27 C
Phnom Penh

កម្មករ​ដែល​ត្រូវ​បាន​បណ្តេញ​ចេញ​មិន​​ទទួលយក​ប្រាក់អតីតភាព​ការ​ងារ​ ហើយ​ប្តេជ្ញា​ធ្វើការ​តវ៉ាទៀត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ជាង​៥.០០០​នាក់​នៅ​រោងចក្រ​ស្បែក​ជើង Juhui ក្នុង​ខេត្ត​កំពង់ចាម ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ចូល​រួម​កូដកម្ម​ទាមទារ​ប្រាក់​ឧបត្ថម្ភ និង​ប្រាក់​កម្រៃ​ប្រសើរ​ជាង​នេះ ​កាល​ពីម្សិលមិញ​ បាន​ច្រាន​ចោល​កញ្ចប់​ប្រាក់​អតីត​ភាពការ​ងារ​របស់​ខ្លួន ហើយ​បាន​ប្ដេជ្ញា​បន្ត​ធ្វើ​ការ​តវ៉ា​ទៀត។

លោក សំ ធឿន ជា​កម្មករ​នៅ​រោងចក្រ​ដែល​កាន់​កាប់​ដោយ​ជនជាតិ​ចិន​តៃវ៉ាន់ នៅ​ក្នុង​ស្រុក​ជើងព្រៃ បាន​និយាយ​ថា ” យើង​បាន​​ច្រាន​ចោល​ប្រាក់​អតីត​ភាព​ការ​ងារ​ ពីព្រោះ​យើង​មិន​បាន​បោះ​បង់​ការ​ងារ​របស់​យើង​ឡើយ។ យើង​នឹង​តវ៉ា​នៅមុខ​រោងចក្រ​ទៀត​ក្នុងពេល​ឆាប់ៗនេះ​តាម​ដែល​អាច​ធ្វើ​ទៅបាន”។

លោក ធឿន បាន​និយាយ​ថា កម្មករ​បានធ្វើ​កូដកម្ម​ចាប់​តាំង​ពីថ្ងៃទី១ ខែ​កញ្ញា ហើយ​ត្រូវ​បាន​ជូន​ដំណឹង​ថា ពួកគេ​នឹង​ត្រូវ​បណ្ដេញ​ចេញ​បន្ទាប់ពីរោងចក្រ​បាន​បិទ​ឈ្មោះ​កម្មករ​​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​ជាង​៥.០០០​នាក់​នៅ​មុខ​រោងចក្រ​នេះ​កាលពី​ថ្ងៃ​អង្គារ។

លោក​បាននិយាយ​ថា ” រោងចក្រ​បាន​​បិទ​ឈ្មោះ​កម្មករ​ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​នៅ​មុខ​រោងចក្រ។​ ពួកគេ​បាន​បណ្ដេញ​យើង​ចេញ​បន្ទាប់​ពី​ពួកយើង​បាន​ធ្វើ​កូដកម្ម និង​ចូល​រួម​ការ​តវ៉ា​នៅ​មុខ​រោងចក្រ​”។ មាន​កម្មករ​តែ​ពីរបី​រយ​នាក់​ប៉ុណ្ណោ​ះ​ដែល​មិន​បានចូលរួម​ធ្វើ​កូដកម្ម នៅធ្វើ​ការ​នៅ​រោងចក្រ​នេះ។

លោក ហេត​ ហ៊ុន មន្ត្រី​ម្នាក់​នៅ​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ដែល​តំណាង​ឲ្យ​កម្មករ​បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​នៅ​ក្រៅ​រោងចក្រ​នឹង​ត្រូវ​ផ្អាក​រហូត​ដល់ក្រោយបុណ្យ​​ភ្ជុំបិណ្ឌ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ពុធ។

លោក​បាន​មាន​ប្រសាសន៍​ថា ” យើង​បាន​ប្រាប់​កម្មករ​​ឲ្យបញ្ឈប់ការតវ៉ា​នៅ​មុខ​រោងចក្រ​ ពីព្រោះ​យើង​ឃើញ​ថា កម្មករ​មាន​កំហឹង​ខ្លាំង​ពេក​។ យើង​បារម្ភ​ថា កំហឹង​របស់​ពួកគេ​នឹង​ឈាន​ទៅ​ដល់​ការ​ប្រើ​អំពើ​ហិង្សា…។ យើង​នឹង​បន្ត​តវ៉ា​នៅ​មុខ​រោងចក្រ​ឡើង​វិញ បន្ទាប់​ពី​បុណ្យភ្ជុំបិណ្ឌ​រួច​។ យើង​មិន​អាច​ទទួល​យក​ការ​បណ្ដេញ​ចេញ​របស់​រោងចក្របាន​ឡើយ​”។

កាលពី​ម្សិលមិញ បុគ្គលិក​រោងចក្រ​បាន​និយាយ​ថា កម្មករ​បាន​បោះ​បង់​ការ​ងារ​របស់​ខ្លួន​ដោយ​ស្ម័គ្រ​ចិត្ត។

លោក ម៉េង លី ជំនួយ​ការ​​រដ្ឋបាលរបស់​ប្រធាន​រោងចក្រ​​បាន​មាន​ប្រសាសន៍​ថា ” យើង​មិន​បាន​បណ្ដេញ​ពួកគេ​ចេញ​ទេ ប៉ុន្តែ​ពួកគេ​បាន​បោះ​បង់​ការ​ងារ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង​”។

លោក ចេង ហ៊ាង ប្រធាន​មន្ទីរ​ការ​ងារ​ខេត្ត​បាន​មាន​ប្រសាសន៍​ថា អ្នកគ្រប់គ្រង​​រោង​ចក្រ​បាន​ប្រាប់​លោក​ថា កម្មករ​មិន​ត្រូវ​បាន​បណ្ដេញ​ចេញ​ទេ​។ លោក​បាន​មាន​ប្រសា​សន៍​ថា ” រោង​ចក្រ​បាន​លើក​ឡើង​ថា កម្មករ​បាន​បោះ​បង់​ការ​ងារ​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ប៉ុន្តែលោក​​បាន​ប្រាប់​កម្មករ​ថា ពួកគេ​នឹង​​ផ្ត​ល់ប្រាក់​អតីត​ភាព​ការ​ងារ​ពេញដល់កម្មករ​​”៕ សារុន​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស