29 C
Phnom Penh

លោក កឹម សុខា ទទួល​ស្វាគមន៍​មន្ត្រី​បរទេស​ជាលើក​ដំបូង​ចាប់​តាំង​ពី​ទទួល​បាន​តំណែង​ជា​អនុប្រធាន​ទី១​រដ្ឋសភា​មក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា​បាន​ទៅ​ចូល​រួម​ក្នុង​សន្និសីទ​មួយ​នៅ​ប្រទេស​ឡាវ លោក កឹម សុខា អនុប្រធានទី១​រដ្ឋសភា បាន​ទទួល​ស្វាគមន៍​មន្ត្រី​បរទេស​ជាលើក​ដំបូង​កាលពី​ម្សិលមិញ ចាប់​តាំង​ពី​លោក​បាន​ក្លាយ​ជា​អនុប្រធាន​ទី១​រដ្ឋសភា​កាលពី​ចុង​ខែ​សីហា​មក។

យោង​តាម​លោក យឹម សុវណ្ណ អ្នក​នាំពាក្យ​គណបក្ស​​ប្រឆាំង​បាន​ឲ្យ​ដឹង​ថា លោក កឹម​ សុខា បាន​ជួប​ជាមួយ​លោក Tom Dodd ប្រធាន​ការិយាល័យ​​​ទទួល​បន្ទុក​តំបន់​អាស៊ាន​នៅ​​ក្រសួង​ការ​បរទេស​ចក្រភព​អង់គ្លេសនៅឯរដ្ឋសភា​ដើម្បី​ពិភាក្សា​​​ពី​ស្ថានភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​ចាប់​តាំង​ពី​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​ការ​ធ្វើ​ពហិការ​មិនចូល​សភា​​របស់​ខ្លួន​​ ក្រោយ​មាន​កិច្ច​ព្រម​ព្រៀង​មួយ​រវាង​គណបក្ស​ប្រជា​ជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី២២ ខែ​កក្កដា។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ដោយ​សំដៅ​ដល់​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​ជិត១០​ខែ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​​ក្រោយ​ការ​បោះ​ឆ្នោត​ជាតិ​កាលពី​ឆ្នាំ​មុន ដែល​គណ​បក្ស​ប្រឆាំង​បាន​និយាយ​ថា គណបក្ស​ប្រជា​ជន​កម្ពុជា​​បាន​លួច​បន្លំ​សន្លឹក​ឆ្នោត​នោះ​ថា ” លោក Tom Dodd បាន​​លើក​សរសើរ​ដល់​ការ​តស៊ូ​ពុះពារ​របស់​គណបក្ស​ប្រឆាំង​ ដែល​បាន​រួម​ចំណែក​យ៉ាង​សំខាន់​ដើម្បី​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ការ​ទទួល​ខុស​ត្រូវ​”។

លោក យឹម សុវណ្ណ បានឲ្យ​ដឹង​ថា លោក Tom Dodd ក៏​បាន​​លើក​ទឹក​ចិត្ត​ដល់​ផែន​ការ​របស់​គណបក្ស​សង្គ្រោះជាតិ​ផ​ងដែរ​ ដើម្បី​​​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​​ឲ្យ​ចូល​សភា​សម្រាប់​​ការ​​សាក​សួរដេញ​ដោល​។

កាលពីសប្ដាហ៍​មុន​ លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ព្រមាន​លោក កឹម សុខា ថា ​ការ​​បន្ត​រិះគន់​ជា​សាធារណៈ​​ចំពោះ​មន្ត្រី​រដ្ឋាភិបាល​​អាច​ធ្វើ​ឲ្យ​សមាជិក​​សភា​ភាគច្រើន​របស់​គណបក្ស​ប្រជា​ជន​កម្ពុជា​ បោះ​ឆ្នោត​ទម្លាក់​លោក​ចេញ​ពីតំណែង​អនុប្រធាន​ទី១​រដ្ឋសភា​​។

លោក យឹម សុវណ្ណ បាន​មាន​ប្រសាសន៍​ថា ” នៅ​ចក្រភព​អង់គ្លេស​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ខ្ទង់​ចំណាយ​ និង​ប្រាក់​ចំណូល​​ជាតិ​ ​ជារឿយៗ​តែង​តែ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ឆ្លើយ​សំណួរ​នៅ​ចំពោះមុខ​ជនរួម​ជាតិ​។ មិន​មែន​គ្រាន់​តែ​រដ្ឋមន្ត្រី​រូប​នេះ​ទេ ប៉ុន្តែ​​គឺ​​រដ្ឋមន្ត្រី​​ក្នុង​ជួរ​រដ្ឋាភិបាល​ចក្រភព​អង់គ្លេស​​ទាំង​អស់​ផង​ដែរដែល​​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ឆ្លើយ​សំណួរ​របស់​គណបក្ស​ប្រឆាំង​ គឺ​មាន​ន័យ​ថា ​ពួកគេ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​មក​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ដេញដោល​ទល់​មុខ​គ្នា​ដោយ​គោរព​ទៅ​តាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​”។

​យោង​តាម​លោក យឹម សុវណ្ណ បាន​ឲ្យ​ដឹង​ថា លោក កឹម សុខា បាន​ប្រាប់​លោក Tom Dodd អំពី​បំណង​របស់​លោក​ដើម្បី ” បង្កើត​ច្បាប់​ ប្រយុទ្ធប្រឆាំង​អំពើពុករលួយ និង​ដើម្បី​​ធ្វើ​​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​​ ដែល​នៅ​តែ​មាន​អំពើ​ពុក​រលួយ​ក្នុង​ពេល​សព្វ​ថ្ងៃ​”។

រដ្ឋសភា​គ្រោង​នឹង​កោះ​ប្រជុំ​នៅ​ខែ​ក្រោយ​ ដើម្បី​បោះ​ឆ្នោត​​ស្ដីពី​ការ​ធ្វើ​​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ ដែល​នឹង​ដាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ជា​ស្ថាប័ន​ឯករាជ្យ​ តាម​ការ​ព្រមព្រៀង​កាលពី​​ថ្ងៃទី២២ ខែ​កក្កដា៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស