះការដំឡើងប្រាក់ខែ គឺគ្មានប្រយោជន៍ទេ។ ប្រសិនបើមិនចង់ដំឡើងប្រាក់ខែរបស់យើងទេ កុំបណ្តោយឲ្យទំនិញឡើងថ្លៃ”។
គាត់សង្ឃឹមថា ចលនារួបរួមគ្នានេះនឹងធ្វើឲ្យរដ្ឋាភិបាល និងរោងចក្រនានាធ្វើតាមការទាមទាររបស់ពួកគេ។គាត់និយាយទៀតថា “ចង្កឹះមួយងាយនឹងកាច់បាក់ ប៉ុន្តែ ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ។ ខ្ញុំសង្ឃឹមថា យុទ្ធនាការនេះនឹងដាក់សម្ពាធលើអ្នកទិញ និងរដ្ឋាភិបាលឲ្យដំឡើងប្រាក់ខែរបស់យើង”។
លោក អាត់ ធន់ ប្រធានសហជីពឯករាជ្យដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជា ក៏បានចូលរួមតវ៉ាជាមួយកម្មករនៅសួនឧស្សាហកម្មកាណាឌីយ៉ាដែរ។ លោកបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មាននៅកណ្តាលចំណោមក្បួនតវ៉ាថា “យើងមកជួបជុំគ្នា មានសហជីព សហព័ន្ធ និងសមាគម សម្រាប់យុទ្ធនាការទាមទារប្រាក់ខែគោល ១៧៧ដុល្លារ ដើម្បីបង្ហាញថា ១៧៧ដុល្លារជាអ្វីដែលកម្មករចង់បានដើម្បីមានជីវភាពសមរម្យ។ យើងនឹងបញ្ជូនសារនេះទៅថៅកែរោងចក្រ រដ្ឋាភិបាល និងអ្នកបញ្ជាទិញ”។
បច្ចុប្បន្ន លោកកំពុងប្រឈមសវនាការនៅក្នុងសំណុំរឿងចំនួនបីដាច់ដោយឡែកពីគ្នាពាក់ព័ន្ធនឹងសកម្មភាពសហជីពរបស់លោក ហើយតុលាការបានហាមប្រាមលោកមិនឲ្យចូលរួមការជួបជុំគ្នាជាសាធារណៈ ឬជួបជាមួយសមាជិកសហជីពរបស់លោកឡើយ។ ប៉ុន្តែ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីការល្មើសបទបញ្ជានេះទេកាលពីម្សិលមិញ ហើយចំណែកឯមន្ត្រីតុលាការមិនអាចទាក់ទងបានឡើយ។
សហជីពចំនួនប្រាំបី ដែលបានរៀបចំយុទ្ធនាការនេះ បានអះអាងថា កម្មករប្រមាណ៣០.០០០នាក់បានចូលរួមការតវ៉ាស្រដៀងគ្នានេះនៅតាមរោងចក្រប្រហែល២០០តាមបណ្តាខេត្តទូទាំងប្រទេស ប៉ុន្តែចំនួននេះមិនអាចបញ្ជាក់បានទេ។
នៅឯសួនឧស្សាហកម្មកាណាឌីយ៉ា ភាគច្រើននៃកម្មកររាប់ពាន់នាក់ដែលបានធ្វើការនៅរោងចក្រនានាក្នុងសួនឧស្សាហកម្មនេះ មិនបានចូលរួមការតវ៉ានេះទេ គឺបានត្រឹមតែឈរមើលប៉ុណ្ណោះ។
កម្មការិនីឈ្មោះ សីុ នាង និយាយថា គាត់ចង់ចូលរួមដែរ ប៉ុន្តែ មិនហ៊ានព្រោះខ្លាចពេកដោយសារតែគាត់នៅតែនឹកឃើញដល់ហេតុការណ៍កងរាជអាវុធហត្ថបាញ់សម្លាប់កម្មករកាលពីខែមករា ហើយម្យ៉ាងគាត់ប្រយ័ត្នប្រយែងចំពោះវត្តមានទាហានប្រដាប់អាវុធប្រហែលជាង១០នាក់ដែលចាំឃ្លាំមើលការតវ៉ាកាលពីម្សិលមិញ។
ស្ត្រីរូបនេះនិយាយទៀតថា “ខ្ញុំពិតជាចង់ចូលរួមណាស់ ប៉ុន្តែ ខ្ញុំខ្លាចមានរឿងកើតឡើងដូចកាលពីថ្ងៃទី២ ទី៣ ខែមករា ដែលពេលនោះអាជ្ញាធរបានសម្លាប់កម្មករជាច្រើន។ តើយើងចូលរួមជាមួយពួកគាត់ម៉េចនឹងកើត បើនៅទីនេះមានទាហានប្រដាប់ដោយកាំភ្លើងអាកាបែបនេះ? ខ្ញុំព្រួយបារម្ភចំពោះសុវត្ថិភាពរបស់ខ្ញុំ ពីព្រោះមានទាហានច្រើនណាស់”។
សហជីពអន្តរជាតិចំនួនបីបានជួយកៀរគរការគាំទ្រចំពោះយុទ្ធនាការនៅឯបរទេស។ សហជីព Industri All Global Union ដែលមានមូលដ្ឋាននៅក្នុងទីក្រុងហ្ស៊ឺណែវ និយាយថា ខ្លួនបានដឹកនាំប្រតិភូមួយក្រុមទៅកាន់ស្ថានទូតកម្ពុជា ប្រចាំទីក្រុងហ្ស៊ឺណែវ ដើម្បីគាំទ្រកម្មករខ្មែរ និងការទាមទារប្រាក់ខែគោល១៧៧ដុល្លារ ហើយថា សម្ព័ន្ធសហជីពកម្មករអន្តរជាតិ ( International Trade Union Confederation) ក៏បានធ្វើដូច្នេះដែរនៅក្នុងទីក្រុង ព្រុចសែល។
អ្នកនាំពាក្យសហជីព Industri All GlobalB Union បានលើកឡើងថា សហជីពសាខានៅក្នុងទីក្រុងមែលប៊ន បានធ្វើបាតុកម្មនៅខាងមុខហាងមួយរបស់ក្រុមហ៊ុន H&M ហើយសកម្មជនសហជីពនៅក្នុងទីក្រុងកង់បេរ៉ា បានតវ៉ានៅស្ថានទូតកម្ពុជា ប្រចាំនៅទីនោះ។ មនុស្សមួយក្រុមតូចបានធ្វើការតវ៉ានៅខាងមុខហាងមួយរបស់ក្រុមហ៊ុនលក់សម្លៀកបំពាក់ Adidas នៅក្នុងទីក្រុងឡុងដ៍ ហើយសហជីព Industri All Global Union បាននិយាយថា តាមការរំពឹងទុកថា នៅក្នុងសហរដ្ឋអាមេរិកក៏នឹងមានបាតុកម្មស្រដៀងគ្នានេះដែរ៕សុខុម
(រាយការណ៍បន្ថែមដោយ Zsombor Peter )