កាលពីថ្ងៃអង្គារ តុលាការខេត្តកំពតបានចោទអ្នកយកព័ត៌មាន២នាក់ពីបទគំរាមយកប្រាក់ ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីមិនបានបញ្ចេញឲ្យដឹងអំពីស្ថានភាពនៃបទល្មើសទេ។
លោក ហុក លី អ្នកយកព័ត៌មានទូរទស្សន៍ប៉ុស្តិ៍លេខ៩ និងម្នាក់ទៀតឈ្មោះ សរ ស៊ុនលី ធ្វើការនៅទូរទស្សន៍ហង្សមាស និងកាសែតកម្ពុជាថ្មី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយចាប់ខ្លួននៅក្រុងកំពតកាលពីថ្ងៃសុក្រសប្តាស៍មុន។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ជាថ្មីម្តងទៀត បានបដិសេធមិនបញ្ចេញឲ្យដឹងពីមូលហេតុនៃការចាប់ខ្លួនអ្នកទាំង២ទេ។
លោក ងឹម វ៉ាត អធិការនគរបាលក្រុងកំពតបានមានប្រសាសន៍ថា លោកមិនបានដឹងអ្វីអំពីករណីនេះទេ។
ដោយមិនអធិប្បាយច្រើន លោក ឯក ឆេងហួត ព្រះរាជអាជ្ញា បានមានប្រសាសន៍ថា “ចៅក្រមបានចោទពួកគេពីបទគំរាមរកប្រយោជន៍ តាមមាត្រា៣៧២ [នៃក្រមព្រហ្មទណ្ឌ]”។ អ្នកទាំង២ប្រឈមនឹងការជាប់ពន្ធនាគារ៥ឆ្នាំ ប្រសិនបើគេរកឃើញថាមានកំហុសនោះ។
ក្នុងករណីដោយឡែកមួយទៀត លោក ឈឹម សាធីយ៉ាណុន មេធាវីរបស់អ្នកកាសែតទាំង៥បានឲ្យដឹងថា តុលាការខេត្តកំពង់ឆ្នាំង កាលពីថ្ងៃអង្គារ បានរកមិនឃើញកំហុសរបស់អ្នកកាសែត៥នាក់ពីបទគំរាមទារប្រាក់៣០០ដុល្លារពីឈ្មួញឈើខុសច្បាប់នៅស្រុកទឹកផុសកាលពីពីខែវិច្ឆិកាឆ្នាំ២០១០ទេ។
លោក សាធីយ៉ាណុន បានមានប្រសាសន៍ថា “សេចក្តីសម្រេចនេះយុត្តិធម៌… ពីព្រោះមិនមានភ័ស្តុតាងណាមួយបញ្ជាក់ថា ពួកគេបានប្រព្រឹត្តឡើយ”។
អ្នកយកព័ត៌មានទាំងនោះធ្វើការឲ្យកាសែតដើមអម្ពិល កាសែតថ្ងៃនេះ កាសែតនគរវត្ត និងកាសែតប្រជាធិបតេយ្យ និងទូរទស្សន៍អប្សរា៕មានិត