29 C
Phnom Penh

សាលា​រាជ​ធានី​ និង​ក្រុម​ហ៊ុន​ស៊ូកាគូអុីន​ពិភាក្សា​អំពី​ដំណោះ​ស្រាយ​សម្រាប់​អ្នក​ភូមិ​តំបន់​បឹង​កក់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ថ្ងៃ​ច័ន្ទ មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​​បាន​ជួប​ជាមួយ​តំណាង​ក្រុម​ហ៊ុន​ ស៊ូកាគូអុីន ជា​ក្រុម​ហ៊ុន​ឯកជន​ដែល​កំពុង​​អភិវឌ្ឍ​តំបន់​បឹង​កក់ ដើម្បី​ព្យាយាម​ដោះ​ស្រាយ​បញ្ហា​ពាក់​ព័ន្ធ​នឹង​​អ្នក​ភូមិ​​​​រាប់​សិប​គ្រួសារ​​ ដែល​នៅតែ​ចេញ​មក​តវ៉ា​ដើម្បី​ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

ក្រុម​ហ៊ុន​ស៊ូកាគូអុីន ដែល​គ្រប់​គ្រង​ដោយលោក ឡៅ ម៉េងឃិន សមាជិក​ព្រឹទ្ធសភា​មក​ពី​គណបក្ស​ប្រជា​ជន​កម្ពុជា បាន​បណ្ដេញ​អ្នក​ភូមិ​ប្រមាណ​៣.០០០​គ្រួសារ​ពី​​តំបន់​បឹង​កក់ មុន​​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​​ធ្វើ​អន្តរាគមន៍​កាលពី​ឆ្នាំ​២០១១​ ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ភូមិ​ដែល​នៅ​សេសសល់ប្រមាណ​៦០០​គ្រួសារ​រក្សា​ផ្ទះ​សំបែង​របស់​ខ្លួន​ និង​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី។

ការ​ជួប​ប្រជុំ​គ្នា​កាលពី​ថ្ងៃ​ច័ន្ទ ​បាន​ផ្ដោត​លើ​អ្នក​ភូមិ​រាប់​សិប​គ្រួសារ​​ ដែល​នៅ​តែ​រស់​នៅ​ក្នុង​តំបន់​បឹង​កក់​នៅ​ឡើយ ប៉ុន្តែ​​នៅ​មិន​ទាន់​ទទួល​បាន​​ប័ណ្ណ​​កម្មសិទ្ធិ​ដីធ្លី​។ លោក បា៉ សុជាតិវង្ស អភិបាល​រាជ​ធានី​ភ្នំពេញ​បាន​មាន​ប្រសាសន៍​ថា ” យើង​កំពុង​ពន្លឿន​ការ​ងារ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​”​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជ​ធានី​បាន​ឲ្យ​ដឹង​ថា មន្ត្រី​ដែល​ចូល​រួម​ក្នុង​ការ​ប្រជុំ​នោះ ដែល​រួម​មាន​​ទាំង​លោកស្រី ជឹង សុភាព ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា ឡៅ ម៉េងឃិន ផង​ដែរ​បាន​ពិភាក្សា​ពី​ការ​អភិវឌ្ឍ​តំបន់​នេះ​នៅ​ថ្ងៃ​អនាគត​ និង​​ថា​តើ​ត្រូវ​ដោះ​ស្រាយ​​​​ជាមួយ​អ្នក​ភូមិ​ដែល​នៅ​សេសសល់ និង​ដែល​កំពុង​ទាមទារ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​យ៉ាង​ដូច​ម្ដេច​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ការ​ជួប​ប្រជុំ​គ្នា​នោះបាន​ពិភាក្សា​អំពី​ការ​អភិវឌ្ឍ​តំបន់​បឹង​កក់ ដោយ​ផ្ដោត​លើ​ប្រព័ន្ធ​លូ ផ្លូវ និង​ភ្លើង​ចរាចរណ៍​។ យើង​ក៏ពិភាក្សា​អំពី​ថា តើ​ត្រូវ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​អ្នក​ភូមិ​បឹង​កក់​​ដែល​នៅ​សេសសល់​​ឲ្យ​បាន​លឿន​តាម​របៀប​ណា​ដែរ​”។

ការ​ជួប​ប្រជុំ​នេះ​ត្រូវ​បាន​ធ្វើ​​ឡើង​បន្ទាប់​ពី​សេចក្ដី​ប្រកាស​របស់​ធនាគារ​ពិភព​លោក​កាលពី​ខែ​មុន​ដែល​ថា ខ្លួន​កំពុង​តែ​ពិចារណា​លើ​ការ​លុប​ចោល​​ការ​ផ្អាក​ផ្ដល់​ប្រាក់​កម្ចី​​ថ្មី​ដល់​ប្រទេស​​កម្ពុជា ដែល​ខ្លួន​បាន​ដាក់​កាលពី​ឆ្នាំ​២០១១​ដើម្បី​ប្រឆាំង​នឹង​​ការ​បណ្ដេញ​ចេញ​នៅ​តំបន់​បឹង​កក់​៕ ស៊ុយឈាង​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស