29 C
Phnom Penh

ទាហាន​ដែល​បាញ់​បោះ​ត្រូវ​អ្នក​ភូមិ​ម្នាក់ ​ប្រឈម​នឹង​ការ​ចាប់ខ្លួន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ស្រុក​​​ពេជ្រាដា, ខេត្ត​​​មណ្ឌល​​​គិរី-អភិបាលស្រុក​​​បាន​​​ប្រាប់​​​អ្នកភូមិ​​​មួយ​​​ក្រុម​​​ដែល​​​មាន​​​កំហឹង​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ទាហាន​​​ម្នាក់​​​​​​ដែល​​​បាន​​​បាញ់​​​កាំភ្លើង​​​របស់​​​ខ្លួន​​​ធ្វើ​​​ឲ្យខ្ទាត​​​បំណែក​​​ត្រូវ​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​ព្នង​​​ម្នាក់​​​ មិន​​​ទាន់​​​បាន​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ចម្ការ​​​កៅស៊ូ​​​ ដែល​​​គាត់​​​ធ្វើ​ការ​​​​ជា​​​សន្តិសុខ​​​ទេ​​​ ហើយ​​​នឹង​​​ត្រូវ​​​ដាក់​​​ទោសទណ្ឌ​​​តាម​​​ច្បាប់​​​។

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ លោក ញែ៉ម វណ្ណី ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​បានមាន​​​ប្រសាសន៍​​​ថា ទាហាន​​​កង​​​យោធពល​​​ខេមរភូមិន្ទ​​​ម្នាក់​​​ដែល​​​មិនត្រូវ​​​​បានស្គាល់​​​អត្ត​​​​​​សញ្ញាណ​​​ បាន​​​​​​​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ខ្មែរ​​​ ដែលមាន​​​ផ្ទៃ​​​ដី​​​ទំហំ​​​៨.០០០ហិកតា បន្ទាប់ ពី​​​បាន​​​គេច​​​ខ្លួន​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​ ហើយ​​​នឹង​​​មិន​​​ត្រូវ​​​​​​​​​ដាក់​​​ទោស​​​ទណ្ឌទេ​​​ ពីព្រោះ​​​ជន​​​រង​​​គ្រោះ​​​ឈ្មោះ តឹក   ងៀម អាយុ​​​២៨​​​ឆ្នាំ​​​បាន​​​រង​​​របួស​​​​​​ស្រាល​​​តែ​​​ប៉ុណ្ណោះ​​​។

ទោះ​​​ជា​​​យ៉ាង​​​ណា​​​ កាល​​​ពីម្សិលមិញ លោក ងួន សារ៉ន អភិបាលស្រុក​​​ពេជ្រាដា បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​រៀប​​​រាប់​​​របស់​​​​​​ស្នង​​​ការ​​​នគរបាល​​​មិន​​​ត្រឹមត្រូវ​​​ឡើយ​​​។ លោក សារ៉ន បាន​​​ប្រាប់​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ព្នង​​​ជិត​​​២០០នាក់​​​ដែល​​​បាន​​​ប្រមូល​​​ផ្តុំ​​​គ្នា​​​នៅ​​​សាលាស្រុក​​​ទាម​​​ទារ​​​រក​​​យុត្តិ​​​ធម៌​​​ដល់​​​លោក ងៀម ថា “ខ្ញុំ​​​សូម​​​បដិសេធ​​​ការ​​​ដែល​​​ថា ខ្មាន់​​​កាំភ្លើង​​​បាន​​​​​ត្រឡប់​​​ទៅ​​​ធ្វើ​​​ការ​​​នៅ​​​ក្រុមហ៊ុន​​​​​​វិញ។ តុលាការ​​​បាន​​​ចេញ​​​ដីកា​​​ចាប់ខ្លួន​​​ជន​​​នោះ​​​ហើយ​​​។ អភិបាល​​​ស្រុក​​​រូប​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “យើង​​​មិន​​​អនុញ្ញាត​​​ឲ្យ​​​បុគ្គល​​​នេះ​​​រួច​​​ផុត​​​ពី​​​សំណាញ់​​​ច្បាប់​​​ឡើយ​​​”។

កាល​​​ពីថ្ងៃទី​​​៦​​​ ខែ​​​កញ្ញា លោក ងៀម​​​ បាន​​​ទៅ​​​ពិនិត្យ​​​មើល​​​អន្ទាក់​​​សត្វ​​​នៅ​​​ក្នុង​​​ព្រៃ​​​​​​ជាមួយ​​​​​​អ្នក​ភូមិ​​​មួយ​​​ក្រុម​​​ ស្រាប់​​​តែ​​​ពួក​​​គាត់​​​បាន​​​ជួប​​​សន្តិសុខ​​​ប្រដាប់​​​អាវុធ​​​មួយ​​​ក្រុម​​​ដែល​​​បាន​​​បញ្ជា​​​ឲ្យ​​​ពួក​​​គាត់​​​ត្រឡប់​​​ក្រោយ​​​វិញ​​​។ ពេល​​​នោះ​​​សន្តិសុខ​​​ម្នាក់​​​បាន​​​បាញ់​​​កាំភ្លើង​​​អាកា​​​៤៧​​​​​​របស់​​​ខ្លួន​​​​​​ភ្ជុច​​​ដី​​​ដោយ​​​ធ្វើ​​​ឲ្យ​​​ខ្ទាត​​​បំណែក​​​ត្រូវ​​​លោក ងៀម​​​។

លោក ងៀម ត្រូវ​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ខេត្ត​​​មណ្ឌល​​​គិរី​​​   បណ្តាល​​​ឲ្យ​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដ​​​ហុក​​​ដឹក​​​គាត់​​​មក​​​រាជ​​​ធានីភ្នំពេញ​​​ដែល​​​នៅ​​​ទី​​​នោះ​​​បាន​​​លើក​​​ឡើង​​​ថា វេជ្ជបណ្ឌិតបាន​​​យក​​​បំណែក​​​ចំនួនបី​ចេញពី​​​​​​ខ្លួន​​​របស់​​​លោក​​​ ប៉ុន្តែ បាន​​​បដិសេធ​​​មិន​​​និយាយ​​​ថា តើ​​​បំណែក​​​នោះ​​​ជា​​​ថ្ម ឬ​​​គ្រាប់​​​កាំភ្លើង​​​ឡើយ​​​។

នៅពេល​​​ត្រូ​​​វ​​​បាន​​​ទាក់ទង​​​កាល​​​ពី​​​ម្សិលមិញ លោក អេង ប៊ុន​​​ហ៊ាង អភិបាល​​​ខេត្ត​​​បាន​​​មាន​ប្រសាសន៍​​​ថា លោក ងៀម ត្រូវ​​​បាន​គេ​​​​​បដិសេធ​​​មិន​​​ធ្វើ​​​ការ​​​ព្យាបាល​​​នៅ​​​ខេត្ត​​​មណ្ឌល​​​គិរី​​​ ពី​​​ព្រោះ​​គាត់​​​មិន​​​ចាំ​​​បាច់​​​ត្រូ​​​វព្យាបាល​​​ទេ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បុគ្គលិក​​​ពេទ្យ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា វា​​​មិន​​​មែន​​​ជា​​​របួស​​​ធ្ងន់​​​ធ្ងរ​​​ទេ​​​”។

លោក ប៊ុន​​​ហ៊ាង បាន​​​មាន​​​ប្រសាសន៍​​​ថា អង្គការ​​​អាដ​​​ហុក​​​បាន​​​បំផ្លើស​​​ពី​​​ទំហំ​​​របួស​​​របស់​​​លោក​​​ ងៀម ដើម្បី​​​ធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ចាប់​​​អារម្មណ៍​​​ចំពោះ​​​ស្ថាន​​​ភាព​​​ជន​​​ជាតិ​​​ដើមភាគ​​​តិច​​​ព្នង​​​​​ដែល​​​ដី​​​ដូន​​​តា​​​របស់​​​ពួក​​​គាត់​​​កំពុង​​​ត្រូវ​​​បាន​​​រំលោភ​​​យក​​​ក្នុង​​​រូប​​​ភាព​​​​​​ជាដី​​​សម្បទាន​​​សេដ្ឋ​​​កិច្ច និង​​​សង្គម​​​កិច្ច​​​។

លោក​​​បានមានប្រសាសន៍​​​ថា “គាត់ [ លោក ងៀម ] បាន​​​ព្យាយាម​​​បង្ខំ​​​ឲ្យ​​​បុគ្គលិក​​​ពេទ្យ​​​នៅ​​​មន្ទីរ​​​ពេទ្យ​​​​​​ខេត្ត​​​ធ្វើ​​​ការ​​​វះ​​​កាត់​​​ ប៉ុន្តែ ពួក​​​គេ​​​បាន​​​បដិសេធ​​​  ពីព្រោះ​​​គ្មាន​​​អ្វី​​​ដែល​​​ចាំបាច់​​​ត្រូវ​​​យក​​​ចេញ​​​ពី​​​ជើង​​​របស់​​​គាត់​​​ឡើយ​​​”។

លោក​​​ ប៊ុន​​​ហ៊ាង ក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​ថា លោកមិនដឹងតើ​​​មានការ​​​ចេញ​​​ដីកា​​​ចាប់​​​ខ្លួន​​​ខ្មាន់​​​កាំភ្លើង​​​រូប​​​នេះ​​​ ឬ​​​យ៉ាង​​​ណា​​​នោះ​​​ទេ​​​ ហើយ​​​ថា លោក​​​បាន​​​ណែ​​​នាំ​​​អាជ្ញាធរ​​​របស់​​​លោក​​​ឲ្យ​​​សើុប​​​​​​អង្កេត​​​ករណី​​​នេះ​​​បន្ថែម​​​ទៀត​​​។

នៅ​​​ពេល​​​មក​​​ដល់​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ អង្គការ​​​អាដហុក​​​បាន​​​បង្ហាញ​​​លោក​​​ដល់ប្រព័ន្ធផ្សព្វផ្សាយនៅ​​​​​​សន្និ​សីទ​​​កាសែត​​​ ទី​​​ដែល​​​អង្គការ​​​អាដ​​​ហុក​​​បាន​​​រិះ​​​គន់​​​ក្រុម​​​ហ៊ុន​​​ចម្ការ​​​កៅស៊ូ​​​ខ្មែរ​​​ចំពោះ​​​ការ​​​ប្រព្រឹត្ត​​​​​​មក​​​លើ​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ព្នង។

លោក សុខ រដ្ឋា អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​អាដ​​​ហុក​​​ប្រចាំ​​​ខេត្ត​​​េនះ​​​ ដែល​​​បាន​​​មក​​​រាជ​​​ធានី​​​ភ្នំពេញ​​​ជា​​​មួយ​​​លោក ងៀម បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក​អភិ​បាល​​​​​​រូប​​​នេះ មក​​​លើ​​​អង្គការ​​​ក្រៅ​​​រដ្ឋាភិបាល​​​របស់​​​លោក​​​មិនមាន​​​មូល​​​ដ្ឋាន​​​ឡើយ​​​។

លោក រដ្ឋា បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ កាល​​​ពីម្សិលមិញ​​​ថា “យើង​​​មិន​​​បាន​​​នាំ​​​គាត់​​​មក​​​ភ្នំពេញ​​​ដើម្បី​​​បង្ក​​​បញ្ហា​​​ធំ​​​នោះ​​​ទេ។ យើង​​​នាំ​​​គាត់​​​មក​​​រាជធានី​​​ភ្នំពេញ​​​ បន្ទាប់​​​ពី​​​មាន​​​សំណើ​​​របស់​​​ជន​​​រង​​​គ្រោះ​​​ ពីព្រោះ​​​គាត់​​​មិន​​​ត្រូវ​​​បាន​​​ព្យាបាល​​​បី​​​បួន​​​ថ្ងៃ​​​មក​​​ហើយ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “បន្ទាប់​​​ពី​​​ធ្វើការ​​​វះ​​​កាត់​​​ យើង [ លោក និង​​​ លោក​​​ ងៀម ]​​​​​​​​​​​​   មិន​​​ឃើញ​​​មាន​​​បំណែក​​​អ្វី​​​​​​ផ្ទាល់​​​ភ្នែក​​​ឡើយ​​​ ប៉ុន្តែ វេជ្ជបណ្ឌិត​​​ម្នាក់​​​បាន​​​ប្រាប់​​​យើង​​​ថា បំណែក​​​ថ្ម​​​ចំនួន​​​បី​​​ដុំ​​​នៅ​​​ក្នុង​​​ត្រគាក​​​របស់​​​គាត់​​​ត្រូ​​​វ​​​បាន​​​យក​​​ចេញ​​​”។ លោក​​​បាន​​​បន្ថែម​​​ថា បុរ​​​ស​​​ជន​​​ជាតិ​​​ដើម​​​ភាគ​​​តិច​​​ព្នង​​​រូប​​​នេះ​​​ត្រូវ​​​ដេរ​​​បី​​​ថ្នេរ។

លោក ងៀម បាន​​​ត្រឡប់​​​មក​​​ផ្ទះ​​​លោក​​​វិញ ស្ថិត​​​នៅ​​​ក្នុង​​​ឃុំ​​​បូ៊ស្រា កាល​​​ពីម្សិលមិញ។ នៅ​​​ក្នុង​​​ផ្ទះ​​​របស់​​​ក្រុម​​​​​​គ្រួសារ​​​លោក លោក ស្រឿញ តឹក អាយុ​​​៥៥​​​ឆ្នាំ​​​ជា​​​ឪពុក​​​របស់​​​លោក​​​បាន​​​និយាយ​​​ថា អង្គការ​​​អាដហុក​​​​​​ និង​​​មិន​​​មែន​​​កូនប្រុស​​​របស់​​​លោក​​​ទេ​​​បាន​​​ស្នើ​​​សុំ​​​ធ្វើ​​​ដំណើរ​​​មក​​​​​​រាជ​​​ធានី​​​ភ្នំពេញ​​​។

លោក​​​បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ទៅ​​​ភ្នំពេញ​​​ជា​​​មួយ​​​អង្គការ​​​អាដ​​​ហុក​​​ពីព្រោះ​​​ពួក​​​គេ​​​បាន​​​ប្រាប់​​​ខ្ញុំ​​​ថា កូន​​​ប្រុស​​​របស់​​​ខ្ញុំ​​​ត្រូវ​​​ទៅ​​​វះ​​​កាត់​​នៅ​​​ទី​​​នោះ​​​”។

នៅ​​​ពេល​​​វះ​​​យក​​បំណែក​​​ចេញ​​​ពី​​​ខ្លួន​​​​​​​​​របស់​​​កូន​​​​​​​​​ប្រុស​​​គាត់​​​ លោក តឹក​​​ បាន​​​និយាយ​​​ថា “ខ្ញុំ​​​បាន​​​សួរ​​​ លោក សុខ រដ្ឋា …។ គាត់​​​បាន​​​ប្រាប់​​​ខ្ញុំថា មិន​​​ចាំបាច់​​​ដឹង​​​ថា ជាថ្ម ឬ​​​គ្រាប់​​​កាំភ្លើង​​​ទេ ហើយ​​​ថា គាត់​​​នឹង​​​ទុក​​​វា​​​ក្នុង​​​ដៃ​​​របស់​​​គាត់​​​”៕សារុន​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស