ស្រុកពេជ្រាដា, ខេត្តមណ្ឌលគិរី-អភិបាលស្រុកបានប្រាប់អ្នកភូមិមួយក្រុមដែលមានកំហឹងកាលពីម្សិលមិញថា ទាហានម្នាក់ដែលបានបាញ់កាំភ្លើងរបស់ខ្លួនធ្វើឲ្យខ្ទាតបំណែកត្រូវជនជាតិដើមភាគតិចព្នងម្នាក់ មិនទាន់បានត្រឡប់ទៅធ្វើការនៅចម្ការកៅស៊ូ ដែលគាត់ធ្វើការជាសន្តិសុខទេ ហើយនឹងត្រូវដាក់ទោសទណ្ឌតាមច្បាប់។
កាលពីថ្ងៃច័ន្ទ លោក ញែ៉ម វណ្ណី ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា ទាហានកងយោធពលខេមរភូមិន្ទម្នាក់ដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ បានត្រឡប់ទៅធ្វើការនៅក្រុមហ៊ុនចម្ការកៅស៊ូខ្មែរ ដែលមានផ្ទៃដីទំហំ៨.០០០ហិកតា បន្ទាប់ ពីបានគេចខ្លួនពីកន្លែងកើតហេតុ ហើយនឹងមិនត្រូវដាក់ទោសទណ្ឌទេ ពីព្រោះជនរងគ្រោះឈ្មោះ តឹក ងៀម អាយុ២៨ឆ្នាំបានរងរបួសស្រាលតែប៉ុណ្ណោះ។
ទោះជាយ៉ាងណា កាលពីម្សិលមិញ លោក ងួន សារ៉ន អភិបាលស្រុកពេជ្រាដា បានមានប្រសាសន៍ថា ការរៀបរាប់របស់ស្នងការនគរបាលមិនត្រឹមត្រូវឡើយ។ លោក សារ៉ន បានប្រាប់ជនជាតិដើមភាគតិចព្នងជិត២០០នាក់ដែលបានប្រមូលផ្តុំគ្នានៅសាលាស្រុកទាមទាររកយុត្តិធម៌ដល់លោក ងៀម ថា “ខ្ញុំសូមបដិសេធការដែលថា ខ្មាន់កាំភ្លើងបានត្រឡប់ទៅធ្វើការនៅក្រុមហ៊ុនវិញ។ តុលាការបានចេញដីកាចាប់ខ្លួនជននោះហើយ។ អភិបាលស្រុករូបនេះបានមានប្រសាសន៍ថា “យើងមិនអនុញ្ញាតឲ្យបុគ្គលនេះរួចផុតពីសំណាញ់ច្បាប់ឡើយ”។
កាលពីថ្ងៃទី៦ ខែកញ្ញា លោក ងៀម បានទៅពិនិត្យមើលអន្ទាក់សត្វនៅក្នុងព្រៃជាមួយអ្នកភូមិមួយក្រុម ស្រាប់តែពួកគាត់បានជួបសន្តិសុខប្រដាប់អាវុធមួយក្រុមដែលបានបញ្ជាឲ្យពួកគាត់ត្រឡប់ក្រោយវិញ។ ពេលនោះសន្តិសុខម្នាក់បានបាញ់កាំភ្លើងអាកា៤៧របស់ខ្លួនភ្ជុចដីដោយធ្វើឲ្យខ្ទាតបំណែកត្រូវលោក ងៀម។
លោក ងៀម ត្រូវបានបដិសេធមិនធ្វើការវះកាត់នៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បណ្តាលឲ្យអង្គការសិទ្ធិមនុស្សអាដហុកដឹកគាត់មករាជធានីភ្នំពេញដែលនៅទីនោះបានលើកឡើងថា វេជ្ជបណ្ឌិតបានយកបំណែកចំនួនបីចេញពីខ្លួនរបស់លោក ប៉ុន្តែ បានបដិសេធមិននិយាយថា តើបំណែកនោះជាថ្ម ឬគ្រាប់កាំភ្លើងឡើយ។
នៅពេលត្រូវបានទាក់ទងកាលពីម្សិលមិញ លោក អេង ប៊ុនហ៊ាង អភិបាលខេត្តបានមានប្រសាសន៍ថា លោក ងៀម ត្រូវបានគេបដិសេធមិនធ្វើការព្យាបាលនៅខេត្តមណ្ឌលគិរី ពីព្រោះគាត់មិនចាំបាច់ត្រូវព្យាបាលទេ។ លោកបានមានប្រសាសន៍ថា “បុគ្គលិកពេទ្យបានប្រាប់ខ្ញុំថា វាមិនមែនជារបួសធ្ងន់ធ្ងរទេ”។
លោក ប៊ុនហ៊ាង បានមានប្រសាសន៍ថា អង្គការអាដហុកបានបំផ្លើសពីទំហំរបួសរបស់លោក ងៀម ដើម្បីធ្វើឲ្យមានការចាប់អារម្មណ៍ចំពោះស្ថានភាពជនជាតិដើមភាគតិចព្នងដែលដីដូនតារបស់ពួកគាត់កំពុងត្រូវបានរំលោភយកក្នុងរូបភាពជាដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច។
លោកបានមានប្រសាសន៍ថា “គាត់ [ លោក ងៀម ] បានព្យាយាមបង្ខំឲ្យបុគ្គលិកពេទ្យនៅមន្ទីរពេទ្យខេត្តធ្វើការវះកាត់ ប៉ុន្តែ ពួកគេបានបដិសេធ ពីព្រោះគ្មានអ្វីដែលចាំបាច់ត្រូវយកចេញពីជើងរបស់គាត់ឡើយ”។
លោក ប៊ុនហ៊ាង ក៏បានមានប្រសាសន៍ផងដែរថា លោកមិនដឹងតើមានការចេញដីកាចាប់ខ្លួនខ្មាន់កាំភ្លើងរូបនេះ ឬយ៉ាងណានោះទេ ហើយថា លោកបានណែនាំអាជ្ញាធររបស់លោកឲ្យសើុបអង្កេតករណីនេះបន្ថែមទៀត។
នៅពេលមកដល់រាជធានីភ្នំពេញកាលពីសប្តាហ៍មុន អង្គការអាដហុកបានបង្ហាញលោកដល់ប្រព័ន្ធផ្សព្វផ្សាយនៅសន្និសីទកាសែត ទីដែលអង្គការអាដហុកបានរិះគន់ក្រុមហ៊ុនចម្ការកៅស៊ូខ្មែរចំពោះការប្រព្រឹត្តមកលើជនជាតិដើមភាគតិចព្នង។
លោក សុខ រដ្ឋា អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តេនះ ដែលបានមករាជធានីភ្នំពេញជាមួយលោក ងៀម បានមានប្រសាសន៍ថា ការចោទប្រកាន់របស់លោកអភិបាលរូបនេះ មកលើអង្គការក្រៅរដ្ឋាភិបាលរបស់លោកមិនមានមូលដ្ឋានឡើយ។
លោក រដ្ឋា បានមានប្រសាសន៍តាមទូរស័ព្ទ កាលពីម្សិលមិញថា “យើងមិនបាននាំគាត់មកភ្នំពេញដើម្បីបង្កបញ្ហាធំនោះទេ។ យើងនាំគាត់មករាជធានីភ្នំពេញ បន្ទាប់ពីមានសំណើរបស់ជនរងគ្រោះ ពីព្រោះគាត់មិនត្រូវបានព្យាបាលបីបួនថ្ងៃមកហើយ។
លោកបានមានប្រសាសន៍ថា “បន្ទាប់ពីធ្វើការវះកាត់ យើង [ លោក និង លោក ងៀម ] មិនឃើញមានបំណែកអ្វីផ្ទាល់ភ្នែកឡើយ ប៉ុន្តែ វេជ្ជបណ្ឌិតម្នាក់បានប្រាប់យើងថា បំណែកថ្មចំនួនបីដុំនៅក្នុងត្រគាករបស់គាត់ត្រូវបានយកចេញ”។ លោកបានបន្ថែមថា បុរសជនជាតិដើមភាគតិចព្នងរូបនេះត្រូវដេរបីថ្នេរ។
លោក ងៀម បានត្រឡប់មកផ្ទះលោកវិញ ស្ថិតនៅក្នុងឃុំបូ៊ស្រា កាលពីម្សិលមិញ។ នៅក្នុងផ្ទះរបស់ក្រុមគ្រួសារលោក លោក ស្រឿញ តឹក អាយុ៥៥ឆ្នាំជាឪពុករបស់លោកបាននិយាយថា អង្គការអាដហុក និងមិនមែនកូនប្រុសរបស់លោកទេបានស្នើសុំធ្វើដំណើរមករាជធានីភ្នំពេញ។
លោកបាននិយាយថា “ខ្ញុំបានអនុញ្ញាតឲ្យកូនប្រុសរបស់ខ្ញុំទៅភ្នំពេញជាមួយអង្គការអាដហុកពីព្រោះពួកគេបានប្រាប់ខ្ញុំថា កូនប្រុសរបស់ខ្ញុំត្រូវទៅវះកាត់នៅទីនោះ”។
នៅពេលវះយកបំណែកចេញពីខ្លួនរបស់កូនប្រុសគាត់ លោក តឹក បាននិយាយថា “ខ្ញុំបានសួរ លោក សុខ រដ្ឋា …។ គាត់បានប្រាប់ខ្ញុំថា មិនចាំបាច់ដឹងថា ជាថ្ម ឬគ្រាប់កាំភ្លើងទេ ហើយថា គាត់នឹងទុកវាក្នុងដៃរបស់គាត់”៕សារុន