28 C
Phnom Penh

ច្បាប់​​ដែលកំពុង​​ត្រូវ​បាន​ស្នើ​ឡើង​ក្នុង​ប្រទេស​វៀតណាម​​ គឺ​ជា​ការ​គំរាម​កំហែង​ដល់​កាស៊ីណូ​ក្នុង​ប្រទេស​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​មួយរូប​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ឧស្សាហ​កម្ម​ល្បែង​ស៊ីសង​របស់​ប្រទេស​កម្ពុជា​ ដែល​ពឹង​ផ្អែក​លើ​ជនបរទេស​អាច​​ប្រឈម​នឹង​ការ​គំរាម​កំហែង​ខ្លះៗ​ ប្រសិន​បើ​ប្រទេស​វៀតណាម​អនុម័ត​ច្បាប់​ដោយ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​លេង​ល្បែង​ស៊ីសង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​។

កាស៊ីណូភាគ​​ច្រើន​ក្នុង​ចំណោម​កាស៊ីណូ​ចំនួន​៥៧​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​មាន​ទីតាំង​តាម​បណ្ដោយ​ព្រំដែន​​​ជាមួយ​ប្រទេស​វៀតណាម ហើយ​ជា​កន្លែង​ដែល​ទទួល​អ្នក​លេង​ល្បែង​ស៊ីសង​ជនជាតិ​វៀតណាម​ជា​ច្រើន​នាក់​​ជា​រៀង​រាល់​ថ្ងៃ ប៉ុន្តែ​ជនជាតិ​ខ្មែរ​មិន​អនុញ្ញាត​ឲ្យលេង​នៅ​ក្នុង​កាស៊ីណូទាំង​នេះ​ទេ​។

​លោក រស់ ភិរម្យ អ្នក​នាំពាក្យ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​បាន​ឲ្យ​ដឹង​ថា ច្បាប់​ដែល​បាន​ដាក់​សម្រាប់​ការ​​បោះ​ឆ្នោត​​នៅ​ក្នុង​សភា​វៀតណាម​​​នៅ​ខែ​វិច្ឆិកា គឺ​ស្នើ​ឡើងដើម្បី​​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​អាច​លេង​ល្បែង​ស៊ីសង​​នៅ​ក្នុង​ព្រំដែន​នៃ​ប្រទេស​របស់​ខ្លួន​បាន។

លោក​បាន​មាន​ប្រសាសន៍​ថា “កាស៊ីណូ​ក្នុង​ប្រទេស​កម្ពុជា​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​លើ​ជនជាតិ​វៀតណាម​ និង​ថៃ​។ ប្រសិន​បើ​ប្រទេស​វៀតណាម​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​លេង​ល្បែង​ស៊ីសង​មែន​នោះ​​ វា​នឹង​ជា​ការ​គំរាម​កំហែង​ដល់​កាស៊ីណូ​ក្នុង​ប្រទេស​កម្ពុជា”។

លោក ភិរម្យ បាន​ឲ្យ​ដឹង​ទៀត​ថា ខណៈ​ឧស្សាហកម្ម​ល្បែង​ស៊ីសង​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​រក​ប្រាក់​កម្រៃ​បាន​​ក្នុង​រង្វង់​​២៥លាន​ដុល្លារ​ក្នុង​ឆ្នាំ​នេះ បើ​ធៀប​​នឹង​​ឆ្នាំ​២០១៣​មាន​ចំនួន​​២២លាន​ដុល្លារ​នោះ វិស័យ​នេះ​នៅ​តែ​មិន​សូវ​ជា​ខ្លាំង​ដដែល។

លោកបាន​មាន​ប្រសាសន៍​ថា ” បើ​និយាយ​ពីចំនួន​ យើង​មាន​កាស៊ីណូច្រើន​ជាង​ប្រទេស​ផ្សេង​​ទៀត​ ដូច​ជា​ទីក្រុង​ម៉ាកាវ​ជា​ដើម​ ប៉ុន្តែ​​ទំហំ​នៃ​កាស៊ីណូ​របស់​យើង​មិន​អាច​ប្រៀប​នឹង​គេ​បានឡើយ​ ព្រោះ​កាស៊ីណូ​របស់​យើង​សុទ្ធតែ​តូចៗ ហើយ​ប្រតិបត្តិការ​​វិញ​មិន​ស្ថិត​ស្ថេរ​ទេ ដែល​អាច​នាំ​ឲ្យ​ទៅ​រក​ការ​ក្ស័យធន”។

ហើយ​នៅ​ក្នុង​របាយការណ៍​ស្ដីពី​វិស័យ​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​ចេញ​ដោយ​ ក្រុមហ៊ុន NagaCorp ​ដែល​គ្រប់​គ្រង​កាស៊ីណូ​ណាហ្គាវើល​ក្នុង​រាជ​ធានី​ភ្នំពេញ​ និង​ជា​ក្រុម​ហ៊ុន​ផ្ដល់​ប្រឹក្សា​ហានិភ័យ​នយោបាយ និង​សេដ្ឋកិច្ច​ដែល​មាន​មូលដ្ឋាននៅ​ក្នុង​ទីក្រុង​ហុងកុង បាន​លើក​ឡើង​ថា ការ​បន្ធូរ​បន្ថយ​ច្បាប់​ស្ដីពីការ​លេង​ល្បែង​ស៊ីសង​​របស់​ប្រទេស​វៀតណាម​ នឹង​ជា​ការ​ប្រកួត​ប្រជែង​កាន់​តែ​ខ្លាំង​ក្នុង​ចំណោម​ប្រទេស​ជិត​ខាង​របស់​ខ្លួន។

ក្រុម​ហ៊ុន​នេះ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា ” នៅ​ក្នុងវិស័យ​​ល្បែង​ស៊ីសង​ក៏អាច​មាន​ការ​ប្រកួត​ប្រជែង​ក្នុង​តំបន់​ច្រើន​ដែរ​ ប្រសិន​បើ​រដ្ឋាភិបាល​ ដូច​ជា រដ្ឋាភិបាល​វៀតណាម​ជាដើម​បន្ធូរ​បន្ថយ​ច្បាប់​របស់​ខ្លួន​ក្នុង​គោល​បំណង​អភិវឌ្ឍ​ឧស្សាហកម្ម​ល្បែង​ស៊ីសង​ក្នុង​ស្រុក​នោះ​​”។

ម្ចាស់​កាស៊ីណូ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​បាន​លើក​ឡើង​កាលពី​ម្សិលមិញ​ថា ច្បាប់​របស់​ប្រទេស​វៀតណាម​ដែល​ត្រូវ​បាន​ស្នើ​ឡើង​នេះ​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​​ជំនួញ​របស់​​ខ្លួន​។

លោក Vlad Aika អ្នកគ្រប់​គ្រង​ទូទៅ​នៅ​រមណីយដ្ឋាន​ និង​កាស៊ីណូ Lucky89 ក្នុង​ខេត្ត​ស្វាយរៀង បាន​ឲ្យ​ដឹង​ថា កាស៊ីណូ​របស់​លោក​ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី​៣០០​ទៅ​៤០០​នាក់​ក្នុង​មួយ​ថ្ងៃ​ និង​​ច្រើន​ជាង​នេះ​អំឡុង​ចូល​ឆ្នាំ​ចិន-វៀតណាម​។

លោក Aika បាន​មាន​ប្រសាសន៍​ថា ” ភ្ញៀវ​របស់​យើង​ទាំង​អស់​គឺ​ជនជាតិ​វៀតណាម​ យើង​មិន​ដែល​ឃើញ​មាន​​ជនជាតិ​ផ្សេង​ទេ។ ប្រសិន​បើ​ជនជាតិ​វៀតណាម​អាច​លេង​ល្បែង​ស៊ីសង​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​បាន ជា​ការពិត​ណាស់​វា​នឹង​ជា​រឿង​អាក្រក់​សម្រាប់​យើង​។ រឿង​មួយ​ទៀតនោះ ក្រុង​បាវិត​គ្មាន​អ្វី​ទេ​ មាន​តែ​រង្គសាល និង​ថ្នាំញៀនប្រភេទ​​ក្រាក់​[កូកាអុីន]​ ប៉ុន្តែ​ទីក្រុង​ហាណូយ​វិញ​មាន​អ្វី​ៗ​ច្រើន​ជាង​នេះ​”៕ ស៊ុយឈាង​​​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស