នគរបាល និងសមាជិកសហជីពបានលើកឡើងថា តំណាងសហជីពពីរនាក់ត្រូវបានចាប់ឃុំខ្លួនរយៈពេលជាច្រើនម៉ោង នៅក្នុងខេត្តព្រៃវែងកាលពីថ្ងៃម្សិលមិញ ខណៈពេលធ្វើកូដកម្មរយៈពេលជិតមួយសប្តាហ៍ទាមទារលក្ខខណ្ឌការងារនិងប្រាក់ឧបត្ថម្ភប្រសើរជាងមុន នៅរោងចក្រ កំចាយមារ ត្រេឌីង ដែលកាន់កាប់ដោយជនជាតិចិន។
លោក សុខ សៀម និងលោក ឃុន សុខុម តំណាងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា(សីុខៅឌូ) ត្រូវបានចាប់ខ្លួននៅម៉ោង៦និង៤០នាទីព្រឹក ខណៈដែលពួកគេបានដឹកនាំការតវ៉ានៅខាងមុខរោងចក្រនេះ ដែលអ្នកគ្រប់គ្រងនិយាយថា ផលិតសម្លៀកបំពាក់ឲ្យក្រុមហ៊ុន GAP របស់អាមេរិក។
បន្ទាប់ពីសមាជិកសហជីពត្រូវបាននាំខ្លួនទៅកាន់សាលាស្រុកកំចាយមារ ដើម្បីធ្វើការសាកសួរ កម្មករដែលធ្វើកូដកម្មប្រហែល៣.០០០នាក់បានបិទផ្លូវជាតិលេខ១ ហើយបានឡោមព័ទ្ធអគារនោះទាមទារឲ្យដោះលែងអ្នកទាំងពីរ។
លោក សុខ សៀម បានមានប្រសាសន៍ថា “ពួកគេបានចាប់ខ្លួនយើង ហើយនាំយើងទៅសាកសួរនៅសាលាស្រុកពីបទដឹកនាំកូដកម្ម ប៉ុន្តែ យើងត្រូវបានដោះលែងវិញនៅវេលារសៀល បន្ទាប់ពីកម្មកររាប់ពាន់នាក់បានឡោមព័ទ្ធសាលាស្រុក”។
លោកបានបន្ថែមថា “អាជ្ញាធរបានចាប់ខ្លួនពួកយើងដោយគ្មានដីកា។ យើងជឿថា នេះគឺជាការគំរាមកំហែងប្រឆាំងសហជីព ដើម្បីកុំឲ្យពួកយើងធ្វើកូដកម្មប្រឆាំងរោងចក្រ”។
លោក សៀវ សុខុម អធិការនគរបាលស្រុកបានបញ្ជាក់ពីការចាប់ខ្លួននេះ។
ដោយសារកូដកម្មនៅទូទាំងប្រទេស ទាមទារដំឡើងប្រាក់ខែបានធ្វើឲ្យប៉ះពាល់ដល់ឧស្សាហកម្មកាត់ដេរកាលពីចុងខែធ្នូ និងដើមខែមករានោះ នគរបាលបានប្រឹងប្រែងបង្ក្រាបការធ្វើកូដកម្មនេះតាមរយៈការចាប់ខ្លួន ការសាកសួរ និងការដោះលែងបុគ្គលិកសហជីពដែលរៀបចំកូដកម្មទាំងនោះ។
កាលពីថ្ងៃសុក្រ កម្មករនៅរោងចក្រ កំចាយមារ បានដុតកង់ឡាននៅមុខរោងចក្រ និងដើម្បីធ្វើឲ្យប្រាកដថា នឹងមានការចរចាបន្តជាមួយតំណាងរោងចក្រនៅថ្ងៃសៅរ៍។
លោក សុខ សៀម បានមានប្រសាសន៍ថា តំណាងសហជីពនិងតំណាងរោងចក្រគ្រោងនឹងបន្តការចរចានៅថ្ងៃេនះក្រោមវត្តមានលោក ហាស់ សារ៉េត អភិបាលខេត្ត។
ប៉ុន្តែ កម្មការិនី ឈ្មោះ អិុន ជិន បាននិយាយថា កូដកម្មនឹងបន្ត “ប្រសិនបើមិនមានដំណោះស្រាយប្រសើរទេនោះ”។ កម្មការិនីរូបនេះបាននិយាយថា “កម្មករគ្រាន់តែទាមទារផលប្រយោជន៍ប្រសើរជាងនេះតែប៉ុណ្ណោះ។ ហេតុអ្វីបានជារោងចក្រមិនឆ្លើយតបចំពោះពួកយើង?”។
ការតវា៉នៅរោងចក្រកំចាយមារ កាលពីម្សិលមិញ កើតឡើងដំណាលគ្នានឹងយុទ្ធនាការទាមទារដំឡើងប្រាក់ខែគោលដល់១៧៧ដុល្លារក្នុងមួយខែ ហើយគេឃើញថា កម្មកររាប់រយនាក់បានជួបជុំគ្នាអំឡុងពេលសម្រាកពិសាអាហារថ្ងៃត្រង់៕សារុន